គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៥
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
និទានព្រះមហិស្សរាធិបតិ គឺព្រះអីសូរសាងលោក
កាលសាងលោកសូរេចហើយ ព្រះអីសូរហៅពួកសត្វចតុប្បាទ ទ្វេបាទ អបាទ ពហុបាទ
ទាំងឡាយចូលមកកាន់ទីប្រជុំ ដើម្បីនឹងសួរសេចក្ដីសុខទុក្ខសព្វសត្វ
តើសត្វពួកណា គាប់ចិត្ដ
នឹងរូបកាយខ្លួនរឺពុំគាប់ចិត្ដនឹងរូបកាយខ្លួនទេ
នឹងកែប្រែជាថ្មីតាមក្ដីប្រាថ្នារបស់សត្វលោកទាំងពួង។
កាលទ្រង់សួរនោះ គឺទ្រង់សួរស្វាជាមុនថា «ហៃចៅពានរ រូបកាយបាអែងដែលយើងសាងអោយមានអវយវយ៉ាងនេះ
តើចៅគាប់ចិត្ដពេញចិត្ដហើយរឺ ៗនៅមានក្ដីទាស់ត្រង់ណាខ្លះ
ចូរចៅថាទៅមើល នឹងកែប្រែជាថ្មីទៀត»។
ឯពានរមើលទោសឯងមិនយល់ សំគាល់ថា រូបខ្លួនអិតទាស់ ទើបទូលព្រះអីសូរថា «សូមទាន ល្អងធូលីព្រះបាទសាងរូបកាយខ្ញុំជាស្វានេះ
ពេញជាស្រួលណាស់ហើយ មានទាំងដៃជើង ឡើងដើមឈើបាន
កបកំលាំងលោតបេះផ្លែឈើអាស្រ័យបានដោយងាយ
ទាំងអិតកិច្ចការធ្វើស្រែចំការជួញប្រែដូចយ៉ាងមនុស្សនោះឡើយ
មិនបាច់កែប្រែអោយខ្ញុំទៀតទេ បើព្រះអង្គចង់កែនោះ
សូមមេត្ដាកែសត្វខ្លាឃ្មុំវិញ ព្រោះរូបវាមិនសមរម្យល្អទេ
គឺមុខនោះច្របូញ រោមខ្មៅជិតអិតមានកន្ទុយនឹងបត់ ឃើញអាក្រក់លើសគេនានា
សូមមេត្ដាកែវាជាថ្មីចុះម្ចាស់»។ ព្រះអីសូរបានលឺស្វាថាដូច្នេះ
ក៏ត្រាស់សួរទៅខ្លាឃ្មុំថា «ហៃចៅអច្ឆាជាតិ
រូបកាយចៅអែងដែលយើងសាងអោយយ៉ាងនេះ តើជាទីគាប់ចិត្ដចៅអែងហើយរឺ
ៗនៅទាស់ត្រង់ណាខ្លះ ចូរថាមកយើងនឹងកែអោយ?។
ឯខ្លាឃ្មុំមិនយល់ទោសខ្លួនក៏ឆ្លើយថា «រូបខ្ញុំនេះព្រះអង្គសាងអោយមានធ្មេញចង្កូមដ៏មុត
ទាំងរោមខ្មៅជិតបិទស្បែកក្នុង កុំអោយសត្វតូចៗ
មានមូសស្រាំងស្រួយជាដើមចូលយាយីបាន ហើយបានជើងទាំង៤ប្រកបដោយក្រចកមុត
អាចឡើងដើមឈើព្រៃយកឃ្មុំអាស្រ័យជាភក្សាហារបាន អិតមានក្ដីកង្វង់រវល់ដោយការធ្វើស្រែចំការ
ដូចមនុស្សក្នុងលោកនេះឡើយ រូបខ្ញុំនេះពេញចិត្ដខ្ញុំហើយ
មិនបាច់កែទៀតទេ បើព្រះអង្គចង់កែ
សូមកែរូបដំរីវិញចុះត្បិតរូបដំរីនោះ ខ្ញុំយល់ថាទាស់ខ្លាំងណាស់
គឺរូបអីមានប្រមោយ១ ក្បាលធំភ្នែកតូច ត្រចៀកកំភ្លាង រាងធំកោង
មើលមិនសមសោះម្ចាស់។
ព្រះអីសូរលឺអច្ឆាថាដូច្នោះ
ក៏សួរទៅកាន់ដំរីវិញថា ចៅហត្ថី
រូបកាយចៅដែលយើងសាងអោយយ៉ាងនេះតើគាប់ចិត្ដចៅហើយរឺ
ៗនៅទាស់ត្រង់ណាទៀតចូរថាទៅមើល?។
ឯដំរីពុំឃើញទោសខ្លួន ទើបទូលថា «ព្រះអង្គសាងរូបខ្ញុំ
អោយមានកាយធំខ្ពស់លើសគេ ទាំងភ្លុកសោតក៏ល្អប្រើជាអាវុធបាន
ទាំងកំលាំងហៅមាន អាចចាក់អាចព្រេចនូវសត្រូវអិតទើសទាស់
បរិភោគស្មៅជាអាហារ អិតក្ដីរវល់នឹងធ្វើស្រែកាប់ចំការ ដូចមនុស្សនោះឡើយ
រូបខ្ញុំនេះគាប់ចិត្ដខ្ញុំហើយ ព្រះអង្គមិនបាច់កែទៀតទេ
អែការដែលទាស់នោះ ឃើញទាស់តែសត្វអូដ្ឋ គឺរូបជាសេះ តែកវាវែង
ដូចជាកកុកឃើញមិនសំនំសមជាសត្វពាហនៈឡើយ»។
ព្រះអីសូរក៏ត្រាស់ទៅអូដ្ឋវិញថា «ម្ដេចចៅអូដ្ឋរូបកាយចៅអែង សព្វថ្ងៃនេះស្រួលបួលហើយរឺ ៗនៅទាស់ត្រង់ណាខ្លះ
ចូរថាទៅមើលយើងនឹងកែអោយ?»។ សត្វអូដ្ឋក៏ឆ្លើយថា
«ព្រះអង្គសាងរូបកាយខ្ញុំមានកវែងអាចអើតស៊ីស្លឹកឈើខ្ពស់ៗបាន
ហើយមានកំលាំងខ្លាំងក្នុងការបន្ទុកអាស្រ័យស្មៅផឹកទឹកឆ្អែត
ហើយអាចអត់បាន៧ថ្ងៃមិនតោងអាស្រ័យក៏បាន ហេតុនេះ
ខ្ញុំយល់ថាព្រះអង្គសាងរូបកាយខ្ញុំនេះវិសេសណាស់ហើយ
មិនចាំកែប្រែទៀតទេ សូមព្រះអង្គកែរូបត្រងនន្ដមច្ឆាវិញ
ព្រោះត្រីនោះរូបធំណាស់មិនសមនឹងភាពជាជាតិមច្ឆាឡើយ»។
ព្រះអីសូរក៏សួរទៅត្រីវិញ «ត្រីឆ្លើយថាព្រះអង្គសាងរូបខ្ញុំ មានកាយដ៏ធំលើសគេ
អាចហែលហក់ក្នុងមហាសាគរសមុទ្រធំ អិតក្ដីកោតក្រែងនឹងរលកខ្យល់ព្យុះ
នេះជាការស្រួលហើយ មិនចាំកែទៀតទេទាស់តែសត្វស្រមោច
ព្រះអង្គសាងរូបស្រមោចតូចណាស់ទាបណាស់ គេដើរជាន់ពីលើបាន សូមព្រះអង្គកែវាទៀតចុះ»
ព្រះអីសូរក៏សួរទៅស្រមោចដោយការក្រែងមិនគាប់ចិត្ដ
អែស្រមោចក៏ឆ្លើយថា «ព្រះអង្គសាងរូបខ្ញុំតូចនេះស្រួលពេកហើយ
តែមានភ័យអន្ដរាយមកដល់កាលណា
ចង់រត់ជ្រកក្នុងសំរាមរឺកាកអំពៅក៏អិតទើស អែខាងអាហារសោតក៏រកបានងាយ
តែបាយរឺអង្ករ១គ្រាប់ ក៏ទទួលទានបានឆ្អែតបរិបូណ៌ រូបកាយខ្ញុំនេះ
ឃើញស្រួលលើសសត្វនានាក្នុងលោកនេះ មិនតោងចាំកែជាថ្មីទៀតទេ»។
ព្រះអីសូរលឺសត្វប្រាប់ក្ដីសុខចិត្ដគ្រប់គ្នាដូច្នេះក៏ស្ងៀមទៅហោង។
និទានរឿងនេះ បានជាគតិយ៉ាងណា ចូរអែងអត្ថាធិប្បាយទៅមើល?។
កូនសិស្សតបថា
និទាននេះបានគតិដូចពាក្យសុភាសិតគឺច្បាប់ចាស់ថា «ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនអែងមើលមិនយល់ ទោសគេតូចសោតសល់
មើលយល់ប៉ុនទាំងភ្នំ»។ មួយទៀតមានគតិក្នុងនិតិថា៖ តិលមត្ដំ បរេសំវ អប្បទោសញ្ច បស្សតិ នាឡិកេរំបិ សទោសំ ខលជាតោ ន
បស្សតិ បុគ្គលយល់ទោសអ្នកដទៃ តូចប៉ុនគ្រប់ស្ពៃ
រឺល្ងសក ទោសខ្លួនប៉ុនដូងទាំងសំបក បែររករិះគន់គយមិនយល់។
តំរាសត្វលោកទាំងអស់ សឹងឃើញតែទោសគេត្រង់ទោសខ្លួនមើលមិនយល់
ដូចកលសត្វទាំងឡាយមានពានរជាដើម ដែលព្រះអីសូរសួររូបកាយរៀងខ្លួន
សឹងឃើញតែរូបអ្នកដទៃ ទាស់មិនត្រូវភ្នែកខ្លួនទាំងអស់
អែត្រង់រូបកាយរបស់ខ្លួនអែង សឹងតែអួតថាល្អ
ថាគាប់ចិត្ដអិតក្ដីទាស់អ្វីឡើយ។ អ្នកប្រាជ្ញគប្បីពិចារណាទៅទៀតចុះ។
ចប់តំរាឃើញទោសគេទី១២
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment