គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៥
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
មានសត្វទុង១ ជាសត្វកាន់សក្កាយទិដ្ឋិ
ថ្ងៃមួយចេញស្វែងរកចាប់ត្រីជាអាហារ លុះហែលទៅបានឃើញត្រីក្អិត១
ហែលទៅខាងមាត់ខ្លួន ទុងនោះក៏ចឹកត្រីក្អិតនោះបានទើបមកគិតថា
អាត្មាអញនេះជាបក្សីរូបធំ ត្រូវតែបរិភោគត្រីធំៗយ៉ាងត្រីរ៉ស់
ត្រីឆ្ដោ ត្រីប្រាជាដើមនោះទើបសមនឹងស័ក្ដិយសរូបអ ញនេះ
អាត្រីក្អិតរូបតូចមួយនេះ មិនសមនឹងរូបអញឡើយ
គិតហើយទុងក៏លែងត្រីក្អិតនោះបង់ ហើយហែលទៅមុខទៀត លុះដល់ទី១
បានយល់ត្រីចង្វា១ ហែលមកខាងមុខ ទុងនោះចឹកបានលើកឡើងគិតទៀតថា
ត្រីចង្វានេះក៏តូចណាស់ពុំសមគួរនឹងអញជាបក្សីធំនេះឡើយ
គិតហើយក៏លែងត្រីចង្វានោះចោលបង់
ហើយហែលទៅមុខទៀតបានយល់ត្រីចង្វាភ្លៀង១ ទុងចឹកបានលើកឡើងនឹងស៊ី
ក៏គិតថាត្រីចង្វាភ្លៀងនេះ រូបតូចពេកណាស់ ពុំគួរនឹងរូបអញជាធំ
គិតហើយក៏លែងត្រីនោះចោលបង់ ហើយខំហែលទឹកស្វែងទៅមុខទៀត ស្វែងទៅៗ
រកត្រីពុំបាន ពេលសោតក៏ទាបល្ងាចនឹងផុតពេលស្វែង
ទុងនោះឯងកើតក្ដីឃ្លានអាហារមហិមា ខំស្វែងរកអាហារពុំបានឡើយ
ម្លោះហើយទុងកើតទុក្ខមុខសុបសៅ
កើតក្ដៅចិត្ដគិតស្ដាយអាហារដែលខ្លួនរកបានអំពីព្រឹកនោះថា
ស្ដាយអឺយសែនស្ដាយត្រីក្អិត១ នោះបើប្រសិនជាបរិភោគមកល្មមកល់ខ្លះ
ស្ដាយត្រីចង្វា បើប្រសិនណាជាស៊ីមកក៏ជាការកល់ឡើងរួម
នឹងត្រីក្អិតជាន់មុននោះ ស្ដាយត្រីចង្វាភ្លៀងមួយ
បើប្រសិនណាជាស៊ីមកទៀត
ក៏ជាការផ្សំគ្នានឹងត្រីជាន់មុនបានកល់ឡើងច្រើនល្មមបន្ទោរបង់ក្ដីឃ្លាននេះបាន
អីលូវនេះដល់ពេលឃ្លានក៏ខ្លាំង ពេលថ្ងៃនឹងស្វែងទៀត ក៏ផុតតែត្រឹមនេះ
អញនេះហើយពេញជាគិតខុស មិនសន្សំត្រីតូចៗ ស៊ីផ្សំគ្នាគិតប្រមាថថា
អាតូចៗ មិនសមនឹងខ្លួន ចាំរកត្រីធំៗ អោយសមស័ក្ដិយសខ្លួន
ដល់មិនបានត្រីធំក៏អត់ទៅ តំរានេះគឺអាធំក៏ខូច អាតូចក៏ខាត
បានក្ដីទុក្ខវេទនាដោយអត់អាហារនោះហោង។
អើរឿងនេះបានជាគតិប្រៀបប្រាយទៅយ៉ាងណា ឯងថាទៅមើល។
កូនសិស្សតបថា
គតិនេះបានដូចកូនអ្នកកាន់ត្រកូលទៅរៀនវិជ្ជាចេះមកអំពីប្រទេសក្រៅ
ហើយចូលមកប្រទេសខ្លួន
រាជការបានតាំងអោយធ្វើការបើកប្រាក់ខែអោយត្រឹម១០-២០រៀលជាដើម
ខ្លួនមិនទទួលធ្វើ កាន់ខ្លួនថា ខ្លួនជាកូនត្រកូលធំ
ប្រាក់ខែប៉ុណ្ណឹងមិនសមនឹងចំណេះ នឹងត្រកូលខ្លួន គិតចាំយកប្រាក់ខែដល់
៨០-៩០ រឺ១០០ ជាទុនធំតែម្ដង ដូចទុងចាំយកត្រីរ៉ស់ ត្រីឆ្តោ ពោ ប្រា
តែម្ដង ដល់រកមិនបានកើតខាតខាន កើតស្ដាយទុនតូចដែលគេបំរុងអោយ
ក្នុងកាលមុននោះឯង។
មួយទៀត បានដូចលោកចៅអធិការ រឺ
លោកមហាអាចារ្យកាន់ខ្លួនថាធំ
គិតថាអាត្មានេះសមតែគេនិមន្ដឡើងគ្រែទេសនាសង្គាយនា រឺ
ឆាកមហាបង្សុកូលទស់បន្លុង គ្រងកថិន ក៏ឯការតូចៗ
ដូចយ៉ាងគេនិមន្ដសូត្រមន្ដ រឺ បង្សុកូលខ្មោចជាដើមនេះ មិនសមគួរដល់អាត្មាជាធំឡើយ
កាន់ដូចយ៉ាងទុងនោះឯង។
ចប់តំរាគតិរកស៊ីមិនសន្សំពីវត្ថុតូចៗទី៨
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment