គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៥
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានលោកសង្ឃ១អង្គ ជាចៅអធិការ
នាំក្មេងពីរនាក់ជាកូនសិស្សចេញចាកអារាមទៅព្រៃ
ដើម្បីនឹងទិញឈើធ្វើកុដិ កូនសិស្សក៏ស្ពាយកញ្ចប់ចង្ហាន់យកទៅ
ដើម្បីឆាន់ពេលថ្ងៃត្រង់។ លុះទៅដល់ត្រពាំងមួយ មានទឹកដ៏ថ្លាស្អាតមានរុក្ខជាតិដុះជិតជុំ
ម្លប់ត្រសុំសប្បាយ ជួនពេលថ្ងៃត្រង់លោកសង្ឃនោះ
ចូលឈប់ប្រារព្វនឹងឆាន់បាយ ទើបក្មេងទាំង២នាក់
ក៏ចាត់ចែងយកចង្ហាន់កញ្ចប់នោះប្រគេន
ឯម្ហូមនោះមានតែត្រីកន្ត្រប់អាំង១។ លោកចៅអធិការក៏តាំងឆាន់ ឯក្មេងទាំង២នាក់វាអង្គុយគាល់លោកឆាន់
វានឹកក្នុងចិត្ដវាថា លោកគ្រូប្រហែលជាឆាន់ត្រីកន្រ្ដប់នេះ
តែមួយចំហៀង ខាងលើ ឯចំណែកខាងក្រោមសោត
គង់តែលោកនឹងទុកអោយយើងកូនសិស្សពីរនាក់ ក្មេងគិតដូច្នោះហើយ
វាក៏ខ្សឹបប្រាប់គ្នាវាអោយដឹងជាសញ្ញា។
ឯលោកចៅអធិការ
លុះឆាន់បាយអស់ត្រីអាំង១ចំហៀងហើយក៏នៅឆ្ងាញ់
ទើបប្រែត្រលប់ត្រីកន្ត្រប់ឆាន់ខាងចំហៀងក្រោមទៀត។
កូនសិស្សឃើញលោកគ្រូត្រលប់ត្រីអាំងឆាន់ចំណែកខ្លួនវាដូច្នោះ
អីលូវនេះផែនដីប្រែហើយ នៅផងពុំបានទេអាដែង។
ក្នុងខណៈនោះមានក្របីព្រៃ១
វាក៏បោលចូលមកនឹងវ័ធ។ កូនសិស្សទាំងពីរនាក់
បានឃើញក្របីព្រៃបោលដេញមកដូច្នោះ
ទើបវានាំគ្នារត់ចោលលោកគ្រូហើយឡើងដើមឈើត្រាតែដល់ចុង
ផុតអន្ដរាយនឹងក្របី ឯលោកចៅអធិការកំពុងតែឆាន់ឆ្ងាញ់ស្រាប់តែក្របីមកជិត
ក៏ភិតភ័យតក់ស្លុតក្រោកឡើងនឹងរត់
ហើយស្រែកហៅកូនសិស្សអោយជួយដោយរួសរាន់ណាស់។
ឯកូនក្មេងនៅលើចុងឈើ វានាំគ្នាស្រែកទៅថា
ផែនដីប្រែហើយ នរណាឡើយនឹងទៅជួយ
ត្រីកន្រ្ដប់តូចមួយឆាន់អស់នៅសល់តែឆ្អឹង ចូរលោកគ្រូខំប្រឹងរត់ទៅតែឯងតាមយថាកម្មរៀងខ្លួនចុះ
យើងមិនចុះទៅជួយទេ។ ឯលោកនោះរត់មិនរួចពីក្របីៗ
ក៏វ័ធដល់នូវមរណកាលកណ្ដាលព្រៃនោះហោង។ រឿងនិទាននេះ
បានជាសេចក្ដីជាគតិយ៉ាងណាចូរថាទៅមើល?។
កូនសិស្សតបថា រឿងនិទាននេះ បានគតិដូចពាក្យសុភាសិតច្បាប់ចាស់ថា
«បានស្ករនិងទឹកឃ្មុំពួនក្នុងផ្ទះស៊ីម្នាក់ឯង»
បុគ្គលទាំងឡាយក្នុងលោកនេះ
សឹងមានអាហារជាថ្នាំកែរោគឃ្លាន គឺគំលាននេះជារោគធំបំផុត
បុគ្គលណាចង់រស់តែឯង មិនគិតដល់អ្នកដទៃផង បុគ្គលនោះ
លុះមានក្ដីភ័យឯណាមួយមកដល់ខ្លួនហើយ នឹងស្រែករកអោយគេជួយ
គេក៏ពុំមកជួយឡើយ ហៅថាពុំដឹងប្រមាណក្នុងការបរិភោគ។
អ្នកមានបញ្ញាគួរត្រិះរិះគិតតទៅទៀតចុះ។
ចប់តំរាគតិបរិភោគអាហារមិនគិតគេទី១១
តំរាប្រែផែនដីក្របីវ័ធស្លាប់ អញ្ជើញអ្នកស្ដាប់ កុំត្រាប់យកជាគតិ។
តំរាប្រែផែនដីក្របីវ័ធស្លាប់ អញ្ជើញអ្នកស្ដាប់ កុំត្រាប់យកជាគតិ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment