គតិលោក ភាគ៦: រឿង៖ លា និងឆ្កែមានចៅហ្វាយរួមគ្នា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៦: រឿង៖ លា និងឆ្កែមានចៅហ្វាយរួមគ្នា


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងលា និងឆ្កែមានចៅហ្វាយរួមគ្នា
និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សេស មាន​នាយ​ដង្ខៅ​ម្នាក់ ផ្ទុក​គ្រឿង​ស្បៀង​អាហារ​ក្នុង​តាង​ដាក់​លើ​ខ្នង​លា មាន​សុនខ​ស្រុក​មួយ​ទៅ​ជា​មួយ​គ្នា លុះ​ទៅ​ដល់​ទី​វាល​មួយ​មាន​ដើម​ឈើ​ដុះ​ល្បោះ​ៗ​ នាយ​ដង្ខៅ​នោះ​ ក៏​ឈប់​សំរាក​កំលាំង​ ដោយ​ពេល​វេលា​នោះ​ជា​ពេល​ថ្ងៃ​ត្រង់​ ទើប​ចូល​ដេក​សំរាក​ក្រោម​ដើម​ឈើ​ធំ លែង​សត្វ​លា​អោយ​ស៊ី​ស្មៅ​ ប្រើ​ឆ្កែ​អោយ​នៅ​ឃ្វាល​លា​ និង​អោយ​មើល​ហេតុ​អន្ដ​រាយ​អែ​ទៀត​ៗ​ផង​។ អែ​សុនខ​កើត​ឃ្លាន​បាយ ក៏​និយាយ​នឹង​លា​នោះ​ថា ​អា​ភឿន​អើយ​ គ្នា​ឃ្លាន​បាយ​ណាស់​ ចូរ​អែង​អោន​ខ្លួន​ចុះ​បន្ទាប​ខ្នង​បន្ដិច​ អោយ​គ្នា​​យក​​បាយ​ក្នុង​តាង​​នោះ​អា​ស្រ័យ​។ អែ​លា​លឺ​ឆ្កែ​សុំ​បាយ​ដូច្នោះ​ ក៏​មិន​ចង់​អោយ​ដោយ​ខ្លាច​នាយ​ផង ទើប​តប​ថា «​ពេល​នេះ​មិន​ត្រូវ​ចៅ​ស៊ី​ទេ​ ចាំ​ដល់​ល្ងាច​សិន​ សឹម​យើង​ដាក់​អោយ​ស៊ី​»​។ សុនខ​ក៏​អង្វរ​ថា «​គ្នា​ឃ្លាន​ណាស់​ចាំ​​ល្ងាច​ពុំ​បាន​ទេ​ ចូរ​អាភឿន​ដាក់​មក​អោយ​គ្នា​ស៊ី​សិន​»​។ លា​ក៏​តប​ទៅ​វិញ​ថា «​ចាំ​នាយ​គាត់​ភ្ញាក់​សិន​ចុះ សឹម​ស៊ី​ វេលា​នេះ​យើង​មិន​ហ៊ាន​អោយ​ទេ​»​។ សុនខ​នោះ​បាន​លឺ​ថា​លា​មិន​ព្រម​អោយ​ដូច្នោះ​ ក៏​តូច​ចិត្ដ គិត​ខឹង​នឹង​លា តែ​ពុំ​ហ៊ាន​ថា​អ្វី​ទៅ​ទៀត​។ អែ​លា​នោះ​ដើរ​រក​ស៊ី​ស្មៅ​ស៊ី​ស្លឹក​ឈើ​រៀង​ៗ​ទៅ​ដល់​ជាយ​ព្រៃ​ធំ​១​។ កាល​នោះ​មាន​ឆ្កែ​ព្រៃ​មួយ​បា​ន​ឃើញ​លា​មក​ស៊ី​ស្មៅ​តែ​អែង​ ក៏​បោល​មក​នឹង​ខាំ​លា​ជា​អាហារ លា​ឃើញ​ឆ្កែ​ព្រៃ​ដេញ​មក​ដូច្នោះ​ ក៏​ភិត​ភ័យ​តក់​ស្លុត​រត់​មក​ត្រង់​ឆ្កែ​ស្រុក​ ហើយ​ហៅ​ឆ្កែ​ស្រុក​ថា «សំលាញ់​អើយ​ជួយ​គ្នា​ផង​ឆ្កែ​ព្រៃ​វា​ដេញ​ខាំ​គ្នា​ហើយ​»​។ អែ​សុនខ​ស្រុក​ក៏​ស្ដី​ផ្ចាល​ទៅ​ ថា​ «​អើ​លា​អើយ​កាល​អញ​សុំ​​បាយ​ស៊ី អែង​ថា​ចាំ​នាយ​គាត់​ក្រោក​ ឥលូវ​មាន​ភ័យ​ដល់​មក​ អញ​ចាំ​នាយ​គាត់​មក​ដែរ​ ទើប​អញ​ជួយ​បាន​» ថា​ហើយ​សុនខ​ ក៏​ធ្វើ​ជា​ពុំ​នាំ​ពា​តាំង​អង្គុយ​នៅ​មើល​តែ​ពី​ចំងាយ​ហោង​។ អែ​លា​ក៏​ភិត​ភ័យ​ក្រៃ​ពេក​ណាស់ ឆ្កែ​រិត​តែ​បោល​ខាំ​អំពី​ក្រោយ​ត្របាក់​ កែង​ផុត​ៗ លា​នោះ​ក៏​រឹង​រិត​តែ​ភ័យ​ខ្លាំង​ តាំង​បោល​បោះ​ផ្លោះ​ទៅ​អែ​ដើម​ឈើ​ធំ ដែល​នាយ​ដង្ខៅ​ដេក​នោះ​អែង​ ដល់​ហើយ​ក៏​ស្រែក​ហៅ​នាយ​អោយ​ជួយ​អាត្មា​ អែ​នាយ​ដង្ខៅ​បាន​លឺ​សូរ​លា​ស្រែក​ដូច្នោះ​ ក៏​ភ្ញាក់​ក្រោក​ឡើង​ម្នី​ម្នា​បែរ​ទៅ​ឃើញ​ឆ្កែ​ព្រៃ​ដេញ​ខាំ​លា​ ក៏​ស្រែ​ហៅ​សុនខ​​ស្រុក​អោយ​ជួយ​លា​ជា​ប្រ​ញាប់​។

អែ​សុនខ​ស្រុក បាន​លឺ​នាយ​ហៅ​អោយ​ជួយ​លា​ដូច្នោះ​ក៏​ស្ទុះ​ម្នី​ម្នា​បោល​ទៅ​ដេញ​ខាំ​ឆ្កែ​ព្រៃ ​ៗ​ ឃើញ​ឆ្កែ​ស្រុក ក៏​ខ្លាច​ ពុំ​អាច​បោល​ដេញ​លា​ទៅ​ ទៀត​ឡើយ​ ស្ទុះ​រត់​ចូល​ព្រៃ​បោល​ទៅ​កាន់​លំ​នៅ​អាត្មា​វិញ​ហោង​។ អែ​នាយ​ដង្ខៅ​ កាល​ឆ្កែ​ព្រៃ​បោល​បាត់​ទៅ​វិញ​ហើយ​ ទើប​ហៅ​លា​ និង​ឆ្កែ​ ស្រុក​ចូល​មក​សាក​សួរ​ហេតុ​នោះ​ថា «លា​អែង​អញ​អោយ​ទៅ​ស៊ី​ស្មៅ​ បាន​អោយ​ឆ្កែ​ទៅ​ឃ្វាល​ជួយ​មើល​ក្ដី​អន្ដ​រាយ​ផង ឥលូវ​ឆ្កែ​ព្រៃ​វា​ដេញ​ខាំ​ខ្លួន តើ​ហេតុ​អ្វី​ខ្លួន​ក៏​មិន​ទៅ​រក​ឆ្កែ​ស្រុក​អោយ​គេ​ជួយ​ ត្រលប់​បោល​មក​រក​អញ​វិញ​ អញ​បាន​ផ្ដាំ​ថា អែង​ទៅ​រក​ស៊ី​ចុះ គ្នា​សុំ​ដេក​សំរាក​កំលាំង​បន្ដិច​ ល្មម​ដល់​ពេល​ត្រ​ជាក់​បន្ដិច​ នឹង​លើក​បរ​ទៅ​ទៀត​។​

អែ​លា​ក៏​តប​ឡើង​ថា «កាល​ឆ្កែ​ព្រៃ​វា​ដេញ​នោះ​ ខ្ញុំ​បាន​រត់​ទៅ​រក​ឆ្កែ​ស្រុក បាន​ស្រែក​ហៅ​អោយ​ជួយ​ ឆ្កែ​ស្រុក​គេ​ពុំ​ជួយ​ឡើយ គេ​ត្រលប់​ថា ចាំ​នាយ​ភ្ញាក់​សិន​ទើប​គេ​ជួយ​ ឆ្កែ​ស្រុក​គេ​ពុំ​នាំ​ពា​យ៉ាង​នេះ បាន​ជា​ខ្ញុំ​បាទ​រត់​មក​រក​នាយ​អោយ​ជួយ​»​។ នាយ​ដង្ខៅ​លឺ​លា​ថា​ដូច្នោះ​ក៏​សួរ​ទៅ​ឆ្កែ​​វិញ​ថា «ម្ដេច​អែង​មិន​ជួយ​លា អញ​បាន​ផ្ដាំ​ផ្ដាច់​ថា​អោយ​មើល​ក្ដី​អន្ដ​រាយ​ផង​»​

ឆ្កែ​ស្រុក​ឆ្លើយ​អោយ​ការ​ថា «កាល​ខ្ញុំ​បាទ​ឃ្លាន​បាយ​ខ្ញុំ​បាទ​បាន​សុំ​លា​ថា គ្នា​​ឃ្លាន​បាយ​ណាស់ ចូរ​អែង​បង្អោន​ខ្លួន​បន្ដិច​ គ្នា​នឹង​យក​បាយ​កក​អា​ស្រ័យ​​នោះ​លា​ពុំ​អោយ​ឡើយ​ គេ​ថា​ចាំ​នាយ​ភ្ញាក់​សិន​សឹម​ស៊ី​ចុះ​ ខ្ញុំ​បាទ​នឹក​ខឹង​នឹង​លា​យ៉ាង​នេះ​ ដល់​ឆ្កែ​ព្រៃ​វា​ដេញ​លា​មក​ លា​ស្រែក​ហៅ​ អោយ​ខ្ញុំ​ជួយ​ ខ្ញុំ​បាទ​ក៏​តប​ពាក្យ​គេ​វិញ​ថា ចាំ​នាយ​ភ្ញាក់​សិន​សឹម​ជួយ​ ពាក្យ​ខ្ញុំ​បាទ​ថា​នោះ​គឺ ថា​តែ​តាម​ពាក្យ​លា​ដែល​ពោល​មុន​នោះ​អែង​ សូម​នាយ​ជំរះ​ក្ដី​នេះ​អោយ​ឃើញ​ខុស​ត្រូវ​យុត្ដិ​ធម៌​ចុះ​» នាយ​ដង្ខៅ​សួរ​ទៅ​លា​វិញ​ថា «អើ​លា​ហេតុ​អ្វី​ឆ្កែ​គ្នា​សុំ​បាយ​កក​ស៊ី ម៉េច​ចៅ​មិន​អោយ​ស៊ី​​ទៅ​ហះ​»​

លា​តប​ទៅ​វិញ​ថា «​បាន​ជា​ខ្ញុំ​មិន​ទាន់​អោយ​នោះ​ព្រោះ​ខុស​កាល​វេលា​ គឺ​ពេល​ព្រឹក​លោក​នាយ និង​ឆ្កែ​នេះ​បាន​បរិ​ភោគ​រួច​ហើយ ពេល​ថ្ងៃ​ត្រង់​លោក​នាយ​មិន​ដែល​ពិសា​ៗ​តែ​ដល់​ពេល​ល្ងាច​តែ​ម្ដង វា​ក៏​ស៊ី​ត្រូវ​ពេល​នឹង​នាយ​ដែរ កាល​ឆ្កែ​វា​សុំ​បាយ​ស៊ី​នោះ​គឺ​ជា​ពេល​ថ្ងៃ​ត្រង់​ ឆ្កែ​ឃ្លាន​ អិត​របប​ខុស​ពេល​នាយ​ពិសា​ ហេតុ​នោះ​ខ្ញុំ​អោយ​វា​ស៊ី​ម្ដេច​​បាន​ បាន​ជា​ខ្ញុំ​បាទ​ថា​ដូច្នេះ​ ព្រោះ​បាយ​ត្រី​អស់​នេះ​ជា​របស់​ផង់​នាយ​​នាយ​អនុញ្ញាត​​អោយ​ ទើប​ខ្ញុំ​បាទ​ហ៊ាន​ដាក់​អោយ​ នឹង​ចាត់​ចែង​អោយ​ដោយ​ចិត្ដ​អែង​អែ​ណា​ក៏​បាន​ វិស័យ​អ្នក​នៅ​នឹង​នាយ​ចៅ​ហ្វាយ​ រឺ​នៅ​នឹង​សំណាក់​គ្រូ​អាចារ្យ​ លោក​អោយ​អែង​ទទួល​ទុក​ដាក់​ស្បៀង​អាហារ​ រឺ​ទ្រព្យ​សម្បត្ដិ​អែ​ណា​នីមួយ​ ត្រូវ​តែ​រក្សា​ថែ​ទាំ​របស់​អស់​​នោះ​ កុំ​អោយ​វិនាស​ទៅ​ដោយ​ការ​មិន​គួរ​បង់​ មែន​បើ​នាយ​ចៅ​ហ្វាយ រឺ​គ្រូ​អាចារ្យ​លោក​បង្គាប់​ថា​ អោយ​នរ​ណាៗ​នោះ​ទើប​អាច​នាំ​ចេញ​អោយ​ទៅ​អ្នក​នោះ​ៗ​បាន មួយ​ទៀត​អ្នក​រក្សា​ទ្រព្យ​សម្បត្ដិ​នាយ​ចៅ​ហ្វាយ​នេះ​ ត្រូវ​អោយ​ដឹង​វត្ថុ​នោះ​ៗ​ផង គឺ​វត្ថុ​ណា ចំណី​ណា​ ទុក​យូរ​ទៅ​ពុំ​បាន ល្មម​ប្រាប់​នាយ​ រឺ​រក​នាយ​នឹង​​ប្រាប់​ពុំ​ឃើញ​ក្ដី​ ក៏​គប្បី​យក​មក​ចែក​ចាយ​អោយ​ភឿន​ផង​អាស្រ័យ​ទៅ​ក៏​គួរ​ ព្រោះ​វត្ថុ​ចំណី​នោះ​ ទុក​ទៅ​នឹង​ខូច​ អសារ​អិត​ការ​ចោល​បង្សៀត​​ ខ្ញុំ​បាទ​កាន់​ច្បាប់​យ៉ាង​នេះ​ បាន​ជា​សុនខ​សុំ​បាយ​ស៊ី​ខ្ញុំ​បាទ​មិន​ហ៊ាន​អោយ​»​

អែ​នាយ​ដង្ខៅ​បាន​លឺ​ពាក្យ​លា ពោល​ត្រូវ​ច្បាប់​ដូច្នោះ​ក៏​ត្រេក​អរ ទើប​និយាយ​ទៅ​នឹង​ឆ្កែ​ថា «អើ​បា​សុនខ, លា​និយាយ​អោយ​ការ​នេះ​ត្រូវ​ច្បាប់​ល្អ​ហើយ​ ចៅ​អែង​តើ​សុខ​ចិត្ដ​ចាញ់​ប្រៀប​ហើយ​រឺ ​ៗ​ ពុំ​សុខ​ចិត្ដ​យ៉ាង​ណា ចូរ​ថា​ទៀត​ចុះ​» អែ​សុនខ​ក៏​តប​ថា «​ខ្ញុំ​បាទ​ពុំ​សុខ​ចិត្ដ​ចាញ់​លា​នេះ​​ទេ​ ព្រោះ​លា​វា​ថា​លោក​នាយ​ និង​​ខ្ញុំ​បាទ​បរិ​ភោគ​អាហារ​មាន​ពេល​វេលា​ គឺ​បរិ​ភោគ​តែ​ព្រឹក​ និង​ល្ងាច​ អែ​ពេល​ថ្ងៃ​ត្រង់​ ថ្ងៃ​រសៀល​បរិ​ភោគ​ពុំ​បាន​ចុះ​ត្រង់​រូប​លា​នេះ ម៉េច​ក៏​ស៊ី​ស្មៅ​ស៊ី​ស្លឹក​ឈើ​តែ​វល់​ល្ងាច​ ព្រឹក​ក៏​ស៊ី ថ្ងៃ​ក៏​ស៊ី ល្ងាច​ក៏​ស៊ី​ ស៊ី​គ្មាន​ពេល​ឈប់​សោះ​ ត្រង់​យើង​ម្ដេច​ក៏​ចាំ​​បាច់​មាន​ពេល​វេលា​ នេះ​បទ​១ ​មួយ​ទៀត​ពាក្យ​លា​ថា​ អ្នក​រក្សា​ទ្រព្យ​របស់​នាយ​ចៅ​ហ្វាយ​ត្រូវ​ដឹង​វត្ថុ​ដែល​ទុក​យូរ​បាន និង​ទុក​យូរ​មិន​បាន​ វត្ថុ​ណា​ទុក​យូរ​មិន​បាន​ នឹង​ខូច​ចោលនោះត្រូវអ្នករក្សាប្រាប់នាយ រឺ បើរកនាយនឹងប្រាប់មិនឃើញទេ ត្រូវនាំចេញមកអោយពួកភឿនអាស្រ័យ សិនក៏គួរ អើយ៉ាងដូចបាយកកនេះ ជាវត្ថុសំនល់សល់អំពីព្រឹក ទុកយូរទៅពុំបាន នឹងផ្អូមខូចចោលបង់ អែខ្ញុំបាទសុំបាយកកនេះអាស្រ័យ ហេតុ​ម្ដេច​លា​មិន​អោយ​ខ្ញុំ​បាទ​ ខ្ញុំ​បាទ​នឹង​បាន​សុំ​វត្ថុ​ដែល​ទុក​យូរ​បាន​ រឺ ចំណី​ថ្មោង​កាល​ណា​សូម​លោក​នាយ​ពិចារ​ណា​ត្រង់​បទ​នេះ​អោយ​ទាន​ តាម​​ពាក្យ​ដែល​លា​ដោះ​ស្រាយ​មក​នោះ​មើល​?​

អែ​លា​បាន​លឺ​ឆ្កែ​កែ​សំនួន​ស្រប​តាម​ពាក្យ​ខ្លះ​ដូច្នោះ​ ក៏​ឆ្លើយ​កាត់​ឡើង​ថា «នែ​ចៅ​សុនខ អែ​ពាក្យ​យើង​ថា​ខ្លួន​លោក​នាយ និង​តួ​ចៅ​អែង​បរិ​ភោក​មាន​ពេល​វេលា ត្រង់​យើង​ជា​សត្វ​លា​ស៊ី​ស្មៅ​ ស៊ី​ស្លឹក​ឈើ​មិន​មាន​ពេល​នេះ ព្រោះ​អាហារ​ចំណី​ខុស​គ្នា ខាង​ចៅ​អែង​បរិ​ភោគ​បាយ​ត្រី​ សាច់​ ជា​អាហារ​ ៗ​នេះ​តែ​បើ​បរិ​ភោគ​ឆ្អែត​ហើយ មិន​បាច់​ឈប់​មក​ទំពា​អៀង​លំ​អិត​ទៀត​ឡើយ​ អែ​ខាង​យើង​ជា​ពួក​គោ ក្របី បរិ​ភោគ​ស្មៅ​ជា​អាហារ​ ៗ​នេះ​តែ​បរិ​ភោគ​ឆ្អែត​ហើយ​ ត្រូវ​ឈប់​រើ​ចេញ​មក​ទំពា​អៀង​ទាល់​តែ​ល្អិត​ កាល​ល្អិត​ហើយ​អាហារ​នោះ​តិច​ចុះ មិន​ពេញ​ ពោះ​ទៅ​វិញ​ ហេតុ​នោះ​ ទើប​យើង​ពួក​គោ ក្របី បរិ​ភោគ​ពុំ​មាន​ពេល​ឈប់​យូរ​ដល់​ល្ងាច​បាន​ មួយ​ទៀត​ តិណ​ជាតិ​ទាំង​ឡាយ សឹង​ដុះ​ដាស​ពាស​ទួ​ទៅ​ទាំង​ធរណី​ បណ្ដា​សត្វ​ព្រៃ​ក្ដី សត្វ​ស្រុក​ក្ដី​ត្រូវ​ការ​អា​ស្រ័យ មិន​ចាំ​ទិញ​ដូរ ​រឺ​ សុំ​នរ​ណា​ទេ ត្រូវ​ស៊ី​បាន​អិត​ថ្លៃ ក៏​អែ​អាហារ​បាយ​ ត្រី​ សាច់​ ចំណែក​ខាង​មនុស្ស​ រឺ​ សត្វ​ដែល​ត្រូវ​ស៊ី​នោះ សឹង​បាន​មក​ដោយ​ទិញ​ដូរ​គេ​ទើប​បាន​មក នឹង​ទៅ​បរិ​ភោគ​អិត​ពេល​អិត​វេលា ដូច​យ៉ាង​ស្មៅ​នោះ​ពុំ​បាន​ ជា​ការ​ចុះ​ទុន​ច្រើន​ៗ​ នាំ​អោយ​បាន​ក្ដី​ក្រ​លំបាក​ទៅ​ខាង​មុខ​ មួយ​ទៀត​ទោះ​សត្វ​ស៊ី​ស្មៅ​ក្ដី​ ស៊ី​បាយ​ក្ដី​តែ​មាន​ម្ចាស់​ចាត់​អោយ​ស៊ី​ យ៉ាង​ណា​ក៏​តោង​ប្រ​ព្រឹត្ដ​តាម​ការ​របស់​ម្ចាស់​នោះ​អែង​ មួយ​ទៀត​ឆ្កែ​ពោល​ពាក្យ​ថា​ បាយ​កក​ជា​បាយ​សំណល់​ ជា​វត្ថុ​ទុក​យូរ​ពុំ​បាន​ក៏​ពិត​មែន​ តែ​ទុក​ទៅ​ត្រឹម​ពេល​ល្ងាច​ ក៏​មិន​ទាន់​ផ្អូម​ខូច​ដែរ​ នៅ​អាស្រ័យ​ទៀត​បាន ហេតុ​នោះ​បាន​ជា​យើង​មិន​អោយ យើង​ចាំ​ជំរាប​នាយ​សិន​ ជា​គាត់​អោយ​ រឺ​មិន​អោយ​ក៏​តាម​ចិត្ដ​លោក​នាយ​ចុះ​»​

អែ​នាយ​ដង្ខៅ​ លឺ​សត្វ​ទាំង​ពីរ​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នោះ​ ក៏​ឆ្លើយ​កាត់​ឡើង​ថា «ការ​អស់​នេះ​ ជា​ទោស​ខុស​ធ្លាក់​មក​លើ​អញ​ជា​នាយ​វិញ​ចុះ​ ព្រោះ​អញ​មិន​បាន​មើល​កល​ មើល​ការ​ផ្ដាក់​ផ្ទុក​ផ្ដាំ​លា​អោយ​បែង​បាយ​ថ្ងៃ​ ចែក​អោយ​ឆ្កែ​គ្នា​ស៊ី​ផង អើ​ពី​ថ្ងៃ​នេះ​ទៅ​លា​អែង​មើល​ ពេល​ គួរ​អោយ​ឆ្កែ​គ្នា​បាន​អាស្រ័យ​ផង​ចុះ​» ថា​ហើយ​នាយ​ដង្ខៅ​ ក៏​រៀប​ប្រដាប់​លើក​ដាក់​លើ​តាង​លា​បរ​លា​ទៅ​កាន់​ស្រុក​នៃ​អាត្មា​ហោង​។ រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​នៅ​នឹង​នាយ​ចៅ​ហ្វាយ រឺ​គ្រូ​អាចារ្យ​ ដែល​លោក​អោយ​ខ្លួន​រក្សា​ទ្រព្យ​សម្បត្ដិ​ គួរ​យក​គតិ​លា​ជា​ច្បាប់​នៃ​អា​ ត្មា​ ទើប​បាន​ក្ដី​គាប់​ក្នុង​លោ​កិយ​នេះ​ហោង​។

ចប់តំរាអ្នករក្សាទ្រពនាយទី៣៣


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad