គតិលោក ភាគ៥: រឿង៖ មហាចក្រាមហិស្សរាធីបតី នឹងស្រមោចខ្មៅ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៥: រឿង៖ មហាចក្រាមហិស្សរាធីបតី នឹងស្រមោចខ្មៅ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងមហាចក្រាមហិស្សរាធីបតី នឹងស្រមោចខ្មៅ
មាន​បរម​ខត្ដិយ​រាជ​មួយ​ព្រះ​អង្គ ទ្រង់​ព្រះ​នាម​មហា​ចក្រា​មហិស្ស​រាធិប​តី មាន​រិទ្ធា​នុភាព​ផ្សាយ​អាណា​ចក្រ​ទូ​ទៅ​ទាំង​សាកល​។ មាន​ស្ដេច​១០១​ នាំ​សួយ​សារ​ដំបារ​មាស​ចូល​មក​ថ្វាយ ទោះ​ស្ដេច​គ្រុឌ នាគ យក្ខ ទេវ​តា​និង​សត្វ សីហ​រាជ ព្យគ្ឈ​រាជ​តោ​លៀង​ភា​មហិសា​ ក៏​សឹង​ចុះ​ចូល​មូល​មក​ថ្វាយ​បង្គំ​សុំ​ជា​​ផ្លូវ​ព្រះ​រាជ​មេត្រី​ទាំង​អស់​។ គ្រា​កាល​នោះ​ មាន​ស្ដេច​ស្រ​មោច​ខ្មៅ​១​ចង់​ឡើង​សុំ​ថ្វាយ​ផ្លូវ​ព្រះ​រាជ​មេត្រី នឹង​ស្ដេច​នោះ​ដែរ។ ថ្ងៃ​មួយ​ទើប​ស្ដេច​ស្រមោច​នាំ​ពួក​បរិវារ​អាត្មា​ទៅ​កាន់​ផ្ទះ​សេនា​បតី ដល់​ហើយ​ក៏​និយាយ​ថា «អ្នក​សេនា​បតី​ខ្ញុំ​នេះ មាន​ចិត្ដ​ស្រលាញ់​ព្រះ​ករុណា​ជា​ម្ចាស់​អ្នក​អែង​នេះ​ណាស់ ខ្ញុំ​មក​នេះ ដើម្បី​ថ្វាយ​ខ្លួន​សុំ​ព្រះ​អង្គ​ជា​ផ្លូវ​ព្រះ​រាជ​មេត្រី​ផង​ ដូច្នេះ​អ្នក​សេនា​ចូរ​មេត្ដា​នាំ​ប្រ​ព្រឹត្ដិ​ហេតុ​របស់​ខ្ញុំនេះ ចូល​ទៅ​ក្រាប​បង្គំ​ទូល​ទ្រង់​ជ្រាប​ជា​មុន ព្រះ​អធ្យា​ស្រ័យ តើ​ជា​ទ្រង់​ប្រោស​ព្រម​រឺ​ពុំព្រម​ ត្បិត​ខ្ញុំ​ជា​ជាតិ​សត្វ​តូច​ទាប ក្រែង​ព្រះ​ទ័យ​យល់​ថា​ពុំ​សម​គួរ​។
អែ​អគ្គ​មហា​សេនា​បតី បាន​ស្ដាប់​ពាក្យ​ស្រមោច​ដូច្នោះ ក៏​ទទួល​ពាក្យ ទើប​រៀប​អាត្មា​ម្នី​ម្នា​ចូល​ទៅ​គាល់​ព្រះ​បរម​ខត្ដិ​យា​ក្រាប​ទូល តាម​ពាក្យ​ស្ដេច​ស្រមោច​នោះ​គ្រប់​ប្រការ អែ​ព្រះ​មហិស្ស​រា​លឺ​ថា ស្រមោច​ចង់​ចូល​មក​ជា​ព្រះ​រាជ​មេត្រី នឹង​ព្រះ​អង្គ​ដូច្នោះ ក៏​ទ្រង់​ខាត​ព្រះ​ទ័យ​ដោយ​សេច​ក្ដី​យល់​ថា សត្វ​ស្រ​មោច​សង្អារ​ជា​សត្វ​ថោក​ទាប មិន​គួរ នឹង​រាប់​អាន​ទៅ​ទទួល​មេត្រី​នឹង​វា​អោយ​អាប់​ព្រះ​កិត្ដិ​យស​ ព្រះ​អង្គ​​គិត​ហើយ​ទើប​ត្រាស់​ថា «អា​សត្វ​ស្រមោច​ជាតិ តូច​ទាប​ណាស់ យើង​ជា​ស្ដេច​ធំ​ពុំ​គួរ​នឹង​ទៅ​តាំង​ផ្លូវ​ព្រះ​រាជ​មេត្រី​នឹង​វា​ឡើយ អ្នក​អែង​ទៅ​ប្រាប់​វា​ចុះ ថា​យើង​មិន​ទទួល​មេត្រី​ទេ យើង​មេត្រី​តែ​សត្វ​ធំ​ៗ យ៉ាង​រាជសីហ៍​ជា​ដើម​។
ឯ​អគ្គ​មហា​សេនា​បតី​ ជា​អ្នក​មាន​បញ្ញា​ជ្រៅ​ទើប​ក្រាប​ទូល​ទៅ​ថា «ធម្មតា​នាយ​ជាង​ឈើ​រឺ​ជាង​ទង​សឹង​មាន​គ្រឿង​ដែក​តូច ធំ​សំរាប់​ធ្វើការ ការ​អែណា​ធំ​ត្រូវ​ប្រើ​គ្រឿង​ធំ យ៉ាង​ដែក​ឆាប​ពន្លាក​ធំ​ទៅ​ ការ​អែ​ណា​តូច​ល្អិត​ត្រូវ​ប្រើ គ្រឿ​ង​តូច​ៗ​ទៅ ដូច​យ៉ាង​ការ​រាជ​ការ​របស់​ល្អង​ធូលី​ព្រះ​បាទ​សព្វ​ថ្ងៃ​នេះ រាជ​ការ​អែ​ណា​ធំ ក៏​ត្រូវ​ប្រើ​យក្ស​រឺ​គ្រុឌ​រឺ​រាជ​សី​ជា​ដើម​ទៅ បើ​រាជ​ការ​អែ​ណា​តូច​ល្អិត​ដល់​មក​យើង​ត្រូវ​ប្រើ​សត្វ​តូច​ៗ​ទៅ​តាម​ការ​នោះ ដូច​យ៉ាង​សត្វ​ស្រមោច​ក៏​មាន​ប្រ​យោជន៍​ខ្លះ​ដែរ មាន​រឿង​និទាន​ក្នុង​ទស​ជាតក៍ គឺ​រឿង​ព្រះ​មហោ​សថ​បណ្ឌិត​ពោធិ​សត្វ​ថា កាល​នោះ​ព្រះ​បាទ​វិទេស​រដ្ឋ​រាជ​មាន​កែវ​បុរាណ​១ ជា​គ្រឿង​ប្រដាប់​រូប​កែវ​នោះ​វែង​មាន​រន្ធ​វៀច​ជា​សណ្ឋាន​ខ្ចៅ​បុរាណ​គេ​ចោះ​ដា​ក់​ខ្សែ​ ប្រើ​យូរ​មក ខ្សែ​នោះ​ចាស់​រឹល​ក៏​ដាច់​ចេញ​ពី​ដួង​កែវ នឹង​រក​អ្នក​អែ​ណា​យក​ខ្សែ​ដោត​ដាក់​ដូច​មុន​វិញ​ពុំ​បាន ព្រះ​បាទ​វិទេស​រដ្ឋ​រាជ​ប្រើ​រាជ​អាមាត្យ អោយ​នាំ​យក​កែវ​នោះ​ទៅ​អោយ​ព្រះ​ពោធិ​សត្វ​ដាក់​ខ្សែ អែ​ព្រះ​មហោ​សថ​បណ្ឌិត​មាន​បញ្ញា​អាច​ដោត​កែវ​នោះ គឺ​លោក​យក​ខ្សែ​សូត្រ​មក​វិញ​ត្របាញ់ ហើយ​យក​ស្ករ​លាយ​លាប​ចុង​ខ្សែ​ក្នុង​រន្ធកែវ​នោះ លាប​ទឹក​ឃ្មុំ​ដាក់​ជា​នុយ​ស្រមោច អែ​ស្រមោច​ទាំង​ឡាយ​កាល​ធំ​ក្លិន​ស្ករ​ទឹក​ឃ្មុំ​ហើយ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​រន្ធ កែវ​ស៊ី​ស្ករ​ទឹក​ឃ្មុំ​ខាំ​ទាញ​ចុង​ខ្សែ​ទៅ​តាម​រន្ធវៀច​ចេញ​ទៅ​ម្ខាង​បាន ទើប​មហោ​សថ​បណ្ឌិត​ទាញ​ខ្សែ​ដោត​កែវ​បុរាណ​នោះ​បាន​ហើយ​អោយ​នាំ​ទៅ​ថ្វាយ​ព្រះ​បរមក្សត្រិ​យ៍​ក្នុង​ព្រះ​រាជ​បុរី​វិញ​។ រឿង​បុរាណ​មាន​មក​យ៉ាង​នេះ ហេតុ​ដូច្នេះ សូម​ព្រះ​អង្គ​ទ្រង់​ទទួល​ផ្លូវ​ព្រះ​រាជ​មេត្រី​នឹង​ស្ដេច​ស្រមោច​នោះ​ផង​ចុះ​។
ឯ​ព្រះ​បាទ​មហិស្ស​រាធិ​បតី បាន​ស្ដាប់​ពាក្យ​សេនា​បតី​ទូល​នាំ​រឿង​បុរាណ​ជា​គតិ​ដូច្នោះ​ស្ដេច​ក៏​ព្រម​ទើប​ត្រាស់​ថា « អើ​អ្នក​សេនា​បតី បើ​ដូច្នោះ​អ្នក​ទៅ​ប្រាប់​ស្ដេច​ស្រមោច​នោះ​ផង​ចុះ ថា​យើង​ទទួល​មេត្រី​ហើយ​អោយ​វា​វិល​ទៅ​ទីស្ថាន​វា​ចុះ មិន​ចាំ​ឡើង​មក​គាល់​យើង​ទេ​ បើ​យើង​មាន​រាជ​ការ​ត្រូវ​ការ​រក សឹម​អោយ​ឡើង​មក​គាល់​។
ឯ​លោក​អគ្គ​មហា​សេនា​បតី ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ចេញ​ចាក​ទី​គាល់ ទៅ​ថ្លែង​សេច​ក្ដី​នោះ​ប្រាប់​ស្ដេច​ស្រមោច ៗ ​ស្រមោច​ក៏​មាន​ចិត្ដ​ត្រេក​អរ ដោយ​សម​ក្ដី​ប្រាថ្នា ទើប​លា​សេនា​បតី​នាំ​ពួក​ពល​ទៅ​កាន់​លំ​នៅ​នៃ​អាត្មា​វិញ​ហោង​។ លុះ​នៅ​មក​មាន​កាល​សម័យ​ថ្ងៃ​មួយ​ ព្រះ​បាទ​ហិស្ស​រាធិ​បតី ស្ដេច​ផ្ទំ​លើ​ព្រះ​ទែន​​ទី មាន​សត្វ​ក្លឹស​១​វារ​ចូល​ទៅ​ក្នុង​រន្ធ​ព្រះ​កាណ៌​នៃ​ព្រះ​អង្គ ស្ដេច​ក៏​ទ្រង់​ក្រោក​ចាក​ទី​បន្ទំ ខំ​យក​ចង្កៀល​ឆ្កៀល​ចាក់​យក​ក៏​ពុំបាន វា​រឹត​តែ​រុក​ទៅ​ខាង​ក្នុង ស្ដេច​ក៏​រឹង​ឈឺ​ពន់​ពេក​ណាស់ ដាស់​សម្ដេច​ព្រះ​ទេវី នូវ​ស្រ្ដី​ព្រះ​ស្នំ​ក្រម​ការ​អោយ​ជួយ​យក​ក្លឹស​នោះ​។
ឯ​អស់​ស្ដ្រី​ស្នំ​ទាំង​ឡាយ មាន​នាង​ទេវី​ជា​ប្រធាន​សឹង​ភិត​ភ័យ​ទី​ទៃ​ៗ នាំ​គ្នា​ហៅ​ពេទ្យ​ហ្ម​មក​ប្រកប​​អោសថ​ដាក់​ចាក់ ទៅ​ ក្លឹស​នោះ​ក៏​មិន​ចេញ​ឡើយ ព្រះ​បរម​ខត្ដិយ​រាជ​ក៏​រឹង​រិត​តែ​ឈឺ​ខ្លាំង តាំង​ពី​មជ្ឈិម​យាម​យប់​ត្រា​ដល់​បច្ចូស​សម័យ ស្ដេច​ក៏​នឹក​ទៅ​ដល់​គ្រុឌ​នាគ​យក្ខ​ គន្ធព្វ​ កុម្ភណ្ឌ រាជ​សីហ៍ នរ​សីហ៍ អោយ​មក​ជួយ​ព្រះ​អង្គ​។ អែ​អស់​ស្ដេច​ទាំង​ឡាយ មាន​ស្ដេច​គ្រុឌ​ជា​ដើម​ក៏​មក​កាន់​ទី​ប្រជុំ​ជំនុំ​គ្នា ដើម្បី​នឹង​គិត​យក​ក្លឹស​នោះ​ជា​កោលា​ហល សឹង​ទញ់​ទាល់​តំរិះ​ប្រាជ្ញា​ទី​ទៃ​ៗ ពុំ​មាន​អ្នក​អែណា​មួយ​នឹង​អាច​យក​អាសា​បាន​។ គ្រា​កាល​នោះ​សេនា​បតី​នឹក​ទៅ​ដល់​ស្ដេច​ស្រមោច​ៗ​ក៏​នាំ​ពួក​ពល​បរិ​វារ​អាត្មា​មក​កាន់​ទី​ប្រជុំ​ ទើប​សេនា​បតី​ប្រាប់​ថា «ព្រះ​ករុណា​ជា​ម្ចាស់​យើង​មាន​ទុក្ខ ដោយ​សត្វ​តូច​ចូល​​ទៅ​ ក្នុង​ព្រះ​កាណ៌​នៃ​ព្រះ​អង្គ អស់​ពួក​ស្ដេច​នានា​សឹង​ទញ់​ទល់​ប្រាជ្ញា​ទី​ទៃ​ៗ សេច​ក្ដី​នេះ​តើ​អ្នក​អែង​គិត​កែ​យ៉ាង​ណា​បាន យើង​រាល់​គ្នា​អស់​តំរិះ​ប្រាជ្ញា​ហើយ​»​។ ស្ដេច​ស្រមោច​បាន​ស្ដាប់​ដូច្នោះ​ហើយ​ក៏​ទទួល​យក​អាសា ទើប​ប្រើ​ស្រមោច ខ្មៅ​ពីរ​ជា​​សេនា​ទាហាន​​អោយ​ចូល​ទៅ​ក្នុង​ព្រះកាណ៌​នៃ​ព្រះ​មហិស្ស​រាធិ​បតី អែ​ស្រមោច​ទាំង​ពីរ ក៏​នាំ​គ្នា​ចូល​ទៅ​ខាំ​ទាញ​យក​ក្លឹស​អំពី​ខាង​ក្នុង​ព្រះ​កាណ៌ ចេញ​មក​ខាង​ក្រៅ​បាន​ហើយ​បង្ហាញ​ដល់​ប្រជុំ​ជន មាន​ព្រះ​បាទ​មហិស្ស​រាធី​បតី​ជា​ដើម អែ​បណ្ដា​ប្រជុំ​ជន​ទាំង​ឡាយ សឹង​មាន​ចិត្ដ​ត្រេក​អរ​សាទរ​មហិមា នាំ​គ្នា​សរ​សើរ​ក្ដី​គាប់​របស់​ស្ដេច​ស្រមោច​នោះ ជា​អនេក​បរិយាយ​ផ្សេង​ៗ ហើយ​នាំ​គ្នា​ថ្វាយ​បង្គំ​លា​ចេញ​ទៅ​កាន់​លំ​នៅ​នៃ​ខ្លួន​ទី​ទៃៗ​។
រឿង​នេះ បាន​ជា​គតិ​ដូច​បុគ្គល​អ្នក​រាប់​អាន​តែ​អ្នក​មាន​យស​ស័ក្ដិ​នូវ​អ្នក​មាន​សម្បត្ដិ ត្រង់​អ្នក​តូច​ពូជ​ទាប​រឺ​ញាតិ​សន្ដាន​ជា​អ្នក​ក្រី​ក្រ ពុំ​រាប់​អាន​ឡើយ លុះ​ដល់​ខ្លួន​មាន​កិច្ច​ការ​ដូច​មាន​អាវា​ហ​មង្គល​ជា​ដើម​ដល់​មក​នឹង​ទៅ​ពឹង​រក​អ្នក​មាន​​សម្បត្ដិ មាន​យស​ស័ក្ដិ​នោះ​មក​អោយ​ជួយ​រែក​សែង​ដង​ទឹក បុក​ស្រូវ ពុះ​អុស​អែ​ណា​ក៏​បាន តោង​ពឹង​អ្នក​តូច​តាម​​ការ​ទាប ការ​គួរ​ធ្វើ​បាន​នោះ​អែង ដូច​​ស្ដេច​មហិស្ស​រាធិប​តី បើ​មិន​ទទួល​មេត្រី​នឹង​ស្ដេច​ស្រមោច​នោះ​ហើយ ដល់​ក្លឹស​វា​ចូល​ត្រចៀក ធ្វើ​ម្ដេច​នឹង​យក​ក្លឹស​នោះ​ចេញ​ពី​ក្នុង​ត្រចៀក​បាន​ ទៅ​ប្រើ​ស្ដេច​គ្រុឌ នាគ យក្ខ គន្ធព្វ កុម្ភណ្ឌ រាជសីហ៍ នោះ​អែ​ណា នឹង​ចូល​ក្នុង​ត្រចៀក​បាន​។ បទ​នេះ​អ្នក​ប្រាជ្ញ​គួរ​ពិចារ​ណា​មើល​ជា​គតិ​លោក​ហោង​។

                                                 
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad