រឿង វត្តសំពៅប្រាំ (នៅក្រុងបូកគោ) ប្រជុំរឿងព្រេងខ្មែរ
ភាគ ៦ ទំព័រ ៩៧ - ១០១ វត្តសំពៅប្រាំ ឋិតនៅលើខ្ពង់រាបនៃភ្នំបូកគោ ដែលសព្វថ្ងៃនេះ
រាជការបានតែងតាំងជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់ សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ
។ ភ្នំនេះ ឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត
ប៉ុន្តែសព្វថ្ងៃ គេកាត់ចេញដោយឡែក ជាបុរីមួយ, ដោយមានការគ្រប់គ្រងពិសេស ដាច់ចេញពីខេត្តកំពត
។ សព្វថ្ងៃ ទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឲ្យទាន់សម័យ, ឯផ្លូវថ្នល់
ដែលលូនក្រវេចក្រវៀនតាមចង្កេះភ្នំ កាត់ជ្រោះភ្នំ ឡើងទៅកាន់ខ្ពង់បព្វតានេះ
ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អាតបាត រថយន្តតូចគ្រប់ធន់ បើកបរបានគ្មានលំបាកទេ
លើកលែងតែរថយន្តធំវែងៗ បើកបរពុំបានត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិចក្ងក់ពេក
។ ផ្លូវឡើងនេះ មានចម្ងាយចាប់តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ ៣ (ផ្លូវកំពតទៅវាលរេញ)
ទៅ មាន ៣២ គីឡូ ប៉ុន្តែដោយផ្លូវបត់បែន ហើយត្រូវឡើងជាដរាបផង រថយន្តបើកពុំសូវបានលឿនប៉ុន្មានទេ
។ ពីដើមខ្ពង់រាបបូកគោ ជាកន្លែងយកខ្យល់អាកាស សម្រាប់ជនជាតិអឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង
គឺលោកហ្វ្រង់ ស្វា-បូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា បានចាត់សាង
ហើយសម្ពោធជាផ្លូវការ កាលពីឆ្នាំ ១៩២៥ ។ កាលពីសម័យកសាងនោះ ដោយទ្រង់យល់ថា
បារាំងរៀបចំធ្វើទីសំណាក់អាស្រ័យ យកធាតុត្រជាក់សម្រាប់ពួកគេដូច្នោះ ព្រះមហាក្សត្រខ្មែរយើង
ក៏ព្រះអង្គទ្រង់ព្រះតម្រិះដល់ព្រះពុទ្ធសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ
ដោយមានកូនវិហារតូចមួយ និង ចេតិយមួយឡើងដែរ ។ សំណង់វត្តនេះ តាំងនៅលើដីខ្ពស់ជាកំពូលភ្នំ
ដ៏មានផែនថ្មធំៗ នៅពាសពេញ ចម្លែកជាងគេ គឺផែនថ្មជាបន្ទះៗ មានទំហំបណ្ដោយ
ប្រមាណជាង ១០ ម៉ែត្រ និង កម្ពស់ប្រហែលជិតដប់ម៉ែត្រដែរ ។ ទ្រង់ទ្រាយផែនថ្មនេះ
មានភាពសំប៉ែត ខ្ពស់ទ្រទុងនៅឃើញរូបភាពនៃថ្មទាំង ៥ ផែននេះ មានសណ្ឋានដូចសំពៅ
៥ កំពុងបើកក្ដោង ហើយការកសាងវត្តនេះ ក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះទៀត, ទើបអ្នកផងហៅទីនេះតាមសន្មតថា
"វត្តសំពៅប្រាំ" ។ កាលបើបានឈ្មោះនេះហើយ អ្នកផង ក៏ប្រឌិតបានជារឿងព្រេងមួយឡើង
ដែលដកស្រង់ពីរឿងមានស្រាប់មកហើយ គឺរឿងព្រះថោងនាងនាគនោះឯង មានដូចតទៅនេះ
៖ ក្នុងកាលកន្លងយូរមកហើយ2 កាលនោះមានស្ដេចខ្មែរយើងមួយអង្គ ព្រះនាមព្រះថោង ។
រឿងដើម នៃក្សត្រអង្គនេះ គឺព្រះអង្គ ជាព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនឹងបិតា
ដែលត្រូវឲ្យព្រះអង្គគោរពបូជាព្រះអនុជពៅ, ម្ល៉ោះហើយ ទ្រង់យាងចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួក
ចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយ ដ៏មានដើមធ្លកមួយដើម ដុះនាកណ្ដាលវាលខ្សាច់នោះ
។ ព្រះអង្គ បញ្ឈប់ពលរេហ៍នៅទីនោះ សម្រាកព្រះកាយនៅក្រោមដើមធ្លក ។ ពេលព្រលឹមស្វាងឡើង
ព្រះអង្គយាងមួយព្រះអង្គឯង លំហែព្រះកាយតាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ
ស្រាប់តែឮសូរសំឡេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិត បានជួបនឹងនាងនាគ ដែលកំពុងនាំភីលៀងមកកម្សាន្តឆ្នេរសមុទ្រនេះ
។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏ព្រមព្រៀង តែសុំឲ្យព្រះអង្គតោងកន្ទុយនាគ
ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះបាទភុជង្គនាគ ជាព្រះវរបិតា
។ លុះព្រះអង្គ តាមព្រះនាងទៅដល់ឋាននាគ អស់រយៈពេលប្រាំពីរថ្ងៃ ក៏សុំលាព្រះបិតាក្មេក
នាំមហេសីវិលមកឋានមនុស្សវិញ ។ កាលនោះ ព្រះបាទភុជង្គនាគ ក៏បានរៀបចំប្រដាប់ប្រដា
ជាទ្រព្យមានតម្លៃចំនួនប្រាំសំពៅ ដើម្បីដង្ហែព្រះរាជបុត្រ មកគ្រប់គ្រងរាជ្យនៅមនុស្សលោក
។ សំពៅទាំងប្រាំនេះ បើកក្ដោងសំដៅដល់មាត់សមុទ្រ ជាយដែនប្រទេសហើយ ក៏ចូលចតតម្រៀបគ្នា
រើប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅ រកទីណាមួយមានដីទួលខ្ពស់
រៀបចំកសាងជាទីក្រុងឡើង ។ ឯសំពៅទាំង ៥ នោះ ក៏បញ្ឈរទុកសម្រាប់ព្រះអង្គមានដំណើរទៅណាមកណា
ទ្រង់គង់ក្រសាលតាមព្រះចិន្ដា ។ ពលរេហ៍ទាំង ៥០០ នាក់ ក៏ដង្ហែព្រះថោង និង នាងនាគ
ទៅចាប់ស្ថាបនាទីក្រុង រាជនិវេសន៍ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ ។ លុះអស់កាលជាយូរលង់មកហើយ
ឆ្នេរសមុទ្រ ក៏ចេះតែស្រុតស្រកឆ្ងាយទៅៗ, ដីក៏កាន់តែដុះខ្ពស់ឡើងៗ, សំពៅទាំង
៥ នោះក៏កឿងជាប់នឹងច្រាំង ហើយយូរៗ ទៅ ក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដី
នៅសល់តែក្ដោងទាំង ៥ ដែលគេឃើញសព្វថ្ងៃនេះ ។ នេះហើយ ជារឿងព្រេង ដែលអ្នកស្រុកប្រឌិតភ្ជាប់នឹងស្ថានភាពវត្តនៅលើភ្នំបូកគោ
។ ប៉ុន្តែបើតាមការស្រាវជ្រាវវិញ វត្តនេះ ពុំមែនជាវត្តបុរាណណាស់ណាទេ គឺជាវត្តថ្មីមួយ
ដែលព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ-មុនីវង្ស ព្រះចៅប្រទេសកម្ពុជា ទ្រង់កសាងឡើង
កាលពី គ.ស. ១៩២៤ គឺនៅពេលដែលរាជការអាណាព្យាបាលបារាំង គេស្ថាបនា ទីតំបន់បូកគោ
ធ្វើជាទីលំហែ សម្រាកយកខ្យល់ត្រជាក់ តាមធាតុអាកាសស្រុកអឺរ៉ុប ។ កាលនោះ រាជការបារាំង
គេបានថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិត នូវទីកន្លែងមួយ សម្រាប់ព្រះអង្គស្ថាបនាជាព្រះរាជដំណាក់មួយនៅបូកគោនោះ
ដូច្នេះហើយ ព្រះអង្គក៏ផ្ដួចផ្ដើមព្រះទ័យ កសាងជាវត្តមួយនេះឡើង ដោយជ្រើសរើសយកទីទួល
ដែលនៅជាប់នឹងផែនថ្ម ៥ សន្លឹកធំៗ នោះ សង់ជាព្រះវិហារមួយតូច តែស្អាតស្អំ
និង ចេតិយតូចមួយទៀត នៅពីមុខព្រះវិហារនេះ ហើយសន្មតយកនាមាភិធេយ្យថា
"វត្តសំពៅប្រាំ" គឺយកតាមលំនាំ ទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ
ដូចជាក្ដោងសំពៅប្រាំផ្ទាំង ឋិតនៅត្រង់នោះស្រាប់ ។ សព្វថ្ងៃ បូកគោ ជាទីមនោរម្យមួយសម្រាប់ទេសចរណ៍ធ្វើដំណើរទៅលំហែ
សម្រាកកាយ នៅគ្រប់ពេលដែលឈប់សម្រាក, ម្ល៉ោះហើយ វត្តសំពៅប្រាំ ក៏ទៅជារមណីយដ្ឋានមួយ
ដែលគេស្គាល់ច្រើនដែរ ។
ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment