គតិលោក ភាគ៦: រឿង៖ សំពោចចូលក្នុងជង្រុកស្រូវ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៦: រឿង៖ សំពោចចូលក្នុងជង្រុកស្រូវ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងសំពោចចូលក្នុងជង្រុកស្រូវ
និទាន​នេះ​មាន​ក្នុង​ក្បួន​បារាំង​សេស មាន​សត្វ​សំពោច​១ ចូល​ទៅ​ក្នុង​ជង្រុក​ស្រូវ​គេ បាន​ស៊ី​ស្រូវ​ដរាប​ដល់​សរីរៈ​ធាត់​ធំ​។ ថ្ងៃ​មួយ​អ្នក​ម្ចាស់​ជង្រុក ដើរ​មក​ត្រង់​ទី​ជង្រុក​នោះ ដោយ​មាន​កិច្ច​នឹង​ទៅ​ស្រែ អែ​សំពោច​នៅ​ក្នុង​ជង្រុក​បាន​លឺ​សព្ទ​សន្ធឹក​ជើង​មនុស្ស​ដើរ​មក​ដូច្នោះ​ ក៏​គិត​ភ័ យ​តក់​ស្លុត​ស្ទុះ​រត់​មក​ត្រង់​បង្អួច ដើម្បី​នឹង​ចេញ​តាម​ចន្លោះ​មេ​ចំរឹង​ តែ​ចេញ​ពុំ​រួច​ឡើយ ទើប​ពោល​ឡើង​ថា កាល​អញ​ចូល​មក ក៏​ចូល​តាម​ចន្លោះ​មេ​ចំរឹង​នេះ​អែង អែ​ចំរឹង​នេះ​សោត ក៏​នៅ​ជា​ប្រក្រ​តី ចុះ​ហេតុ​អ្វី​បាន​ជា​ចេញ​ទៅ​ពុំ​រួច​ដូច្នេះ​។ គ្រា​កាល​នោះ​មាន​កន្ដុរ​មួយ​វារ​មក​ខាង​មេ​ចំរឹង​ បាន​លឺ​សំពោច​នោះ​ពោល​ពាក្យ​ដូច្នោះ ក៏​ឆ្លើយ​ទៅ​ថា មេ​ចំរឹង​នេះ​នៅ​ដដែល​ដូច​មុន​ទេ ប៉ុន្ដែ​គ្រា​កាល​បង​អែង​ចូល​មក​នោះ​គឺ​រូប បង​ស្គម​តូច​ទើប​ចូល​មក​បាន លុះ​បង​អែង​មក​នៅ​ក្នុង​ជង្រុក​នេះ បាន​បរិ​ភោគ​ស្រូវ​ឆ្អែត​ស្កប់​ស្កល់ អត្ដ​ភាព​បង​អែង កើត​ធាត់​ធំ​ឡើង​លើស​មុន ហេតុ​នេះ​បាន​ជា​ចេញ​ទៅ​ពុំ​រួច នែ​បង​សំពោច បើ​បង​អែង​ចង់​ចេញ​អោយ​រួច​ទៅ​វិញ​នោះ មាន​តែ​បង​អែង កុំ​ស៊ី​ស្រូវ​ត​ទៅ​ទៀត ស៊ូ​អត់​ត្រា​តែ​អត្ដ​ភាព​ស្គម​តូច​ដូច​កាល​មុន​នោះ ទើប​បង​អែង​អាច​ចេញ​ទៅ​រួច​បាន​។ សំពោច​បាន​ស្ដាប់​ពាក្យ​កន្ដុរ ថ្លែង​ដូច្នោះ​ ក៏​ចូល​ចិត្ដ​បាន ទើប​អត់​អាហារ​ពី​ថ្ងៃ​នោះ​មក ទាស់​តែ​ស្គម​តូច​ដូច​មុន​ទើប​ចេញ​អំពី​ជង្រុក​នោះ​ទៅ​បាន​។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​ចូល​ធ្វើ​រាជ​ការ​បាន​ទទួល​ទាន​បៀ​វត្ស ប្រាក់​ខែ​កើត​មាន​សម្បត្ដិ​បរិបូណ៍ ហើយ​ចង់​លែង​ធ្វើ​រាជ​ការ​វិញ​នោះ មាន​តែ​លែង​ទទួល​ប្រាក់​ខែ​បង់ ទើប​អាច​ចេញ​ចាក​នាទី​នៃ​រាជ​ការ​ទៅ​បាន មួយ​ទៀត​បុគ្គល​ចង់​ចេញ​ទៅ​បួស​ជា​ភិក្ខុ​ សាមណេរ​សោត​​នោះ​ មាន​តែ​លះ​សម្បត្ដិ​ទ្រព្យ​ចោល​បង់ ស៊ូ​អត់​កុំ​បរិ​ភោគ​បញ្ច​កាម​គុណ​នោះ​ទើប​ចេញ​ទៅ​បួស​ជា​ភិក្ខុ សាម​ណេរ​បាន​។ បទ​អស់​នេះ​អ្នក​ប្រាជ្ញ​គប្បី​ពិចា​រណា​ទៅ​ទៀត​ចុះ​។

ចប់តំរាគតិរើខ្លួនចេញចាកទុក្ខទី៣១

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad