គតិលោក ភាគ៦: រឿង៖ សត្វកង្កែប នឹង គោ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៦: រឿង៖ សត្វកង្កែប នឹង គោ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងសត្វកង្កែប នឹង គោ

មាន​សត្វ​កង្កែប​១​នៅ​​ក្នុង​​ស្រះ ថ្ងៃ​មួយ​មាន​គោ​១​ចុះ​ទៅ​ផឹក​ទឹក​ស្រះ​នោះ កង្កែប​ឃើញ​ហើយ​ក៏​នឹក​ក្នុង​ចិត្ដ​ថា អា​សត្វ​គោ​នេះ ម្ដេច​រូប​វា​ធំ​ម៉្លេះ បើ​ដូច្នេះ​ អញ​នឹង​បំពើត​កាយ​បំ​ប៉ោង​ខ្លួន​ឡើង​អោយ​ធំ​ដូច​គោ​នេះ​បាន​អេះ កង្កែប​គិត​ដូច្នោះ​ហើយ តាំង​បំប៉ោង​កាយ ចំអើត​ជើង​ឡើង ហើយ​ហៅ​ទៅ​កាន់​គោ​នោះ​ថា៖
- នែ​ប្រស្ដែង​គោ ចូរ​មើល​រូប​យើង​អែ​ណេះ យើង​ធំ​ប៉ុន​ប្រស្ដែង​អែង​ហើយ​រឺ​?​»​
អែ​គោ​ក៏​តប​ថា៖
- នៅ​ទេ​ចៅ​កង្កែប ចូរ​ខំ​បំពើត​បំប៉ោង​ឡើង​បន្ដិច​ទៀត!.​
កង្កែប​លឺ​ដូច្នោះ ក៏​ខំ​ប្រឹង​កាង​ចំកោង​បំពើត​ប៉ោង​ឡើង​លើស​មុន ហើយ​ក៏​ហៅ​​ទៅ​​គោ​ថា៖
- ម៉េច​ម្ដង​ណេះប្រស្ដែង​គោ រូប​យើង​ធំ​ប៉ុន​អ្នក​អែង​ហើយ​រឺ​​​​នៅ រឺ​នៅ​ទាស់​ត្រង់​ណា​ទៀត​?​
អែ​គោ​​តប​ទៅ​កង្កែប ចូរ​ខំ​បំប៉ោង​ឡើង​ទៅ​ទៀត!.
កង្កែប​ក៏​ខំ​ប្រឹង​ខាំ​មាត់ តាំង​កោង​ចំកាង​បំប៉ោង​ពេញ​កំលាំង​ ខ្យល់​អស្សា​ស​បស្សាស ដង្ហើម​ចេញ​ចូល​​ចេញ​មិន​បាន កាយ​កង្កែប​នោះ ក៏​បែក​ធ្លាយ​ចេញ​ពោះ​វៀន​លៀន​លេច​មក​ខាង​ក្រៅ​ដល់​នូវ​មរណ​កាល​ក្នុង​កាល​នោះ​ហោង​។
រឿងនេះ បាន​គតិ​អ្នក​តូច​ចង់​ជា​ធំ គឺ​ចង់​ត្រាប់​កាយ​អ្នក​ធំ ពុំ​សម​ក្ដី​ប្រាថ្នា ក៏​វិនាស​អាត្មា​អែង​វិញ​។ មួយ​បាន​គតិ​ដូច​បុរាណ​តែង «ដំរី​ជុះ​ៗ​តាម​ដំរី​» នោះ​អែង មួយ​ទៀត​មាន​បទ​បាលីក្នុង​គម្ពីរ​លោក​និតិ​ថា៖
អប្បរូបបោ ពហុបាសោ អប្បបញ្ញោ បកាសិតោអប្បបុរោ ឃដេ ខោភេ អប្បខីរា គាវីចលេ។
អធិប្បាយថា៖
ជាតិ​អ្នក​ទាប​ភាព​អ្នក​តូច​សំដី​ខ្ពស់
អិត​ប្រាជ្ញា​យស​ប្រកាស​ថ្លែង
ពាង​ក្អម​ទឹក​មិន​ពេញក្រលក​ក្រលែង
មេ​គោ​អែង​ទឹក​ដោះ​តិច​គេច​ធាក់​ក្រាន​។

អធនស្ស រសំ ខាទា អពលស្ស ហតា នរា អប្បញ្ញស្ស វាក្យា កថា អុម្មត្ដកសមា អិមេ ។ 
អធិប្បាយថា៖
អ្នកអិតធនធាន
ចង់ទទួលទាន
រសឆ្ងាញ់លើសលែង
អ្នកអិតកំលាំង
ចង់តាំងសំដែង
ចំបាប់ទាត់ប៉ែង
សំដែងអំនួត។
អ្នកអិតប្រាជ្ញា
ល្មោភថ្លែងចរចា
ប្រាថ្នាគេអួត
ជន៣ នេះប្រើ
ទុកស្មើមនុស្សឆ្កួត
ព្រោះឡើងអំនួត
ល្មោភហួសប្រមាណ។
ចប់តំរាតូចចង់ធ្វើធំទី២៣


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad