គតិលោក ភាគ៨: រឿង៖ បុរសពីរនាក់ប្ដីប្រពន្ធចិញ្ចឹមសត្វស្កា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៨: រឿង៖ បុរសពីរនាក់ប្ដីប្រពន្ធចិញ្ចឹមសត្វស្កា


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងបុរសពីរនាក់ប្ដីប្រពន្ធចិញ្ចឹមសត្វស្កា

មាន​ចៅ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ជា​ជាតិ​អ្នក​ចំការ​ បាន​ចញ្ចឹម​សត្វ​ស្កា​១​ ទុក​ប្រើ​ប្រាស់​ការ​ក្នុង​ផ្ទះ​តាម​ភាព​នៃ​ខ្លួន​ជា​អ្នក​មាន​កូន​ខ្ចី​ ទើប​រក្សា​ស្កា​នោះ​ពុំ​អោយ​មាន​ហ្មង​សៅ​ឡើយ​។ ថ្ងៃ​មួយ​ដាក់​កូន​អោយ​ដេក​ក្នុង​អង្រឹង​ ហើយ​ទុក​ស្កា​អោយ​នៅ​មើល​​រក្សា​ផ្ទះ​នឹង​កូន​​អាត្មា​អែង​ពីរ​នាក់​នាំ​គ្នា​ទៅ​ជំរះ​ស្មៅ​ដំណាំ​អែ​ខាង​កន្សៃ​ផ្ទះ​ ក្រោយ​នោះ​ មាន​អាសិរ​ពិស​ពស់​វែក​មួយ​ លូន​ចូល​ទៅ​ក្នុង​ផ្ទះ​ បាន​ធំ​ក្លិន​ទឹក​ដោះ​នៅ​មាត់​ទារក​ ក៏​លូន​ចូល​ទៅ​ក្នុង​អង្រឹង​ ហើយ​ចឹក​ទា​រក​នោះ​ ទារក​នោះ​ក៏​ស្រែក​យំ​ដោយ​សំលេង​ខ្លាំង​ៗ​។ អែ​ស្កា​នោះ​លុះ​បាន​លឺ​សំលេង​ក្មេង​យំ​ដូច្នោះ​ស្ទុះ​ឡើង​ទៅ​លើ​អង្រឹង​ បាន​យល់​ពស់​វែក​ចឹក​កូន​នាយ​ ក៏​ខឹង​នឹង​ពស់​ក្រៃ​ពេក​ ទើប​ត​យុទ្ធ​ប្រ​ខាំ​នឹង​ពស់​ ពស់​ស្ទុះ​កំលាំង​ស្កា​មិន​បាន​ ស្កា​ក៏​ខាំ​ពស់​នោះ​ដល់​នូវ​ក្ដី​ស្លាប់​ ហើយ​ខាំ​អូស​ទាញ​យក​សាក​សព​ពស់​ទៅ​ដាក់​ញាត់​ទុក​នៅ​ក្រោម​ជើង​ម៉ា​។
អែ​ទា​រក​នោះ​ធន់​នឹង​ពិស​ពស់​ពុំ​បាន​ ក៏​ដល់​នូវ​មរណ​កាល​ក្នុង​អង្រឹង​នោះ​អែង​។ ថ្លែង​ចៅ​ប្ដី និង​ប្រពន្ធ​នោះ លុះ​ដល់​ពេល​ក៏​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ​ អែ​ស្កា​ឃើញ​ម្ចាស់​មក​ដល់​នឹង​និយាយ​ប្រាប់​រឿង​ពស់​វា​ខាំ​កូន​នោះ​ពុំ​បាន​ ដោយ​ជាតិ​ជាសត្វ​ ក៏​ខំ​តែ​រត់​ទៅ​រត់​មក​ ធ្វើ​អាការ​ក៏​ដូច​ជា​ប្រាប់​រឿង​ដល់​នាយ​ អែ​នាយ​ក៏​ពុំ​មាន​សេច​ក្ដី​សង្ស័យ​អ្វី​ លុះ​នាង​ប្រពន្ធ​ទៅ​លើក​កូន​ ដើម្បី​នឹង​ផ្ងូត​ទឹក​ ក៏​ស្រាប់​តែ​ឃើញ​កាយ​កូន​ជាំ​ដាំ​ ស្លាប់​រឹង​ក្រញ៉ង់​នៅ​ក្នុង​អង្រឹង​នោះ​អែង​ នាង​ក៏​ស្រែក​ទួញ​ឡើង​ ចៅ​ប្ដី​ភិត​ភ័យ​ស្ទុះ​ទៅ​សួរ​ប្រពន្ធ​ ៗ​ប្រាប់​ថា កូន​យើង​ស្លាប់​ហើយ​ មិន​ដឹង​ជា​ស្លាប់​ដោយ​ហេតុ​អ្វី​ទេ ចៅ​ប្ដី​ក៏​តក់​ស្លុត​យំ​សោក​​ស្ដាយ​​កូន​ ហើយ​សង្កេត​មើល​ស្លាក​ស្នាម​កូន​ទៅ​ឃើញ​មុខ​ស្នាម​ចង្កូម​ធ្មេញ​ពស់​នៅ​ភ្លៅ​កូន​ ក៏​នាំ​គ្នា​គិត​ថា​ស្កា​នោះ​វា​ខាំ​កូន​ខ្លួន​ប្រាកដ​ពិត​ មិន​គិត​ពិចារ​ណា​អោយ​វែង​ឆ្ងាយ​ កើត​ខឹង​នឹង​ស្កា ទើប​ប្រហារ​ស្កា​នោះ​ដល់​មរណ​ភាព​ ហើយ​រើ​យក​​ក្ដារ​ដើម្បី​ធ្វើ​ជា​ហឹប​ដាក់​ខ្មោច​កូន​យក​ទៅ​កប់​ លុះ​រើ​សំពត់​អាវ​នៅ​ក្រោម​ជើង​ម៉ា​ ក៏​បាន​យល់​សាក​សព​ពស់​នៅ​នោះ​ បាន​ឃើញ​ស្នាម​មាត់​ស្កា​ខាំ​ពស់​ជា​ប្រាក​ដ ​ក៏ដឹង​ថា​កូន​ខ្លួន​ស្លាប់​ដោយ​ពស់​ចឹក​ទេ​ ស្កា​ជា​សត្វ​យក​អាសា​នាយ​ ស៊ូ​ខាំ​ពស់​ដរាប​ដល់​ពស់​ស្លាប់​ ហើយ​ទាញ​យក​មក​ទុក​ក្រោម​ជើង​ម៉ា​នេះ​ ជន​ទាំង​ពីរ​កាល​ណា​បើ​យល់​ការណ៍​ដូច្នោះ​ហើយ​ ក៏​កើត​សោក​សៅ​ក្ដៅ​ក្រហាយ​ចិត្ដ​នឹក​អានិត​ដល់​កូន​ផង​ ដល់​ស្កា​ផង​ កើត​ស្ដាយ​ស្កា​ពន់​ពេក​ណាស់​ ដោយ​ខ្លួន​អិត​ពិចា​រណា​ទៅ​ប្រហារ​​សត្វ​អិត​ទោស អែ​ណា​កូន​ក៏​ស្លាប់​ ស្កា​ក៏​ស្លាប់​ផង​ ក្ដី​ទុក្ខ​រឹង​រិត​តែ​ច្រើន​លើស​លន់​ផុត​ នឹង ពណ៍​នា​បាន​នូវ​ក្ដី​សោក​ស្ដាយ​ទាំង​ពីរ​ផ្លូវ​ហោង​។
រឿង​នេះ​ បាន​គតិ​ដល់​បុគ្គ​ល​អ្នក​ខឹង​ហួស​ជ្រួស​គំនិត​ អិត​បញ្ញា​ពិចារ​ណា​អោយ​ជុំ​វិញ​បាន​ បុគ្គល​ណា​គិត​អ្វី​ប្រញាប់​ មិន​រេរិះ​អោយ​អស់​ជើង​ បន្ទាន់​ធ្វើ​ការ​នោះ​ទៅ​ដោយ​ចិត្ដ​ក្ដៅ បុគ្គល​នោះ​គង់​នឹង​លុះ​ផ្លូវ​ខុស​ បាន​ក្ដី​ក្ដៅ​ក្រហាយ​អែ​ក្រោយ​ ដូច​ចៅ​ប្ដី​ប្រពន្ធ​វាយ​ស្កា​នោះ​អែង​។ មួយ​ទៀត​ បុគ្គល​ធ្វើ​ការ​ប្រញាប់​បាន​ក្ដី​ក្ដៅ​ចិត្ដ​ក្នុង​កាល​ក្រោយ​នោះ​ ដូច​បទ​បាលី​ ក្នុង​គម្ពីរ​លោក​និតិ​ថា​៖
មា ច វេតេន កិច្ចានិការេសិ ការាបេសិ សហសា ការិតំ កម្មំ មន្ទោ បច្ឆានុតប្បតិ។
ប្រែ​ថា ជន​ធ្វើ​ការ​ប្រញាប់​ដោយ​ខ្លួន​អែង​ រឺ​ប្រើ​គេ​ចាត់​ចែង​អោយ​ធ្វើ​ច្បាស់​ អំពើ​ដែល​ធ្វើ​ដោយ​សហ័ស​ខ្លៅ​ណាស់​គង់​ ក្ដៅ​ក្រហាយ​ក្រោយ​។
ចប់គតិទី៤៤

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad