គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៧
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានសត្វពានរមួយ អាស្រ័យនៅខាងបណ្ណាសាលាអាស្រមនៃមហារិស្សីបរមពោធិសត្វ
ស្វានោះជាសត្វលេះលោះ រពិសក្នុងការសេពកាម តែឃើញព្រះអិសីលោកតាំងសមាធិគង់ស្ងៀមកាលណាវាតែងលោតទៅរក
ហើយយកអង្គជាតិដាក់ក្នុងរន្ធត្រចៀក រន្ធច្រមុះនៃព្រះបរមពោធិសត្វ ធ្វើអាការលោកិយទៅតាមភាពពាលផ្សេងៗ។
អែបរមពោធិសត្វ បានយល់ស្វាធ្វើអាការដូច្នាះព្រះអង្គនឹងបានប្រហារទះទាត់ស្វានោះចេញ
ក៏អិតអង្គឺមាន ព្រោះព្រះទ័យតាំងនៅក្នុងសមាធិចំរើនឈានសមាធិគុណ អែកិរិយាពានរបៀតបៀនធ្វើនូវអសទ្ធម្មជាផ្លូវមេថុន
នឹងសោតទ្វារឃានទ្វារ នៃព្រះមហាអិសីបរមពោធិសត្វនោះតែរឿយៗរៀងៗមក។
លុះយូរមក មានកាលថ្ងៃមួយចៅពានរចេញទៅស្វែងរកអាហារនឹងបរិភោគ បានទៅឃើញអណ្ដើកខ្មៅ១
ហាមាត់ដេកលក់នៅក្នុងទី១ ពានរជាសត្វរពិស ក៏ចូលទៅហើយដាក់អង្គជាតិខ្លួនទៅក្នុងមាត់អណ្ដើក
ធ្វើអសទ្ធម្មដោយទ្វារមាត់អណ្ដើកនោះអែង។
អែអណ្ដើកនោះ លុះភ្ញាក់ដឹងខ្លួនហើយ ក៏ខាំសង្កត់អង្គជាតិស្វានោះ
ខ្ជាប់ពុំលែងឡើយ អែពានរក៏ឈឺពើតឡើង តាំងបើកមាត់អណ្ដើកអោយហាក៏បើកពុំបាន
អណ្ដើករិតតែខាំសង្កត់ចុះ ពារនិយាយអង្វរលួងលោមអោយអណ្ដើកលែងដូចម្ដេចៗ
អណ្ដើកក៏ពុំលែងឡើយ ចៅពានរបានក្ដីទុក្ខវេទនាពន់ពេកណាស់ ទើបគិតថា ក្ដីទុក្ខអញម្ដងនេះ
ជាទុក្ខធំបំផុត នឹង រកលោកអ្នកអែណា ជាពេទ្យជួយបន្ទោបង់រោគនេះយល់ពុំមាន
មានតែព្រះឥសីសីលាទើបអាចជួយកែរោគនេះបាន គិតហើយចៅពានរអោនកាយទ្រអណ្ដើកដោយដៃទាំងពីរ
ដើរអោនៗកំប្រោនប្រាណចូលទៅកាន់ទីឋាននៃព្រះបរមពោធិសត្វ ៗបែរទៅយល់ពានរទ្រអណ្ដើកមកដូច្នោះ
ក៏ជ្រាបហេតុនោះមួយរំពេចថា អាស្វានេះវាជាសត្វរពិស ធ្លាប់មកបៀតបៀនអញតែរឿយៗ
ឥលូវទៅត្រូវលើមាត់អណ្ដើក ៗកាលណានឹងអត់បានដូចអញ គង់វាខាំផ្ចាលយ៉ាងនេះមិនលែង
គិតហើយព្រះឥសីក៏ត្រាស់សួរចំអកទៅកាន់ស្វានោះថា ហៃចៅក្របីអើយ ថ្ងៃនេះចៅទៅស្វែងអាហារភោក្ដា
ចៅបានផ្លែខ្នុរ រឺផ្លែធូរេនយកមកប្រគេនអាត្មាចៅក្របិ?។
អែពានរឈឺនឹងអណ្ដើកវាមឺតខាំខ្លាំងណាស់ក៏ធ្វើមុខជូរខំទូលទៅថា
បពិត្រលោកព្រះតាបសមានធម៌សប្បុរសប្រសើរ អើយខ្ញុំព្រះករុណានេះបាននូវក្ដីទុក្ខវេទនា
កើតអំពីអណ្ដើកវាខាំពូជឈឺស្ទើរនឹងស្លាប់ហើយ ព្រះគុណអើយ ជួយប្រោសមេត្ដាបង្ហាមាត់អណ្ដើក
អោយពូជខ្ញុំបាទរបើកចេញអំពីមាត់អណ្ដើកក្នុងគ្រានេះទៅ អោយតែខ្ញុំបានរួចអំពីទុក្ខនេះហើ
យចាប់ដើមអំពីថ្ងៃនេះទៅ ខ្ញុំរាងចាលហើយ ខ្ញុំលែងប្រព្រឹត្ដការអសទ្ធម្មតទៅទៀតហើយព្រះករុណា។
អែព្រះបរមពោធិសត្វ បានលឺស្វាពោលពាក្យដូច្នោះ ក៏មានព្រះទ័យអាសូរករុណា
ទើបត្រាស់ទៅកាន់អណ្ដើកនោះថា ហៃបាកច្ឆបៈអើយ ចៅអែងជាកស្សបគោត្រ អែខាងចៅក្របិជាកោណ្ឌញ្ញគោត្រ
គោត្រទាំងពីរក៏ពុំឆ្ងាយអំពីគ្នា ហេតុនោះចូរអនិតមេត្ដាអត់ទោសចៅក្របិនេះម្ដងទៅចុះ
ចូរលែងខាំអង្គជាតិចៅក្របិនេះទៅ ដោយគ្នាទទួលខុសហើយ ទទួលរាងចាលហើយ។ អែអណ្ដើកបានស្ដាប់ពាក្យពោធិសត្វហើយ
ក៏ហាមាត់បើកអោយស្វានោះរួចចាកក្ដីទុក្ខក្នុងកាលនោះហោង។
ចៅពានរពានរបានរួចអំពីមាត់អណ្ដើកហើយ ក៏កើតអៀនខ្មាស់ពោធិសត្វ
ទើបក្រាបសំពះពោធិសត្វ ហើយចេញចាកទី នោះទៅនៅទី១ ឆ្ងាយអំពីអាស្រមបរមពោធិសត្វ ពុំបានមកបៀតបៀនពោធិសត្វតទៅទៀតឡើយ
ចាប់ដើមពីថ្ងៃនោះ ហោង។
រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរតិកនិបាតអែណោះ
ក្នុងតំរានេះខ្ញុំបាទទាញមកសំដែងតែប៉ុណ្ណេះដោយសង្ខេប ទុកជាបែបគតិដល់បុគ្គលអ្នកល្មោភក្នុងកិលេសកាមប្រព្រឹត្ដការទៅក្នុងព្រង់
ដែលពុំមែនជាទ្វារមេថុនតាមធម្មតាលោកិយ បានសេចក្ដីក្ដៅក្រហាយក្រោយដូចនិទានចៅពានរដែលសំដែងទុកមកនេះ
អ្នកមានប្រាជ្ញាគួរពិចារណាទៅទៀតចុះ។
ស្វាអើយចៅស្វា
ចៅល្មោភតណ្ហា មិនថាទ្វារអ្វី ឃើញតែចន្លោះ ទៅបោះប៉ោលថ្មី ត្រូវកាឡកិណី លើមាត់អណ្ដើក។
កើតក្ដៅក្រហាយ
ខំខ្វះកកាយ មិនងាយបើក បង់កេរបង់ខ្មាស ផ្ដាសព្រោះចិត្ដចើក ទៅលេងអណ្ដើក អន្ដរធានខ្លួន។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment