គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៥
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានសត្វទន្សាយ១ ដើរទៅបានជួបនឹងកូនខ្លាធំពីរនៅខាងគុម្ពឈើ
ទើបសួរទៅថា «វ៉ីយកូនខ្លា
ថ្ងៃនេះម៉ែអែងទៅអែណាហើយ។ កូនខ្លាទាំងពីរក៏ប្រាប់ថាម៉ែយើងពុំនៅទេ
គាត់ចេញទៅរកស៊ីពីព្រឹកមិញហើយ។ អែទន្សាយក៏និយាយទៅថា «អញមកនេះ
បើម៉ែអែងនៅអញនឹងល្បងប៉ោលថ្មីអញមើលម្ដង ថាហើយទន្សាយក៏ដើរចេញទៅដល់ព្រៃស៊ុមទ្រុម
មានវល្លិត្អើករិតរុំស្បាតជិត ក៏ចូលទៅពួនសំងំដេកលើស្ដុកវល្លិត្អើកនោះអែង។
ថ្លែងអែមេខ្លាដល់ពេលល្ងាចស្រទន់ក៏ត្រលប់មកកាន់សំបុកកូននៃខ្លួន ដល់ហើយកូនទាំងពីរប្រាប់ថា
«ម៉ែអើយ
ថ្ងៃមិញនេះ អាទន្សាយវាមកពោលពាក្យអាសុរោះចាក់ដោតដល់ម៉ែអែង វាថាបើម៉ែអែងនៅនេះ
វានឹងល្បងប៉ោលថ្មីវាមើលម្ដង»។ មេខ្លាលឺដូច្នោះ ក៏កើតទោសោក្រោធទន្សាយ
ជេរថាខ្មោចអាសត្វទន្សាយអប្រិយ គួរអ្វីមកស្ដីពាក្យចំអាសអោយអញយ៉ាងនេះ
បើដូច្នេះនឹងអត់អោយវាអែណាក៏បាន គួរទៅតាមប្រហារវាអោយបង់ជីវិត គិតហើយមេខ្លាលាកូនទាំងពីរចេញចាកទី
ចរលីទៅតាមទន្សាយ លុះទៅដល់ព្រៃស៊ុមទ្រុមលបគន់មើល បានឃើញទន្សាយដេកនៅនោះ
មេខ្លាក៏ស្ទុះទៅដោយកំលាំងទោសោ ដើម្បីនឹងចាប់ទន្សាយហែកប្រហារដោយក្រចកជើង។
អែទន្សាយក៏លោតគេចទៅ ខាងក្រោមវល្លិត្អើកជុតក្រញាំជើងខ្លា ៗលោតទៅលើស៊ុមទ្រុមធ្លាក់ខ្លួនចុះស៊ុមទ្រុម
វល្លិវើកវល្លិត្អើកក៏រិតរុំជុំខ្លួននៃមេខ្លាជាប់ជើងទាំងមុខទាំងក្រោយ
ខំបំរះឡើងដោយកំលាំង។
ទន្សាយឃើញមេខ្លាជាប់រាមដូច្នោះ ក៏ស្ទុះឡើងពីខាងគូថនៃមេខ្លាធ្វើអាការ
ការលោកិយហើយស្រដីថា ហ៊ិះៗអែងចង់ល្បងប៉ោលថ្មីលេងៗ អីលូវគេអោយអែងល្បងប៉ោលថ្មីទាល់តែបាន
ទន្សាយធ្វើអាការផ្ជាលមេខ្លានោះស្រេចហើយ ក៏ស្ទុះចុះរត់ទៅកាន់ទីដទៃហោង។
មេខ្លាកាលទន្សាយរត់ផុតទៅហើយ ក៏ខំរើខ្លួនអំពីរាមស៊ុមទ្រុមនោះ
បានហើយក៏ចេញមក មានក្ដីខឹងទន្សាយនោះមហិមា នឹងទៅតាមចាប់វាពេលក៏ស្រទន់ទៀបល្ងាចហើយ
មេខ្លាក៏វិលត្រលប់ទៅកាន់សំបុកកូនខ្លួនវិញ ដល់ហើយកូនទាំងពីរក៏សួរថា «ម៉េចទៅម៉ែ
អាទន្សាយនោះ ម៉ែបានពិឃាតវាហើយរឺ»។ មេខ្លាប្រាប់ថា «ពិឃាតវាអែណាក៏បាន
ម៉ែទៅនេះ ប៉ិនគេយកកេរ្ដិ៍ខ្មាសទៅអោយវាជាម្ដង ណ្ហើយចុះថ្ងៃនេះអែងធ្វើការបរាជ័យចាញ់វា
ចាំថ្ងៃក្រោយៗទៀតសឹមកែខ្លួនអោយបាន» ថាហើយមេខ្លាក៏ចូលទៅដេកបំបៅកូនក្នុងរូងនោះហោង។
រឿងនេះបានគតិដូចបុគ្គលខឹងហួសជ្រួសស្នៀតដល់នូវក្ដីរាមុខខ្លួនអែងវិញ។
មែនបុគ្គណាខឹងហួសខឹងខ្លាំងភ្លាំងសតិបញ្ញាហើយ នឹងបានក្ដីក្ដៅក្រហាយលើសមុនៗនោះទៀត
ទាល់ស្នៀតដួលខ្លួនអែងវិញ ដូចមេខ្លានេះអែង។ មួយទៀតក្ដីក្រោធនេះជាភ្លើងមែន
បើឆេះទៅក្នុងទីណាហើយ ទីនោះសឹងវិនាសជាប្រាកដបុគ្គលណាកាន់ក្ដីក្រោធខ្លាំងតាំង
ចិត្ដគិតដុតអ្នកដទៃមិនឆេះទៅអ្នកដទៃអែណាទេ ចំពោះឆេះនៅក្នុងរូបបុគ្គលដែលដុតនោះអែង
ភ្លើងទោសៈនេះ ដូចមេឃ្មុំទាំងឡាយ តែខឹងខំប្រឹងទិចគេ អែទ្រនិចឃ្មុំនោះតែងសណ្ដកចាកគូថ
មិនសណ្ដកតែទ្រនិចនោះទេសណ្ដកជាប់ដល់ពោះវៀនផង លោកថាឃ្មុំណាទិចគេ ឃ្មុំនោះអស់ទ្រនិចហើយ
នឹងតាំងនៅជាមេឃ្មុំវិញពុំបាន សឹងធ្លាក់ជាតិទៅជាមេរបោម អ្នកប្រាជ្ញខ្លះថាឃ្មុំនោះស្លាប់ខ្លួនអែង។
មួយទៀតការផ្ចាញ់សត្រូវខ្លួនដោយក្ដីក្រោធតបនោះ ពុំអាចឈ្នះបាន បទនេះមានក្នុងគម្ពីរលោកនីតិថា៖
អក្កោធេន ជិនេ
កោធំ អសាធុំ សាធុនា ជិនេ កទរិយញ្ច ទានេន សច្ចេនាលិកវទីទំ អធិប្បាយថា៖
ឈ្នះអ្នកក្រោធដោយក្រិត្យមិនក្រោធតប ឈ្នះអ្នកអសប្បុរសប្រកបដោយសប្បុរស
ឈ្នះកំណាញ់ដោយអោយទ្រព្យរបស់ ឈ្នះបុរសឡេះឡោះដោយពាក្យសត្ស។
មួយទៀតបុគ្គលណាកំចាត់ក្ដីក្រោធបាន
បុគ្កលនោះផុតក្ដីក្ដៅក រហាយ ក្ដីសៅសោកបាន ដូចបទបាលីថា៖
កោធំ វិហិត្វា
ន កទាចិ សោចតិ មក្ខប្បហានំ អិសយោ វណ្ណយន្ដិ
សព្វេសំ ផរុសវចនំ
ខមេថ តំ ខន្ដី អុត្ដមមាហុ សន្តោ
អធិប្បាយថា ៖ ជនអែណាកំចាត់ក្ដីក្រោធបាន ជននោះគ្មានសៅសោកក្នុងលោកិយ
ព្រះឥសីសរសើរ អ្នកគប្បីលះបង់ក្ដីលុបគុណ កបសត្យា អ្នកអែណាអាចអត់ផុរុវាទ
មិនរលាតដោយពាក្យបេសុញ្ញា សប្បុរសសរសើរអ្នកនោះណា កបខន្ដីតី កិក្ខា ជាឧត្ដម។
ចប់តំរាខឹងហួសជ្រួសផ្ដាសបង់ខ្មាសខ្លួនអែងទី២២
ចប់ភាគទី៥
តែប៉ុណ្ណេះ
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment