គតិលោក ភាគ៧: រឿង៖ នាយដង្ខៅ នឹង កូនឈ្នួល - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៧: រឿង៖ នាយដង្ខៅ នឹង កូនឈ្នួល


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងនាយដង្ខៅ នឹង កូនឈ្នួល
មាននាយ​ដង្ខៅ​ម្នាក់ ទៅ​ជួញ​បាន​ចំណេញ​មក មាន​សេច​ក្ដី​សប្បាយ​ចិត្ដ គិត​នឹង​លៀង​អស់​បណ្ដា​មហា​ជន ជា​ញាតិ​មិត្ដ​ក្នុង​លំ​នៅ​នៃ​អាត្មា ទើប​ប្រើ​បោយ​​អោយ​ទៅ​ផ្សារ​ទិញ​ម្ហូប​ចំណី​ហើយ​ផ្ដាំ​ថា «ចូរ​ចៅ​អែង​ទិញ​ត្រី​ទិញ​សាច់​រើស​រក​តែ​ល្អ​ៗ យក​មក​អោយ​យើង​ធ្វើ​ម្ហូប​លៀង​ពួក​ញាតិ​មិត្ដ​ដែល​នៅ​ជិត​នេះ​អោយ​សប្បាយ​ម្ដង​»​

អែ​ចៅ​បោយ​ក៏​ទទួល​ពាក្យ​នាយ យក​ប្រាក់​អំពី​នាយ​ស្ពាយ​ត្រក​ដើរ​ទៅ​ផ្សារ​ធំ លុះ​ទៅ​ដល់​ផ្សារ ចៅ​បោយ​គិត​ថា នាយ​អញ​គាត់​ផ្ដាំ​ថា​អោយ​ទិញ​យក​តែ​សាច់​យ៉ាង​ល្អ​ៗ បើ​ដូច្នេះ​គួរ​អញ​ទិញ​សាច់​អណ្ដាត​សត្វ​ចុះ​ សាច់​អណ្ដាត​នោះ​ល្អ​ហើយ គិត​​ហើយ​​ចៅ​បោយ​ទិញ​សុទ្ធ​តែ​អណ្ដាត​សត្វ​ទាំង​ឡាយ​ មាន​អណ្ដាត​គោ​ជា​ដើម បាន​ហើយ​ក៏​ដោត​ជា​ត្រណោត​យួរ​មក​ដល់​ផ្ទះ ជូន​នាយ​ដង្ខៅ​នោះ​។ នាយ​ដង្ខៅ​យល់​អណ្ដាត​សត្វ​ដូច្នោះ​ហើយ ក៏​ស្ដីប​ន្ទោស​ទៅ​ថា «យើង​អោយ​ទៅ​ទិញ​យក​សាច់​ល្អ​ៗ ​ចុះ​ហេតុ​អ្វី​ចៅ​ទិញ​យក​តែ​អណ្ដាត​គោ អណ្ដាត​ជ្រូក​ អណ្ដាត​​ពពែ​ដូច្នោះ​ នេះ​ហើយ​រឺ​ជា​សាច់​ល្អ​?​។ ចៅ​បោយ​ក៏​អធិប្បាយ​ថា «សាច់​អណ្ដាត​នេះ​ហើយ​លោក​នាយ ដែល​ជា​សាច់​ល្អ​លើស​សាច់​ទាំង​ពួង បាន​ជា​ខ្ញុំ​បាទ​ថា​ល្អ​នោះ​ព្រោះ​ខ្ញុំ​បាទ​យល់​ថា លោក​អ្នក​បាន​យស​បាន​សក្ដិ បាន​មាស បាន​ប្រាក់ បាន​ខ្ញុំ​កំដរ​ បាន​ជា​មេ​បា​គេ​ក្នុង​លោក​​នេះ សឹង​អាស្រ័យ​បាន​ដោយ​អណ្ដាត​ក្រលៀស​ពោល​ឡើង​ ហេតុ​នេះ​ ទើប​លោក​សន្មត​ថា​អណ្ដាត​នេះ​ជា​សាច់​ល្អ​លើស​លែង​សាច់​នានា បាន​ជា​ខ្ញុំ​បាទ​ទិញ​​យក​មក​នេះ​» នាយ​ដង្ខៅ​បាន​លឺ​ចៅ​បោយ​ឆ្លើយ​តប​ដោយ​វោ​ហារ​ដូច្នោះ​ ក៏​ទាល់​សេច​ក្ដី​មិន​អាច​ថា​អ្វី​ត​ទៅ​ទៀត​ឡើយ បាន​ក្ដី​ខ្មាស​នឹង​ពាក្យ​ចៅ​បោយ​នោះ លុះ​ដល់​ព្រឹក​ឡើង​ ក៏​បើក​ប្រាក់​អោយ​ចៅ​បោយ​ទៅ​ទិញ​សាច់​ម្ដង​ទៀត បាន​ផ្ដាំ​ថា ចូរ​ទៅ​ទិញ​សាច់​អាក្រក់​ៗ​មក​ចុះ យើង​នឹង​ធ្វើ​ម្ហូប​លៀង​ភ្ញៀវ​។

ចៅ​បោយ​ទទួល​ប្រាក់​ទទួ​ក​ពាក្យ​ហើយ ក៏​ទៅ​ផ្សារ ដល់​ហើយ​ក៏​ទិញ​អណ្ដាត​សត្វ​ដូច​កាល​មុន បាន​ហើយ​ក៏​នាំ​យក​មក​ជូន​នាយ​ដង្ខៅ​ៗ យល់​អណ្ដាត​សត្វ​ដូច​មុន​ដូច្នោះ ក៏​ស្ដី​បន្ទោស​ថា ពី​ម្សិល​មិញ​យើង​អោយ​ទៅ​ទិញ​សាច់​ល្អ​ៗ ចៅ​អែង​ទិញ​យកអណ្ដាត​សត្វ​មក ហើយ​ពោល​ថាអណ្ដាត​នេះ​ហើយ​ ជា​សាច់​ល្អ​លើស​លែង​សាច់​អែ​ទៀត​ៗ ឥលូវ​ថ្ងៃ​នេះ យើង​ផ្ដាំ​ថា​អោយ ទិញ​សាច់​អាក្រក់​ៗ ហេតុ​អ្វី​ក៏​ចៅ​ទិញ​អណ្ដាត​សត្វ​ដែល​ចៅ​អួត​ថា ជា​សាច់​ល្អ​នោះ​មក​ទៀត​។

ចៅ​បោយ​ក៏​ឆ្លើយ​កែ​សំនួន​ថា «សាច់​អណ្ដាត​នេះ​ហើយ​លោក​នាយ ដែល​ជា​សាច់​អាក្រក់​លើស​លែង​សាច់​អែ​ទៀត​ៗ បាន​ជា​ខ្ញុំ​បាទ​ថា​អាក្រក់​នោះ ព្រោះ​អណ្ដាត​នេះ​អែង វា​ក្រលៀវ​ក្រលៀស​ពោល​បង្កាច់​បង្កិន​គេ ត្មះ​តិះ​ដៀល​ជេរ​ប្រទេច​ ផ្ដា​សា ស្ដី​មុសា កុហក បញ្ឆុក​បញ្ឆោត​ ញុះ​ញង់​ស៊ក​សៀត​ បំបែក​បំបាក់​គេ​ទៅ​ផ្សេង​ៗ ហេតុ​នេះ​អែង​ទើប​លោក​សន្មត​ថា អណ្ដាត​នេះ​ជា​សាច់​អាក្រក់​លើស​លែង​សាច់​នានា​ ក្នុង​លោ​កិយ​នេះ បាន​ជា​ខ្ញុំ​បាទ​ទិញ​មក​តាម​ប្រសាសន៍​ដែល​លោក​នាយ​ផ្ដាំ​ថា អោយ​ទិញ​សាច់​អាក្រក់​នោះ​អែង​។ នាយ​ដង្ខៅ​ បាន​ស្ដាប់​ពាក្យ​ចៅ​បោយ​ពោល​ដូច្នោះ​ក៏​ទាល់​សេច​ក្ដី ពុំ​អាច​ថា​អ្វី ទៅ​ទៀត​បាន ដោយ​អាត្មា​ចាប់​ប្រាជ្ញា​ចៅ​បោយ​ដោយ​ប្រការ​ដូច្នេះ​ហោង​។

រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​ដែល​ធ្វើ​ជា​នាយ​ចៅ​ហ្វាយ រឺ​ ជា​គ្រូ​អាចារ្យ​មេ​បា​គេ កាល​នឹង​ប្រើ​បាវ​ប្រើ​សិស្ស​អោយ​ទៅ​យក​អ្វី​ៗ គប្បី​បញ្ជាក់​ពាក្យ​បណ្ដាំ​អោយ​អ្នក​បំរើ​នោះ​ស្ដាប់​ចូល​ចិត្ដ​សេច​ក្ដី​អោយ​បាន​ច្បាស់ ទើប​ការ​នោះ​មិន​ប្រែ​ខ្វែង​ទៅ​ បាន​។ មួយ​ទៀត ជាតិ​អ្នក​តូច​នឹង​ទទួល​ពាក្យ​បណ្ដាំ​អ្នក​ធំ​នោះ ច្រើន​តែ​រហ័ស​រហួន​ ស្ដាប់​មិន​ទាន់​ជាក់​ប្រញាប់​តែ​មឹត​រត់​ ទៅ​ មិន​ដឹង​ជា​រក​អ្វី​ហៅ​នរ​ណា​អោយ​ទៅ​ ម៉្លោះ​ហើយ​ប្រមាណ​យក​ផ្ដេស​ផ្ដាស​ទៅ​ មិន​ត្រូវ​នឹង​ពាក្យ​បណ្ដាំ​លោក​ ដូច​យ៉ាង​កូន​សិស្ស លោក​គ្រូវ​មហា​វិមល​ធម្ម ឈ្មោះ​ចៅ​ឡុង លោក​គ្រូ​ប្រើ​អោយ​សួរ​រក​ចិត្រ​មូល​ភ្លើង​ នឹង​លោក​អាចារ្យ​អួង ចៅ​ឡុង​ស្ដាប់​មិន​ច្បាស់ ក៏​រត់​ទៅ​ដល់​ផ្ទះ​ម៉ាស៊ីន​ទឹក​កក រក​មើល​ក្រែង​ភ្លើង​ឆេះ​ផ្ទះ លុះ​ពុំ​ឃើញ​មាន​អ្វី ក៏​វិល​មក​ទូល​លោក​វិញ​ថា ភ្លើង​ម៉ាស៊ីន​ទឹក​កក​មិន​មាន​ឆេះ​ផ្ទះ​គេ​ទេ​។

លោក​គ្រូ​បាន​លឺ​ដូច្នោះ​ ក៏​ថា អញ​អោយ​សួរ​លោក​អាចារ្យ​អួង ជា​លោក​មាន​ចិត្រ​មូល​ភ្លើង​រឺ​ទេ បើ​លោក​មាន​អោយ​សុំ​លោក​មន្ដិច​មក នឹង​ធ្វើ​ថ្នាំ ចុះ​ហេតុ​អ្វី​ក៏​ចៅ​ទៅ​ដល់​ផ្ទះ​ម៉ាស៊ីន​ទឹកក ហើយ​ថា​ភ្លើង​ឆេះ​ផ្ទះ អាណា​គេ​ប្រើ​អែង​អោយ​ទៅ​មើល​ភ្លើង​ឆេះ​ផ្ទះ​នោះ ចៅ​អែង​ជា​មនុស្ស​ស្ដាប់​ការ​មិន​ជាក់ មិន​សួរ​សព្ទ​អោយ​ចូល​ចិត្ដ​សិន លោក​ព្រះ​មហា​វិមល​ធម្ម​ក៏ បន្ទោស​ចៅ​នោះ​ដោយ​ប្រការ​ផ្សេងៗ​ហោង​។

មាន​រឿង​ចៅ​ម្នាក់​ទៀត​ ឈ្មោះ​សោម​ ចៅ​នោះ​ជា​កូន​សិស្ស​លោក​សម្ដេច​ព្រះ​សុ​គន្ធា​ធិប​តី ថ្ងៃ​មួយ​មាន​ពួក​ទាយក​អ្នក​មុខ​អ្នការ​ គេ​មក​ថ្វាយ​ទាន​ដល់​លោក ​ៗ​ប្រើ​ចៅ​នោះ​ថា «ចូរ​ទៅ​យក​ពាន​មួយ​មក​ដើម្បី​នឹង​ដាក់​ស្លា​បារី ចែក​ពួក​ទាយក​អា​ស្រ័យ​»​។ អែ​ចៅ​នោះ​ស្ដាប់​សព្ទ​មិន​ច្បាស់ ក៏​ផ្ដាស​ចេញ​ទៅ​លី​ពាង​ទឹក​មួយ​ចូល​មក​នា​កណ្ដាល​ជំនុំ​ប្រជុំ​ជន​ធ្ងន់​ណាស់ ក៏​ទូល​ថា «សូម​មេត្ដា​ប្រោស​អោយ​ដាក់​ត្រង់​ណា​ពាង​នេះ​»​។ អែ​មហា​ជន​ទាំង​ឡាយ​​មាន​លោក​សម្ដេច​ព្រះ​សុគន្ធា​ធិប​តី​ជា ប្រ​ធាន​ក៏​សើច​រំពង​ឡើង​ថា ចៅ​នេះ​ជា​មនុស្សរ​ហ័ស​រហួស​ជ្រួស​​សេច​ក្ដី គេ​ប្រើ​អោយ​យក​ពាន​ ពុំ​មាន​សប​សួរ​អោយ ជាក់​ច្បាស់​ផ្ដាស​ទៅ​យក​អែ​ពាង​ទឹក​មក​វិញ បាន​ក្ដី​អៀន​ខ្មាស​នា​កណ្ដាល​ជំនុំ​ហោង​។ មួយ​ទៀត លោក​អ្នក​ធំ​ប្រើ​ថ្លែង​សព្ទ មិន​អស់​ចុង​អស់​ដើម ពាក្យ​សព្ទ​នោះ​ជួន​ស្រប​គ្នា អ្នក​បំរើ​ស្ដាប់​បាន​ហើយ តែ​ចង់​បង្កាច់​អោយ​ខុស​វិញ​ក៏​បាន នឹង​បន្ទាស​អ្នក​បំរើ​វិញ​ពុំ​បាន​ ដូច​និទាន​ចៅ​វាយ​គង​មាន​ទំនង​សព្ទ​ស្រប​គ្នា​នោះ​អែង នឹង​សំដែង​អោយ​ចូល​ចិត្ដ​រឿង​ច្រលំ​សព្ទ​នោះ ថា៖ (នៅមានត)

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad