គតិលោក ភាគ៥: រឿង៖ ស្មាន់ ក្អែក អណ្ដើក ជាសំលាញ់នឹងគ្នា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៥: រឿង៖ ស្មាន់ ក្អែក អណ្ដើក ជាសំលាញ់នឹងគ្នា


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងស្មាន់ ក្អែក អណ្ដើក ជាសំលាញ់នឹងគ្នា
                                                 
មាន​សត្វ​ស្មាន់​១ ក្អែក​១ អណ្ដើក​១ យក​គ្នា​ជា​សំលាញ់ តែង​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ៗ ថ្ងៃ​១​ស្មាន់​ទៅ​រក​ស៊ី​នៅ​ព្រៃ​មួយ ក៏​ជាប់​អន្ទាក់​ព្រាន​ព្រៃ ក្អែក​និង​អណ្ដើក​នាំ​គ្នា​ដើរ​រកស្មាន់​នោះ លុះ​ទៅ​ដល់​ជាយ​ព្រៃ​ក៏​ស្រាប់​តែ​ឃើញ​ជាប់​អន្ទាក់​ ទើប​ចូល​ទៅ​សួរ​ថា «សំលាញ់​អែង​ ហេតុ​អ្វី​ដើរ​រក​ស៊ី​មិន​មើល​អន្ដ​រាយ មក​អោយ​ជាប់​អន្ទាក់​គេយ៉ាង​នេះ»​។ ស្មាន់​ក៏​ឆ្លើយ​ថា «អោ​សំលាញ់​អើយ អញ​នេះ​បាន​ជា​ខុសហើយ ចូរ​សំលាញ់​គិត​កែ​ខៃ​ជួយ​អាយុ​អញ​ផង​ចុះ» អែ​ក្អែក និង​អណ្ដើក​ក៏​ទទួល​ជួយ​ដោះ​ទុក្ខ​ភឿន ក្អែក​ហើរ​ទៅ​ពាំនាំ​ទឹក​ មក​ស្រោច​ខ្សែ​អន្ទាក់​អោយ​ទន់​ អែ​​អណ្ដើក​ក៏​ខាំ​ខ្សែ​អន្ទាក់​នោះ​អែង ក្អែក​និង​អណ្ដើក​ព្យាយាម​ខាំ​កាត់​អន្ទាក់​នោះ តាំង​តែ​ពី​បឋម​យាម​ដរាប​ដល់​បច្ឆិម​យាម​ទៀប​នឹង​ភ្លឺ​ស្វាង​ កាត់​ដាច់​បាន​ពីរ​ធ្លុង នៅ​សល់​មួយ​ធ្លុង ក៏​ជួន​ពេល​ព្រាន​ព្រៃ​មក ទើប​ក្អែក​និង​អណ្ដើក​តឿន​សតិ​ស្មាន់​ថា «សំលាញ់​អើយ​ពេល​នេះ ម្ចាស់​អន្ទាក់​មក​ជិត​ដល់​ហើយ យើង​ជួយ​កាត់​បាន​តែ​ពីរ​ធ្លុង នៅ​សល់​មួយ​ធ្លុង ចូរ​សំលាញ់​ខំ​បោល​កន្ទ្រាក់​ដោយ​ខ្លួន​អែង​អោយ​ដាច់​ទៅ​ចុះ»​។ កាល​សត្វ​ទាំង​បី​កំពុង​និយាយ​គ្នា​ដូច្នោះ នាយ​ព្រាន​ព្រៃ​ក៏​មក​ដល់ ទើប​ក្អែក​និង​អណ្ដើក​ក៏​ចេញ​ចាក​ទី​នោះ​ចូល​ទៅ​ពួន​ក្នុង​ព្រៃ​នៅ​ខាង ចាំ​មើល​ដំណើរ​ស្មាន់​នោះ​អែង អែ​ស្មាន់​សោត កាល​បើ​នាយ​ព្រាន​មក​ដល់​ខ្លួន​ក៏​ស្ទុះ​កន្ទ្រាក់​ផ្ដាច់​អន្ទាក់​នោះ​ដាច់​បាន ហើយ​បោល​ចូល​ព្រៃ​ទៅ​ហោង​។ អែ​នាយ​ព្រាន នឹក​ស្ដាយ​ស្មាន់​ណាស់ ក៏​រត់​ដេញ​ស្មាន់​នោះ​តែ​ពុំ​ទាន់​ ទៅ​ប្រទះ​លើ​អណ្ដើក​ដែល​ពួន​នោះ ទើប​នាយ​ព្រាន​ ចាប់​អណ្ដើក​នោះ​ហើយ​ក៏​វិល​មក​ធ្វើ​អន្ទាក់​នោះ​ទៀត​។

ឯ​ក្អែក​ឃើញ​នាយ​ព្រាន​ចាប់​អណ្ដើក​បាន​ដូច្នោះ​ក៏​និយាយ​នឹង​ស្មាន់​ថា ចូរ​អ្នក​ក្លែង​ធ្វើ​ជា​បាក់​ជើង​ដើរ​ទៅ​ខាងមុខ​នាយ​ព្រាន​ព្រៃ ប្រើ​ឧបាយ​មាយា លួង​អោយ​នាយ​ព្រាន​ដេញ​ នាយ​ព្រាន​គង់​នឹង​ដាក់​អណ្ដើក​ចោល​ទៅ​កណ្ដាល​វាល​រត់​ដេញ​អ្នក​អែង​មិន​លែង ហើយ​អ្នក​អែង​នឹង​រត់​គេច​មក​ក្រោយ​វិញ​ខាំ​ពាំ​អណ្ដើក​នោះ​បោល​ចូល​ព្រៃ​ទៅ អោយ​រួច​ពី​ដៃ​អាព្រាន​ព្រៃនោះ​។ អែ​ស្មាន់​ក៏​ធ្វើ​តាម​ពាក្យ​ក្អែក​បង្គាប់​នោះ​ ឯ​លុះ​ស្មាន់​បោល​ទៅ​ជិត​នាយ​ព្រាន​ហើយ ក៏​ធ្វើ​អាការ​ជា​សត្វ​បាក់​ជើង​ម្ខាង បោល​​បោះ​តែ​ជើង​៣ ចំពោះ​មុខ​ព្រាន​ព្រៃ​នោះ​អែង អែ​នាយ​ព្រាន​ពុំ​ដឹង​អាកា​រ​សត្វ​ក៏​សំគាត់​ថា ស្មាន់​នេះ​ត្រូវ​អន្ទាក់​វា​ខំ​កន្ដ្រាក់​ទាល់​តែ​ដាច់​បាន ទំនង​ជា​វា​បាក់ជើង​នេះ ព្រោះ​ខ្សែ​អន្ទាក់​អញ​វា​វត់ត្រូវ​នោះ​អែង គិត​ហើយ​នាយ​ព្រាន​ក៏​ដេញ​ទៅ​ដើម្បី​នឹង​ប្រហារ​។

អែ​ស្មាន់​បែរ​មក​ឃើញ​នាយ​ព្រាន​មិន​ទាន់​ដាក់​អណ្ដើក​ចោល​ដូច្នោះ ក៏​ក្លែង​ធ្វើ​ជា​ពុំ​លឿន​បោល​ទៅ​បន្ដិច​ៗ នាយ​ព្រាន​ចូល​ចិត្ដ​ថា​ស្មាន់​ពិការ​ជើង​បោល​ពុំលឿន​ដូច្នោះ ក៏​គិត​ថា អញ​ប្រយោជន៍​អ្វី​នឹង​អា​អណ្ដើក​១ សាច់​វា​ស្ល​ស៊ីបាន​​តែ​ព្រឹក​ល្ងាច​ប៉ុណ្ណោះ​គួរ​តែ​ចោល​វា​ចេញ​ចុះ​ នឹង​ខំ​រត់​ដេញ​ចាប់​អាស្មាន់​អោយ​បាន ត្បិត​វា​ជា​សត្វ​ធំ សាច់​ច្រើន​លើស​អា​អណ្ដើក​នេះ គិត​ហើយ​នាយ​ព្រាន​ ក៏​ចោល​អណ្ដើក​នោះ​នៅ​លើ​គុម្ព​ស្បូវ ហើយ​រត់​តាម​ស្មាន់​នោះ​ទៅ​។ អែ​ស្មាន់​ដឹង​ថា​នាយ​ព្រាន​ចោល​អណ្ដើក​ហើយ ក៏​រឹង​ធ្វើ​កល​បោល​ជន្ល​នាយ​ព្រាន​ អោយ​ដេញ​ចេញ​ទៅ​ផុត​​ព្រៃ​ស្បូវ​បាន អោកាស​ហើយ ស្មាន់​ក៏​បោល​គេច​មក​ក្រោយ​បាន​ទៅ​ដល់​អណ្ដើក​ហើយ ក៏​ពាំ​អណ្ដើក​នោះ​បោល​បោះ​ផ្លោះ​ចូល ទៅ​ក្នុង​ព្រៃ​នោះ​ជា​សុខស​ប្បាយ​ហោង។ រឿង​និទាន​នេះ​អែង​យល់​ចុះ​ក្នុង​គតិ​យ៉ាង​ណា​ចូរ​ថា​ទៅ​មើល​?​

កូន​សិស្ស​ក៏​តប​ថា រឿង​នេះ ចុះ​គតិ​កល្យាន​មិត្ដ​ល្អ​បុគ្គល​អែ​ណា​បាន​មិត្រ​ល្អ យ៉ាង​ក្អែក​និង​អណ្ដើក​ដែល​ជួយ​ដោះ​ស្មាន់ ជា​មិត្រ​អោយ​រួច​ចាក​ទុក្ខ​បាន​បុគ្គល​នោះ​ហៅ​ថា​មិត្ដ​ល្អ គួរ​គប្បី​សេព​គប់ ក៏​អែ​មិត្រ​នេះ​លោក​សំដែង​ថា កុល​បុត្រ​គប្បី​បំរុង​ដោយ​ស្ថាន​៥​ប្រការ​ គឺ​បែង​ចែក​វត្ថុ​អោយ​១ និយាយ​ចរ​ចា​ពាក្យ​ពី​រោះ​១ ប្រ​ព្រឹត្ដ​ប្រយោជន៍​១ ភាវ​ជា​អ្នក​មាន​ធុរៈ​រឺ​ខ្លួន​ស្មើ​ជា​ប្រក្រ​តី​១ មិន​ក្លែង​ពោល​ពាក្យ​អោយ​ឃ្លៀង​ឃ្លាត​ចាក​ក្ដី​ពិត​១​។

មិត្ដ​បាន​ទទួល​បំរុង​ដូច្នេះ​ហើយ​ត្រូវ​អនុ​គ្រោះ​កុល​បុត្រ​នោះ​ដោយ​ស្ថាន​៥​ប្រការ​វិញ គឺ​ឃើញ​មិត្ដ​នោះ ដល់​នូវ​ក្ដី​លំបាក នា​ទី​ស្ថាន​អែណា​មួយ​ហើយ​ស៊ូ​នៅ​រក្សា​មិត្រ ពុំ​គិត​លះ​ចោល​យ៉ាង​នេះ​ប្រការ​១ ជួយ​រក្សា​ទ្រព្យ​សម្បត្ដិ​របស់​មិត្ដ​ ដែល​មិត្រ​លុះ​ក្ដី​ប្រមាទ​១ កាល​បើ​មាន​ភ័យ ទទួល​ជា​ទី​ពឹង​ពុំ​នាក់​បាន​១ មិន​លះ​ចោល​មិត្ដ​ក្នុង​កាល​វិបត្ដិ មាន​កាល​ស្រូវ​ថ្លៃ​ជា​ដើម​១ រាប់​អាន​រហូត​ដល់​វង្ស​ញាតិ​របស់​មិត្ដ​១ ត្រូវ​ជា​ស្ថាន​៥​ប្រការ​ហោង​។ បុគ្គល​ក្នុង​លោក គប្បី​រក​មិត្ដ​មាន​ធម៌​អនុ​គ្រោះ​៥​ប្រការ ដូច​សំដែង​មក​នេះ ទើប​បាន​ក្ដី​សួ​ស្ដី​មង្គល​ ចំរើន​ក្ដី​សុខ​សំរាន្ដ​ដូច​សត្វ​ទាំង​៣នោះ​ហោង​។ ចប់​តំរាគ​តិសុភ​មិត្ដ



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad