គតិលោក ភាគ៧: រឿង៖ មេឆ្កែ នឹង ខ្មោចអសុភ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៧: រឿង៖ មេឆ្កែ នឹង ខ្មោចអសុភ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងមេឆ្កែ នឹង ខ្មោចអសុភ
និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សេស មាន​មេ​សុន​ខ​១ នាំ​កូន​ស្វែង​រក​អាហារ​បរិភាគ លុះ​ទៅ​ដល់​ព្រៃ​ទី​ប៉ាឆា​មួយ​ បាន​ឃើញ​សាក​សព​ខ្មោច​កំពុង​ហើម គេ​ចោល​នៅ​ទី​ប៉ាឆា​នោះ មេ​សុនខ​ក៏​នាំ​កូន​ចូល​ទៅ​ ទើប​កូន​សួរ​ទៅ​មេថា​ «​ម៉ែ​ៗ ​នេះ​គេ​ហៅ​អ្វី​?​។ មេ​សុន​ខ​ក៏​ប្រាប់​ថា​ «​រូប​នេះ​គឺ​ខ្មោច​មនុស្ស​ណា​កូន គេ​យក​មក​ចោល​នៅ​ទី​នេះ​»​។ កូន​ឆ្កែ​លឺ​មេ​ប្រាប់​ថា ​ខ្មោច​មនុស្ស​ដូច្នោះ ក៏​កើត​ចំណង់​ចង់​ស៊ី​ខ្មោច​នោះ ទើប​ថា «ម៉ែ​ ខ្ញុំ​ចង់​ស៊ីភ្នែក​វា​មុន​» មេ​ហាម​ថា «ភ្នែក​ជា​កាឡ​កណ្ណី ចង្រៃ​ណាស់ នឹង​ស៊ី​វា​មិន​បាន​ទេ​ណា​កូន​» កូន​ឆ្កែ​សួរ​ថា «ម្ដេច​ម៉ែ​អែង​ថា ភ្នែក​ជា​កាឡ​កណ្ណី​ចង្រៃ​ដូច្នេះ​ហៈ​»​ មេ​ឆ្កែ​ប្រាប់​ថា «​ភ្នែក​នេះ​កាល​វា​រស់​នៅ​ វា​តែង​សំលឹង​សំ​លក់​មើល​នូវ​រូបា​រម្មណ៍​ផ្សេង​ៗ មាន​រូប​ស្រ្ដី​ជា​ដើម ភ្នែក​នេះ​កាល​បើ​វា​យល់​រូប​ល្អ រូប​គាប់​ចិត្ដ​ហើយ វា​នាំ​ចិត្ដ​អោយ​ប្រាថ្នា​លោភ​ចង់​បាន​រូប​នោះ​ៗ បើ​ពុំ​បាន​វានាំ​ចិត្ដ​អោយ​ប្រាថ្នា​លោភ​ចង់​បាន​រូប​នោះ​ៗ បើ​ពុំ​បាន​វា​នាំ​ចិត្ដ​អោយ​សៅ​សោក​ក្ដៅ​ក្រ​ហាយ បណ្ដាល​អោយ​ហ៊ាន​ធ្វើ​នូវ​អំពើ​បាប​លាមក​មាន​ព្យា​បាទ​ជា​ដើម ហេតុ​នោះ​ទើប​ថា​ភ្នែក​នេះ ជា​កាឡ​កណ្ណី​ចង្រៃ​ក្រៃ​ពេក​ណាស់​ កូន​អែង​កុំ​ស៊ី​ភ្នែក​នោះ​ឡើយ​»​

កូន​​ឆ្កែ​បាន​ស្ដាប់​មេ​អធិប្បាយ​ទោស​ភ្នែក​ដូច្នោះ​ហើយ ទើប​ថា «បើ​ដូច្នោះ ខ្ញុំ​ស៊ី​ត្រចៀក​វិញ​ចុះ» មេ​ឆ្កែ​ក៏​ហាម​ថា «ត្រ​ចៀក​នេះ​ក៏​ជា​កាឡ​កណ្ណី​ចង្រៃ​ដូច​គ្នា គឺ​កាល​វា​រស់​នៅ​នោះ វា​ចង់​ស្ដាប់​សព្ទ​សំលេង​ទាំង​ឡាយ មាន​សំលេង​ស្រ្ដី តូរ្យ​តន្រ្ដី​ជា​ដើម ត្រចៀក​នេះ​នាំ​កាយ​អោយ​ត្រាច់​ដើរ​ស្ដាប់​សព្ទ​សំលេង​ទាំង​ពួង សំលេង​ណា​ពីរោះ​វា​នាំ​ចិត្ដ​អោយ​សោ​មនស្ស​​ត្រេក​អរ សំលេង​ណា​រឹង​គ្រាត​មិន​ពិរោះ​ រឺ​លឺ​សំលេ​ង​អ្នក​ដែល​ជា​សត្រូវ​នឹង​ខ្លួន​ វា​នាំ​ចិត្ដ​អោយ​ទោ​មនស្ស​ខាត់​ខឹង ចង​អា​ឃាត​ព្យា​បាទ​ឡើង ហេតុ​នោះ​ទើប​ថា ត្រចៀក​នេះ ជា​អាយ​តនៈ កាឡ​កណ្ណី​ចង្រៃ​ក្នុង​លោក​នេះ​ មិន​គួរ​កូន​នឹង​ស៊ី​វា​ឡើយ​»

កូន​ឆ្កែ​ថា «បើ​​ដូច្នោះ​ខ្ញុំ​សុំ​ស៊ី​ច្រមុះ​វិញ​ចុះ​» មេ​ឆ្កែ​ក៏​ហាម​ថា «ច្រមុះ​ក៏​ជា​កាឡ​កណ្ណី​ដូច​គ្នា គឺ​កាល​វា​រស់​នៅ​នោះ​វា​ចង់​ថើប​ ចង់​ស្រូប​ហិត​ក្លិន​ផ្សេង​ៗ ក្លិន​ឯណា​ក្រអូប​វា​នាំ​ចិត្ដ​អោយ​ប្រា​ថ្នា ក្លិន​ឯ​ណា​ស្អុយ​ឆ្អាប​ឆ្អេះ វា​នាំ​ចិត្ដ​អោយ​ក្ដៅ​ក្រហាយ​ ណាយ​ស្អប់​ខ្ពើម​ឆ្អើម ហេតុ​នោះ​ទើប​ថា​ ច្រមុះ​នេះ​ជា​អាយ​តនៈ​កាឡ​កណ្ណី មិន​គប្បី​កូន​ចង់​ស៊ី​វា​ឡើយ​»​

កូន​ឆ្កែ​ថា «បើ​ដូច្នោះ​ខ្ញុំ​ស៊ី​មាត់ ស៊ី​អណ្ដាត​វិញ​ ជា​បាន​ រឺ​មិន​បាន​ណា​ម៉ែ​? មេ​ឆ្កែ​ក៏​ហាម​ទៀត​ថា «មាត់​ និង អណ្ដាត​ជា​កាឡ​កណ្ណី​ចង្រៃ​លើស​លែង​អែ​ទៀត​ៗ គឺ​មាត់​នេះ​កាល​នៅ​រស់​នោះ​វា​និយាយ​មុសា​កុហក​គេ វា​ជេរ​ពោល​ប្រទេច​ផ្ដា​សា​គេ​វា ញុះ​ញង់​ស្ដី​បំបាក់​បំបែក​គេ​វា​ស្ដី​ដើរ​ពោល​បង្កាច់​បង្កិន​គេ​ជា​ដើម​យ៉ាង​នេះ អែ​អណ្ដាត​នោះ​សោត​ ក៏​ជា​អាយ​តនៈ​ពាល់​ត្រូវ​​តែ​រស​ជាតិ​អាហារ​ វា​ប្រាថ្នា​តែ​វត្ថុ​ឆ្ងាញ់​ពិសា បើ​បាន​ពាល់​ត្រូវ​រស​ឆ្ងាញ់​ពិសា​កាល​ណា​ហើយ​ វា​នាំ​ចិត្ដ​អោយ​ប្រាថ្នា​ ចង់​បាន​ឡើង​ទៀត បើ​ពាល់​ត្រូវ​លើ​រស​ពុំ​ឆ្ងាញ់​ពិសា​កាល​ណា វា​នាំ​ចិត្ដ​អោយ​ក្ដៅ​ក្រហល់​ក្រ​ហាយ​ទៅ​ផ្សេង​ៗ ហេតុ​នោះ ទើប​ថា​មាត់​អណ្ដាត​នេះ​ជា​អាយ​តនៈ​កាឡ​កណ្ណី​ មិន​គប្បី​ស៊ី​វា​ឡើយ​»​

កូន​ឆ្កែថា «បើ​ដូច្នោះ ខ្ញុំ​នឹង​ស៊ី​ដៃ​វិញ យ៉ាង​នេះ​គួរ​រឺ​ម្ដេច​?​។ មេ​ឆ្កែ​ក៏​ហាម​វិញ​ទៀត​ថា «​ដៃ​ក៏​ស៊ី​មិន​បាន​ដូច​គ្នា ដៃ​​នេះកាល​វា​រស់​នៅ​នោះ​វា​តែង​ចាប់​ដំបង​ព្រនង់​គ្រឿង​សស្រ្ដា​វុធ​ប្រហារ​វាយ​ចាក់​កាប់​សំលាប់​មនុស្ស​ ជួន​ណា​វា​ឆក់​យក​ទ្រព្យ​សម្បត្ដិ​គេ​នា​នា នាំ​រូប​វា​អោយ​បាន​ក្ដី​ទុក្ខ​ជាប់​គុក​ជាប់​តារាង​ខ្នោះ​ឃ្នាង​ទៅ​ផ្សេង​ៗ ហេតុ​នោះ​ទើប​ថា ដៃ​នេះ​ជា​កាឡ​កណ្ណីច​ង្រៃ​សើស​គេ មិន​គួរ​នឹង​បរិ​ភោគ​វា​ឡើយ​»

កូន​ឆ្កែ​ថា «បើ​ដូច្នោះ​ខ្ញុំ​នឹង​បរិ​ភោគ​ជើង​វា​វិញ​ចុះ​»​។ មេ​ឆ្កែ​ក៏​ហាម​ទៀត​ថា «ជើង​ក៏​ជា​កាឡ​កណ្ណី​ដូច​គ្នា កាល​វារស់​នៅ ជើង​នោះ​សោត​វា​នាំ​រូប​ដើរ​ត្រាច់​ចរ​ទៅ​លេង​ទៅ​មើល​ទៅ​ស្ដាប់ ទៅ​លួច​ទៅ​ប្លន់​គេ ជួល​កាល​វា​ដើរ​ទៅ​ជាន់​លាមក​ជាន់​បន្លា ជាន់​លើ​កំរាល​អាសនៈ​ ព្រះ​ភិក្ខុ​សង្ឃ​ជា​ទី​មិន​គួរ​ជាន់​ ជួន​ណា​វា​ដើរ​ទៅ​ជាន់​ជើង​ចោរ​ នាំ​អោយ​គេ​ដិត​ចិត្ដ​សង្ស័យ​​ថា ខ្លួន​ជា​ចោរ ជា​អ្នក​ដើរ​យប់​គប់​ពាល​សាមាន្យ​ បាន​ក្ដី​ទុក្ខ​ទោស​ក្នុង​លោ​កិយ ហេតុ​នោះ​ទើប​ថា​ជើង​នេះ​ជា​មហា​ចង្រៃ កាឡ​កណ្ណី មិន​គួរ​គប្បី​បរិ​ភោគ​វា​ឡើយ​»​

កូន​ឆ្កែថា «បើ​ដូច្នោះ​ខ្ញុំ​នឹង​ស៊ី​ពោះ​ពុង​វិញ» មេ​ឆ្កែ​ហាម​ទៀត​ថា ពោះ​ពុង​នោះ​ជា​លំនៅ​នៃ​ចិត្ដ​ៗ នោះ​ហៅ​មនោ ​មនោ​ នេះ​ជា​អាយ​តនៈ​ទទួល​ធម្មា​រម្មណ៍ នាំ​តាម​គំនិត​ដែល​គិត គឺ​គិត​ចង់​បាន​ទ្រព្យ​សម្បត្ដិ ប្រាថ្នា​យស​សក្ដិ​ជា​គ្រឿង​លោកិយ កាម​ក្ដី​វត្ថុ​កាម​កិលេស​កាម គឺ​ចង់​ឈ្នះ​គេ គិត​ឈ្នាន​នីស​គេ​ គិត​លុប​គុណ​គេ គិត​មាក់​ងាយ​គេ គិត​ព្យា​បាទ​គេ គិត​មាយា​​បិទ​ទោស​អែង​សំដែង​ទោស​គេ គិត​សំលឹង​ចង់​បាន​ទ្រព្យ​សម្បត្ដិ​គេ គិត​តែ​ប្រយោជន៍​អែង​ មិន​បែង​ប្រយោជន៍​ដល់​អ្នក​​អ្នក​ដទៃ ចិត្ដ​គិត​ក្នុង​ការ​អកុសល​យ៉ាង​នេះ ទើប​ថា​ពោះ​ពុង​ជា​លំនៅ​នៃ​ចិត្ដ ពោះ​ពុង​នេះ​ជា​កាឡ​កណ្ណី​ចង្រៃ​ក្រៃ​ពេក​ណា ស់ កូន​អែង​នឹង​ស៊ី​វា​ពុំបាន​ ចូរ​ខាន​ទៅ​ចុះ​កូន​ កុំ​ស៊ី​ចំណី​កាឡ​កណ្ណី​នេះ​ឡើយ​»​

កូន​ឆ្កែ​បាន​ស្ដាប់​មេ​អធិ​ប្បាយ អំពី​ចំនី​កាឡ​កណ្ណី​ដូច្នោះ​ហើយ​ ក៏​ជឿ​តាម ពុំ​បាន​គិត​ចង់​ស៊ី​ខ្មោច​នោះ​ត​ទៅ​ទៀត ហើយ​នាំ​គ្នា​វិល​ទៅ​កាន់​លំនៅ​នៃ​អាត្មា​វិញ​ហោង​។ រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​ពិចារ​ណា​អោយ​ឃើញ​ថា អវ​យវ​តូច​​ធំ​សំរាប់​រូប​កាយ​នេះ​ជា​កាឡ​កណ្ណី កើត​ដោយ​ក្ដី​ប្រមាទ​មិន​ឧហាត​បង្ហាត់​អវ​យវ អោយ​ដំកល់​នៅ​ក្នុង​ការ​ស្វិត្ថិ​មង្គល បុគ្គល​អ្នក​រក្សា​អវ​យវ​មិន​អោយ​ធ្លាក់​ចុះ​ជា​កាឡ​កណ្ណី​នោះ គឺ​កាន់​អិន្រ្ទី​សំវរ​លីល​ រក្សា​ទ្វារ​ទាំង​៦ មាន​ចក្ខុ​ទ្វារ​ជាដើម មិន​អោយ​បាប​ធម៌​ចូល​បៀត​បៀន​ចិត្ដ​ខាង​ក្នុង​បាន សង្រួម កាយ​មិន​អោយ​បាប​ធម៌​ចូល​ពាល់​ត្រូវ​បាន ប្រ​ដៅ​កាយ​អោយ​ឆ្ងាយ​ពី​អកុ​សល​កម្ម គឺ​កាយ​កម្ម​៣ វចី​កម្ម​៤ មនោ​កម្ម​៣ ដែ​ល​ហៅ​ថា​អកុសល​កម្ម​បថ​ទាំង​១០ នេះ​អែង អែ​សេច​ក្ដី​សង្រួម​ទ្វារ​ទាំង​៦ និង​ការ​តាំង​នៅ​ក្នុង​កុសល​កម្ម​បថ​១០​នោះ ក្នុង​តំរា​នេះ​មិន​បាន​សំដែង​អោយ​ពិស្ដារ​ទេ មាន​នៅ​ក្នុង​តំរា​គតិ​ធម៌​អែ​ណោះ ហើយ​ចូល​ទៅ​មើល​យក​ជា​គតិ​ចុះ​។

បុគ្គល​រក្សា​អិន្រ្ទី​៦ វៀរ​អកុស​លកម្ម​បថ​១០​នោះ បាន​ឈ្មោះ​ថា​ធ្វើ​អវយ​វ​អោយ​ផុត​ចាក​កាឡ​កណ្ណី​ចង្រៃ ដូច​ន័យ​ដែល​មេ​សុន​ខ​សំដែង​ប្រាប់​កូន​វា​នោះ​អែង អញ្ញើញ​អ្នក​ប្រាជ្ញ​គិត​ទៅ​ទៀត​ចុះ​។

ចប់តំរាអវយវកាឡកណ្ណីទី៣៥


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad