គតិលោក ភាគ៥: រឿង៖ ស្មាន់ ក្អែក និងចចក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៥: រឿង៖ ស្មាន់ ក្អែក និងចចក


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងស្មាន់ ក្អែក និងចចក
 មាន​សត្វ​ស្មាន់​១ ក្អែក​១​ជា​សំលាញ់​គ្នា នៅ​យូរ​មក​មាន​ចចក​១​ដើរ​ទៅ​ជួប​នឹង​ស្មាន់ ចូល​ទៅ​និយាយ​មេត្រី​ក្ដី​ស្នេហា​នឹង​ស្មាន់​នោះ ស្មាន់​សោត​ក៏​លុះ​ក្ដី​ស្រលាញ់​ចចក​យ៉ាង​ស្និទ្ធ សត្វ​ទាំង​ពីរ​តែង​ទៅ​មក​រក​គ្នា​ជា​ញឹក​ញយ​។ ឯ​ក្អែក​ជាសត្វ​មាន​ប្រា​ជ្ញា ស្គាល់​អាការ​កិ​រិយា​នៃ​ចចក​នោះ ជា​សត្វ​កោង​ឥត​ក្ដី​សុចរិត ទើប​និយាយ​ហាម​ស្មាន់​ថា «អ្នក​កុំ​ទៅ​ចូល​ចិត្ដ​ស្រលាញ់​អា​ចចក​នោះ​ឡើយ អា​ចចក​នោះ​មិន​ស្លូត​ត្រង់​ត​មិត្ដ​អែង​ទេ វា​ជា​សត្វ​ប្រ​ចុប​ប្រ​ចែងក្លែង​ធ្វើ​ជា​មិត្ដ​ស្និទ្ធ​ស្នាល​នឹង​អ្នក​ឯង ធ្វើ​អោយ​អ្នក​លុះ​លង់​ដោយ​កល​វា ៗ​នឹង​យាយី​អ្នក​អែង​វិញ​ពុំ​ខាន​»​។ ឯ​ស្មាន់​នោះ​លុះ​អំណាច​កល​ចចក​មក​យូរ​ហើយ លុះ​លឺ​ក្អែក​ជា​មិត្ដ​ពោល​ហាម ក៏​ពុំ​តាម​ពាក្យ​ក្អែក​នោះ​ឡើយ ចេះ​តែ​ទៅ​មក​រក​ចចក​នោះ​ពុំ​ដែល​ដាច់ អែ​ចចក​ក៏​ចេះ​តែ​បបួល​ស្មាន់​ទៅ​លេង​អែ​ទី​ខ្លួន​រឿយ​ៗ ថ្ងៃ​មួយ​ចចក​បាន​ឃើញ​អន្ទាក់​ព្រាន​ព្រៃ​តាំង​នៅ​ជាយ​ព្រៃ​១ ទើប​កើត​ក្ដី​ទ្រុស្ដ​មិត្ដ​គិត​ថា​ចាំ​អញ​ទៅ​បបួល​ស្មាន់ អោយ​វា​មក​រក​ស៊ី​នៅ​ទី​នេះ​ នឹង​បញ្ឆោត​វា​អោយ​ជាប់​អន្ទាក់​ព្រាន​ព្រៃ​នេះ ដល់​វា​ស្លាប់​អញ​នឹង​ស៊ី​វា​ហោង​។ ចចក​គិត​ដូច្នោះ ក៏​ទៅ​កាន់​សំណាក់​នៃ​ស្មាន់ ដល់​ហើយ​ទើប​និយាយ​បបួល​ថា សំលាញ់​អើយ​! មក​យើង​នឹង​ទៅ​រក​ស៊ី​នៅ​ទី​ជាយ​ព្រៃ​ខាង​នោះ ព្រៃ​នោះ​ខ្ញុំ​ធ្លាប់​ទៅ​រក​អាហារ បរិ​ភោគ​ងាយ​ណាស់ អែ​ខាង​ស្មៅ​រឺ​ស្លឹក​ឈើ​ជា​ចំណី​មិត្ដ​អែង​សោត ក៏​មាន​បរិបូណ៌​តាម​ចិត្ដ​នឹង​បរិ​ភោគ​។

ឯ​ស្មាន់​បាន​លឺ​ចចក​បបួល​ដូច្នោះ ក៏​ទៅ​តាម​ចចក ចចក​ក៏​នាំ​ស្មាន់​ទៅ​ត្រង់​ទី​អន្ទាក់​ព្រាន​ព្រៃ​នោះ​អែង ស្មាន់​សោត​ឆោត​មិន​ដឹង​កល​មិត្ដ គិត​នឹង​ប្រទូស្ដ​អាត្មា​ដើរ​​ទៅ​ៗ ជាន់​ទៅ​លើ​អន្ទាក់ ៗ​ក៏​វាត់​ព័ទ្ធ​ជើង​ក្រោយ​នៃ​ស្មាន់​យួរ​ឡើង​ស្មាន់​ក៏​ភិត​ភ័យ​តក្ក​មា​ស្រែក​អោយ​ចចក​ជួយ​ ចចក​ធ្វើ​ករិ​យា​ដូច​ជា​ភ្ញាក់​ផ្អើល​នឹង​មនុស្ស​មក​ដល់​​ខ្លួន ស្ទុះ​រត់​ទៅ​ពួន​នៅ​ក្នុង​ព្រៃ​ស៊ុម​ទ្រុម​សំងំ​ទៅ​ចាំ​មើល​ស្មាន់​នោះ នឹង​បំរះ​ននៀល​កន្ដ្រោង​ទៅ​យ៉ាង​ណា បើ​ស្មាន់​អស់​កំលាំង​ដួល​ចុះ​កាល​ណា នឹង​ចេញ​មក​ស៊ី​ស្មាន់​នោះ​អែង​។

ថ្លែង​ពី​ក្អែក កាល​បើ​ពុំ​ឃើញ​ស្មាន់​ទៅ​ទី​ប្រក្រតី​ក៏​ហើរ​រក​ស្មាន់​នោះ តាម​ដង​ព្រឹក្ស​ព្រៃ​ដរាប​ទៅ​ដល់​ជាយ​ព្រៃ ក៏​បាន​ឃើញ​ស្មាន់​ជាប់​អន្ទាក់​ព្រាន​ព្រៃ​ទើប​ហើរ​ចុះ​ទៅ​ទំលើ​មែក​ឈើ ហើយ​និយាយ​ទៅ​ថា «ហៃ​សំលាញ់​អើយ! ហេតុ​អ្វី​ក៏​បាន​ជា​មក​ប្រមាទ​ការ​អោយ​ជាប់​អន្ទាក់​មនុស្ស​យ៉ាង​នេះ​។ ស្មាន់​តប​ថា «ការ​អស់​នេះ​គឺ​ខ្លួន​ខ្ញុំ​ឯង​ខុស​ពិត​ហើយ ព្រោះ​អា​ចចក​វា​បញ្ឆោត​អោយ​មក​រក​ស៊ី​នៅ​ទី​នេះ​វា​នាំ​អោយ​អែង​ជាប់​អន្ទាក់​គេ ត្រង់​ខ្លួន​វា​គេច​រត់​បាត់​ពី​ទី​នេះ​ទៅ​​មិន​ដឹង​ជា​វា​ទៅ​អែណា អើ​សំលាញ់​ចូរ​អាណិត​ដោះ​ខ្ញុំ​អោយ​រួច​ពី​អន្ទាក់​នេះ​ម្ដង​ចុះ​»​

អែ​ក្អែក​ក៏​ប្រាប់​ឧបាយ​​ស្មាន់​ថា «បើ​នាយ​ព្រាន​មក​ដល់​កាល​ណា ចូរ​អ្នក​អែង​ក្លែង​ធ្វើ​ជា​ស្លាប់ តាំង​រូប​អោយ​រឹង​ ​ប្រឹង​អត់​ដង្ហើម ធ្វើ​អោយ​នាយ​ព្រាន​ទុក​ចិត្ដ​ថា​ស្លាប់​មែន បើ​នាយ​ព្រាន​ដោះ​អ្នក​អែង​កាលណា អ្នក​ចាំ​ពាក្យ​ខ្ញុំ​ថា​ខ្វក បើ​លឺ​ពាក្យ​ខ្ញុំ​ថា​ខ្វក​កាល​ណា ចូរ​អ្នក​អែង​ខំ​ស្ទុះ​បោល​បោះ​ផ្លោះ​រត់​ចូល​ព្រៃ​ទៅ អោយ​ផុត​អំពី​ដៃ​មនុស្ស​ហោង» អែ​ស្មាន់​ក៏​ទទួល​ពាក្យ​បង្គាប់​នៃ​ក្អែក​សព្វ​គ្រប់​ប្រការ​។

លុះ​ដល់​ពេល​នាយ​ព្រាន​ព្រៃ​រៀប​ខ្លួន​ហើយ​យាត្រា​ទៅ​មើល​អន្ទាក់ ស្រាប់​តែ​ឃើញ​ស្មាន់​ដេក​ស្លាប់​ក៏​ចូល​ចិត្ដ​ថា​ស្មាន់​ដេក​ស្លាប់​យូរ​ហើយ ទើប​ប្រមាទ​ដោះ​ស្មាន់​ចាក​អន្ទាក់​ដាក់​ទៅ​ម្ខាង ហើយ​ឈរ​ឡើង​មើល​ឆ្វេង​ស្ដាំ​។ អែ​ក្អែក​ឃើញ​នាយ​ព្រាន​ប្រមាទ​ហើយ​ ក៏​ស្រែក​ខ្វក​សញ្ញា​ឡើង​មួយ​រំពេច ស្មាន់​ក៏​ស្ទុះ​ឡើង​បោល​បោះ​ផ្លោះ​រត់​ចូល​ព្រៃ​ទៅ​ជា​មួយ​នឹង​ក្អែក​ជា​អ្នក​នាំ​ផ្លូវ អែ​នាយ​ព្រាន​ព្រៃ​ឃើញ​ស្មាន់​រស់​បោល​ផ្លោះ​ដូច្នោះ ក៏​ស្ទុះ​ចាប់​លំពែង​រត់​ដេញ​ដល់​ទី​មួយ​ក៏​ពួ យ​លំពែង​ទៅ​ត្រង់​ព្រៃ​ស៊ុម​ទ្រុម លំពែង​នោះ​ក៏​ធ្លាក់​ទៅ​ត្រូវ​គល់​ក​នៃ​ចចក ដល់​នូវ​ក្ដី​មរណ​កាល​ក្នុង​ព្រៃ​ស៊ុម​ទ្រុម​នោះ​អែង​។ អែ​ក្អែក​ក៏​ហើរ​នាំ​ស្មាន់​ទៅ​កាន់​លំ​នៅ ផុត​អន្ដរាយ​នឹង​ព្រាន​យាយី​ហោង​។ និទាន​នេះ​ បាន​គតិ​យ៉ាង​ណា អោយ​ថា​ទៅ​មើល​?

កូន​សិស្ស​តប​ថា ចចក​ទ្រុស្ដ​មិត្ដ បង់​ជីវិត​ខ្លួន​អែង​បាន​គតិ​ធម៌​ថា បុគ្គល​សុច​រិត​អិត​ក្ដី​ប្រទូស​រាយ​តប​មនុស្ស​អែ​ណា​មួយ​ហើយ​។ មនុស្ស​នោះ​ទៅ​ប្រទូស​រាយ​តប​គេ​អិត​ទោស​នឹង​ខ្លួន យ៉ាង​ដូច​សត្វ​ចចក​ទៅ​ប្រទូស​រាយ​ត​ស្មាន់​ជា​មិត្ដ អិត​ទោស​យ៉ាង​នេះ​លោក​ថា​ក្ដី​ទុក្ខ​ទោស​វិបត្ដិ​អព​មង្គល នឹង​ធ្លាក់​ដល់​មនុស្ស​នោះ​អែង ដូច​ចចក​ត្រូវ​លំពែង​ព្រាន​ព្រៃ​នោះ​ហោង​។

ចប់តំរាជនទ្រុស្ដមិត្ដ១៥

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

1 comment:

  1. សូមអរព្រះគុណ និងអរគុណជាអណេក សម្រាប់ក្រុមការងារដែលបានរៀបរៀង និងចុះផ្សាយ អក្សរសិល្បិ៍ទាំងនេះឡើងវិញ។ ខ្ញុំរំភើបណាស់ព្រោះជា តម្រា ឬ គតិលោក ដែលខ្ញុំធ្លាប់បានអានតាំងពីនៅតូចៗ ដោយហេតុថា គ្រួសារខ្ញុំមានជីតាជាអ្នករៀន ទើបនៅសេសសល់សៀវភៅប៉ុន្មានក្បាល អោយខ្ញុំបានអាន ទើបខ្ញុំទទួលបានការអប់រំពីសៀវភៅទាំងនោះមកដល់សព្វថ្ងៃ។ ចង្រៃអី សៀវភៅទាំងអស់របស់ខ្ញុំវាបានបាត់ទៅ គ្មានសល់មួយសោះ តែខ្ញុំខំស្វែងរកក្នុងអ៊ីនធឺណេតទើបបានជួបនឹងទំព័រនេះ។ ខ្ញុំត្រេកអរណាស់ រកអ្វីបង្ហាញមិនបាន។ ខ្ញុំសូមថ្វាយប្រគេនពរ និងគោរពជូនពរដល់បណ្តាអ្នកដែលបានចងក្រងនិងរៀបរៀង អក្សរសិល្បិ៍ទាំងអស់ឡើងវិញនេះ អោយជួបប្រទះតែសំណាងល្អ អោយសក្តិសមនឹងគុណតំលៃដែលលោកអ្នកបានខិតខំធ្វើកន្លងមកនេះ។

    ReplyDelete

Post Top Ad