គតិលោក ភាគ៥: រឿង៖​ សត្វកណ្ដូបនឹងដើមសង្កែ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៥: រឿង៖​ សត្វកណ្ដូបនឹងដើមសង្កែ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងសត្វកណ្ដូបនឹងដើមសង្កែ
និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស មាន​កន្ដូប​១ ហើរ​ទៅ​ទំ​ស៊ី​ស្លឹក​នូវ​ផ្លែ​ផ្កា​នៃ​ដើម​សង្កែ​ដុះ​នៅ​វាល​ស្រែ​ក្រៅ​១ លុះ​បរិ​ភោគ​ឆ្អែត​ហើយ ក៏​ហើរ​ទៅ​ព្រៃ​ភ្នំ ចុះ​ទំ​លើ​មែក​សង្កែ​ភ្នំ​១ ដុះ​នៅ​ក្រោម​ឈើ​ធំ​ទាំង​ឡាយ លុះ​ដល់​ពេល​ឃ្លាន​អាហារ​ក៏​ហើរ​ឆ្វៀល​ដើម​សង្កែ​ភ្នំ ដើម្បី​រក​មើល​ស្លឹក មើល​ផ្លែ​ផ្កា​នឹង​បរិ​ភោគ ហើរ​រក​ពុំ​ឃើញ​មាន​ស្លឹក​នូវ​ផ្លែ​ផ្កា ឃើញ​មាន​តែ​ដើម​ខ្ពស់​ដូច្នោះ កន្ដូប​នោះ​ក៏​និយាយ​ថា ដើម​សង្កែ​ដែល​ដុះ​ឯ​វាល​ស្រែ​នោះ គេ​មាន​មែក​ត្រសុំ​ត្រសាយ បរិ​បូណ៌​ដោយ​ផ្លែ​ផ្កា មាន​ស្លឹក​ស្រោប​ជិត​ជុំ​ដើម ជា​ទី​ប្រ​ជុំ​នៃ​សត្វ​កន្លង់ កន្ដូប អណ្ដើក​មាស​ទាំ​ឡាយ​អាស្រ័យ​បរិ​ភោគ​បាន អើ​ប្រ​ស្ដែង​សង្កែ​ភ្នំ​នេះ ហេតុ​អ្វី​ក៏​ពុំ​មាន​ស្លឹក​បែក​ផ្លែ​ផ្កា​ដូច​គេ មាន​តែ​ដើម​ដុះ​លូត​ខ្ពស់​រៀវ​ចុង​យ៉ាង​នេះ រក​តែ​ស្លឹក​នឹង​ស្រោប​ខ្លួន​គ្មាន​។
ឯ​សង្កែ​នោះ ក៏​ប្រាប់​ថា «អោ​អ្នក​អើយ! ដើម​ខ្ញុំ​នេះ​ដុះ​នៅ​ក្រោម​ឈើ​ធំ ក៏​វិស័យ​ឈើ​ធំ​ទាំង​ឡាយ​មាន​ដើម​ផ្ចឹក​រាំង ឈើ​ទាល​ជា​ដើម​នោះ គេ​ជា​ជាតិ​ឈើ​ភ្នំ​ប្រកប​ដោយ​ខ្លឹម​ខាង​ក្នុង គេ​លូត​បែក​មែក​ត្រសាយ​ត្រសុំ ដោយ​ភាព​គេ​ជា​ឈើ​ភ្នំ តែ​ខ្ញុំ​ឯង​នេះ​ជា​ជាតិ​ឈើ​អិត​ខ្លឹម​ ហើយ​មក​ដុះ​នៅ​ខាង​គេ តាំង​លូត​តាម​គេ​ទៅ​ ទាល់​តែ​រក​ស្លឹក​ពុំ​បាន​យ៉ាង​នេះ​ឯង​។
ឯ​កន្ដូប ក៏​និយាយ​តិះ​ដៀល​ដើម​សង្កែ​នោះ​ផ្សេង​ៗ ហើយ​សរ​សើរ​ដើម​សង្កែ​ដែល​ដុះ​នៅ​តាម​វាល​ស្រែ​ផុត​អំណាច​ឈើ​ធំ​នៅ​គ្រប​សង្កត់​ពី​ខាង​លើ ពុំ​បាន​លូត​តាម​ត្រាប់​តាម​ឈើ​ធំ​អោយ​បង់​ស្លឹក​ផ្លែ​ផ្កា​ដុះ​តាម​ធម្ម​តា​ខ្លួន​ឯង តាម​តែ​ចិត្ដ​ចង់​បំបែក​មែក​តូច​ធំ​តាំង​ស្លឹក​ផ្កា​ផ្លែ​បិទ​បាំង​ខ្លួន​យ៉ាង​ណា​ៗ ក៏​អិត​មាន​ទើស​ទល់​អ្វី​មួយ​ឡើយ កន្ដូប​ពោល​ពាក្យ​ដូច្នោះ​ហើយ​ក៏​ហើរ​ទៅ​កាន់​លំ​នៅ​នៃ​ខ្លួន​វិញ​ហោង។ ចុះរឿង​នេះ បាន​សេច​ក្ដី​ជា​គតិ​យ៉ាង​ណា ចូរ​អត្ថា​ធិប្បាយ​ទៅ​មើល​?​
កូន​សិស្ស​តប​ថា ឯ​ដើម​ផ្ចឹក​រាំង​ឈើ​ទាល​នោះ ជា​រុក្ខ​ជាតិ​មាន​ខ្លឹម ដុះ​ឡើង​ក៏​លូត​ខ្ពស់​តាំង​បែក​មែក​តូច​ធំ ព្រម​ទាំង​ស្លឹក​ផ្លែ​ផ្កា​បាន​សម​ដោយ​ជាតិ​ជា​ឈើ​ធំ នេះ​បាន​គតិ​ដូចម​នុស្ស​អ្នក​មាន​សម្បត្ដិ មាន​យស​ស័ក្ដិ មាន​ប្រាក់​ខែ​បរិបូណ៌​ បើ​គេ​ស្លៀក​ពាក់​គ្រឿង​តែង​ខ្លួន​ រឺ​ គេ​បរិ​ភោគ​ភោជ​នា​ហារ យ៉ាង​ឧត្ដម​ក៏​សម​របស់​គេ​អិត​មាន​ក្ដី​ខាត់ខាត ឯ​ជាតិ​ដើម​សង្កែ រឺ ប្រ​បួយ​លាជ​ផ្ទះ ជា​ដើម​នោះ ជា​ជាតិ​ឈើ​ស្រែ ឈើ​ក្រៅ​ សម​គួរ​តែ​ដុះ​នៅ​វាល​ស្រែ​ក្រៅ ដែល​ផុត​ពី​ម្លប់​ឈើ​ធំ ទើប​អាច​តាំង​មែក​ស្លឹក​ផ្លែ​ផ្កា​បរិ​បូណ៌​ទៅ​បាន បើ​ទៅ​ដុះ​នៅ​ខាង​ឈើ​ធំ​ហើយ ក៏​ពុំ​អាច​តាំង​មែក​ស្លឹក​ផ្លែ​ផ្កា​បាន​ឡើយ នេះ​បាន​ជា​គតិ​ដូច​មនុស្ស​អ្នក​អិត​ចំណេះ អិត​ទ្រព្យ​សម្បត្ដិ ហើយ​ត្រាប់​តាម​អ្នក​មាន​សម្បត្ដិ មាន​យស ទិញ​គ្រឿង​តែង​ខ្លួន រឺ​អាហារ​ខ្ពស់ ប្រើ​កិរិ​យា​យ៉ាង​អ្នក​ធំ​លូត​តាម​អ្នក​ធំ ម្ល៉ោះ​ហើយ​ក្ដី​ក្រ ក្ដី​លំបាក ក៏​កើត​ដល់​ប្រាណ មាន​ឧបមេយ្យ​ដូម​ដើម​សង្កែ​ត្រាប់​តាម​ឈើ​ធំ​នោះ​ឯង​។
ឯ​ដើម​សង្កែ ដែល​ដុះ​ដោយ​វាល​ស្រែ បរិ​បូណ៌​ដោយ​មែក​ស្លឹក​ផ្លែ​ផ្កា​នោះ បាន​គតិ​ដូច​មនុស្ស​អ្នក​អិត​ចំណេះ​វិជ្ជា​ការ ខ្សត់​ក្រ​តែ​ទៅ​ប្រ​ព្រឹត្ដ​ដោយ​ការ​រក​ស៊ី​ធ្វើ​ស្រែ​ចំការ​ជួញ​ប្រែ​លក់​ដូរ ឧស្សាហ៍​សន្សំ​ទ្រព្យ​សម្បត្ដិ ទុក​ដាក់​ពុំ​ហ៊ាន​ចែក​ចាយ ដោយ​ការ​ពុំ​គួរ​ចាយ​នោះ​ទ្រព្យ​សម្បត្ដិ​កើត​មាន​ឡើង ដូច​ដើម​សង្កែ​ដុះ​ដោយ​វាល​ស្រែ​នោះ​ឯង​។ អ្នក​ស្រែ​ចំការ​មាន​ទ្រព្យ​សម្បត្ដិ​ ជា​ទី​អោយ​មហា​ជន​សរ​សើរ​។ អ្នក​ក្រុង​ពិត​តែ​អិត​ទ្រព្យ​សម្បត្ដិ ប៉ុន្ដែ​ប្រឹង​លូត​តាម​អ្នក​ធំ​ដូច​ដើម​សង្កែ​ដុះ​ក្បែរ​ភ្នំ​ជា​ទី​អោយ​កន្ដូប​មេ​អំបៅ អណ្ដើក​មាស​តិះ​ដៀល​និន្ទា​។ អ្នក​មាន​បញ្ញា​គួរ​ពិចារ​ណា​យក​ជា​គតិ​លោក យោគ​អោយ​ឃើញ​មនុស្ស​ត្រាប់​អ្នក​ធំ​មាន​នៅ​ក្នុង​សម័យ​អី​លូវ​នេះ​។
ចប់គតិអ្នកលូតអស់ស្លឹកទី៩



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad