គតិលោក ភាគ៦: រឿង៖ ជើងដៃច្រណែន នឹងមាត់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៦: រឿង៖ ជើងដៃច្រណែន នឹងមាត់


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងជើងដៃច្រណែន នឹងមាត់
និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សេស មាន​កាល​ថ្ងៃ​១​ ពួក​អវ​យវ​ទាំង​ឡាយ​គឺ​ដៃ​ពីរ​ ជើង​ពីរ​ មាត់​មួយ​ នាំ​គ្នា​និយាយ​ថា «យើង​សព្វ​ថ្ងៃ​នេះ​លំបាក​ នឹង​ប្រកប​ការ​រក​ស៊ី​ណាស់​»​។ ជើង​ទាំង​ពីរ​ឆ្លើយ​ថា «ខ្ញុំ​អែង​នេះ​ព្រឹក​​ឡើង​កាល​ណា ​រវល់​តែ​នឹង​ដើរ​ទៅ​អែ​នោះ​ខ្លះ​ អែ​នេះ​ខ្លះ​មិន​ចេះ​ឈប់​ឈរ​ឡើយ​» ដៃ​ទាំង​ពីរ​ឆ្លើយ​ឡើង​ថា «​ខ្ញុំ​អែង​ ក៏​រវល់​មិន​មាន​អោ​កាស​ឈប់​សោះ​ វៀរ​តែ​ដេក​លក់​ទើប​បាន​ឈប់​ តែ​ភ្ញាក់​ឡើង​កាល​​ណា​រវល់​តែ​ចាប់​នេះ​ចាប់​នោះ​ មិន​ចេះ​អស់​ដោយ​ហោច​ទៅ​ តែ​​ត្រឹម​ស៊ី​បាយ ស៊ី​ចំណី​អ្វី​ៗ ដៃ​ក៏​រវល់​ចាប់​ចំណី​បញ្ចុក​មាត់​ដែរ​»​ មាត់​ឆ្លើយ​ឡើង​ថា «​ខ្ញុំ​អែង​ក៏​រវល់​មិន​ឈប់​ដូច​គ្នា​ តែ​ភ្ញាក់​ឡើង​កាល​ណា ចរ​ចា​និយាយ​ថា​នេះ​​ថា​​នោះ​ទៅ​ផ្សេង​ៗ ដោយ​ហោច​ទៅ​តែ​ត្រឹម​បរិ​ភោគ​អ្វី​ៗ មាត់​ក៏​រវល់​ទំពា​ រវល់​លេប​អាហារ​បញ្ចូល​ទៅ​ ការ​ភ្នាក់​ងារ​ខ្ញុំ​អែង​មាន​សភាព​យ៉ាង​នេះ​»​។ ជើង​ដៃ​បាន​លឺ​ដូច្នោះ​ ក៏​សួរ​ទៅ​មាត់​ថា «អាហារ​នោះ​ តើ​ធ្លាក់​ទៅ​នៅ​លើ​រូប​ណា​? មាត់​ប្រាប់​ថា «អាហារ​អស់​នោះ​ តែ​ស៊ី​ហើយ ក៏​ធ្លាក់​ទៅ​នៅ​លើ​ក្រពះ​ទាំង​អស់​»​។ អើ​សព្វ​អាហារ​ ដែល​ពួក​យើង​បាន​មក​ដោយ​ដើរ​ដោយ​ចាប់​កាន់​ដោយ​ទំពា​ ហើយ​លេប​ចូល​ទៅ​ គឺ​ទៅ​នៅ​លើ​ក្រពះ​ទាំង​អស់ អា​ក្រពះ​នោះ​តើ​ជា​វា​មក​ជួយ​ធ្វើ​ការ​អ្វី​ខ្លះ​ដែរ​ រឺ​វា​នៅ​ស្ងៀម​ព្រ​ងើយ​កន្ដើយ​ទេ​? មាត់​ប្រាប់​ថា «អា​ក្រពះ​នោះ​វា​នៅ​ស្ងៀម​ទទេ​​ទេ​ វា​នឹង​បាន​ជួយ​កិច្ច​អ្វី​ក៏​អិត​អង្គឺ​មាន​។

ទើប​ជើង​ឆ្លើយ​ឡើង​ថា «​អញ​រវល់​ដើរ​ទៅ​រក​ស៊ី​បាន​អាហារ​ៗ​ នោះ​ក៏​គួរ​ធ្លាក់​មក​លើ​អញ​អេះ​ នេះ​ម្ដេច​ឡើយ​ក៏​បាន​ទៅ​អា​ក្រពះ​ ដែល​វា​នៅ​​ស្ងៀម​នោះ​វិញ​ បើ​ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ​ អញ​លែង​ដើរ​រក​ស៊ី​ទៀត​ហើយ​» អែ​ដៃ​ក៏​ពោល​ថា អញ​ខំ​ធ្វើ​ការ​សព្វ​សារ​ពើ​សព្វ​ថ្ងៃ​នេះ​ អាហារ​សោត​ ក៏​ធ្លាក់​បាន​ទៅ​លើ​អា​ក្រពះ​នោះ​វិញ​ បើ​ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ​ អញ​លែង​ចាប់​ពាល់​កាន់​អ្វី​ៗ​ហើយ ទុក​អោយ​អា​ក្រពះ​វា​ចេញ​មក​ធ្វើ​ការ​ដាំ​ស្ល​ដាក់​ពោះ​វា​ចុះ​» អែ​មាត់​ក៏​ពោល​ឡើង​ថា «​អញ​សោត​ខំ​និយាយ​ជេរ​ពោល​ប្រ​ទេច​ ខំ​ស៊ី ខំ​ទំពា​ ខំ​លេប​ អែ​អាហារ​ក៏​ពុំ​តាំង​នៅ​លើ​ខ្លួន​អញ​ វា​ត្រ​លប់​បាន​ទៅ​អា​ក្រពះ​នោះ​វិញ អា​ក្រពះ​វា​គ្មាន​ជួយ​ធ្វើ​ការ​អ្វី​សោះ អើ​ពី​ថ្ងៃ​នេះ​ទៅ​ អញ​លែង​និយាយ​ លែង​ពោល លែង​ទំពា​ស៊ី​អ្វី​ៗ​ហើយ​ ទុក​អោយ​អា​ក្រពះ​ វា​ក្រៀម​ស្វិត​ពោះ​វា​ចុះ​ទើប​សម​មុខ​វា ដែល​វា​កំជិល​ធ្វើ​ការ​នេះ​»​

អែ​អវ​យវ​ទាំង​៣ និយាយ​ត្រូវ​គំនិត​គ្នា​ហើយ​ទើប​ចូល​ដេក​លើ​គ្រែ លែង​ប្រកប​ការ​ជា​ភ្នាក់​ងារ​ខ្លួន​ទី​ទៃ​ៗ​ពី​ថ្ងៃ​នោះ​ហោង​។ អែ​ក្រពះ​នោះ​កាល​អវ​យវ​ក្រៅ​មិន​បញ្ជូន​អាហារ​ទៅ​អោយ​ដូច្នោះ​ហើយ ក៏​កើត​ស្ងួត​ក្រៀម​ ភ្លើង​តេ​ជោ​ធាតុ​ពុំ​មាន​អាហារ​ នឹង​ដុត​ផ្សាយ​ទៅ​សព្វ​សកល​កាយ​​បាន​ សកល​កាយ​នោះ​ កាល​បើ​ពុំ​មាន​រស​អាហារ​នឹង​ផ្សាយ​ហើយ​ វា​យោ​ធាតុ​ក៏​មាន​កំលាំង​​អាច​ផាត់​អបោ​​ធាតុ អោយ​រីង​ស្ងួត​ស្វិត​ទៅ​ខ្លះ​ កាល​បើ​ធាតុ​ប្រែ​ប្រួល​ពុំ​ប្រក្រ​តី​ហើយ​ អែ​អវ​យវ​ទាំង​ឡាយ​ក៏​ស្វិត​ស្គម​រីង​ទៅ​ វាត​សមុដ្ឋា​នា​ពាធ​ ក៏​បៀត​បៀន​ធ្វើ​អោយ​ចុក​សៀត​ទៅ​ផ្សេង​ៗ អែ​ដៃ​ជើង​មាត់​ទាំង​៣​ពួក កាល​ណា​បើ​កើត​វិបត្ដិ​ដល់​ខ្លួន​ទី​ទៃ​ៗ​ហើយ​ ពុំ​អាច​នឹង​តាំង​នៅ​ជា​ប្រ​ក្រ​តី​បាន ទើប​មក​ប្រ​ជុំ​គ្នា​វិញ​ទៀត​ថា​ ពួក​យើង​តាំង​តែ​ពី​លើក​លែង​ប្រកប​ការ​ មិន​បញ្ជូន​អាហារ​ទៅ​អោយ​អា​ក្រពះ​នោះ ឥលូវ​នេះ​វា​ស្វិត​ស្ងួត​ពុំ​បាន​ផ្សាយ​រស​ជាតិ​អាហារ​ដល់​ពួក​យើង​​ឡើយ​ ពួក​យើង​បាន​ក្ដី​ស្គាំង​ស្គម​ទ្រម​ទ្រុឌ​គ្មាន​កំលាំង​សោះ​ មិន​តែ​ប៉ុណ្ណោះ​ដាល​កើត​ជា​រោគ​ចុក​សៀត​ រួយ​អស់​សាច់​សរ​សៃ​ថែម​ទៀត​ អើ​បើ​ពួក​យើង​បង្អត់​អាហារ​ អា​ក្រពះ​យ៉ាង​នេះ ហើយ​នឹង​អន្ដរ​ធាន​វិនាស​ទៅ​ទាំង​អស់​គ្នា​មិន​ខាន​ ព្រោះ​ក្រពះ​គ្មាន​អាហារ​ជា​កំលាំង​ នឹង​ផ្សាយ​រស​ជាតិ​ដល់​យើង​នេះ​អែង​ បើ​ដូច្នេះ​ពួក​យើង​ត្រូវ​ប្រកប​ការ​តាម​ភ្នាក់​ងារ​រៀង​ខ្លួន​ដូច​កាល​មុន​វិញ​ចុះ ទើប​ក្រពះ​វា​ផ្សាយ​រស​ជាតិ​ដល់​ពួក​ យើង​វិញ​ ពួក​អវ​យវ​ពិគ្រោះ​ឃើញ​ក្ដី​ទុក្ខ​ទោស​ព្រម​គ្នា​ដូច្នោះ​ហើយ ជើង​ក៏​ក្រោក​ដើរ​ទៅ​ប្រកប​ការ​តាម​ដើម​ ដៃ​សោត​ក៏​ចាប់​ពាល់​ធ្វើ​ការ​ងារ​តាម​ដើម​ មាត់​សោត​ក៏​ហា​និយាយ​ស្ដី ហា​ស៊ី​បាយ​ចំណី​ដូច​កាល​មុន​វិញ​ហោង​។ អែ​ក្រពះ​កាល​បាន​អាហារ​ដាក់​ដូច​មុន​ហើយ កើត​មាន​កំលាំង​ផ្សព្វ​ផ្សាយ​រស​ជាតិ​នោះ​ទៅ​សព្វ​សព៌ាង្គ​កាយ​ ដៃ​ជើង​មាត់​ក៏​បាន​ក្ដី​សុខ​សប្បាយ​ឡើង​ ដូច​ប្រ​ក្រតី​តាម​កាល​មុន​នោះ​វិញ​ហោង​ ។

រឿង​នេះ​បាន​គតិ​ដល់​បណ្ដា​អាណា​ប្រជា​ជន​ទាំង​ឡាយ​ក្នុង​ប្រទេស​រាជ​បុរី​ ទុក​អវ​​យវ​គឺ​ដៃ​ជើង​មាត់ អែ​ក្រពះ​នោះ​ទុក​ជា​មហាក្សត្រា​ធិប​តី​មែន​ បើ​អាណា​ប្រជា​ជន​ទាំង​ឡាយ មិន​ថ្វាយ​សួយ​សារ​អាករ​ប្រាក់​ពន្ធ​ដារ​ថ្លៃ​រាជ​ការ​ហើយ មហាក្ស​ត្រា​ធិប​តី​នឹង​ដល់​នូវ​ក្ដី​ក្រី​ក្រ ពុំ​មាន​ប្រាក់​សំរាប់​ ប្រកប​ការ​រក្សា​ព្រះ​នគរ​ នឹង​ចិញ្ចឹម​ក្រម​ការ​តាម​ក្រសួង​ទាំង​ឡាយ​ មាន​ក្រុម​យោធា​ទាហាន​ជា​ដើម​ កាល​បើ​ស្ដេច​គ្មាន​ក្រុម​មន្រ្ដី​សេនា​បតី​ គ្រប់​ក្រសួង​​ហើយ​នឹង​ផ្សាយ​អំណាច​រក្សា​អាណា​ប្រជា​ជន​ ក្នុង​ប្រ​ទេស​ខ្លួន​ទៅ​ម្ដេច​បាន​ ពួក​ចោរ​ពួក​រាជ​បច្ចា​មិត្រ​ ដឹង​ថា​ព្រះ​នគរ​ពុំ​មាន​អំណាច​ហើយ​ វា​នឹង​នាំ​គ្នា​លើក​មក​បុក​បែន​ប្លន់​ញាំ​ញី​ចាប់​មហា​ក្សត្រិយ៍​ នឹង​ពួក​អាណា​ប្រជា​នុរាស្រ្ដ​យក​ជា​ឈ្លើយ​ ជា​ខ្ញុំ​គេ​អស់​ទៅ​ បាន​នូវ​ក្ដី​ទុក្ខ​វេ​ទនា​ព្រាត់​ប្រាស​ចាក​ភូមិ​ ចាក​លំនៅ​ទៅ​ផ្សេង​ៗ ដូច​គ្នា​នឹង​ក្រពះ​ដែល​ពុំ​មាន​អាហារ​តាំង​នៅ​ នឹង​ផ្សាយ​រស​ជាតិ​ទៅ​ដល់​អវ​យវ​តូច​ធំ​ពុំ​បាន​នោះ​អែង​ ពិត​មាន​មហាក្ស​ត្រា​ធិរាជ​ពុំ​បាន​រក​ស៊ី​ជួយ​ធ្វើ​ការ​រាស្រ្ដ​ នៅ​តែ​ក្នុង​វាំង​ក្នុង​ដំណាក់​ដូច​គ្នា នឹង​​ក្រពះ​ពុំ​បាន​ជួយ​ធ្វើ​ការ​ពួក​អវ​យវ​នោះ​អែង​។ អ្នក​មាន​បញ្ញា​ គួរ​ពិចារ​ណា​មើល​ចុះ​មហាក្ស​ត្រា​ធិរាជ​នោះ ត្រូវ​តែ​អវយ​វខាង​ក្រៅ​ គឺ​អាណា​ប្រជា​នុ​រាស្រ្ដ​ថ្វាយ​ សួយ​សារ​អាករ​ បង់​ប្រាក់​ថ្លៃ​ ពន្ធ​បំរុង​អោយ​មហាក្ស​ត្រិយ៍​ លោក​នឹង​បាន​ចំណាយ​ចែក​ចាយ​សាង​ព្រះ​នគរ​អោយ​មាំ​មួន​​ខ្លួន​រាស្រ្ដ នឹង​បាន​ក្ដី​សុខ​អិត​ទុក្ខ​ភ័យ ដែល​កើត​អំពី​ ពួក​ពាល​វា​កំហែង​នោះ​ហោង​ គួរ​បង់​ប្រាក់​ជូន​រាជ​ការ​ហើយ​ពួក​យើង​ជា​រាស្រ្ដ​ទាស​ក្នុង​ព្រះ​នគរ​ កុំ​ពោល​ថា​មហាក្ស​ត្រិយ​នៅ​ទំនេរ​ឡើយ។

ចប់តំរាគតិរាស្រ្ដបង់ប្រាក់ពន្ធទី៣៤
ចប់គតិលោកភាគទី៦ ប៉ុណ្ណេះ

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad