គតិលោក ភាគ៦: រឿង៖ លាឈ្មោលត្រាប់តាមកូនឆ្កែ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៦: រឿង៖ លាឈ្មោលត្រាប់តាមកូនឆ្កែ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងលាឈ្មោលត្រាប់តាមកូនឆ្កែ

មាន​សត្វ​លា​ឈ្មោល​មួយ​ជា​សត្វ​ចញ្ចឹម ជា​ពាហនៈ​របស់​សេដ្ឋី​ លា​នោះ​បាន​ឃើញ​សេដ្ឋី​ជា​នាយ​ស្រលាញ់​អោប​រិត ប្រ​លែង​លេង នឹង​កូន​ឆ្កែ​ជា​ប្រ​ក្រតី ទើប​គិត​ថា អា​កូន​ឆ្កែ​នេះ វា​ចេះ​ធ្វើ​អ្វី​លើស​អញ បាន​ជា​នាយ​គាត់​ស្រលាញ់​អោប​រិត ស្និត​ស្នាល​នឹង​វា​ដល់​ម៉្លេះ បើ​ដូច្នេះ​អញ​​ចាំ​មើល​លោក​នាយ បើ​គាត់​មក​ជិត​អញ​កាល​ណា អញ​នឹង​លោត​ទៅ​អោប​គាត់ អោយ​គាត់​អោប​រិត​អញ ​ប្រលែង​លេង​អោយ​ដូច​ជា​អា​កូន​ឆ្កែ​នោះ​ខ្លះ គិត​ហើយ​លា​រង់​ចាំ​មើល​សេដ្ឋី លុះ​សេដ្ឋី​ដើរ​មក​ជិត​ខ្លួន​ បាន​អោ​កាស​ហើយ ក៏​លោត​ជើង​ទាំង​ពីរ​ទៅ​នឹង​អោប​សេដ្ឋី​ជា​នាយ​។ អែ​សេដ្ឋី​ឃើញ​លា​ចំ​ប្រាវ​មក​ដូ​ច្នោះ គិត​ថា​លា​លោត​មក​នឹង​ធាក់​ច្រំ​អាត្មា ទើប​ខឹង​នឹង​លា ចាប់​ដំបង​វាយ​សំពង​លា​នោះ ៥-៦​ដំបង ហើយ​ជេរ​ថា ខ្មោច​អា​លា​ចង្រៃ​កាច​ខូច​អ្វី​ម៉្លេះ វា​ហ៊ាន​គិត​នឹង​ធាក់​ច្រំ​ខាំ​អែង​ជា​ម្ដង អែ​លា​នោះ​ត្រូវ​ដំនំ ៥-៦ ដំបង​ដល់​នូវ​ក្ដី​ទុក្ខ​វេទ​នា​ កើត​ទោ​មន្ស តូច​ចិត្ដ​អាណិត​​ខ្លួន ព្រោះ​ពុំ​សម​ក្ដី​ប្រាថ្នា​អោយ​ដូច​ជា​កូន​ឆ្កែ​នោះ​អែង​។

រឿង​នេះ​បាន​គតិ​ដូច​បុគ្គល ឃើញ​នាយ​ចៅ​ហ្វាយ រឺ អ្នក​ធំ​លោក​មាន​ចិត្ដ​ស្ម័គ្រ​លេង​ល​ចំអន់​នឹង​អ្នក​អែ​ណា​មួយ ហើយ​ខ្លួន​អែង​លោក​មិន​ដែល​លេង​ល​សោះ​ឡើយ ហើយ​ទៅ​និយាយ​រឺ​ប្រើ​អាការ​សិទ្ធ​ដូច​ជា​បុគ្គល​ដែល​លោក​ធ្លាប់​លេង​នោះ ប្រ​ព្រឹត្ដ​ទៅ​មិន​បាន​ដូច​គេ​ទេ តែ​ប្រ​ព្រឹត្ដ​ហើយ​គង់​ដល់​ក្ដី​បរា​មុខ​នា​កណ្ដាល​ជំនុំ​ប្រ​ជុំ​ជន ដូច​យ៉ាង​លា​ចង់​ត្រាប់​កូន​ឆ្កែ​នេះ​អែង គួរ​ចូល​ចិត្ដ​ហោង​។ មួយ​ទៀត ចុះ​គតិថា «គេ​មិន​លេង ខ្លួន​ទៅ​លេង គេ​មិន​សួរ ខ្លួន​ទៅ​ថ្លែង» ការ​អស់​នេះ​ បាន​ក្ដី​ហិន​លក្ខណៈ ក្នុង​លោ​កិយ​នេះ​ប្រាកដ​ដូច​បទ​បាលី​ក្នុង​គម្ពីរ​លោក​នីតិថា​។

អនវ្ហាយំ គមយន្ដោ អបុប្ផា ពហុភាសកោ
អត្ដគុណំ បការសេន្ដោ តិវិធំ ហីនលក្ខណំ។
ប្រែថា៖ គេមិនហៅចូលទៅ ទៅមិនគួរ គេមិនសួរឆ្លើយអែងលើសប្រមាណ ប្រកាសគុណនៃកាយដែលពុំមាន បីនេះបានឈ្មោះហៅ ហីនលក្ខណ៍។
ចប់តំរាគតិធំត្រាប់តូចខូចខ្លួនទី ២៤


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad