គតិលោក ភាគ៦: រឿង៖ ឈ្មួញលក់លា និងចោរព្រៃ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៦: រឿង៖ ឈ្មួញលក់លា និងចោរព្រៃ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងឈ្មួញលក់លា និងចោរព្រៃ
និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សេស មាន​ឈ្មួញ​ម្នាក់​មក​អំពី​ប្រ​ទេស​ក្រៅ នាំ​កូន​ឈ្នួល​ដឹក​លា​បរ​លា លី​លា​តាម​ផ្លូវ លុះ​មក​ដល់​ទី​កណ្ដាល​ព្រៃ​ស្ងាត់ មាន​ពួក​ចោរ​ទាំង​ឡាយ​នៅ​ចាំ​លួច​ចាំ​ប្លន់​មហា​ជន ដែល​ដើរ​ទៅ​មក​ក្នុង​ផ្លូវ​នោះ​។ ថ្ងៃ​នោះ ពួក​ចោរ​បាន​ឃើញ​នាយ​ឈ្មួញ​មក​ដល់​ទី​នោះ​ក៏​នាំ​គ្នា​ចូល​វាយ​ប្លន់​នាយ​ឈ្មួញ ៗ​មាន​គ្នា​តិច ស៊ូ​នឹង​ពួក​ចោរ​នោះ​ពុំ​បាន ទើប​នាំ​គ្នា​ទៅ​កាន់​ទិសា​នុ​ទិស​ផ្សេង​ៗ​។ អែ​ពួក​ចោរ​ក៏​នាំ​គ្នា ចោម​ចាប់​លា​ជា​ពាហនៈ លា​អែ​ណា​ដែល​មិន​មាន​ទ្រព្យ​របស់​នៅ​លើ​ខ្នង ពួក​ចោរ​ពុំ​ត្រូវ​ការ​ចាប់​យក​ឡើយ គឺ​ចាប់​តែ​លា​ដែល​មាន​ទ្រព្យ​របស់​ជាប់​នៅ​លើ​ខ្នង​។ កាល​នោះ​ពួក​ចោរ​ចាប់​បាន​លា​ឈ្មោល​១ មាន​ទ្រព្យ​លើ​ខ្នង ហើយ​នាំ​គ្នា​ដឹក​ទាញ​ទង់​​ទៅ​កាន់​លំ​នៅ​វា លា​ឈ្មោល​បាន​ក្ដី​ទុក្ខ​វេ​ទនា​ដោយ​ចោរ​វា​វាយ វា​ទាញ​ទៅ​អិត​ក្ដី​មេត្ដា​ ទើប​មក​គិត​ថា ពួក​លា​ទាំង​ឡាយ​បណ្ដា​ដែល​មក​ជា​មួយ​គ្នា គេ​សឹង​ផុត​ពី​កណ្ដាប់​ដៃ​ ពួក​អាចោរ​អស់​នេះ គឺ​វា​ពុំ​ត្រូវ​ការ នឹង​ចាប់​នឹង​ចង​យក ព្រោះ​គេ​គ្មាន​របស់​ទ្រព្យ​ជាប់​នៅ​លើ​ខ្នង​ ដូច​រូប​អាត្មា​អញ​នេះ អាត្មា​អញ​បាន​ក្ដី​ទុក្ខ​ទោស​យ៉ាង​នេះ ក៏​ព្រោះ​របស់​ទ្រព្យ​ជាប់​នៅ​លើ​ខ្នង​នេះ​អែង គិត​ទៅ​ទ្រព្យ​សម្បត្ដិ មាស​ប្រាក់​កែវ​កង​ទាំង​ពួង​នេះ ជា​គ្រឿង​នាំ​អោយ​កើត​ទុក្ខ​ទោស គឺ​ជា​អាសិរ​ពិស ចឹក​អាត្មា​អែង​ប្រាកដ​។ លា​ឈ្មោល​នោះ​គិត​ឃើញ​ក្ដី​ទុក្ខ​ទោស​អាត្មា​ដូច្នោះ​ហើយ​ ក៏​យំ​សោក​វិ​យោគ ដើរ​តាម​ពួក​ចោរ​នោះ​ទៅ​ ដរាប​ដល់​លំ​នៅ​នៃ​ចោរ​ហោង​។​

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ មិន​ចេះ​ប្រយ័ត្ន​ សម្បត្ដិ​នោះ​ជា​ពិស​ពោរ​ពើត​ខ្លួន​វិញ ដូច​យ៉ាង​និទាន​នាង​នារី​ម្នាក់​ពាក់​ខ្សែ មាស​ទំហូ​ពេជ្រ​កង ចិញ្ចៀន​ ខ្សែ​ដៃ តែង​អាត្មា​បង្អួត​គេ​ លំអរ​កាម​​ការ​លោ​កិយ ចុះ​ដោយ​សារ​កប៉ាល់​មក​ពី​ស្រុក​ទន្លេ​ធំ លុះ​មក​ដល់​ក្រុង​ភ្នំ​ពេញ នាង​នោះ​ក៏​ឡើង​ចាក​នាវា​ យាត្រា​មក​ត្រង់​ក្រោយ​វត្ដ​ឧណ្ណា​លោម​ កាល​នោះ​មាន​អ្នក​លេង​ម្នាក់ ឃើញ​នាង​នារី​ដើរ​មក​ដល់​ទី​បាន​​អោកាស​ហើយ ទើប​ក្លែង​ជា​ស្វាមីនៃ​នាង​នោះ ស្ទុះ​ទៅ​វាយ​ធាក់ ដោះ​យក​ខ្សែ​កង​ចារ៍​ជេរ​ស្ដី​ថា ខ្មោច​មេ​ចង្រៃ​អប្រិយ​ អញ​ជា​ប្ដី​វា​មិន​ស្ដាប់​ពាក្យ​អញ​ឃាត់​ខ្លះ​ គួរ​រឺ វា​ចចេស​ចេះ​តែ​ទៅ​ ចោល​អោយ​អញ​នៅ​ចាំ​ផ្ទះ រក្សា​កូន​ពិបាក​ស្ទើរ​នឹង​ស្លាប់​ បើ​ដូច្នេះ​អោយ​គ្រឿង​ខ្សែ​មាស វា​ពាក់​ធ្វើ​អ្វី ត្រូវ​អញ​អូស​យក​ពី​ហង​អែង​វិញ កុំ​អោយ​ជំនា​វា​ពាក់​ទៅ​ឡើយ​ ជេរ​ហើយ​អានោះ​វា​រត់​សំ​ដៅ​ទៅ​កាន់​ផ្លូវ​ខាង​ជ្រុង​គុក​គេច​ខ្លួន​បាត់​ទៅ​ហោង​។​

អែ​នាង​នារី​ដួល​ចុះ​ក្រោយ​ក្រោក​ឡើង​បាន​ហៅ​គេ​អែង​ជួយ​ចាប់​ចោរ​ប្លន់​ ក៏​ពុំ​មាន​នរ​ណា​មួយ​ចូល​ជួយ​ឡើយ​ ព្រោះ​គេ​លឺ​ពាក្យ​អា​ចោរ​ជេរ​ ប្រទេច​ជា​ទំនង​ប្ដី​ប្រពន្ធ​ គេ​នឹក​ស្មាន​ថា​ប្ដី​គេ ប្រពន្ធ​គេ ជេរ​វាយ​គ្នា​ដូច​ធម្មតា​ បាន​ជា​គ្មាន​នរ​ណា​មួយ​ជួយ​ឡើយ​។ លុះ​អាចោរ​រត់​ទៅ​បាត់​ហើយ​ ទើប​នាង​នោះ​ប្រាប់​គេ​ថា មិន​មែន​ប្ដី​ខ្លួន​ទេ ជា​ចោរ​វា​ដណ្ដើម​យក​គ្រឿង​មាស​ខ្លួន​ប្រាកដ​។ នាង​នោះ​ប្រាប់​អោយ​គេ​ជួយ​ដេញ​ចោរ​នឹង​ចាប់​វា ក៏​ចាប់​វា​ពុំ​បាន​ឡើយ ព្រោះ​វា​ទៅ​បាត់​យូរ​ហើយ​ នាង​នារី​បាន​ក្ដី​ទុក្ខ​ទោស​ដូច​គ្នា​នឹង​រឿង​លា ដែល​បាន​ពណ៌​នា​មក​នេះ​។ អ្នក​ប្រាជ្ញ​គប្បី​ដឹង ដោយ​ប្រការ​ដូច្នេះ​។

ចប់តំរាមានទ្រព្យជាប់ទោសមានប្រាក់មាសវិនាសរូបទី៣២


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad