ពេលកូនកើតមកម៉ែសប្បាយ ទោះអត់ប្រាក់ចាយមិនចេញស្ដី
ស៊ីឈ្នួលធើ្វការប្រឹងរែកដី លំបាកម្ដេចក្ដីឥតមានថ្ងូរ។

ទទូរប្រមានៅហាលថ្ងៃ យកដៃជូតញើសដែលវាហូរ
ពេលនឹកដល់កូនចិត្តទន់ទោរ ញើសហូរមិនស្មើចិត្តស្រឡាញ់។

មានគេសួរថាខំអ្វីម្ល៉េះ ថ្ងៃក្ដីសឹងឆេះមិនចេះចាញ់
ម៉ែឆ្លើយថាព្រោះកូនសម្លាញ់ គិតកាញ់រកប្រាក់កុំចង់ល្ហែ។

ធើ្វម្ដេចកូនខ្ញុំកំព្រាឪ តាំងតែពីនៅក្នុងពោះម៉ែ
ខ្ញុំប្រឹងចិញ្ចឹមបីបាច់ថែ រហូតទាល់តែឥឡូវនេះ។

ពេលនេះកូនខ្ញុំពេញកំលោះ រូបរាងស្រស់បស់មិនសំគិស
ខ្ញុំបានទិញកង់ឱ្យកូនជិះ ខ្ញុំរិះកំណាញ់តែមាត់ឯង។

ខ្ញុំឱ្យកូនរៀនដល់ថ្នាក់ខ្ពស់ ដើម្បីកូនរស់ខ្ញុំប្រឹងប្រែង
ធើ្វការរាល់ថ្ងៃខ្ញុំរមែង ខ្លាចក្រែងតែកូនប្រឡងធ្លាក់។

ម៉ែឆ្លើយរៀបរាប់ពីកូនគាត់ ចិត្តម៉ែមិនព្រាត់ពីកូនជាក់
ចិត្តម៉ែដូចទឹកហូរទម្លាក់ ហូរឥតមានទាក់រកកូនប្រុស។

កូនប្រឡងធ្លាក់ម៉ែស្លុតចិត្ត អាណិតថាកូនឥតកំហុស
កូនគាត់ពូកែឥតមានខុស តែព្រោះកូនប្រុសអត់ប្រាក់សូក។

តាមពិតកូនគាត់វាខ្ជិលរៀន រវល់តែញៀនគ្រឿងស្មោគ្រៅក
ម៉ែខំធើ្វការបែកញើសជោក កូនគាត់កើតរោគមិនដឹងខ្លួន។

កូនរឹតតែស្គមម៉ែខ្លោចចិត្ត អាណិតថាកូនខំរៀនផ្ទួន
កូនចេញបាត់ៗដោយបិទពួន កុហកម៉ែខ្លួនថារៀនឈ្នួល។

ម៉ែខំរកប្រាក់ឱ្យកូនរៀន ប្រិតប្រៀនដាំបាយរៀបសម្រួល
ក្រៃលែងជាងខ្ញុំដែលគេជួល ឃើញកូនមិនស្រួលនាំទៅពេទ្យ។

គ្រាកាលព្រាត់ប្ដីម៉ែមិនស្លុត គ្រាន់តែស្រយុតចិត្តស្រឡេត
លើកនេះដឹងថាកូនកើតអេដស៍ ម៉ែស្លុតចូលពេទ្យឈប់ពោលស្ដី។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក
No comments:
Post a Comment