មកដល់កូនសម្លាញ់មាសឪពុក(សៀវភៅ កូនមាសឪពុក) - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

មកដល់កូនសម្លាញ់មាសឪពុក(សៀវភៅ កូនមាសឪពុក)


ឪពុកសូមឱ្យកូន ប្រើប្រាស់ពេលវេលា ឱ្យបាននូវប្រយោជន៍
ច្រើនជាទីបំផុត ក្នុងជីវិតរបស់កូន។
-
ពេលទំនេរ សូមឱ្យកូនចាប់សៀវភៅនេះយកមកអាន ហើយ
ចាំទុកនូវសេចក្ដីនីមួយៗផង។
-
ពេលមានទុក្ខ សូមឱ្យកូនពិចារណាតាមការណែនាំរបស់ឪនៅ
ក្នុងសៀវភៅនេះឯង។
-
ពេលបានសុខ សូមឱ្យកូនចាប់សៀវភៅនេះមករីករាយសប្បាយ
ជាមួយឪពុកម្ដាយ និងមានសេចក្ដីសុខជាមួយក្រុមគ្រួសារដែរ។
-
ពេលកូនមានបញ្ហា សូមឱ្យកូនប្រឹក្សាជាមួយឪពុកម្ដាយ តែបើ
ឪពុកម្ដាយមិននៅទេ សូមឱ្យកូនប្រឹក្សាជាមួយសៀវភៅនេះចុះ។
ពុកនិងម៉ែ ប្រាថ្នាឱ្យកូនមាននូវសេចក្ដីសុខ ទើបបានជាអប់រំ
និងដាស់តឿនក្រើនរំលឹកកូនជារឿយៗ មិនឱ្យកូនលេងហួស
ពេលវេលា ព្រោះអាចនាំឱ្យកូនមានជំងឺគ្រុនរងាជាដើម ដាស់
តឿនកូនមិនឱ្យញ៉ាំនូវអាហារណាដែលមិនល្អ ព្រោះវាអាច
នាំឱ្យខូចសុខភាព ហើយបើកូននៅមិនទាន់យល់នូវពាក្យ
ដាស់តឿន ឬក៏មិនស្ដាប់តាមនូវពាក្យទូន្មាន របស់ម៉ែឪទេ
នោះ ដល់ពេលកូនមិនស្រួលខ្លួនឡើង ឪពុកម្ដាយក៏ត្រូវតែ
នៅរក្សា និងព្យាបាលកូនយ៉ាងល្អជាទីបំផុតដដែល។
នៅក្នុងដំណើរជីវិតក៏ដូចគ្នាដែរ ឪពុកម្ដាយបានព្យាយាម
អប់រំ និងដាស់តឿនជានិច្ច ឱ្យកូនតាំងចិត្តសិក្សារៀនសូត្រ
រៀបចំខ្លួនឱ្យនៅក្នុងសេចក្ដីល្ង មិនឱ្យកូនប្រព្រឹត្តខ្លួនជា
មនុស្សឡេះឡោះ តែបើពេលណាដែលកូនប្រព្រឹត្តភ្លាំង
ភ្លាត់ ដោយហេតុណាមួយនោះ ឪពុកម្ដាយក៏នឹងព្យាយាម
ជួយកូនយ៉ាងប្ដូរជីវិត ដូចជាពេលដែលកូនមិនស្រួលផ្លូវកាយ
ដូច្នោះឯង ។
 ព្រោះហេតុដូចពោលមកនេះ ឪសូមឱ្យកូនមានការចាំជា
និច្ចថា ពេលណាដែលកូនមានូវបញ្ហាកើតឡើងសូមឱ្យ
កូនប្រឹក្សាជាមួយនឹងម៉ែឪ កុំលាក់លៀមឱ្យសោះព្រោះ
មិនមានអ្នកណាស្មោះត្រង់ និងមានបំណងជួយកូនឱ្យ
ក្រៃលែងជាងម៉ែឪរបស់កូនឡើយ បើម៉ែឪដឹងហើយមិន
ថាបញ្ហានោះលំបាកលំបិនយ៉ាងណា ម៉ែឪរមែងរួមគ្នា
ដោះស្រាយ កែខៃបញ្ហាបានគ្រប់រឿងទាំងអស់។
កូនមាសឪពុក កាលបើកូនបំពេញតួនាទីដោយសុចរិត
ដោយការឆ្លាតវៃ មានសេចក្ដីស្មោះត្រង់ និង កតញ្ញូកូន
រមែងបានទទួលនូវសេចក្ដីរីករាយ ព្រោះរលឹកឃើញអំពើ
ដ៏បរិសុទ្ធរបស់ខ្លួន ហើយកូននឹងបានទទួលនូវផលសុខ
មានសេចក្ដីចម្រើនដល់អនាគតនៃជីវិតរបស់កូន ព្រមទាំង
ក្រុមគ្រួសារយ៉ាងពិតប្រាកដ។
ឪសូមឱ្យពរដល់កូន…
បាត់ដំបងថ្ងៃ ៦ កើត ខែស្រាពណ៌ ព.ស. ២៥៤៧
ពីឪពុករបស់កូន

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក
រៀបរៀងដោយ៖ អគ្គបណ្ឌិត ប៊ុត សាវង្ស 

No comments:

Post a Comment

Post Top Ad