រឿង ភ្នំសែនហាន (នៅខេត្តកំពត) ប្រជុំរឿងព្រេងខ្មែរ ភាគ
៦ ទំព័រ ១០៣ - ១០៤ នៅខេត្តកំពត ក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្នំមួយឈ្មោះ
"ភ្នំសែនហាន" តាំងនៅទិសខាងលិចវត្តអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ
(អតីតស្រុកបន្ទាយមាស) ខេត្តកំពត ចម្ងាយពីវត្តនេះប្រមាណ ៣ គីឡូម៉ែត្រ ។ ភ្នំនោះ
មានបណ្ដោយប្រមាណ ១០ គ.ម. ទទឹងប្រហែលជា ៥ គ.ម. កម្ពស់តាមចម្ងាយផ្លូវដើរឡើងពីជើងភ្នំដល់កំពូលប្រមាណ
២ គ.ម. ហើយមានដើមរុក្ខជាតិគ្រប់មុខ ដុះនៅលើភ្នំនោះណែនណាន់តាន់តាប់ ។ នៅក្បែរជើងភ្នំ
មានជ្រោះមួយ ឈ្មោះជ្រោះស្លា ស្ថិតនៅខាងលិចវត្តអង្គពន្លឺ ដែលមានទឹកពណ៌ខៀវថ្លាហ្វង់
គួរជាទីរីករាយសប្បាយ ជាលំនៅនៃពួកមច្ឆជាតិទាំងឡាយ ។ ភ្នំនេះ បានជាមានឈ្មោះថា
"សែនហាន" ដោយមានរឿងព្រេងដែលអ្នកស្រុកនិទានតៗ មក ថា ៖ សម័យពីព្រេងនាយ
ក្នុងគ្រាមួយ ដែលអ្នកស្រុកអំណត់ណាស់ មានមនុស្សជាច្រើននាក់ នាំគ្នាទៅរកស៊ីធ្វើការនៅជើងភ្នំនោះ
ដែលជាភ្នំពុំទាន់មានឈ្មោះថាអ្វីនៅឡើយ ហើយភ្នំនោះ ពុំទាន់មានដើមឈើច្រើននៅឡើយផង
គេបាននាំគ្នាដាំដំណាំផ្សេងៗ ជាច្រើន មាន ចេក ពោត ត្រាវ ដំឡូង ដូង ស្លា ជាដើម
។ ក្នុងគ្រានោះ មានតាម្នាក់ឈ្មោះ "សែន" នៅធ្វើចម្ការក្នុងទីនោះដែរ
។ ពេលដែលដំណាំកំពុងតែលូតលាស់ល្អ ល្មមប្រើការបាន ស្រាប់តែមានដំរីស្ដមួយ
ចូលមកកាច់ចេក ដកដំណាំនោះ ស៊ីជារឿយៗ ។ តាសែន គិតថា "បើអញមិនរកមធ្យោបាយ
ដើម្បីកម្ចាត់ដំរីនេះចេញមុខ មុខតែថ្ងៃណាមួយវានឹងស៊ីដំណាំនេះអស់ជាមិនខាន"
ទើបគាត់ចាប់លំពែង និង កាំបិតព្រាដេញចាក់-កាប់ដំរីនោះសោះឡើយ ។ កាលដែលតាសែនសម្លាប់ដំរីនោះបានហើយ
អ្នកស្រុកភូមិទាំងអស់ នាំគ្នាហៅគាត់ថា "តាសែនក្លាហានៗ" ។ លុះចំណេរតៗ
មក ពេលតាសែនគាត់ធ្វើមរណកាលហើយក្ដី ក៏មនុស្សអ្នកស្រុក-ភូមិ នាំគ្នាហៅភ្នំដែលជាលំនៅតាសែននោះថា
"ភ្នំតាសែនក្លាហាន" លុះយូរៗ តៗ មកទៀត ក៏ហៅខ្លីមកត្រឹម "ភ្នំសែនហានៗ"
រហូតមកដល់សព្វថ្ងៃនេះ ។
ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment