គតិលោក ភាគ៩: រឿង៖ ខ្មោចចូលដប - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៩: រឿង៖ ខ្មោចចូលដប


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងខ្មោចចូលដប

មាន​ខ្មោច​ប្រុស​មួយ​ អាស្រ័យ​នៅ​ក្នុង​ទី​មួយ​ បាន​ឃើញ​ប្រពន្ធ​អ្នក​ចំការ​ម្នាក់​ កើត​កួច​ចិត្ដ​ប្រតិ​ព័ទ្ធ​ស្រលាញ់​នាង​នោះ​ លុះ​ពេល​ណា​ប្ដី​នាង​មិន​នៅ​ អា​ខ្មោច​នោះ​វា​ប្លែង​កាយ​និម្មិត​ជា​រូប​ប្ដី​នាង​ នៅ​ដេក​នឹង​នាង​នោះ​ៗ ក៏​សំគាល់​ថា​ជា​ប្ដី​អាត្មា​ មិន​ដឹង​ជា​ខ្មាច​វា​ប្លែង​ឡើយ​ ព្រោះ​ដូច​គ្នា​ណាស់​។ អែ​ខ្មោច​នោះ​តែ​បាន​អោ​កាស គឺ​អ្នក​ចំការ​មិន​នៅ​ហើយ​ វា​ក៏​តែង​ប្លែង​កាយ​ជា​រូប​ប្ដី ​មក​ដេក​នៅ​នឹង​នាង​នោះ​ជា​រឿយ​ ៗ​រាល់​ៗ​កាល​ហោង​ លុះ​នៅ​យូរ​បន្ដិច​មក​ចៅ​ប្ដី​នោះ​ទៅ​ព្រៃ អែ​អាខ្មោច​វា​ប្លែង​ទៅ​ដេក​នឹង​នាង​នៅ​ក្នុង​ផ្ទះ ដល់​ពេល​ចៅ​ប្ដី​មក​ផ្ទះ ក៏​បាន​ឃើញ​រូប​អា​ខ្មោច​ដូច​រូប​ខ្លួន​ដេក​នៅ​នឹង​ប្រពន្ធ​ខ្លួន​ដូច្នោះ​ ក៏​ខឹង​មហិមា​ ស្ទុះ​ទៅ​ចាប់​អា​ខ្មោច​ៗ​ក៏​ ឈ្លោះ​តប​ថា «យើង​ជា​ប្ដី​នាង​នេះ​ ផ្ទះ​នេះ​គឺ​ជា​ផ្ទះ​របស់​យើង​ ហេតុ​អ្វី​ចៅ​មក​ចាប់​យើង​ជា​ម្ចាស់​ផ្ទះ​វិញ​ ចៅ​អែង​មក​ពី​ទី​ស្ថាន​ណា​មិន​ដឹង​ យើង​ជា​ប្ដី​នាង​នេះ​ទេ​រឺ​»​។ អែ​ចៅ​ប្ដី​ឈ្លោះ​តប​ថា​ ផ្ទះ​នេះ​ជា​ផ្ទះ​របស់​យើង​ នាង​នេះ​សោត​ ក៏​ជា​ប្រ​ពន្ធ​យើង​ ហេតុ​អ្វី​ចៅ​មក​ថា​របស់​ខ្លួន​ដូច្នេះ​។
ខ្មោច​នឹង​មនុស្ស​ ក៏​ឈ្លោះ​គ្នា​ដន្ដើម​ប្រពន្ធ​ទៅ​វិញ​ទៅ​មក​ជា​កោ​លា​ហល​ឡើង​ អែ​នាង​ប្រពន្ធ​ក៏​មិន​ដឹង​រូប​ប្រុស​ណា​ជា​ប្ដី​ខ្លួន​ ព្រោះ​រូប​រាង​ដូច​គ្នា​សុទ្ធ​គ្នា​ណាស់​ នឹង​អារ​កាត់​ថា​រូប​ណា​ជា​ប្ដី​ខ្លួន​ពុំ​បាន ព្រោះ​ចៅ​ខ្មោច និង មនុស្ស​កើត​ជា​អធិ​ករណ៍ នឹង​ គ្នា ទើប​នាំ​គ្នា​ទៅ​កាន់​សាលា​វិនិច្ឆ័យ​ (សាលា​វិនិច្ឆ័យ​ក្នុង​រឿង​នេះ​ គឺ​សាលា​សំរាប់​ជំរះ​ក្ដី​ មិន​មែន​ជា​សាលា​វិនិច្ឆ័យ​ដែល​ជា​សាលា​ជាន់​ខ្ពស់​បំផុត​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​) ដល់​ហើយ​ក៏​នាំ​គ្នា​ចូល​ប្ដឹង​តាម​រឿង​នោះ​។
អែ​ចៅ​ក្រម​ខាង​ជាន់​ក្រោម​ ពុំ​អាច​នឹង​កាត់​ក្ដី​នោះ​បាន​ ព្រោះ​សាក្សី​ស្រី​កណ្ដាល​នោះ អោយ​ការ​មិន​ធ្លុះ​ទៅ​បាន​ ទើប​នាំ​រឿង​ក្ដី​នោះ​ឡើង​ប្ដឹង​ដល់​លោក​អ្នក​ធំ​ជា​ខ្ពស់​ គឺ​លោក​អ្នក​ប្រាជ្ញ​ៗ ក៏​អោយ​ហៅ​ចៅ​ទាំង​ពីរ​ចូល​ទៅ​ជិត​ ហើយ​ឆែក​(?​) ពិនិត្យ​មើល​រូប​ មើល​មុខ​មាត់​ចៅ​ខ្មោច​នោះ​ ក៏​យល់​ស្គាល់​ជា​មនុស្ស​ ជា​ខ្មោច​បាន​ប្រាកដ​ ព្រោះ​តែ​ភ្នែក​ខ្មោច​ ភ្នែក​យក្ស​​ខុស​គ្នា នឹង ភ្នែក​មនុស្ស​យើង​នេះ​ គឺ​ភ្នែក​ខ្មោច​យក្ស​អិត​ស្រមោល​កូន​ក្រមុំ​ ហើយ​ច្រើន​ក្រហម​ច្រើន​រឹង​ ហេតុ​នោះ​ទើប អ្នក​ប្រាជ្ញ​លោក​ស្គាល់​បាន​ តែ​លោក​នឹង​កាត់​ថា​អា​នេះ​ជា​ខ្មោច​ប្លែង​រូប​ជា​មនុស្ស​ដូច្នេះ​ទៅ​ ក៏​ពុំ​ប្រាកដ​ ដល់​ភ្នែក​អ្នក​អែ ​ទៀត​ៗ​ឡើយ​ ទើប​លោក​យក​ដប​ស្រា​១​ មក​តាំង​នៅ​លើ​តុ ហើយ​វិនិច្ឆ័យ​ឡើង​ថា «នែ​ចៅ​ទាំង​ពីរ​ដែល​វិវាទ​គ្នា អើ​គ្រា​នេះ​យើង​នឹង​វិនិច្ឆ័យ​ដោយ​យុត្ដិ​ធម៌​អោយ គឺ​យើង​តាំង​ពិសោធ​នឹង​ដប​នេះ​ ថា​បើ​រូប​ណា​ក្លាហាន​អាច​ចូល​ក្នុង​ដប​នេះ​បាន​ រូប​នោះ​ហើយ​ជា​ប្ដី​នាង​នេះ​មែន​ យើង​ក៏​នឹង​ប្រគល់​នាង​នេះ​អោយ​ជា​ប្រពន្ធ​ពិត​ ថា​បើ​រូបណា​ចូល​ដប​នេះ​ពុំ​បាន​ទេ​ យើង​ទុក​ថា​រូប​នោះ​ពុំមែន​ប្ដី​នាង​ ពុំ​មែន​ជា​ម្ចាស់​របស់​ឡើយ​។
អែ​ចៅ​មនុស្ស​នោះ​ បាន​លឺ​លោក​អ្នក​ប្រាជ្ញ​ដាក់​ទុក​ដូច្នោះ​ ក៏​តក់​ស្លុត​ភិត​ភ័យ ដោយ​គិត​ថា​ខ្លួន​ជា​មនុស្ស​នឹង​ចូល​ដប​ស្រា​តូច​មួយ​នេះ​អែ​ណា​បាន​ ក្ដី​ចាញ់​នោះ​ចំពោះ​នឹង​បាន​ដល់​ខ្លួន​ប្រាកដ​ហើយ​ ម៉្លោះ​ហើយ​ក៏​ឈរ​សំពះ​ព្រះ​នៅ​ហោង​។​ អែ​ខ្មោច​លុះ​លឺ​អ្នក​ប្រាជ្ញ​ តាំង​អោយ​ចូល​ដប​ស្រា​ដូច្នោះ​ ក៏​ត្រេក​អរ​ក្នុង​ចិត្ដ​ ដោយ​គិត​ថា​ខ្លួន​ជា​ខ្មោច​អិត​ឆ្អឹង​អិត​សាច់​សំរេច​ដោយ​រិទ្ធិ​និម្មិត​ជា​ខ្យល់​បាន​ ទើប​ទទួល​ចូល​ដប​ កាល​នឹង​ចូល​នោះ​ ចៅ​ខ្មោច​ឡើង​ទៅ​លើ​តុ ហើយ​បង្អោន​ក្បាល​ សំរប​រូប​តូច​ចូល​ទៅ​ក្នុង​ដប​នោះ​បាន​ហោង​។ អែ​អ្នក​ប្រាជ្ញ​កាល​បើ​យល់​ខ្មោច​ចូល​ក្នុង​ដប​ដូច្នោះ​ក៏​យក​ឆ្នុក​ចុក​មាត់​ដប​​នោះ​ជាប់​ ហើយ​លើក​ឡើង​ប្រកាស​ប្រាប់​អស់​មហា​ជន​ទាំង​ឡាយ​ថា អ្នក​ទាំង​ឡាយ​ចូរ​ដឹង​ថា​អា​នេះ​ជា​ខ្មោច​ វា​ប្លែង​ខ្លួន​ជា​មនុស្ស​មក​ធ្វើ​អំពើ​ទោស​កម្ម​យ៉ាង​នេះ យើង​ពិសោធ​នេះ ដើម្បី​អោយ​ដឹង​ថា​អាណា​ជា​ប្ដី​នាង​នេះ​មែន​។ ក៏​ធម្មតា​មនុស្ស​យើង​ តើ​​អែ​ណា​នឹង​ចូល​ដប​ស្រា​នេះ​បាន​ មាន​តែ​ខ្មោច​ទើប​វា​ចូល​បាន​ អីលូវ​នេះ​យើង​រក​ក្ដី​ពិត​ឃើញ​ហើយ​ នាង​​នេះ​ត្រូវ​ប្រគល់​អោយ​ទៅ​ចៅ​ដើម​ចោទ​នោះ​ចុះ​ អែ​អា​ខ្មោច​នេះ​ទុក​វា​នៅ​ស្រុក​នេះ​ពុំ​បាន​ទេ ព្រោះ​វា​ធ្វើ​អំពើ​លាមក​ មាន​សភាព​យ៉ាង​នេះ​ ថា​ហើយ​ក៏​ប្រើ​អ្នក​បំរើ​ អោយ​នាំ​យក​ដប​ខ្មោច​នោះ​ទៅ​បោះ​ចោល​អៃ​ដ៏​ទី​អន្លង់​ទឹក​ជ្រៅ​។ អ្នក​បំរើ​ក៏​នាំ​យក​ដប​ខ្មោច​នោះ​ទៅ​បោះ​ចោល​ក្នុង​ទឹក​ហូរ​តាម​ពាក្យ​អ្នក​ប្រាជ្ញ​នោះ​ហោង​។ អែ​ខ្មោច​ក៏​វិនាស​ខ្លួន​អស់​ក្បួន​តែ​ត្រឹម​នេះ​។
រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​កាន់​ទុវិជ្ជា​ការ​ គឺ​ចេះ​ធ្មប់​ចេះ​ថ្នាំ​បំពុល​គេ​ រឺ​ ចេះ​ក្បួន​អ្នក​លេង​ដើរ​លប​ចាក់​កាប់​ក្បាល​គេ​​ជា​ដើម ហើយ​មាន​លោក​អ្នក​ធំ​ លោក​ត្រូវ​ការ​ចង់​រក​ក្ដី​កំណាច​នោះ​ ខ្លួន​មិន​ដឹង​ក្ដី​អន្ដ​រាយ​ក្រោយ​ ក៏​ទៅ​សំដែង​ទុវិជ្ជា​នោះ​ ប្រាប់​លោក​អ្នក​ធំ ដើម្បី​យក​រង្វាន់​ ការ​នោះ​ជា​ផ្លូវ​អោយ​អ្នក​ធំ​ចាប់​ខ្លួន​ធ្វើ​​ខ្លួន​អោយ​វិនាស​ ដោយ​អាជ្ញា​វិញ​បាន​ ដូច​ខ្មោច​ក្នុង​ដប​នោះ​អែង ប្រាជ្ញ​គួរ​គិត​ត​ទៅ​ទៀត​ចុះ​។
ខ្មោចអើយខ្មោចខ្មាំង
ទទួលប្រណាំង
តាំងភ្នាល់ចូលដប
ទើបស្ទុះអោនសីរ
ដៃពីរសំរប
សំរាលខ្លួនខ្លប
ចូលដបបានងាយ។
ចង់ឈ្នះយកស្រី
មិនដឹងកលក្ដី
វិនាសរូបកាយ
ត្រូវចុកឆ្នុកជិត
អស់រិទ្ធិនឹងប្រាយ
ដូចកូនទន្សាយ
កាយហោងក្នុងដប។
ចប់តំរាខ្មោចក្នុងដបជាគតិទី៦៤
ចប់គតិលោកភាគ៩ តែប៉ុណ្ណេះ។

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad