គតិលោក ភាគ៤: រឿង៖ ចចក ស្វានឆ្កែព្រៃ និងសិង្ហតោ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៤: រឿង៖ ចចក ស្វានឆ្កែព្រៃ និងសិង្ហតោ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងចចក ស្វានឆ្កែព្រៃ និងសិង្ហតោ
   មានសត្វចតុប្បាត​៣​តួ​គឺ ចចក​១ ស្វាន​១ ឆ្កែ​ព្រៃ​១​។ ថ្ងៃ​មួយ​សត្វ​ទាំង​បី​ដើរ​ទៅ​ជា​មួយ​គ្នា គ្រា​កាល​នោះ​មាន​សិង្ហ​តោ​១ នៅ​ដើម​ផ្លូវ​បាន​ឃើញ​សត្វ​ទាំង​៣ មក​ដល់​សំណាក់​នៃ​ខ្លួន​ទើប​ហៅ​ទៅ​ថា ហៃ​ចៅ​ទាំង​៣ ទៅ​ណា​មក​ណា​ចូរ​ចូល​មក​​នេះ​សិន​។ ឯ​សត្វ​ទាំង​៣ បាន​លឺ​សិង្ហ​តោ​ហៅ​ចូល​ដូច្នោះ​ ក៏​ខ្លាច​ពុំ​ហ៊ាន​ប្រ​កែក ទើប​នាំ​គ្នា​ចូល​ទៅ​កាន់​សំណាក់​នៃ​សិង្ហ​តោ ដល់​ហើយ​ក៏​អោន​កាយ​គំនាប់​សិង្ហ​តោ​តាម​ធម្មតា​ខ្លួន​ជា​សត្វ​ទាប ទើប​សិង្ហ​តោ​សួរ​ទៅ​ថា «អើ​អ្នក​ឯង​រក​ស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​នោះ តើ​ជា​បាន​ប្រកប​ដោយ​អាហារ​បរិ​បូណ៌​រឺ​អត្ដ​ខាត់​ណាស់​ទៅ​?​ ឯសត្វ​ទាំង​៣ ក៏​ឆ្លើយ​ថា «សូម​ទាន​យើង​ខ្ញុំ​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​នេះ បាន​ដោយ​ក្រ ជួន​ណា​ចាប់​បាន​សត្វ​ជា​អា​ហារ​បាន ក៏​បាន​បរិ​ភោគ​ឆ្អែត​ទៅ ជួន​ណា​រក​ពុំ​បាន​ក៏​អត់​ទៅ ក្ដី​ចិញ្ចឹម​ជីវិត​យើង​ខ្ញុំ​នេះ​ពុំ​មាន​កំនត់ មាន​អត់​ខ្លះ​ឆ្អែត​ខ្លះ​ តាម​កាល​ម្ខង​ៗ​»​។ សិង្ហ​តោ​និយាយ​ថា «អ្នក​ឯង​រក​ស៊ី​ដោយ​សភាព​លំពាំង​ខ្លួន​ឯង​ម្នាក់​ៗ​យ៉ាង​នេះ បាន​ជា​រក​អាហារ​បាន​ដោយ​ក្រ បើ​ប្រ​សិន​ជា​អ្នក​ឯង​ចូល​ហ៊ុន​នឹង​យើង គឺ​រក​ស៊ី​កុំ​ប៉ាញី​ចូល​គ្នា​ជា​ហ៊ុន​មួយ អ្នក​ឯង​ទាំង​៣ ទៅ​លើក​សត្វ​ ដេញ​សត្វ​កៀង​វា​​អោយ​​មក​តំរង់​មុខ​យើង​ៗ ជា​សត្វ​មាន​អំណាច​អាច​ចាប់​ម្រឹគ​នោះ​បាន ហើយ​យើង​បែង​ចែក​ជា​ភាគ ​៤ បាន​ដល់​គ្នា​ទាំង​៤​អាស្រ័យ យ៉ាង​នេះ​យល់​ជា​ងាយ​សប្បាយ​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​នោះ​»​។ ឯ​សត្វ​ទាំង​៣​បាន​លឺ​ពាក្យ​សិង្ហ​តោ​បបួល​អោយ​ចូល​ហ៊ុន​ដូ​ច្នោះ​ ក៏​ត្រេក​អរ​ចាប់​ចិត្ដ ទើប​តប​ទៅ​ថា «សូម​ទាន​បើ​ព្រះ​គុណ​ប្រោស​អោយ​យើង​ខ្ញុំ​ចូល​ហ៊ុន​ផង​នោះ ជា​ការ​ងាយ​សប្បាយ​ក្នុង​ផ្លូវ​រក​ទទួល​ទាន​ពិត​មែន បើ​ដូច្នេះ​អញ្ជើញ​ព្រះ​តេជ​គុណ​នៅ​ចាំ​ទី​ត្រង់​នេះ​ចុះ​ យើង​ខ្ញុំ​៣​តួ​នឹង​ទៅ​ដេញ​ម្រឹគ​ កៀង​វា​អោយ​វា​បោល​រត់​មក​ត្រង់​មុខ​ព្រះ​តេជ​គុណ​នៅ​ទី​នេះ» ថា​ហើយ​សត្វ​ទាំង​៣ ក៏​នាំ​គ្នា​លា​សឹង្ហ​តោ​ចេញ​ទៅ​ដល់​ព្រៃ​១ ក៏​បាន​ឃើញ​មេក្ដាន់​១ កំពុង​ស៊ី​ស្មៅ ទើប​នាំ​គ្នា​ដេញ​កៀង​ពី​ខាង​ក្រោយ​ មេ​ក្ដាន់​នោះ ក៏​ភិត​ភ័យ​បោល​ផ្លោះ​ទៅ​ត្រង់​ទី​ដែល​សិង្ហ​តោ​នៅ​ចាំ​នោះ​ឯង ឯ​សត្វ​ទាំង​៣​ក៏​ស្រែ​ប្រាប់​ទៅ​សិង្ហ​តោ​ថា មេ​ក្ដាន់​ដល់​ទី​ហើយ ព្រះ​តេជ​ព្រះ​គុណ​អើយ​ប្រុង​ចាប់​វា​អោយ​បាន​។
     ឯ​សិង្ហ​តោ​បាន​លី​ដូច្នោះ ក៏​ក្រាប​ចាំ​នៅ លុះ​មេ​ក្ដាន់​មក​ដល់​ជិត ក៏​ស្ទុះ​ទៅ​ចាប់​បាន​ហើយ​ប្រហារ​មេ​ក្ដាន់​នោះ​ដល់​នូវ​មរណ​កាល ហើយ​កាត់​ជា​ភាគ​៤ ដាក់​នៅ​ទី១ ទើប​ហៅ​សត្វ​ទាំង​៣​អោយ​ចូល​មក​យក​ចំណែក​តាម​សញ្ញា​។ ឯ​សត្វ​ទាំង​ ៣​មាន​សេច​ក្ដី​ត្រេក​អរ​ដោយ​សម​ក្ដី​ប្រាថ្នា ទើប​នាំ​គ្នា​ចូល​ទៅ​កាន់​សំណាក់​សិង្ហ​តោ​ជា​មេ​ចំណែក​។
     សិង្ហ​តោ​នោះ​កាល​នឹង​ចែក​សោត ក៏​សួរ​ទៅ​កាន់​សត្វ​ទាំង​៣​នោះ​ថា «អើ​អ្នក​ទាំង​៣ ធម្មតា​សត្វ​ចតុប្បាទ​ក្នុង​លោកិយ​នេះ តើ​សត្វ​ឯ​ណា ជា​ស្ដេច​លើ​សត្វ​ទាំង​ពួង​? សត្វ​ទាំង​បី​ក៏​ជំរាប​ថា «សូន​ទាន​សតុ​ចតុប្បាទ​ក្នុង​លោក​នេះ គឺ​បុរាណ​ លោក​សន្មត​សត្វ​សិង្ហ គឺ​ព្រះ​តេជ​គុណ​នេះ​ហើយ​ជា​ស្ដេច​ឥសូរ កំពូល​លើ​ពួក​សត្វ​ចតុប្បាទ​ទាំង​ពួង​» អើ​បើ​អ្នក​ឯង​ថា យើង​នេះ​ជា​ស្ដេច​ពិត​ដូច្នេះ នោះ​ត្រូវ​បាន​ភាគ​១ ថា​សិង្ហ​តោ​ទាញ​យក​១ ដាក់​ទៅ​ខាង​ខ្លួន ហើយ​សួរ​ទៀត​ថា «អើ​អ្នក​ទាំ ង​៣ សត្វ​ក្នុង​លោក​កិយ​ដែល​មាន​ឈ្មោះ​ថា​ សិង្ហ​តោ​ៗ​នោះ តើ​មាន​សត្វ​ឯ​ណា​ឈ្មោះ​ស្រប​យ៉ាង​យើង​នេះ​ខ្លះ​?​។ សូម​ទាន​ ពុំ​មាន​សត្វ​ឯ​ណា​ឈ្មោះ​ត្រូវ​ត្រង់​នាម​ព្រះ​តេជ​គុណ​នេះ​ទេ​ទាន​»​
     អើ​បើ​ដូច្នោះ យើង​ឈ្មោះ​សិង្ហ​តោ​នេះ​ត្រូវ​បាន​ភាគ​១ ថា​ហើយ​ក៏​ទាញ​យក​ភាគ ១​ ដាក់​ទៅ​ខាង​ខ្លួន ហើយ​សួរ​ទៅ​ម្ដង​ទៀត​ថា «សក្ដា​នុភាព កំលាំង​រិទ្ធ​តេជ​មាន​សត្វ​ពួក​ណា អាច​ហ៊ាន​ស្មើ​នឹង​យើង​នេះ​ដែរ​ហៈ​» ។ សូម​ទាន​ពុំ​មាន​ទេ មាន​ តែ​ព្រះ​តេជ​ព្រះ​គុណ​នេះ​ហើយ ជា​សត្វ​មាន​សក្ដា​​នុភាព​លើស​លែង​សត្វ​ពួក​ចតុប្បាទ​ក្នុងលោ​កិយ​នេះ​ឯង»​
     អើ​បើ​ដូច្នោះ សក្ដា​នុភាព​យើង​នេះ ត្រូវ​បាន​ភាគ​១ ថា​ហើយ​ក៏​ទាញ​យក​ភាគ​ទី​៣​នោះ​ដាក់​ទៅ​ខាង​ខ្លួន​ហើយ​ថា​ភាគ​ទី​៤ ដែល​សល់​នេះ​ត្រូវ​បាន​ដល់​អ្នក​ឯង​ទាំង​៣ តួ​ហើយ​ តែ​យើង​តំកល់​ទុក​នៅ​ខាង​មាត់​រឺក្រ​ញ៉ាំ​ជើង​យើង អ្នក​ឯង​នាំ​គ្នា ​ចូល​មក​យក​ទៅ​អាស្រ័យ​ចុះ​។ ឯ​សត្វ​ទាំង​៣ កាល​បើ​លឺ​សិង្ហ​តោ​ពោល​ចែក​ភាគ​មិន​យុត្ដិ​ធម៌​ដូច្នោះ ក៏​ទោម​នស្ស​តូច​ចិត្ដ​ទី​ទៃ​ៗ​ ពុំ​បាន​ចូល​ទៅ​យក​ចំណែក​១ ដែល​ត្រូវ​បាន​ខ្លួន​នោះ​ឡើយ ព្រោះ​ខ្លាច​ក្រ​ញ៉ាំង​ជើង និង​ចង្កូម​សិង្ហ​តោ​នោះ​ទើប​នាំ​គ្នា​ក្រោក​ដើរ​ចេញ​ទៅ​កាន់​លំនៅ​អាត្មា​ទី​ទៃ​ៗ បាន​សេច​ក្ដី​ក្ដៅ​ចិត្ដ ដោយ​បង់​កំលាំង បង់​ព្យា​យាម​ដែល​ខ្លួន​ទៅ​ដេញ​សត្វ​មក​អោយ​គេ បាន​ហើយ​ពុំ​បាន​ចំ​ណែក​នោះ​ឯង។ រឿង​និទាន​នេះ​ឯង​ស្ដាប់​យក​ជា​គតិ​ដូច​ម្ដេច ចូរ​ប្រៀប​ប្រា យ​ទៅ​មើល​។
     កូនសិស្ស​តប​ថា រឿង​និទាន​នេះ បាន​សេច​ក្ដី​ប្រៀប​ដូច​មនុស្ស​អ្នក​ក្រី​ក្រ​លំបាក​គ្មាន​ដើម​ទុន ហើយ​ទៅ​ចូល​រក​ស៊ី​ធ្វើ​ការ​ចូល​ហ៊ុន នឹង​លោក​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​មាន​យស​ស័ក្ដិ​ជា​ធំ ជា​មនុស្ស​អធម៌​ឥត​ក្ដី​អៀន​ខ្មាស​បាប​ខ្លាច​បាប ប្រ​ព្រឹត្ដ​ យក​តែ​ប្រ​យោជន៍​ឯង មិន​អាណិត​ដល់​គ្នា​ជា​អ្នក​តូច​ទាប​នោះ​ឡើយ​​ សំដែង​យក​អំណាច មក​កោង​សង្កត់​អ្នក​តូច​ដូច​សត្វ​សិង្ហ​តោ​កោង​សង្កត់​សត្វ ៣​តួ​នោះ​ឯង​។ អ្នក​តូច​ណា​ទៅ​រក​ស៊ី​ជា​មួយ​នឹង​អ្នក​ធំ ជា​មនុស្ស​អធម៌ យ៉ាង​សត្វ​សិង្ហ​តោ​នោះ​​ហើយ ក៏​នឹង​បាន​ក្ដី​ក្ដៅ​ចិត្ដ​ជា​ខាង​ក្រោយ ដូច​សត្វ​ស្វាន​ចចក​ឆ្កៃ​ព្រៃ​នោះ​ឯង​មិន​លែង​ឡើយ​។
     សិង្ហអើយសិង្ហតោ ជាមហាលោភោ អិតក្ដីការុណ្យ លោភយកតែឯង មិនបែងភាគហ៊ុន អាងខ្លួនមានបុណ្យ រំលោភបំពាន។ អ្នកទាបអិតទុន យកខ្លួនចូលហ៊ុន ផងនឹងអ្នកមាន ខំស៊ូតត្រុក ខំរុកខំរាន ដល់បានគេគ្មាន ចែកហ៊ុនឡើយណា។ សិង្ហតោចែកបែង គេមួយបីឯង នៅក្លែងអិច្ឆា អោយហើយតែទុក នៅមុខអាត្មាសត្វណានឹងក្លា ចូលយកភាគបាន។
សិង្ហអើយសិង្ហតោ
ជាមហាលោភោ
អិតក្ដីការុណ្យ
លោភយកតែឯង
មិនបែងភាគហ៊ុន
អាងខ្លួនមានបុណ្យ

  រំលោភបំពាន។

អ្នកទាបអិតទុន
យកខ្លួនចូលហ៊ុន
ផងនឹងអ្នកមាន
ខំស៊ូតត្រុក
ខំរុកខំរាន
 ដល់បានគេគ្មាន

ចែកហ៊ុនឡើយណា។

សិង្ហតោចែកបែង
គេមួយបីឯង
នៅក្លែងអិច្ឆា
អោយហើយតែទុក
នៅមុខអាត្មា
សត្វណានឹងក្លា

ចូលយកភាគបាន។

ចប់តំរារកស៊ីខុសទី៣


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad