គតិលោក ភាគ៥: រឿង៖ រាជសីហ៍នឹងកង្កែប - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៥: រឿង៖ រាជសីហ៍នឹងកង្កែប


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងរាជសីហ៍នឹងកង្កែប
និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស មាន​សត្វ​រាជសី​ហ៍​១ ចុះ​ទៅ​ផឹក​ទឹ​ស្រះ​ កាល​នោះ​មាន​កង្កែប​១ នៅ​ក្នុង​ស្រះ​បាន​ឃើញ​រាជ​សីហ៍​ចុះ​មក​ផឹក​ទឹក​ដូច្នោះ​ក៏​ស្រែក​កំហែង​ទៅ​ថា «វ៉ីយ​រាជ​សីហ៍ ហេតុ​អ្វី​ចៅ​មក​លួច​ផឹក​ទឹក​យើង ចៅ​សុំ​នរ​ណា​ហៈ ស្រះ​នេះ​ជា​ស្រះ​របស់​យើង​ គួរ​តែ​គំនាប់​យើង​ជា​ម្ចាស់​ស្រះ​ខ្លះ​អេះ នេះ​អែង​ព្រ​ហើន​កោង​មក​ផឹក​មិន​សុំ​យើង​ជា​ម្ចាស់​ឡើយ​»​។ អែ​រាជ​សីហ៍​លឺ​កង្កែប​ពោល​មក​ដូច្នោះ ក៏​ទោ​សោ​ខ្លាំង ទើប​តប​ទៅ​វិញ​ថា «វ៉ីយ​អា​កង្កែប​តូច​ច្រមក់​ ស្រះ​នេះ​ម៉ែ​ឳ​អា​អែង​ចែក​មក​រឺ​ទើប​បាន​អា​អែង​មក​ពោល​ថា​ខ្លួន​ជា​ម្ចាស់​ស្រះ ស្រះ​នេះ​ហៅ​ជាតិ​ស្រះ គឺ​ស្រះ​កើត​អែង​តាំង​ពី​ព្រេង​មក​ ជា​ស្រះ​សំរាប់​ពួក​សត្វ​ចតុ​ប្បាទ​ទ្វេ​បាទ​និង​មនុស្ស​ទាំង​ឡាយ គេ​តែង​អាស្រ័យ នេះ​ហេតុ​អ្វី​អាអែង​មក​ពោល​កំហែង​អញ ថា​អញ​មិន​គំនាប់​សុំ​អាអែង​នោះ អញ​ចាំ​បាច់​សុំ​ទាន​អាអែង​ធ្វើ​អ្វី អា​អែង​ជា​ម្ចាស់​កាល​ណា នែ​អា​កង្កែប​អែប​នៅ​គុម្ព​ផ្កា អា​មិន​ស្គាល់​រិទ្ធិ​ចេស្ដា​អញ​ជា​ស្ដេច​លើ​ក្បាល​អាអែង​ទេ​រឺ​?​

កង្កែប​តប​ថា «វ៉ីយ​រាជ​សីហ៍ អែង​អួត​ថា​ខ្លួន​ជា​ស្ដេច​ៗ​មែន​ហើយ តែ​ជា​ស្ដេច​លើ​សត្វ​ចតុប្បាទ​ខាង​ជើង​គោក អែ​អញ​នេះ​សោត ក៏​ជា​ស្ដេច​លើ​សត្វ​ខាង​ជើង​ទឹក រិទ្ធ​ចេស្ដា​អាអែង​ក៏​មិន​លើស​លែង​គ្នា​ អញ​ក៏​ពុំ​កោត​ក្រែង​រិទ្ធ​អំណាច​អា​អែង​ប៉ុន្មាន​ រឺ​អា​អាង​​​រិទ្ធ​សំ​រែក​ស្រែក​អោយ​សត្វ​ទាំង​ឡាយ លឺ​បែក​ត្រ​ជៀក​ស្លាប់​នោះ ត្រង់​សត្វ​ទាំង​ឡាយ​វា​ឆោត​នាំ​គ្នា​កោត​ខ្លាច​សំរែក​រាជ​សីហ៍​ទូ​ទៅ ត្រង់​រូប​អញ​១​នេះ មិន​ឆោត​មិន​ទៅ​កោត​ខ្លាច​សំរែក​អា​នោះ​ទេ អា​ចង់​ស្រែក​យ៉ាង​ណា​ក៏​អញ​មិន​ព្រឺ​។ អែ​រាជ​សី​បាន​លឺ​កង្កែប​ពោល​ពាក្យ​អិត​ក្រែង​ដូច្នោះ ក៏​គិត​ថាអញ​នឹង​បញ្ចេញ​នូវ​សំរែក​អោយ​អា​សត្វ​កង្កែប​នេះ​វា​ស្លាប់​ក្នុង​កាល​អីលូវ​នេះ​អែង គិត​ហើយ​រាជ​សីហ៍​ក៏​ស្រែក​ដោយ​រិទ្ធិ​យ៉ាង​ខ្លាំង​ឡើង​។ អែ​កង្កែប​កាល​រាជ​សីហ៍​ស្រែក​នោះ វា​ក៏​លោត​ចាក​ស្លឹក​ឈូក​មុជ​ចុះ​ទៅ​ក្នុង​ទឹក លុះ​សំរែក​រាជ​សីហ៍​ស្ងប់​បាត់​ហើយ វា​ក៏​ងើប​ឡើង​ទំ​លើ​ស្លឹក​ឈូក​វិញ ហើយ​ពោល​ឡក​ទៅ​ថា « វ៉ី​អា​រាជសីហ៍​អែង​ស្រែក​អំបាញ់​មិញ​នេះ លឺ​មិន​ស្មើ​នឹង​ផោម​អញ​ផង ចូរ​អែង​ស្រែក​ម្ដង​ទៀត​ទៅ​មើល​»​

អែ​រាជ​សីហ៍​ទោ​​សោ​ខ្លាំង ក៏​តាំង​ស្រែក​ឡើង​លើស​មុន​ ដើម្បី​អោយ​កង្កែប​ស្លាប់ អែ​កង្កែប​ក៏​មុជ​ចុះ​ទៅ​ក្នុង​ទឹក​ទៀ ត លុះ​ស្ងប់​ស័ព្ទ​រាជ​សីហ៍​កាល​ណា វា​ក៏​ងើប​ឡើង​ទំ​លើ​ស្លឹក​ឈូក​ហើយ រាំ​ឡក​ចំអក​អោយ​រាជ​សីហ៍​ដោយ​ប្រការ​ផ្សេង​ៗ​។ អែ​រាជ​សីហ៍​ក៏​រឹង​រឹត​តែ​ខឹង​ខ្លាំង​ តាំង​ប្រឹង​ស្រែក​ខ្លាំង​ឡើង​ទាល់​តែ​ប្រេះ​បែក​បំពង់​ក​ដួល​ចុះ​ដល់​ក្ដី​មរណ​កាល​​ក្នុង​កាល​នោះ​ហោង។ អែ​កង្កែប​ឃើញ​រាជ​សីហ៍​ស្លាប់​ដូច្នោះ ក៏​ត្រេក​អរ​ដោយ​សម​សេច​ក្ដី​ប្រាថ្នា​របស់​ខ្លួន​។

រឿង​នេះ​ បាន​គតិ​បុគ្គល​ទោសា​ក្រោធ​មិន​គិត​អាង​ឥទ្ធិ​រិទ្ធិ អិត​ប្រាជ្ញា​​មិន​ពិចារ​ណា​អោយ​យល់​ហេតុ​នឹង​អន្ដ​រាយ​ខ្លួន​ទៅ​ ខាង​មុខ គិត​តែ​ថា​ខ្លួន​អែង​ធំ​ អែង​មាន​អំណាច កើត​មាក់​ងាយ​មើល​ងាយ​អ្នក​តូច វិនាស​ខ្លួន​ដូច​សត្វ​រាជសីហ៍​នោះ​ហោង​។

ចប់តំរាទោសោអិតសតិសម្បជញ្ញៈទី២១



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad