គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៥
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
និទាននេះមានដំណាលក្នុងក្បួនបារាំងសេសមានសត្វចចក១
ទៅសុំទុងជាមិត្រ ទុងនោះសោតក៏មានចិត្ដស្រលាញ់ ចចកជាមិត្រមេត្រី ប៉ុន្ដែសត្វទាំងពីរនោះ
ជាសត្វស្រលាញ់គ្នាតែកិរិយាខាងក្រៅ ឯក្នុងចិត្ដនោះគិតតែកោងគ្នា
ដោយក្ដីមច្ឆរិយៈកំណាញ់រៀងខ្លួន។ ថ្ងៃមួយចចកនិយាយបបួលទុងថា «មិត្រអើយ! ថ្ងៃនេះខ្ញុំសូមអញ្ជើញមិត្រឯង
ទៅស៊ីលៀងនៅផ្ទះខ្ញុំតាមកាល» ទុងក៏ព្រមទៅ។
មុននឹងរៀបភោជនាហារលៀងនោះ ចចកគិតថា «អញនឹងមិនអោយអាទុងវាចឹកស៊ីរបស់អញបាន
«គិតហើយចចករៀបបាយ ចំណី
ដាក់ក្នុងភាជនៈមានផ្ទៃរាបប្រៀបដូចថាសរាប ហើយប្រាប់ទុងថា « អញ្ជើញមិត្រពិសាអោយសប្បាយ» ឯទុងជាសត្វចំពុះវែង
ចឹកចំណីអាស្រ័យពុំបានដោយទើស នឹងថាសរបរឹង ម្លោះហើយក៏ឈប់ឈរនៅស្ងៀមទៅ
ឯចចកមាត់វាទាលវាស៊ីបាន ស៊ីបណ្ដើរនិយាយបណ្ដើរថា «សំលាញ់មិនពិសាទៅ»
ទុងស៊ីពុំបាន ឯចចកក៏ចេះតែស៊ីទាស់តែឆ្អែតហោង។
ឯទុងនោះ កាលរួចការស៊ីលៀងហើយ ក៏ហើរមកកាន់លំនៅនៃអាត្មា
កើតក្ដៅនឹងចចករៀបអាហារដាក់មិនអោយខ្លួនស៊ីបាន ទើបគិតថា «ចាំអញទៅបបួលអាភឿនកោងមកស៊ីលៀងនៅផ្ទះអញវិញ
អញនឹងរៀបអាហារចំណី ដាក់កុំអោយអាចចកនោះវាស៊ីបាន» គិតហើយទៅបបួលចចកមកស៊ីលៀងនៅផ្ទះអាត្មា ចចកក៏មក ទុងក៏រៀបអាហារចំណីនោះដាក់ក្នុងដបមានមាត់តូច
ដែលខ្លួនអាចបញ្ចូលចំពុះទៅក្នុងដបចឹកយកចំណីស៊ីបាន ហើយហៅទៅចចកថា «អញ្ជើញមិត្រចូលពិសាជាមួយគ្នាទៅ» ឯចចកនោះមាត់ធំលូកមិនចុះទៅក្នុងដបនោះឡើយ
រកឱកាស នឹងស៊ីពុំបាន ក៏អង្គុយស្ងៀមនៅ គិតឃើញថាទុងគេកែខ្លួនគេហើយ
ព្រោះថ្ងៃមុនឯងក្លែងដាក់អាហារនឹងថាសរាប មិនអោយវាស៊ីបាន
ឥលូវវាក្លែងដាក់អាហារក្នុងដបមាត់តូចមិនអោយឯងស៊ីរបស់វាបានវិញ។
ចចកគិតដូច្នោះហើយ ដល់រួចលៀង ក៏លាទុងវិលទៅកាន់លំនៅនៃខ្លួនវិញហោង។ រឿងនិទាននេះមានគតិប្រៀបដូចម្ដេច
ចូរឯងប្រៀបប្រាយទៅមើល។
កូនសិស្សតបថា រឿងនេះបានគតិខាងមិត្ដតែមាត់
ចិត្ដមិនបានជាមិត្ដឡើយ ឯកិរិយាក្លែងពុំចង់អោយភឿន រឺភ្ញៀវ អាស្រ័យនោះ
ដូចអ្នកខ្លះរៀបបាយ អោយភ្ញៀវបរិភោគ ដាក់ស្វាយទុំទាំងមូល
តែកាំបិតពុំបានដាក់អោយចិតឡើយ រឺមួយដាក់ហឹបស្លាអោយស៊ី
ដាក់ស្លាស្លឹងទាំងមូល តែប្រណាកពុំដាក់
យ៉ាងនេះអោយចូលចិត្ដថាដូចតំរាទុង និងចចកនេះឯង។
ចប់តំរាមិតកោងមិត្រ៨
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment