គតិលោក ភាគ៦: រឿង៖ ចៅគង្វាលពពែម្នាក់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៦: រឿង៖ ចៅគង្វាលពពែម្នាក់


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងចៅគង្វាលពពែម្នាក់
មាន​ចៅ​គង្វាល​ពពែ​ម្នាក់ កៀង​ពពែ​ទៅ​អោយ​ស៊ី​នៅ​ព្រៃ​ក្រៅ​១ នាំ​សុនខ​ស្រុក​១​ទៅ​ផង លុះ​ទៅ​ដល់​ដើម​ឈើ​ធំ​មួយ មាន​ម្លប់​ត្រជាក់​សប្បាយ​ចៅ​គង្វាល​ពពែ​ក៏​ដោះ​អាវ​ដោះ​មួក ដាក់​​ពាក់​នៅ​លើ​មែក​ឈើ ដាក់​ឈើ​ច្រត់​ផ្អែក​ទៅ​លើ​ប្រគាប​ឈើ​១ ហើយ​ដេក​លេង​រំហើយ​ខ្យល់​ អែ​ឆ្កែ​ស្រុក​នោះ​ក៏​ដេក​នៅ​ខាង​ខ្លួន​ លុះ​ត្រូវ​ខ្យល់​ត្រ​ជាក់ ចៅ​នោះ​ក៏​ដេក​លក់ ទាំង​ឆ្កែ​ក៏​ដេក​លក់​នៅ​ក្រោម​ដើម​ឈើ​នោះ​អែង​។

កាល​នោះ​មាន​ឆ្កែ​ព្រៃ​១​ដើរ​មក ឃើញ​ហ្វូង​ពពែ​ច្រើន គិត​ចង់​ចាប់​ស៊ី តែ​ចូល​ទៅ​ជិត​ហ្វូង​ពពែ​កាល​ណា ពួក​ពពែ​ទាំង​ឡាយ​ភិត​ភ័យ​ផ្អើល នាំ​គ្នា​បោល​ចូល​ទៅ​កាន់​សំណាក់​ឆ្កែ​ស្រុក និង​ម្ចាស់​របស់​វា​អស់​ទៅ​​ ឆ្កែ​ព្រៃ​រក​អោកាស​នឹង​ចាប់​ពពែ​នោះ​ពុំបាន​។ ថ្ងៃ​មួយ​ឆ្កែ​ព្រៃ​គិត​ថា​ អោ​ពួក​ពពែ​អស់​នេះ វា​ឃើញ​រូប​អញ​កាល​ណា វា​សឹង​ផ្អើល​បោល​ទៅ​រក​ម្ចាស់​វា​អោយ​ជួយ​រាល់​ដង អែ​ត្រង់​ម្ចាស់​វា​ដើរ​មក​ជិត​ម្ដេច​ក៏​មិន​ផ្អើល បើ​ដូច្នេះ​ចាំ​អញ​ទៅ​លួច​យក​អាវ​មួក និង​ ឈើ​ច្រត់​មក​ស្លៀក​ពាក់​ធ្វើ​ត្រាប់ អោយ​ដូច​ម្ចាស់​វា​ទើប​វា​មិន​ផ្អើល​ ជា​អោកាស​ងាយ​ចាប់​ស៊ី​បាន​ ឆ្កែ​ព្រៃ​គិត​ដូច្នោះ​ហើយ ទើប​ដើរ​អម​វាង​ចូល​ទៅ​មើល​អាការ​នាយ​គង្វាល​នោះ លុះ​ឃើញ​នាយ​គង្វាល និង ឆ្កែ​ស្រុក​ដេក​លក់ ក៏​ចូល​ទៅ​​លួច​យក​អាវ និង មួក​មក​ពាក់ ហើយ​កាន់​ឈើ​ច្រត់​ក្រោក​ដើរ​ជើង​ពីរ ធ្វើ​អាការ​ដូច​ជា​មនុស្ស​ចូល​ទៅ​ក្នុង​ហ្វូង​ពពែ​បាន​។ ​អែ​ពពែ​ទាំង​ឡាយ​ឃើញ​អាវ​មួក​ឈើ​ច្រត់​ដូច្នោះ ក៏​នឹ​ក​សំគាល់​ថា​ជា​ម្ចាស់​នៃ​ខ្លួន ទើប​មិន​ភិត​ភ័យ​ភ្ញាក់​ផ្អើល​ដូច​កាល​មុន​ៗ នាំ​គ្នា​រក​ស៊ី​ស្មៅ​នូវ​ស្លឹក​ឈើ​រៀងៗ​ខ្លួន​ទៅ​។

ឆ្កែ​ព្រៃ​តាំង​កៀង​ហ្វូង​ពពែ​នោះ អោយ​ចូល​ទៅ​ក្នុង​ព្រៃ​ធំ គិត​ថា​ម្ចាស់​វា​នោះ កាល​នឹង​កៀង នឹង​ដេញ​តែង​បញ្ចេញ​សព្ទ​ថា​ហ៊ឿយ​ៗ យ៉ាង​នេះ បើ​ដូច្នេះ​គួរ​អញ​បញ្ចេញ​ស័ព្ទ​ត្រាប់​អោយ​ដូច​ម្ចាស់​វា គិត​ហើយ​ក៏​ស្រែក​ដេញ​ថា ហ៊ឿយ​ៗ​ដូច្នេះ អែ​សំលេង​ឆ្កែ​ព្រៃ​ដែល​ស្រែក​នោះ​ មិន​​ដូច​សំលេង​មនុស្ស ព្រោះ​ជា​ជាតិ​ខុស​គ្នា សត្វ​តិរច្ឆាន​ត្រាប់​សំលេង​មនុស្ស​មិន​ដូច តែ​ស្រែក​ឡើង​ក៏​ចេញ​ប្រចក្ស​ជា​សព្ទ​ឆ្កែ​ព្រៃ​ធម្មតា​ទើប​ពពែ​ទាំង​ឡាយ​កើត​ភិត​ភ័យ​ផ្អើល​បោល ស្រែក​កង​រំពង​ជា​កាលា​ហល​ឡើង​។ អែ​នាយ​គង្វាល​ពពែ​នឹង​ឆ្កែ​ស្រុក បាន​លឺ​សព្ទ​ពពែ​ផ្អើល​ស្រែក​យំ​កង ក៏​ភ្ញាក់​ចាក​និទ្រាក្រោក​ម្នី​ម្នា ទៅ​កាន់​ហ្វូង​ពពែ បាន​យល់​ឆ្កែ​ព្រៃ​លួច​យក​អាវ​មួក និង​ឈើ​ច្រត់​របស់​ខ្លួន​ទៅ​ប្រដាប់​ខ្លួន​វា ធ្វើ​អាការ​ជា​មនុស្ស​ដូច្នោះ​ នាយ​គង្វាល​ពពែ​ក៏​បង្អៅ​ឆ្កែ​ស្រុក​អោយ​ដេញ​ទៅ​ខាំ​ឆ្កែ​ព្រៃ ហើយ​ជួយ​គ្នា​វាយ​ឆ្កែ​ព្រៃ​នោះ​ដួល​ចុះ​ដល់​នូវ​ក្ដី​មរណ​កាល​កណ្ដាល​ព្រៃ​ធំ​នោះ​ហោង នាយ​គង្វាល​ពពែ​ក៏​ដោះ​យក​អាវ និង មួក​អំពី​សាក​សព​នៃ​ឆ្កែ​ព្រៃ​នោះ​មក​វិញ ហើយ​ក៏​ដេញ​ពពែ​វិល​មក​ផ្ទះ​អាត្មា​ហោង​។

រឿង​នេះ​បាន​គតិ​ដូច​មនុស្ស​ចង់​សំដែង​កាយ​អោយ​ដូច​គេ​អ្នក​ជាតិ​ខ្ពស់ ទោះ​ជា​ធ្វើ​យ៉ាង​ណា​ៗ ក៏​គង់​មិន​ដូច​គេ គង់​ចេញ​កិរិយា​ប្រក្រតី​ខ្លួន នោះ​មក​ខាង​ក្រៅ​អោយ​គេ​ស្គាល់​ជាតិ​ខ្លួន​បាន ដូច​យ៉ាង​ឆ្កែ​ព្រៃ​លួច​យក​អាវ​យក​មួក​គេ​ពាក់ ទាំង​កាន់​ឈើ​ច្រត់​ជា​ដំបង អាការ​ខាង​ក្រៅ​នោះ​ ធ្វើ​ទៅ​បាន​ដូច​មនុស្ស​ប្រាកដ តែ​សព្ទ​សំលេង​ខាង​ក្នុង ធ្វើ​ទៅ​ពុំ​ដូច​មនុស្ស ពួក​ពពែ​អាច​ស្គាល់​ជា​ឆ្កែ​ព្រៃ​ទៅ​បាន​។ បទ​នេះ​ដូច​ពាក្យ​គតិ​បុរាណថា៖ «សំលេង​ប្រាប់​ភាសា​កិរិយា​ត្រាប់​ត្រកូល​» ដូច​ជាតិ​អ្នក​បាសាក់​ព្រះ​ត្រពាំង អ្នក​សៀម​រាប រឺ អ្នក​ប្រទះ​ឡាង​ជា​ដើម​មនុស្ស​​ពួក​អស់​នេះ ទោះ​ស្លៀក​ពាក់​តែង​រូប​កាយ​ប្រដាប់​ដូច​អ្នក​ក្រុង​យ៉ាង​ណា ក៏​ត្រាប់​បាន តែ​បើ​ហ៊ាន​និយាយ​ឡើង​កាល​ណា សំលេង​នោះ​ប្រាប់​អោយ​គេ​ដឹង​ថា ខ្លួន​ជា​អ្នក​បាសាក់ ព្រះ​ត្រពាំង សៀម​រាប ស្រុក​ប្រទះ​ឡាង មាន​អាង​នឹង​សំនៀង​ប្រាប់​ភាសា​ខ្លួន​ស្រាប់​។

មួយទៀត លោក​អ្នក​ផ្សេង​ភាសា​គ្នា ទោះ​ជា​ចេះ​និយាយ​បាន​យ៉ាង​ណា​ៗ សំនៀង​បែង​នោះ​គង់​ចេញ​អោយ​គេ​ដឹង​ថា​អ្នក​នេះ​ចិន​ឆៅ អ្នក​នេះ​ជា​យួន​ជា​សៀម​ជា​ដើម​ទៅ​បាន​។ បទ​អស់​នេះ​អ្នក​ប្រាជ្ញ​គួរ​ពិចារ​ណា​ទៅ​ទៀត​ចុះ​។

ចប់តំរាគតិអ្នកទាបត្រាប់ភាសាអ្នកខ្ពស់ទី២៥


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad