៦៧- កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

៦៧- កូនមាសឪពុក


បើកូនស្រឡាញ់ម៉ែឪ និងកាលកូនពិចារណាទៅហើយ
បានដឹងថា ខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដ៏ក្រៃលែងនោះ
កូនត្រូវរក្សាខ្លួនឱ្យជាការរក្សាដ៏ល្អ ឪពុកសូមប្រគល់
ពាក្យទាំងនេះដល់កូន៖
.កូនចូរចាំថា ៖ ការមិនតស៊ូក្នុងករណីខ្លះ គឺជាវីរភាពដ៏
ធំធេង ក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀត។
.កូនចូរកុំរើសយកនូវរបស់ដែលពេញចិត្ត ដោយអំណាចនៃ
ចំណង់របស់ខ្លួន តែកូនត្រូវរើសយកនូវរបស់នោះៗដោយ
សតិបញ្ញា កូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃ
របស់នោះឯងមុននឹងសម្រេចចិត្តថាយក។
.កូនត្រូវកុំក្រោធខឹង ជាមួយនឹងមនុស្សដែលធើ្វមិនល្អឱ្យ
សោះ តាមពិត គេនោះក៏ចង់ល្អដែរ គ្រាន់តែគេមិនបាន
យល់ច្បាស់ថា អ្វីជាសេចក្ដីល្អ អ្វីជាសេចក្ដីអាក្រក់ឱ្យពិត
ប្រាកដប៉ុណ្ណោះ។
.កូនត្រូវដឹងថា ៖ ក្នុងលោកនេះកម្ររកអ្នកដែលចេះត្រេកអរ
និងពាក្យបន្ទោសណាស់ ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃ
ឡើយ ម្យ៉ាងទៀត បើកូនចង់តិះដៀលឱ្យអ្នកណា កូនត្រូវ
សម្លឹងមើលខ្លួនឯងជាមុន កុំឱ្យគេស្ដីបកមករកវិញ។
.មាសប្រាក់ដែលកូនមាន បើចាយណាស់រឹតតែអស់ណាស់
ចំណែកវិជ្ជាវិញនោះ រឹតតែប្រើរឹតតែចម្រើន។
.កូនចូរចាំទុកថា ៖ មាសប្រាក់ជារបស់ក្រៅខ្លួន មាតាបិតា
សប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូន។
.កូនចូរធើ្វគ្រប់យ៉ាងដោយសុចរិត កាលបើមានសុចរិតចិត្ត
រមែងស្អាត តែបើមាននូវទុច្ចរិតវិញចិត្តរមែងសៅហ្មង។
.ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ ក្នុងការដែលឪពុក
ម្ដាយប្រគល់ឱ្យកូននោះទេ ចំណេះដឹងនិងការប្រព្រឹត្តល្អ
តែប៉ុណ្ណោះ ដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់
ឱ្យដល់កូនសម្លាញ់។
.ចុងបំផុតនៃសេចក្ដីលោភលន់ មិនចេះគ្រប់គ្រាន់គឺសេចក្ដីទុក្ខ។
១០.អ្នកដែលមិនធ្លាប់ឱ្យអភ័យដល់អ្នកដទៃ គឺជាអ្នកដែលទន់
ខ្សោយដោយគុណធម៌ ការឱ្យអភ័យដល់សត្រូវ គឺជាការ
សាងមិត្ត រមែងរុងរឿងដូចជាព្រះមហោសថ។
១១.បើអ្នកដទៃបោកបញ្ឆោត យើងអាចដឹងងាយ និងដោះស្រាយ
បានងាយជាង តែបើកូនបញ្ឆោតខ្លួនឯងវិញ គឺដឹងបានដោយ
លំបាក ដោះស្រាយក៏បានដោយលំបាកដែរ។
១២.កូនគួរចាំនូវអ្វីដែលគួរចាំ គួរភ្លេចនូវអ្វីដែលគួរភ្លេចគួរធើ្វនូវ
អ្វីដែលគួរធើ្វ និងត្រូវដឹងថា ការងារណាដែលគួរធើ្វមុន
ការងារណាដែលគួរធើ្វក្រោយ។
១៣.ប្រសិនបើ កូនដួលព្រោះការឈានដើរទៅមុខវាប្រសើរជាង
កូននៅឈរទ្រឹងមួយកន្លែង ព្រោះបើកូនឈរទ្រឹងមួយកន្លែង
កូននឹងដួលនៅត្រង់កន្លែងនោះហើយកូននឹងមានឈ្មោះថា
ជាមនុស្សកំសាក… កូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទី
កូនត្រូវចាំទុកថា ជីវិតកើតមកដើម្បីទ្រាំ គឺការអត់ធន់តស៊ូ។
១៤.មិនថាមនុស្ស ឬសត្វតិរច្ឆាន សុត្ធតែត្រូវការស្ដាប់ពាក្យផ្អែម
ល្ហែម ពាក្យទន់ភ្លន់ កូនមាសឪពុកក៏ដូចគ្នា គួរនិយាយពាក្យ
ទន់ភ្លន់ ផ្អែមល្ហែមដល់អ្នកដទៃ កាលបើកូននិយាយពាក្យ
ពីរោះចំពោះអ្នកដទៃ កូននឹងបានទទួលនូវពាក្យពីរោះពីអ្នក
ដទៃវិញ​ កាលបើកូនទន់ភ្លន់ដាក់អ្នកដទៃអ្នកដទៃក៏ទន់ភ្លន់
ដាក់កូនវិញដែរ។
១៥.ភ្លេចអីអាចភ្លេចបាន តែកុំភ្លេចខ្លួន ខូចអីដទៃក៏ខូចចុះ!
តែត្រូវប្រយ័ត្នកុំឱ្យខ្លួនជាមនុស្សខូច។
១៦.ការធើ្វរបស់កូនពេលខ្លះ មិនទាំងពេញចិត្តខ្លួនឯងផង
តើនឹងឱ្យអ្នកដទៃធើ្វនូវអ្វីៗត្រូវចិត្តរបស់កូនបានរហូតនោះ
យ៉ាងដូចម្ដេចទៅ កាលកូនគិតឃើញដូច្នេះហើយកូននឹង
មិនខឹងក្រោធជាមួយអ្នកដទៃឡើយ។
១៧.កូនមាសឪពុក ធម្មជាតិមិនដែលឱ្យអភ័យដល់អ្នកណា
ឡើយ អ្នកណាធើ្វយ៉ាងណាត្រូវបានទទួលយ៉ាងនោះតែ
ធម្មជាតិបានឱ្យឱកាសដល់មនុស្សយើងគ្រប់គ្នា គ្រាន់តែ
ថា ដោយច្រើនមនុស្សយើងមិនចេះទទួលយកនូវឱកាស
នោះមកកសាងខ្លួន ឬយកមកកែខ្លួនប៉ុណ្ណោះឯង។
១៨.កូនចោលអ្វីផ្សេងបាន តែកូនកុំបោះបង់ខ្លួនឯងចោលឱ្យ
សោះ ព្រោះក្នុងលោកនេះ មិនមានអ្នកណាជាទីពឹងរបស់
កូនក្រៅអំពីខ្លួនកូនឯងឡើយ។
១៩.កូនត្រូវដឹងថា ៖ អ្នកក្លាហាន គឺអ្នកដែលអាចបង្គាប់ខ្លួនឯង
បាន ជាចៅហ្វាយនាយលើខ្លួនឯង មិនមែនមានតណ្ហា
ឬសេចក្ដីក្រោធខឹងជាចៅហ្វាយនាយឡើយ។
២០.កូនកើតមកជាមនុស្សហើយ ត្រូវព្យាយាមបំពេញសេចក្ដីល្អ
ឱ្យខ្លាំងក្លាជាទីបំផុត ព្រោះកូនមិនងាយបានជួបនូវឱកាស
ល្អដូចនេះឡើយ។
កូនដាំដំណាំបម្រុងឫស តែបើដាំមនុស្សបម្រុងសីល ចង់ឆ្លង
ចាកទុក្ខត្រូវកុំខ្ជិល ខូចខិលដឹងខុសត្រូវកែខ្លួន។
២១.មានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯង ដែលអាចរក្សា
ខ្លួនទុកឱ្យប្រពៃបាន កូនឪពុកត្រូវរក្សាខ្លួនដោយប្រយ័ត្ន
ប្រយែងជាទីបំផុត ព្រោះមិនមានអ្វីដែលត្រូវរក្សាឱ្យក្រៃលែង
ជាងការរក្សាខ្លួននេះឡើយ។
២២.កូនត្រូវដឹងថា ៖ ក្នុងលោកនេះរមែងមានរឿងដែលសម្រាប់
ឱ្យយើងមានសេចក្ដីអត់ធន់ កាលបើកូនអត់ធន់បាន កូននឹង
សម្រេចផលល្អប្រៀបដូចថ្នាំគ្រុន នៅពេលញ៉ាំវារមែងល្វីង
ប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុន។
២៣.ភ្លេចអ្វីភ្លេចបាន តែបើភ្លេចប្រាណ ឈានធ្លាក់រណ្ដៅ
បើបានជាភ្លាត់ មិនតាន់ធ្លាក់ជ្រៅ ប្រឹងឡើងណាពៅ
កុំនៅនាំជ្រុល។
ខូចអ្វីមិនគ្រោះ តែបើខូចឈ្មោះ មិនងាយជួសជុល
កូនត្រូវប្រយ័ត្ន កុំងប់ងងុល កាមជាគ្រឿងពុល
ខូចអស់ទាំងខ្លួន។
ខូចខ្លួនខូចឈ្មោះ ខូចនេះពេញគ្រោះ រស់លែងស៊ប់សួន
តែទោះយ៉ាងណា កុំឱ្យខូចផ្ទួន ត្រូវប្រឹងកែខ្លួន
កុំចោលអាត្មា។
ចោលអ្វីចោលបាន តែកុំចោលប្រាណ ក្នុងវដ្ដសង្សារ
ព្រោះក្នុងលោកនេះ ឥតមាននរណា ជួយស្រង់អាត្មា
ក្រៅពីខ្លួនឡើយ។
កូនត្រូវរក្សា ការពារអាត្មា ឱ្យបានដល់ត្រើយ
ដោយការប្រយ័ត្ន និងមិនកន្ដើយ ប្រយ័ត្នហ្នឹងហើយ
ជាព្រះក្នុងខ្លួន។
ប្រយ័ត្នជាម្ដាយ ញ៉ាំងគុណទាំងឡាយ ឱ្យកើតមាំមួន
អត់ធន់ជាឪ រក្សាគ្រងស្ងួន គុណធម៌ក្នុងខ្លួន
ដូចខែខាងខ្នើត។
ខន្ដីដូចថ្នាំ លេបជាប្រចាំ រសជាតិល្វីងឆើត
លំបាកទ្រាំណាស់ លុះដល់ផលកើត រសជាតិល្វីងឆើត
មានគុណគាប់ហោង។
២៤.បុរាណបានពោលថា ៖ ចោរលួចប្លន់ទ្រព្យសម្បត្តិមិនស្មើ
នឹងភ្លើងឆេះផ្ទះ ភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់ល្បែងភ្នាល់
ចាញ់ល្បែងភ្នាល់មិនស្មើនឹងជាប់គ្រឿងញៀន។
ចោរប្លន់នៅសល់ផ្ទះ អស់ប្រាក់មាសមិនជាអ្វី
ឆេះផ្ទះនៅសល់ដី អត់បាយឆីដីលក់បាន។
ចាញ់ល្បែងនៅជីវិត បើចេះគិតវិលវិញថ្កាន
ញៀនថ្នាំប្រចាំប្រាណ កែលែងបានស្លាប់ទាំងរស់។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad