គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៧
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានសត្វរាជសីមួយ ដើរទៅឃើញមេគោរបស់នាយគោបាលម្នាក់
ក៏មានចិត្ដប្រតិព័ទ្ធស្រលាញ់ស្នេហា ចូលទៅសេពកាមដោយមេគោរួចហើយក៏ចូលព្រៃ។
អាការរាជសីហ៍សេពនឹងមេគោនោះ មិនតែម្ដងឡើយ សឹងចូលទៅសេពសព្វៗថ្ងៃ អែមេគោទាំងឡាយតាំងតែពីរាជសីហ៍ចូលកាល់រឿយៗមក
ក៏ស្គាំស្គមទ្រមមាឌ ហើយទាំងមានក្ដីភិតភ័យខ្លាចរាជ សីហ៍នោះផង អែទឹកដោះសោតក៏ចេញមិនបរិបូណ៌ដូចអំពីមុនៗឡើយ។
នាយគោបាល កាលបើបានឃើញរាជសីហ៍ចូលកាល់មេគោទាំងឡាយរបស់ខ្លួនតែសព្វៗថ្ងៃដរាបដល់មេគោទាំងឡាយ
ស្គាំស្គមទ្រមមាឌ និងរិតយកទឹកដោះពុំសូវបានដូចកាលមុនៗដូច្នោះ ក៏នាំសេចក្ដីនោះទៅជំរាបដល់មហាសេដ្ឋីជានាយធំ
អោយជ្រាបហេតុសព្វប្រការ មហាសេដ្ឋីក៏ប្រាប់អោយនាយគោបាលប្រកបថ្នាំពិសពុល
យកទៅលាបគូថលាបរោមនៃមេគោទាំងឡាយនោះ ដើម្បីបំពុលរាជសីហ៍ក្នុងកាលដែលវាមកលិទ្ធរោមលិទ្ធគូថមេគោនោះៗអែង។
អែនាយគោបាលក៏ចេញមកស្លថ្នាំពិស បានហើយនាំទៅលាបកាយនៃមេគោ តាមពាក្យមហាសេដ្ឋីបង្គាប់នោះអែង
អែរាជសីហ៍នោះលុះពេលព្រឹកឡើង ក៏ចូលទៅក្នុងហ្វូងគោ ដល់ហើយក៏ទៅប្រលោមស្នេហា
តាំងលិទ្ធកាយលិទ្ធគូថនៃមេគោនោះអែង លុះពាល់ត្រូវថ្នាំពិសនោះកាលណា ក៏កើតពុលដាលផ្សព្វផ្សាយប្រកាច់ដួលចុះ
ដល់នូវមរណកាលកណ្ដាលហ្វូងគោនោះហោង។
សីហ៍អើយសីហោ
ស្លាប់ព្រោះគូថគោ ដោយអិតប្រាជ្ញា គិតស្វែងតែកាម កើតញ៉ាមស្នេហា មិនពិចារណា
អោយយល់ខុសត្រូវ។
ខ្លួនជាសត្វព្រៃ
ជាតិគោទីទៃ ខុសពូជពង្សផៅ គួររឺទៅធ្វើ អំពើជំរៅ លិទ្ធគោពាល់ត្រូវ ថ្នាំពិសពុលក្ស័យ។
ចប់តំរាបុគ្គលស៊ីលិទ្ធអាហារមិនពិចារណាជាគតិទី៤០
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment