គតិលោក ភាគ១០: សត្វភេពីររកអាហារ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ១០: សត្វភេពីររកអាហារ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១០
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
សត្វភេពីររកអាហារ

មាន​សត្វ​ភេ​ពីរ​ ភេ​មួយ​ដើរ​រក​ត្រី​ខាង​ទឹក​ជ្រៅ​ ភេ​មួយ​ទៀត​ដើរ​រក​ត្រី​ខាង​ទឹក​រាក់​។ ថ្ងៃ​មួយ​ភេ​ទាំង​ពីរ​ចុះ​ស្ទឹង​មុជ​ទឹក​ដេ ញ​ចាប់​ត្រី បាន​ត្រី​រ៉ស់​មួយ​ទើប​នាំ​គ្នា​ទាញ​ឡើង​គោក​ ដើម្បី​នឹង​ចែក​គ្នា​។ ភេ​ខាង​ទឹក​ជ្រៅ​ពោល​ថា «យើង​មុជ​ដើរ​ខាង​ទំ ជំរៅ​បាន​ក្ដី​លំបាក​ច្រើន​ ដូច្នេះ​យើង​ត្រូវ​បាន​ចំនែក​ខាង​ក្បាល​»​។ ​អែ​ភេ​ខាង​ទឹក​រាក់​ក៏​ឆ្លើយ​ថា «ត្រី​នេះ​កុំ​តែ​បាន​យើង​ស្ទាក់​នៅ​ទឹក​រាក់​កុំ​អី​វា​រួច​ខ្លួន​ទៅ​ទី​ណា​ៗ​បាត់​ហើយ​ ដែល​បាន​ត្រី​នេះ ក៏​ព្រោះ​កំលាំង​យើង​ៗ​ ស្ទាក់​​ចាប់​បាន ដូច្នេះ​ចំនែក​ខាង​ក្បាល​នោះ​ត្រូវ​បាន​យើង​។
អែ​ភេ​ទឹក​ជ្រៅ​ពុំ​ព្រម​ចែក​ ទើប​ភេ​ទាំង​ពីរ​កើត​ឈ្លោះ​គ្នា​ នាំ​គ្នា​ទៅ​រក​ចចក​ជា​ចៅ​ក្រម​អោយ​ចែក​អោយ​ អែ​ចចក​នោះ​ជា​សត្វ​លោភ​ កាល​បើ​ភេ​ទាំង​ពីរ​មក​ប្ដឹង​អោយ​ចែក​ត្រី​ដូច្នោះ​ ក៏​សួរ​ទៅ​ថា «ភេ​ណា​ដើរ​ទឹក​ជ្រៅ​ ភេ​ណា​ដើរ​ទឹក​រាក់​?​» ភេ​ទាំង​ពីរ​ក៏​ថ្លែង​សេច​ក្ដី​ប្រាប់​តាម​ទី​ដំណែង​ខ្លួន​ទី​ទៃ​ៗ​ ទើប​ចចក​កាត់​ត្រី​នោះ​ជា​បី​ភាគ​ ភាគ​ក្បាល​អោយ​ទៅ​ភេ​ដែល​ដើរ​ទឹក​ជ្រៅ​ ភាគ​កន្ទុយ​អោយ​ទៅ​ភេ​ដែល​ដើរ​ខាង​ទឹក​រាក់​ ភាគ​កណ្ដាល​ចចក​យក​បរិ​ភោគ​ខ្លួន​អែង​ ហើយ​ថា​យើង​ចែក​នេះ​ជា​យុត្ដិ​ធម៌​ល្អ​ហើយ​ បើ​រូប​ណា​ពុំ​សុខ​ចិត្ដ​ អោយ​ទៅ​ប្ដឹង​សាលា​ណា​ទៀត​ចុះ​។ អែ​ភេ​ទាំង​ពីរ​ កាល​ណា​បើ​ឃើញ​ ចចក​វាយ​យក​ភាគ​កណ្ដាល​អស់​ដូច្នោះ​ ក៏​តូច​ចិត្ដ​នឹក​ស្ដាយ​ចំណី​របស់​ខ្លួន​ពន់​ពេក​ណាស់​ តែ​ភេ​ទឹក​រាក់​ដែល​បាន​កន្ទុយ​ត្រី​នោះ​ ពុំ​សុខ​ចិត្ដ​ខ្លាំង​ គិត​ថា​កន្ទុយ​ត្រី​នេះ​មាន​សាច់​ក៏​តិច​ សាច់​សោត​ក៏​អិត​ជាតិ​ ស៊ូ​ខាង​ក្បាល​ពុំ​បាន សាច់​ក្បាល​វិសេស​ជាង​ អីលូវ​ចចក​កាត់​ក្ដី​អោយ​ទៅ​ខាង​ភេ​ទឹក​ជ្រៅ​ហើយ​ អញ​នេះ​ ឃើញ​ថា​ចាញ់​ប្រៀប​គេ​ខ្លាំង​ណាស់​ បើ​ដូច្នេះ​មាន​តែ​ត​វ៉ា​រើ​រក​ចៅ​ក្រម​ថ្មី​អោយ​ចែក​ម្ដង​ទៀត​ គិត​ហើយ​ភេ​នោះ​ក៏​ត​វ៉ា​នឹង​ភេ​ទឹក​ជ្រៅ​ថា​ «អ្នក​អែង​ស្វែង​មុជ​ខាង​ទឹក​ជ្រៅ​ក៏​ពិត​មែន​ តែ​សំរេច​បាន​ត្រី​នោះ​ ក៏​ព្រោះ​យើង​ខាង​ទឹក​រាក់​នៅ​ស្ទាក់​ទើប​ចាប់​ត្រី​នេះ​បាន មួយ​សោត​ក្ដី​នឿយ​ក្ដី​លំបាក​នោះ​ នឹង​លើស​គ្នា​ក៏​ទេ នឿយ​ដូច​ៗ​គ្នា អើ​ហេតុ​អ្វី​អ្នក​អែង​បាន​សាច់​ខាង​ក្បាល​ មាន​ទំងន់​ជាង​សាច់​កន្ទុយ​យ៉ាង​នេះ​ សាច់​ក្បាល​នោះ​ គួរ​បាន​មក​យើង​ខ្លះ​ទើប​ត្រូវ​ បើ​អ្នក​អែង​មិន​បែង​អោយ​យើង​ទេ យើង​នឹង​ប្ដឹង​ត​ទៅ​សាលា​អែ​ទៀត​ អោយ​លោក​ចែក​តាម​ច្បាប់​ម្ដង​ទៀត​។ អែ​ភេ​ទឹក​ជ្រៅ​ក៏​ឆ្លើយ​ថា «បើ​អ្នក​អែង​មិន​សុខ​ចិត្ដ​ ចង់​ទៅ​ប្ដឹង​អែ​ណា​ទៀត​ក៏​ទៅ​ចុះ​ ស៊ូ​អោយ​អស់​ក្បាល​អស់​កន្ទុយ​ខាន​ស៊ី​ទាំង​អស់​គ្នា​ទៅ​ចុះ​»​
អែ​ភេ​ទឹក​រាក់​ ក៏​ទៅ​កាន់​សំណាក់​នៃ​ខ្លា​ត្រី​ ដល់​ហើយ​ក៏​ចូល​ទៅ​ប្ដឹង​ តាម​រឿង​ដែល​ភេ​ទឹក​ជ្រៅ​មិន​ចែក​ភាគ​ក្បាល​ត្រី​អោយ​​នោះ​សព្វ​ប្រការ​។ អែ​ខ្លា​ត្រី​បាន​លឺ​ដូច្នោះ​ ក៏​តប​ថា «អើ​ ចចក​កាត់​ចែក​អោយ​យ៉ាង​នោះ​មិន​ត្រូវ​តាម​ច្បាប់​ក្នុង​មាត្រា​ចូល​ហ៊ុន​គ្នា​ទេ​ ច្បាប់​ចូល​ហ៊ុន​នោះ​ត្រូ​វតែ​ចែក​អោយ​ស្មើ​ភាគ​គ្នា​ នឹង​កាត់​យល់​ដោយ​ផ្លូវ​ជ្រៅ​ ផ្លូវ​រាក់​នោះ​អែ​ណា​ក៏​បាន​ព្រោះ​ ក្ដី​នឿយ ក្ដី​លំបាក​ចុះ​កំលាំង​ដូច​គ្នា រឿង​នេះ​ត្រូវ​ថ្លឹង​ដាយ​ត្រាជូ​ ទើប​គួរ​ទើប​សម​គ្នា នឹង​ផ្លូវ​យុត្ដិ​ធម៌​បាន​» ថា​ហើយ​ខ្លា​ត្រី ក៏​លើក​យក​ត្រាជូ​មក​តាំង​ហើយ​យក​ក្បាល​ត្រី​ដាក់​លើ​អ៊ុយ​ម្ខាង​ យក​កន្ទុយ​ត្រី​ដាក់​លើយ​អ៊ុយ​ម្ខាង​ តាំង​ថ្លឹង​មើល​ដោយ​ទំងន់​ប៉ុង​។
អែ​ក្បាល​ត្រី​ដោយ​មាន​ឆ្អឹង​ធំ​ក៏​ធ្ងន់​ចុះ​ ខ្លា​ត្រី​ក៏​ថា «អះ​អា​ខាង​នេះ​មាន​ទំងន់​ជាង​ ត្រូវ​យក​សាច់​ចេញ​ខ្លះ​ទើប​បាន​» ថា​ហើយ​ក៏​លូក​យក​ក្បាល​ត្រី​ចេញ​ចាក​អ៊ុយ​ ហើយ​អោន​ខាំ​ស៊ី​ត្រង់​សាច់​អម​ ក ហើយ​ដាក់​ថ្លឹង​ទៀត​ ថ្លឹង​ទៅ​ខាង​ក្បាល​ស្រាល​បះ​ ឡើង​ខាង​កន្ទុយ​ក៏​ធ្ងន់​ចុះ​។ ខ្លា​ត្រី​ក៏​ថា «អះ​តា ខាង​នេះ​ចាស់​ជាង​ ត្រូវ​យក​សាច់​ចេញ​ខ្លះ​»​។ ថា​ហើយ​ក៏​លូក​យក​កន្ទុយ​ចាក​ចេញ​ពី​អ៊ុយ​ ហើយ​អោន​ខាំ​ស៊ី​សាច់​ខាង​គល់​កន្ទុយ​នោះ​ ហើយ​ដាក់​ថ្ងឹង​ទៀត​ ថ្លឹង​ទៅ​ខាង​កន្ទុយ​ស្រាល​បះ​ឡើង​ ខ្លា​ត្រី​ក៏​លូក​យក​ក្បាល​មក​ខាំ​ស៊ី ហើយ​ដាក់​ថ្លឹង​ត​ទៅ​ទៀត​។ ខ្លា​ត្រី​ថ្លឹង​ត្រី​ក្លែង​មិន​អោយ​ស្មើ ចេះ​តែ​ស៊ី​ទៅ​ស៊ី​មក ទាល់​តែ​អស់​ សាច់​ រេច​នៅ​សល់​តែ​ឆ្អឹង​ទាំង​សង​ខាង​ ទើប​ថ្លឹង​អែ​ក្រោយ​អោយ​ស្មើ​បាន​ ហើយ​ក៏​ដាក់​ចុះ​ចាក​ត្រាជូ​ ហៅ​ភេ​ទាំង​ពីរ​ថា «ចៅ​អែង​ទាំង​ពីរ​ចូល​មើល​ចុះ យើង​ថ្លឹង​ចែក​នេះ​ត្រូវ​ដោយ​យុត្ដិ​ធម៌​ល្អ​ហើយ​ តាម​ចិត្ដ​ចៅ​ណា​យក​ភាគ​ខាង​ណា​ក៏​មក​យក​ទៅ​ចុះ ភាគ​ទាំង​ពីរ​នេះ​មិន​លើស​មិន​ខ្វះ​ទេ»​។ អែ​ភេ​ទាំង​ពីរ​បាន​ឃើញ​កិរិយា​ខ្លា​ត្រី​ក្លែង​ថ្លឹង​ស៊ី​សាច់​អស់​ខាង​ក្បាល​នៅ​តែ​រលា​ ខាង​កន្ទុយ​នៅ​តែ​ចុង​ជាយ​ នឹង​យក​ទៅ​អាស្រ័យ​ពុំ​បាន​ដូច្នោះ​ ក៏​កើត​ខឹង​ចិត្ដ​ស្ដាយ​គំនិត​​ប្រ​ព្រឹត្ដ​ខុស​ លុះ​ទៅ​ដោយ​ក្ដី​លោភ​ចង់​បាន​តែ​អែង​ មិន​បែង​បទ​អធ្យា​ស្រ័យ​ ក្ដី​សា​មគ្គី​នឹង​គ្នា កើត​ខឹង​ប្ដឹង​ផ្ដល់​ទល់​តែ​អស់​ស្បៀង​រៀង​ខ្លួន​ រក​ទាំង​​ពីរ​កើត​វិប្ប​ដិសារី​ រំលឹក​ក្ដី​ខ្លួន​ធ្វើ​ខុស​កើត​ក្ដៅ​ក្រហាយ​ ហើយ​ក៏​បោល​ចោល​ចំណែក​ខ្លួន​ទៅ​កាន់​លំនៅ​នៃ​អាត្មា​ទី​ទៃៗ​ហោង​។ រឿង​នេះ​អញ្ជើញ​​ប្រាជ្ញ​មាន​បញ្ញា​ពិចា​រណា​ទៅ​ចុះ​។
ភេអើយភេពីរ
ខេះខឹងមមីរ
បែកក្ដីសាមគ្គា
ព្រោះលោភលាភអែង
មិនបែងចែកគ្នា
ទៅប្ដឹងដល់វា
ចចកចែកអោយ។
ធម្មជាតិចចក
ជាសត្វនៃនក
វាយយកចំណែក
កណ្ដាលសាច់ច្រើន
ចំរើនអ្នកចែក
ចុងដើមបំបែក
បានភេទ្វេហា។
ក្រោយភេចោទខឹង
ពាំត្រីទៅប្ដឹង
ខ្លាត្រីទៀតណា
ខ្លាតាំងត្រាជូ
ថ្លឹងផ្គូភ្នែកត្រា
ទំរាំស្នើគ្នា
នៅសល់តែឆ្អឹង។
ចប់តំរាចៅក្រមកោង ជាគតិទី៦៥

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad