គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៤
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានឆ្កែ១មានផ្ទះមានភូមិស្ថានជាលំនៅ
ថ្ងៃ១មានឆ្កែកំផើម១ ដល់កំនត់គភ៌ចាស់នឹងសំរាលកូន ក៏ដើរស្វែងរកកន្លែង
នឹងសំរាល លុះដើរទៅដល់ទីភូមិផ្ទះមេនោះ ក៏ចូលទៅនិយាយថា «សំលាញ់អើយ!
ខ្លួនខ្ញុំនេះមានគភ៌ចាស់ថ្ងៃនឹងសំរាលកូនក្នុងថ្ងៃនេះហើយ
ចូរសំលាញ់មេត្ដាអោយខ្ញុំខ្ចីផ្ទះសំរាលកូនបាន១ថ្ងៃសិន» ឯមេជាម្ចាស់ផ្ទះក៏ឆ្លើយថា
អោ! សំលាញ់អើយ ផ្ទះខ្ញុំនេះតូចណាស់ ចង្អៀតណាស់ នៅបានតែម្នាក់ៗ
បើសំលាញ់ឯងមកខ្ចីសំរាលកូន តើអោយយើងទៅនៅអាស្រ័យឯណា?។ មេកំផើមក៏អង្វរថា
«សំលាញ់អើយ
ចូរមេត្ដាដល់ខ្ញុំចុះ កុំថាអ្វីឡើយ ធ្វើម្ដេចការឆ្លងទន្លេនេះជាការក្រលំបាកណាស់
នឹងទៅសំរាលក្នុងទីវាលកាលឯណាបាន តោងរកទីបន្ទប់ទីមានវត្ថុបិទបាំងទើបសំរាលបាន
ហេតុនេះខ្ញុំឃើញតែផ្ទះសំលាញ់ឯងនេះ ជាទីគួរសំរាលបាន សូមសំលាញ់ជួយដោះទុក្ខ
គឺជួយចំលងខ្ញុំអោយដល់ត្រើយ យកបុណ្យទៅមុខចុះ ខ្ញុំមិននៅយូរទេ តែសំរាលរួចកាលណានឹងលាចុះវិញ
អញ្ជើញសំលាញ់ឡើងមកនៅដូចកាលមុនហោង។
មេឆ្កែម្ចាស់ផ្ទះ
លឺមេកំផើមអង្វរដូច្នោះ ក៏កើតក្ដីអាណិតដោយជាតិជាញីដូចគ្នា ទើបចុះចាកគ្រឹហារហើយថា
«ចូរមេឯងឡើងទៅសំរាលកូននៅលើផ្ទះយើងនេះចុះ» ថាហើយក៏ដើរទៅកាន់ទីដទៃនៅចាំទំរាំគេសំរាលកូនរួច។
ឯមេកំផើមបានឱកាសហើយ ក៏ឡើងទៅសំរាលកូននៅលើផ្ទះនោះលុះស្រេចហើយមេនោះនៅអស់មួយថ្ងៃ
លុះព្រឹកឡើងមេផ្ទះក៏មកទារយកផ្ទះខ្លួន ដល់ហើយថាសំលាញ់ឆ្លងទន្លេរួចស្រួលបួលហើយហៈ
បើលំលាញ់រួចកិច្ចនោះហើយ ចូរចុះចេញពីផ្ទះយើងចុះ យើងនឹងឡើងទៅនៅវិញ យើងទ្រាំនៅដោយវាលកាលអស់១ថ្ងៃហើយ។
ឯមេកូនក៏អង្វរថា សំលាញ់អើយ! សូមអាណិតខ្ញុំសិនចុះ ត្បិតកូនខ្ញុំនេះវានៅតូចណាស់
មិនទាន់បើកភ្នែកផង នឹងនាំយកទៅឯណាបាន បើដូច្នេះ សូមមេត្ដាបង្អង់បាន ៣-៤ថ្ងៃ
ចាំកូនវាបើកភ្នែកល្មមដើរបានកាលណា ខ្ញុំនឹងនាំចេញទៅក្នុងកាលនោះឯង។
ឯមេម្ចាស់ផ្ទះ ក៏កើតចិត្ដអាណិតបើកអោយមេមានកូននៅចាំកូនបើកភ្នែក។ លុះនៅកន្លងមក
៤-៥ថ្ងៃទៀត មេម្ចាស់ផ្ទះនោះទៅទារយកផ្ទះវិញ។ ឯមេមានកូនក៏អង្វរទៀតថា
«សំលាញ់អើយ!
ចូរមេត្ដាខ្ញុំសិន ត្បិតកូនខ្ញុំនៅមិនទាន់រឹងដៃរឹងជើង នឹងបណ្ដើរទៅបាន
បើដូច្នោះបង្អង់ចាំកូនខ្ញុំ វារឹងដៃរឹងជើងល្មមបណ្ដើរបានកាលណា សឹមខ្ញុំនាំចេញទៅក្នុងកាលនោះឯង»។ ឯមេម្ចាស់ផ្ទះក៏អាណិត
ដោយគិតឃើញថា មែនទើបបើកអោយមេនោះនៅតទៅទៀត លុះនៅកន្លងមកកន្លះខែក៏ទៅទារយកផ្ទះម្ដងទៀត។
ឯមេមានកូនក៏អង្វរទៀតថា «សំលាញ់អើយ! ខ្ញុំនឹងបណ្ដើរកូនទៅឯណាបាន ត្បិតវានៅមិនទាន់ដុះធ្មេញដុះចង្កូម
ហើយមិនទាន់ចេះស៊ីបាយរឹងផង ដូច្នេះសូមមេត្ដាបង្អង់សិនចាំកូន វាដុះធ្មេញចេះស៊ីបាយកាលណា
ខ្ញំនឹងនាំចេញពីផ្ទះនេះក្នុងកាលនោះឯង។
ឯមេម្ចាស់ផ្ទះក៏ទទួលអង្វរហើយបោលចេញទៅរកទីទៀតអាស្រ័យនៅ
លុះនៅយូរខែមក កូនឆ្កែទាំងឡាយនោះដុះធ្មេញដុះចង្កូមចេះខាំពាំអ្វីៗបាន។
ឯមេម្ចាស់ផ្ទះក៏ទៅទារយកផ្ទះទៀត មេមានកូននោះកើតអាងកូនជាកំលាំង លុះ
លឺមេម្ចាស់ផ្ទះមកទារយកផ្ទះ ក៏កើតមានៈកោងគំរាមតបទៅថា «ផ្ទះនេះមិនមែនជាផ្ទះនាងឯងទេ
គឺជាផ្ទះរបស់យើង ៗនឹងចុះចេញចោលពុំបានទេ នាងឯងនៅឯណាបានជាមកស្ដីទារយកផ្ទះនេះ
នរណាទៅខ្ចីរឺជួលពីកាលណា ឯកូនឆ្កែទាំងនោះក៏ជួយម្ដាយវា តាំងនាំគ្នាសំញិញធ្មេញបញ្ចេញសព្ទព្រុសឡើងថា
«មេកញ្ចស់នេះ
ហេតុអ្វីក៏មកស្ដីទារយកផ្ទះរបស់មេយើង ផ្ទះនេះយើងកើតឡើងឃើញតែមេនឹងយើងនេះនៅ
ផ្ទះនេះជាផ្ទះយើងប្រាកដ មេកញ្ចាស់ឯងនៅឯណា បានជាមកចោទឆយកផ្ទះយើង យើងមិនអោយទេ
តែខំចូលមករឺឡើងមកលើផ្ទះយើងៗម្ដាយនិងកូនព្រួតខាំ មេកញ្ចាស់ឯងស្លាប់ក្នុងកាលអិលូវនេះ
នែមេកញ្ចាស់ ចូរជៀសចេញទៅ តែខំនៅក្នុងទីនេះ យើងនឹងចោមគ្នាខាំអោយស្លាប់ហោង»។
ឯឆ្កែម្ចាស់ផ្ទះនោះ
លុះលឺមេឆ្កែនិងកូនវានាំគ្នាគំរាមយកផ្ទះខ្លួនដូច្នោះ ក៏កើតក្ដីខ្លាចព្រោះគេមានគ្នាច្រើន
ពុំអាចនឹងយកផ្ទះនោះបានឡើយ កើតក្ដីទោមនស្សតូចចិត្ដក្រៃពេកណាស់ ទើបលះបង់ផ្ទះនោះចោល
បោលទៅកាន់ទីដទៃ ផ្ទះនោះក៏បានទៅមេមានកូននោះឯង។
រឿងនិទាននេះ
បានសេចក្ដីប្រៀបជាគតិយ៉ាងណា ចូរឯងអត្ថាធិប្បាយទៅមើល។ កូនសិស្សតបថា
និទានរឿងនេះបានដូចបុគ្គលអ្នកមានដីភូមិរឺស្រែចំការ ហើយមានអ្នកក្រៅចូលមកសូមធ្វើរឺអាស្រ័យ
តែដល់យូរទៅអ្នកក្រៅនោះវាមានកូនចៅធំឡើង កូនចៅនោះវាទៅរៀនវិជ្ជាបានជាថីរឺនាហ្មឺនឡើងកាលណា
ដីភូមទីស្រែចំការអស់នោះ ម្ចាស់ដើមយកវិញ ឃើញជាពុំបាន ដូចមេឆ្កែមានកូនអាងកំលាំងកូន
កំហែងកោងយកផ្ទះមេម្ចាស់នោះឯង គួរពិចារណាគិតទៅ ចុះ។
ចប់តំរាធ្វើគុណបានទោសទី៧
ចាប់ភាគទី៤
តែប៉ុណ្ណោះ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment