កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

កូនមាសឪពុក


ត្រូវជាមនុស្សដូចតទៅ
———————
*
កូនស្រីឪ ត្រូវជាមនុស្ស មិនរឹងត្អឹង
តែបើរឹង ត្រូវរឹងប៉ឹង ប្រឹងសិក្សា
កូនប្រុសឪ ត្រូវជាមនុស្ស មានប្រាជ្ញា
ព្រះផ្ដាំថា កុំស្នេហា ស្រាស្រីល្បែង។
*កូនស្រីឪ ត្រូវជាមនុស្ស មិនជាប់នុយ
កុំស្នេហ៍លុយ ស្អុយកេរ្តិ៍ឈ្មោះ រស់ដូចផ្សែង
កូនស្រីឪ ត្រូវជាមនុស្ស ចេះខ្លាចក្រែង
ព្រះសម្ដែង ឲ្យទម្លាប់ ជាប់សីលវិញ។
*កូនប្រុសឪ ត្រូវជាមនុស្ស ចេះស្មោះត្រង់
កុំតាមចង់ ក្រែងមិនសុខ ទុក្ខម្នោម្នេញ
កូនប្រុសឪ ត្រូវជាមនុស្ស តាមចេះវិញ
ប្រឹងបំពេញ ធម៌សន្ដោស ប្រោសមេត្តា។
*កូនស្រីឪ ត្រូវជាមនុស្ស មិនប្រមាទ
ជាស្រីឆ្លាត ចេះប្រមើល មើលកិច្ចការ
កូនស្រីឪ ត្រូវជាមនុស្ស ទន់ចរិយា
តែយ៉ាងណា សូមស្រីម៉ុម កុំទន់ខ្សោយ។
*កូនប្រុសឪ ត្រូវជាមនុស្ស ចេះអត់ធន់
ការស្រាលធន់ កុំទម្រន់ ទន់បណ្ដោយ
កូនប្រុសឪ ត្រូវជាមនុស្ស មិនថយក្រោយ
កុំចាំឲ្យ មនុស្សស្រីច្រាន បានទៅមុខ។
*កូនស្រីឪ ត្រូវជាមនុស្ស មិនឡេះឡោះ
ពាក្យពីរោះ មានរបៀប រៀបទំនុក
កូនស្រីឪ ត្រូវជាមនុស្ស រក្សាសុខ
បើខ្លាចទុក្ខ កុំជាមនុស្ស ទ្រុស្ដសីលធម៌។
*កូនប្រុសឪ ត្រូវជាមនុស្ស ចេះស្គាល់ខ្លួន
ចិត្តមាំមួន មិនអំនួត អួតខ្ទារខ្ទ័រ
កូនប្រុសឪ ត្រូវជាមនុស្ស មិនញាប់ញ័រ
ជួបលោកធម៌ ត្រូវពិចារណ៍ ថាមិនទៀង។
*កូនស្រីឪ ត្រូវជាមនុស្ស ចេះដឹងគុណ
ជាដើមទុន នៃជីវិត ពិតជាស្បៀង
កូនស្រីឪ ត្រូវជាមនុស្ស មិនលំអៀង
សម្ដីទៀង ពិតប្រាកដ មាត់ក្រអូប។
*កូនប្រុសឪ ត្រូវជាមនុស្ស ចេះចាប់ផ្ដើម
កុំច្បិចច្បើម ត្រូវប្រឹងប្រែង ក្រែខ្វះហូប
កូនប្រុសឪ ត្រូវជាមនុស្ស មិនចេះលោ្មភ
តែបើទ្រោប ទ្រាលដល់ខ្ជិល រិលបញ្ញា។
*កូនស្រីឪ ត្រូវជាមនុស្ស មិនច្រណែន
រៀបបែបផែន ជាមង្គល ដល់គ្រួសារ
កូនស្រីឪ ត្រូវជាមនុស្ស មានមេត្តា
មិនឥស្សា ក្នុងជីវិត ពិតជាស្ងប់។
*កូនប្រុសឪ ត្រូវជាមនុស្ស ដឹងប្រមាណ
ក្នុងខ្លួនប្រាណ រាល់យប់ថ្ងៃ លៃឲ្យគាប់
កូនប្រុសឪ ត្រូវជាមនុស្ស មិនអភ័ព្វ
មិនត្រូវជាប់ គ្រឿងញៀនញ៉ាម កាមគុណ៥។
*កូនប្រុសស្រី កុំជាមនុស្ស ទ្រុស្ដមិត្តភក្តិ
កុំជំពាក់ ទ្រព្យបំណុល បុលបញ្ចាំ
កុំរ៉ាប់រង ធានាទ្រព្យ ជាប់គ្រោះកម្ម
ឪសូមផ្ដាំ កម្មវេរា ជាគ្រោះកាច។
*កូនប្រុសស្រី កុំជាមនុស្ស ទ្រុស្ដសីលា
កុំគិតថា សីលនេះណា ខ្លាកំណាច
តាមពិតសីល ជាទេវតា ក្លាអង់អាច
មានអំណាច អាចប្រហារ ខ្លាកិលេស។
*កូនប្រុសស្រី កុំជាមនុស្ស ទ្រុស្ដមាតា
ស្រីនេះណា ជាព្រះព្រហ្ម កុំប្រហែស
តែព្រហើន ហ៊ានឃោរឃៅ ត្រូវភ្លើងឆេះ
ជាតិអ្នកចេះ ត្រិះរិះដឹង ប្រឹងបូជា។
*កូនប្រុសស្រី កុំជាមនុស្ស ទ្រុស្ដបិតា
ត្រូវដឹងថា ប្រុសនេះណា ជាព្រហ្មា
បានសុខហើយ ក្នុងជំរំ ព្រហ្នវិហារ
ត្រូវម្នីម្នា ភ្ញាររលឹក នឹកតបគុណ។
*កូនប្រុសស្រី កុំជាមនុស្ស ទ្រុស្ដព្រះពុទ្ធ
ត្រូវលំអុត កាយវាចា ប្រាថ្នាបុណ្យ
កូនមានទា សីលភាវនា ជាដើមទុន
ផុតទារុណ ចាកអបាយ ឆ្ងាយពីទុក្ខ។
*កូនប្រុសស្រី កុំជាមនុស្ស ទុ្រស្ដព្រះពុទ្ធ
កុំជាប់ជ័រ នៃកាមគុណ ស៊ុនក្នុងគុក
ប្រឹងដើរតាម ស្មាមព្រះបាទ ព្រះជាន់ទុក
កុំសម្រុក ធើ្វដំណើរ ដើរផ្លូវមារ។
*កូនប្រុសស្រី កុំជាមនុស្ស ទ្រុស្ដព្រះសង្ឃ
ត្រូវនឹកត្រង់ អង្គសាវ័ក ព្រះភគវា
ទ្រង់សាសនា ព្រះជិនស្រី ល្បីខ្ទរខ្ទារ
ក្រងធម្មា ជាបិដក វិ.សុ.អ.។
-កូនមាសឪពុកទាំងឡាយអើយ ព្រះធម៌មានហើយកុំធើ្វខ្វាក់
ប្រឹងអានប្រឹងគិតឱ្យប្រចក្ស ខណៈដ៏ល្អកុំកន្លង។
-
ថ្ងៃ១៥កើតខែពិសាខ ជាថ្ងៃសម្រាកធើ្វបុណ្យឆ្លង
ព្រះពុទ្ធទ្រង់កើតជាចម្បង ចម្លងសត្វលោកផុតភពបី។
-
ថ្ងៃ១៥កើតខែអាសាឍ កូនឪត្រូវឆ្លាតយល់សេចក្ដី
ថ្ងៃនេះជាថ្ងៃព្រះជិនស្រី ចាប់ផ្ដើមពោលស្ដីត្រាស់ទេសនា។
-
ជាថ្ងៃកំណើតនៃព្រះធម៌ ស្ដាប់ហើយតាំងគភ៌ដ៏ថ្លៃថ្លា
ដល់ពេលប្រសូតបានសោតា ផុតចាកទុក្ខាក្នុងអបាយ។
-
ថ្ងៃដែលព្រះសង្ឃមានកំណើត ថ្ងៃ១៥កើតមិនមែនឆ្ងាយ
គឺថ្ងៃតែមួយដែលធម្មកាយ ចាប់ផ្ដើមផ្សព្វផ្សាយដោយព្រះពុទ្ធ។
-
ព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ កូនត្រូវឱនអង្គយ៉ាងលំអុត
គោរពបូជាដោយមោះមុត ប្រសើរបំផុតត្រង់ចិត្តស្អាត។
-
ថ្ងៃ១៥កើតមាឃបូជា អង្គព្រះភគវាទ្រង់ឱវាទ
ប្រាប់បេះដូងធម៌ក្នុងសន្និបាត គឺជាវាទបាតិមោក្ខ។
-
ពិសាខ.អាសាឍ.មាឃបូជា កូនឪគ្រប់គ្នាប្រញាប់ក្រោក
ទៅវត្តស្ដាប់ធម៌បាតិមោក្ខ កុំឱ្យបាញ់បោកមារក្នុងខ្លួន។
-
រៀបចំភ្ញីផ្កាគ្រឿងបូជា សំពះវាន្ទាឱ្យស៊ប់សួន
ធើ្វទានកាន់សីលឱ្យខ្ជាប់ខ្ជួន គំនុំគុំគួនកុំបីមាន។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad