គតិលោក ភាគ១០: រឿង៖ បុរសម្នាក់ស្លាប់ទៅកើតជាហង្សមាស - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ១០: រឿង៖ បុរសម្នាក់ស្លាប់ទៅកើតជាហង្សមាស


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១០
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងបុរសម្នាក់ស្លាប់ទៅកើតជាហង្សមាស

មាន​ព្រាហ្មណ៍​ម្នាក់​ នៅ​ក្នុង​នគរ​ពារាណ​សី ព្រាហ្មណ៍​នោះ​លុះ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ ទៅ​កើត​ជា​សុវណ្ណ​ហង្ស​មួយ​ នៅ​ក្នុង​ព្រៃ​ហិម​ពាន្ដ ហង្ស​មាស​នោះ​រំលឹក​ជាតិ​កំនើត​ខ្លួន​បាន​ដឹង​ថា នាង​ព្រាហ្មណ៍​ជា​ប្រពន្ធ​ខ្លួន​ និង​នាង​ធីតា​ទាំង​ឡាយ ជា​កូន​ខ្លួន​ដល់​នូវ​ក្ដី​ក្រី​ក្រ​តោក​យ៉ាក​ លំបាក​ទុគ៌ត​ រក​ស៊ី​ដោយ​ការ​បំរើ​ស៊ី​ឈ្នួល​គេ​ដូច្នោះ​ ក៏​កើត​ចិត្ដ​អានិត​ដល់​ប្រពន្ធ​កូន​ក្រៃ​ពេក​ ទើប​ហើរ​មក​កាន់​ផ្ទះ​កូន​ប្រពន្ធ​នោះ​ ហើយ​និយាយ​ប្រាប់​រឿង​ខ្លួន​ជា​ស្វាមី​ជា​បិតា​ ស្លាប់​ទៅ​កើត​ជា​សុវណ្ណ​ហង្ស​ មក​នេះ​ដើម្បី​នឹង​ជំរុះ​​ស្លាប​មាស​ ១​-​២ អោយ​កូន​ប្រពន្ធ​យក​ទៅ​លក់​ចិញ្ចឹម​ជិវិត​ កុំ​អោយ​កូន​ប្រ​ពន្ធ​ធន់​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​គេ​ឡើយ​ ហង្ស​ប្រាប់​សេច​ក្ដី​សព្វ​ប្រការ​ហើយ​ ក៏​ជំរុះ​ស្លាប​មាស​ ១​អោយ​ទៅ​នាង​ធីតា​ហើយ​ផ្ដាំ​ថា​ បើ​កូន​ប្រ​ពន្ធ​លក់​ស្លាប​មាស​១​នេះ​ ចាយ​អស់​កាល​ណា សឹម​យើង​មក​ជំរុះ​អោយ​ក្នុង​កាល​នោះ​ទៀត​ ផ្ដាំ​ហើយ​ហង្ស​មាស​ក៏​លា​កូន​ប្រពន្ធ​ហើរ​វិល​ទៅ​កាន់​លំ​នៅ​នៃ​អាត្មា​ អៃ​ដ៏​ព្រះ​ហិម​ពាន្ដ​វិញ​ហោង​។​ អែង​នាង​ព្រាហ្មណ៍​ និង​ធីតា​ទាំង​ឡាយ​ ចាប់​ផ្ដើម​ពី​បាន​ស្លាប​ហង្ស​មាស លក់​ចំណាយ​ចាយ​ចិញ្ចឹម​ជីវិត​មក​ ក៏​លែង​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​អ្នក​អែ​ណា ​អុស្សាហ៍​សន្សំ​ទ្រព្យ​ធន​បាន​ឡើង​ជា​អ្នក​មាន​គ្រាន់​បើ​ អែ​សុវណ្ណ​ហង្ស​នោះ​ តែង​មក​ជំរុះ​ស្លាប​អោយ​គ្រប់​ៗ​កាល​។ លុះ​ចំនេរ​ត​មក នាង​ព្រាហ្មណ៍​កើត​លោភ​ចេតនា​ប្រាថ្នា​ចង់​បាន​ចង់​មាន​ឆាប់​ ទើប​និយាយ​នឹង​ធីតា​អាត្មា​ថា «កូន​អើយ​! យើង​មាន​ប្រាក់​ចាយ​បាយ​ស៊ី សព្វ​ថ្ងៃ​នេះ​ក៏​ព្រោះ​ហង្ស​ជា​បិតា​នាង​អែង​ មក​ជំរុះ​ស្លាប​មាស​អោយ​​យើង​ ក្នុង​កាល​ម្ដង​ៗ​ តែ​នឹង​ទៅ​ទុក​ចិត្ដ​សត្វ​តិ​រច្ឆាន​អែ​ណា​បាន ប្រសិន​បើ​ហង្ស​មិន​មក​យើង​នឹង​បាន​អ្វី​ចាយ​ទិញ​ដូរ​វត្ថុ​អាស្រ័យ​ត​ទៅ​ ហេតុ​នេះ​ម្ដាយ​យល់​ថា​ បើ​ហង្ស​នោះ​មក​ក្នុង​ថ្ងៃ​ណា យើង​នឹង​នាំ​គ្នា​ចាប់​ដក​យក​ស្លាប​យក​រោម​អោយ​អស់​រលីង​ ទុក​ជា​ទុន​បាន​ច្រើន​ទៅ​មុខ​តែ​ម្ដង​ កុំ​អោយ​មាន​ក្ដិ​ភិត​ភ័យ នឹង​ក្ដី​ក្រ​ត​ទៅ​ទៀត​»​
អែ​នាង​ធីតា​ទាំង​ឡាយ​ លឺ​ម្ដាយ​បបួល​ដូច្នោះ​ ក៏​ហាម​ម្ដាយ​ថា «កា​រ​ដែល​ម៉ែ​អែង​គិត​នេះ​ មិន​ត្រូវ​ទេ​យើង​ជា​កូន​មិន​ព្រម​ធ្វើ​តាម​ឡើយ​»​។ ថ្ងៃ​មួយ​សុវណ្ណ​ហង្ស​មក​កាន់​ផ្ទះ​ ដើម្បី​នឹង​ជំរុះ​ស្លាប​អោយ​ អែ​នាង​ព្រាហ្មណ៍​ក៏​ស្រដី​លួង​លោម​សំណេះ​សំណាល​នឹង​ហង្ស​នោះ​ដោយ​មាយា​ បាន​ជិត​​ហង្ស​កាល​ណា​ក៏​ចាប់​ហង្ស​នោះ​ជាប់​ហើយ​សង្កត​ដក​យក​រោម​ស្លាប​កន្ទុយ​ ហង្ស​នោះ​ទល់​តែ​អស់​អិត​សល់​ ហង្ស​នោះ​បាន​ក្ដី​ទុក្ខ​វេទនា​ ដោយ​គេ​ដក​ស្លាប​ពន់​ពេក​ណាស់​ ខំ​បំរះ​លូន​ចូល​ទៅ​ក្នុង​ទី​មាន​របាំង​បាំង​ខ្លួន​នៅ​បាន​ អែ​រោម​ស្លាប​ទាំង​ឡាយ​ ក៏​ក្លាយ​ជា​ពណ៌​ស​ដូច​ស្លាប​កុក​ទាំង​អស់​ នាង​ព្រាហ្មណី​យក​ទៅ​លក់​​អោយ​គេ​ ក៏​ពុំ​មាន​នរ​ណា​ត្រូវ​ការ​ទិញ​យក​ឡើយ​។​
ហង្ស​នោះ​ទ្រាំ​ទុក្ខ​វែទនា​នៅ​ត្រា​តែ​រោម​ថ្មី​ដុះ​ឡើង​ហើរ​បាន​ ក៏​ហើរ​ទៅ​កាន់​ព្រៃ​ហិ​មពាន្ដ​ ពុំ​បាន​មក​កាន់​ផ្ទះ​នាង​ព្រាហ្មណី​នោះ​ទៀត​ឡើយ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​នោះ​មក​ នាង​ព្រាហ្មណី​នោះ​ខាត​លាភ​ គឺ​ពុំ​មាន​អ្វី​លក់​ដូរ​ចែក​ចាយ​ដូច​កាល​ថ្ងៃ​មុន​ៗ នោះ​ទៀត​ឡើយ​ ក៏​ធ្លាក់​ខ្លួន​ជា​ស្រី​ទុរគត​វិញ​ហោង​។
រឿង​នេះ​បាន​ជា​គតិ​ដល់​បុគ្គល​មាន​ក្ដី​មហិច្ឆតា​ ប្រាថ្នា​ចង់​បាន​ច្រើន​តែ​ម្ដង​ ក្ដី​លោភ​នោះ​នាំ​អោយ​ខាត​លាភ​វិញ​ ព្រោះ​អំពើ​ធ្វើ​ហួស​ប្រ​មាណ​ក្នុង​កាល​លាភ​នឹង​អោយ​ដូច​អ្នក​បេះ​ផ្លែ​ឈើ​ដំណាំ គឺ​ចាប់​មែក​រលើង​រិស​គល់​អស់​តែ​ម្ដង​ បុគ្គល​ប្រាថ្នា​លាភ​ លើស​កាល​កំនត់​មិន​សន្សឹម​ៗ​ទៅ​តាម​កាល​ លោភ​ចង់​អោយ​បាន​ច្រើន​តែ​ម្ដង​ លាភ​នោះ​នឹង​ខាត​នៅ​ត្រឹម​នោះ​ ពុំ​បាន​អោយ​ផល​ត​ទៅ​ទៀត​ ដូច​នាង​ព្រាហ្មណី​លោភ​ដក​រោម​ហង្ស​បង់​លាភ​វិញ​នោះ​អែង​។
មួយ​ទៀត​ ដូច​និទាន​ចៅ​បុរស​​ម្នាក់​​ ចិញ្ចឹម​មេ​មាន់​ដើម្បី​យក​ពង​លក់​ មេ​មាន់​នោះ​លុះ​ដល់​កំនត់​ពង​ ក៏​ពង​ក្នុង​១​ថ្ងៃ​មួយ​ៗ​ រៀង​ទៅ​តាម​ធម្មតា​ អែ​ចៅ​ម្ចាស់​មាន់​លោភ​ចង់​បាន​ច្រើន​តែ​ម្ដង​ ក៏​ចាប់​មេ​មាន់​នោះ​ មក​រឺត​យក​ពង​អោយ​អស់​តែ​ម្ដង​ អែ​ពង​ខ្ចី​ពង​ចាស់​ទាំង​ឡាយ​ ក៏​បែក​ល្អិត​ខ្ចេច​ខ្ទី ដោយ​ដៃ​ចៅ​នោះ​រឺត​ច្របាច់​យ៉ាង​ខ្លាំង​ ទាំង​មេ​មាន់​សោត​ធន់​នៅ​ពុំ​បាន​ ក៏​ស្លាប់​វិនាស​បង់​ក្នុង​កាល​នោះ​អែង​ ចៅ​ម្ចាស់​មាន់​ក៏​បង់​លាភ​នៅ​ត្រឹម​នោះ​អែង​។ បុគ្គល​បន្ទាន់​ចង់​មាន​ឆាប់​ មិន​ធ្វើ​តាម​សន្ដាប់​សន្សឹម​ៗ​ ទៅ​បំបោល​តែ​ម្ដង​ការ​នោះ​មិន​ស្ថាពរ​ថិត​ថេរ​ចេរ​កាល​ឡើយ​ សឹង​ធ្លាក់​នៅ​ក្នុង​កាល​វិនាស​វិញ​ហោង​​។ មួយ​ទៀត​ បុគ្គល​រៀន​សូត្រ​វិជ្ជា​អ្វី​ៗ ហើយ​បន្ទាន់​ចង់​ឆាប់​ក្ដី បុគ្គល​ស្វែង​ទ្រព្យ​បន្ទាន់ចង់​ឆាប់​ក្ដី​ បុគ្គល​ឡើង​ភ្នំ បន្ទាន់​ចង់​​ឆាប់​ក្ដី​ បុគ្គល​សេព​កាម​គុណ​ បន្ទាន់​ចង់​ឆាប់​ក្ដី បុគ្គល​ខឹង​រហ័ស​ក្ដី​ បុគ្គល​ទាំង​៥​ពួក​នេះ សឹង​បាក់​ធ្លាក់​នៅ​កណ្ដាល​ផ្លូវ​ ទៅ​មិន​ដល់​ត្រើយ​ឡើយ​។
បទហាមការបន្ទាន់ ការរហ័សនេះ មានក្នុងបទបាលីក្នុងលោកនីតិថាដូច្នេះ៖
សិនេ សប្បំ សិនេ ធនំ សិនេ បព្វតមារុយ្ហំ សិនេ កាមស្ស កោធស្ស សិនេ បញ្ចគុណេ អិមេ : ប្រែថា៖
រៀន​សិល្ប​កុំ​រានបន្ទាន​ញាប់
ស្វែង​រក​ទ្រព្យសន្សំ​កុំ​ខំ​ខ្លាំង
ឡើង​ភ្នំ​សន្សឹមកុំ​ប្រណាំង
សេពកាមតាមកំលាំង តិចៗរ៉ា។
ខឹងឃារតិចៗកុំអោយស៊ីន
កាមគុណទាំង៥ជាមាត្រា
សន្សឹមតិចៗមើលកិរិយា
លោកថាសន្សឹមកុំបំបោល។
​ ​ ​ ​​
ហង្សអើយហេមហង្ស
ហើរទៅស្រោចស្រង់
ភរិយាធីតា
ជំរុះស្លាបអោយ
ដោយក្ដីមេត្ដា
មិនដឹងកលវា
ភរិយាលោភធំ។
លោភលន់លើសកាល
មិនដើរកន្ដាល
សន្សឹមសន្សំ
ដក់អស់តែម្ដង
គររាងទាំងគម្ព
រំលើងរំលំ
រំលាយលភលាញ

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad