គតិលោក ភាគ៥: រឿង៖ ស្ដេចព្រាបនឹងបរិវារ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៥: រឿង៖ ស្ដេចព្រាបនឹងបរិវារ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងស្ដេចព្រាបនឹងបរិវារ
មាន​ស្ដេច​ព្រាប​១ នាំ​បរិ​វារ​ទៅ​រក​ស៊ី​នៅ​ទី​វាល​ស្រែ បាន​ឃើញ​លប់​ដែល​នាយ​ព្រាន​ដាក់​ហើយ​បាច​សាច​ស្រូវ​អង្ករ​ជា​នុយ ពួក​ព្រាប​បរិ​វារ​ទាំង​ឡាយ​ឃើញ​នុយ​ដូច្នោះ គិត​នាំ​គ្នា​នឹង​ចុះ​ស៊ី អែ​ស្ដេច​ព្រាប​គិត​ថា ស្រូវ​អង្ករ​នេះ​​ជា​របស់​រក​បាន​ដោយ​ក្រ ចុះ​ហេតុ​ម្ដេច​ក៏​មនុស្ស​យក​មក​បាច​សាច​ចោល​រាយ​ពាស​ដូច្នេះ ទំនង​ជា​នុយ​បញ្ឆោត​អោយ​ព្រាប​ចុះ​ស៊ី ហើយ​គេ​នឹង​វាត់​ចាប់​ដោយ​លប់​នេះ​អែង​ជា​ប្រាកដ ស្ដេច​ព្រាប​គិត​ដូច្នោះ​ហើយ ទើប​ពោល​ហាម​ព្រាប​ជា​បរិ​វារ​មិន​អោយ​ចុះ​ស៊ី​ស្រូវ​នោះ​ឡើយ​។

ឯ​ព្រាប​ជា​បរិ​វារ​ទាំង​ឡាយ​ពុំ​ស្ដាប់​ទើប​និយាយ​គ្នា​ថា៖
- យើង​ស្វែង​រក​អាហារ​សព្វ​ថ្ងៃ​នេះ​បាន​ដោយ​កំរ អីលូវ​នេះ​មក​បាន​ឃើញ​អាហារ​ល្មម​បរិ​ភោគ​ហើយ ៗ​នាយ​យើង​ហាម​ឃាត់​មិន​អោយ​ចុះ​ស៊ី​យ៉ាង​នេះ​តើ​នឹង​ចាំ​ទៅ​រក​អែណា​ទៀត​អោយ​លំបាក។​
ស្ដេច​ព្រាប​លឺ​ដូច្នោះ​ក៏​ថា៖
អ្នក​ទាំង​ឡាយ​គ្មាន​ប្រាជ្ញា ឃើញ​តែ​អាហារ​ក៏​ហើរ​ចុះ​ស៊ី ពុំ​ដឹង​ក្ដី​អន្ដរាយ​ទៅ​ខាង​មុខ នឹង​បាន​ទុក្ខ​ដល់​អាត្មា​ដូច​ពាក្យ​បុរាណ​ថា «ព្រោះ​ចំណី​ត្រូវ​ក្ដី​ច្រើន​ក្ដាត់» នែ​អ្នក​ទាំង​ឡាយ​ស្រូវ​អង្ករ ដែល​គេ​រាយ​ពាស​វាល​នេះ គឺ​ជា​នុយ​ដូច​ជា​ត្រី​ស៊ី​នុយ​ជាប់​សន្ទូច​គេ​នោះ​អែង​ហើយ ចូរ​អ្នក​ទាំង​ឡាយ​កុំ​ចុះ​ទៅ​ស៊ី​ស្រូវ​គេ​នោះ​ឡើយ​។
ឯ​ព្រាប​ទាំង​ឡាយ​ពុំ​ជឿ​ស្ដាប់​ស្ដេច​ព្រាប​ហាម​ឡើយ នាំ​គ្នា​ចុះ​ស៊ី​ស្រូវ​ក្នុង​លប់​នាយ​ព្រាន អែ​ស្ដេច​ព្រាប​ឃាត់​បរិ​វារ​ពុំ​ស្ដាប់​ដូច្នោះ ក៏​គិត​ថា «បើ​អញ​មិន​ចុះ​ទៅ​ផង មុខ​ជា​ព្រាប​អស់​នេះ​នឹង​វិនាស​ដោយ​ដៃ​មនុស្ស​ពុំ​ខាន ណ្ហើយ​ចុះ​អាត្មា​អញ​ត្រូវ​ចុះ​ទៅ​ជា​មួយ​ផង​ចុះ​» គិត​ហើយ​ស្ដេច​ព្រាប​ក៏​ហើរ​ចុះ​ទៅ​ក្នុង​លប់​នោះ​អែង​។ ឯ​​នាយ​ព្រាន​ឃើញ​ ព្រាប​ចុះ​ច្រើន​ហើយ ក៏​ទំលាក់​ខ្សែ​លប់​នោះ​ចុះ​មួយ​រំពេច ព្រាប​ទាំង​ឡាយ​ក៏​ត្រូវ​ដូច​គេ​វេច​ក្នុង​សំណាញ់​នោះ​ជា​ម្ដង​ ទើប​ស្ដេច​ព្រាប​និយាយ​ថា «ម៉េច​អ្នក​ទាំង​ឡាយ​ឃើញ​ក្ដី​អន្ដរាយ​ជីវិ​ត​ពិត​ហើយ​រឺ បើ​ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​គិត​យ៉ា​ង​ណា​ទើប​រក្សា​ជីវិ​តបាន​?

ឯ​ព្រាប​ទាំង​ឡាយ​នាំ​គ្នា​ទទួល​ទោស​ខុស​ហើយ​ថា «យើង​​ខ្ញុំ​ទាំង​ឡាយ​ពុំ​ដឹង​គិត​យ៉ាង​ណា​ទេ ទាល់​ចំណេះ​អស់​ហើយ លោក​មាន​ឧបាយ​យ៉ាង​ណា សូម​មេត្ដា​ដោះ​ទុក្ខ​យើង​ខ្ញុំ​អោយ​រួច​ជីវិត​ផង​។ អែ​សេ្ដច​ព្រាប​ថា «ភ័យ​ម្ដង​នេះ ជា​ភ័យ​យ៉ាង​ធំ​បំផុត​កំរ​នឹង​កែ​ខ្លួន​បាន បើ​ដូច្នេះ​អ្នក​រាល់​គ្នា​កុំ​ប្រមាទ​ខំ​ឧស្សាហ៍​តាំង​សតិ​អោយ​ខ្ជាប់​ចុះ អាស្រ័យ​ការ​ព្រម​ព្រៀង​គ្នា ខំ​តាំង​កំលាំង​អោយ​ព្រម​គ្នា​ចុះ យើង​ប្រឹង​ស្ទុះ​ហើរ​ឡើង​អោយ​ព្រម​គ្នា ដើម្បី​នឹង​អោយ​លប់​នេះ​ដាច់​ឃ្លាត​ចាក​ទី​។

ឯ​ព្រាប​ទាំង​ឡាយ​ក៏​ធ្វើ​តាម ទើប​នាំ​គ្នា​ស្ទុះ​ហើរ​ព្រម​គ្នា អែ​ខ្សែ​លប់​ក៏​ដាច់​ចាក​ទី​១​រំពេច ព្រាប​ទាំង​ឡាយ​ក៏​ហើរ​នាំ​លប់​នោះ​ឡើង​ទៅ​លើ​អាកាស​បាន ហើយ​ហើរ​ទៅ​ដល់​ដំបូក​មួយ​ជា​លំនៅ​នៃ​ស្ដេច​កណ្ដុរ​ដែល​ជា​សំលាញ់ នឹង​ស្ដេច​ព្រាប​អំពី​ដើម​មក​។ ថ្ងៃ​ដែល​ព្រាប​ទាំង​ឡាយ​ទៅ​ធ្លាក់​លើ​ដំបូក​នោះ សេ្ដច​កណ្ដុរ​បាន​ដឹង​ថា​ស្ដេច​ព្រាប​ព្រម​ទាំង​បរិ​វារ​ជាប់​លប់​ហើរ​មក​ធ្លាក់​ដូច្នោះ ក៏​នាំ​បរពារ​នៃ​​អាត្មា​ចេញ​ពី​ដំបូក​មក​កាត់​លប់​នោះ​ដាច់​ដាច​នាំ​យក​ព្រាប​ទាំង​នោះ ចេញ​អំពី​លប់​នោះ​បាន អែ​ស្ដេច​ព្រាប​ព្រម​ទាំង​បរិវារ ក៏​បាន​រួច​ចេញ​ចាក​លប់​ហើយ​ប្រារព្ធ​ប្រ​ស្រ័យ​ចរចា​ប្រាប់​សេច​ក្ដី​សុខ​ទុក្ខ​គ្នា តាំង​ពី​ដើម​ដល់​ចប់​គ្រប់​ប្រការ ស្ដេច​ព្រាប​ក៏​សរ​សើរ​គុណ​នៃ​ស្ដេច​កណ្ដុរ​ជា​កល្យាន​មិត្ដ​ផ្សេង​ៗ ហើយ​ក៏​លាគ្នា​ទៅ​កាន់​លំ​នៅ​ទី​ទៃៗ​ហោង។ រឿង​និទាន​នេះ​បាន​គតិ​យ៉ាង​ណា​ចូរ​សំដែង​ទៅ​មើល​?

កូន​សិស្ស​តប​ថា រឿង​ស្ដេច​ព្រាប​នោះ​បាន​គតិ​គឺ​នាយ​ល្អ​នាយ​ប្រពៃ បុគ្គល​អ្នក​ស្វែង​រក​នាយ​ចៅ​ហ្វាយ​អោយ​បាន​ក្ដី​សុខ​នោះ​គប្បី​ស្វែង​រក​នាយ​ចៅ​ហ្វាយ​ដែល​ប្រកប​ដោយ​សតិ​បញ្ញា អាច​ជួយ​ដោះ​បាវ​អោយ​រួច​ចាក​ក្ដី​ទុក្ខ​ទោស​បាន ហើយ​ដឹង​ថា​អន្ដរាយ ចំពោះ​ជា​នឹង​មាន​ដល់​ពួក​ព្រាប​ជា​បរិវារ​ប្រាកដ​ហើយ ពុំ​គិត​លះ​បង់​ចោល​បរិវារ​ឡើយ ស៊ូ​ប្រថុយ​អាត្មា​ចូល​ក្នុង​លប់​នាយ​ព្រាន​ជា​មួយ​គ្នា ហើយ​ដាស់​តឿន​បរិ​វារ​អោយ​ប្រឹង​ស្ទុះ​ហើរ​ផ្ដាច់​លប់​ដោយ​ព្រម​ព្រៀង​ចិត្ដ​គ្នា បាន​រួច​ផុត​ក្ដី​អន្ដរាយ​នោះ​បាន​។

មួយ​ទៀត អែ​លប់​រូប​សំណាញ់ គឺ​មនុស្ស​ធ្វើ​ដោយ​ធ្មៃ​ជា​ទំ​ងន់​សត្វ​ព្រាប​អត្ដ​ភាព​តូច​កំលាំង​តិច​អាច​ផ្ដាច់​នាំ​ហើរ​យក​ទៅ​បាន ទាំង​នេះ​ក៏​ព្រោះ​ក្ដី​សាមគ្គី​ចិត្ដ​គ្នា តាំង​ព្យា​យាម​ដោយ​កំលាំង​ស្មើ​គ្នា​វត្ថុ​ធំ​ពិត តែ​បើ​កំលាំង​រឺ​ព្យា​យាម​ស្មើ​គ្នា ហើយ​វត្ថុ​ធំ​នោះ​អាច​នាំ​ទៅ​បាន​ គតិ​នេះ​ដូច​បទ​បាលី​មាន​ក្នុង​គម្ពីរ​លោក​នីតិ​ថា៖

ពហូនំ អប្ប​សា​រានំ សាមគ្គី​យា ជយា​ជយេ តិណេន យោត្ដំ វត្ដកេ តេន នតោបិ ពន្ធតិ។
ជន​ប្រាស​ចាក​គុណ​គប់​គ្នា​ច្រើន តែ​ចំរើន​ដោយ​ក្ដី​សាមគ្គី        អាច​ផ្ចាញ់​បាន​នូវ​ពួក​នៃ​ពៃ​រី ដោយ​រិទ្ធី​សាមគ្គី​ដ៏​ហាវ​ហាន​។
    ខ្សែ​ពួរ​គឺ​ជន​វេញ​ដោយ​ស្មៅ​នាំ​យក​ទៅ​ចង​ព័ន្ធ​ដំរី​បាន            រូប​តូច​ពិត​តែ​ចិត្ដ​ស្មោះ​ស្មើ​ប្រាណ គង់ផ្ចាញ់បានរូបធំរលំអើយ។
មួយទៀតបុគ្គលអ្នកស្វែងរកនាយចៅហ្វាយល្អនោះត្រូវរើសនាយល្អប្រកបដោយសង្គហធម៌៥ប្រការគឺ៖

- ចាត់ការងារអោយបាវធ្វើតាមសមគួរដល់កំលាំង១
- អោយអាហារនិងរង្វន់ដល់បាវ១
- ជួយរក្សាព្យាបាលក្នុងវេលាបាវឈឺចាប់១
- បែងចែករបស់មានរសប្លែកអោយបាវបានបរិភោគផង១
- លើកលែងការងារក្នុងសម័យកាល គឺបើកបាវអោយទៅធ្វើបុណ្យទានតាមចិត្ដ១។
នាយប្រកបដោយសង្គហធម៌៥ប្រការនេះទើបហៅថានាយល្អនាយប្រពៃ គប្បីបាវចូលសេពគប់។
នសេវ ផរុសឹ សាមឹ ន ចសេវេយ្យ មច្ឆរឹ
តតោអបគ្គណ្ហំសាមឺ នេវនិគ្គហិតំតេតោ
នាយអាក្រក់មិនគួរសេពគប់នោះ មានអធិប្បាយថា
​- កុំសេពម្ចាស់គ្រោតគ្រាតជាតិប្រវ័ញ្ច       កុំសេពម្ចាស់កំណាញ់គិញកាញ់ទុន
- កុំសេពម្ចាស់មិនលើកដំកល់គុណ       កុំសេពម្ចាស់យកបុណ្យមកសង្កត់។
- មួយទៀតលោកខៃសេចក្ដីថា
- ម្ចាស់កំណាញ់ពេញកំណាចលើសម្ចាស់គ្រាត      ម្ចាស់ថយជាតិមិនលើកលើសកំណាញ់
- ម្ចាស់ផ្ទុញផ្ទាល់ជួសលើសមិនលើកវិញ      ម្ចាស់៤នេះកុំស្រលាញ់យកជាម្ចាស់
ចប់តំរាគតិនាយល្អទី១៦


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad