គតិលោក ភាគ៤: រឿង៖ ឆ្កែស្រុក និងឆ្កែព្រៃ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៤: រឿង៖ ឆ្កែស្រុក និងឆ្កែព្រៃ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងឆ្កែស្រុក និងឆ្កែព្រៃ
និទាននេះមានដំនាលក្នុងក្បួនបារាំងសេស
   មាន​សុនខ​ស្រុក​១ បោល​ទៅ​លែង​ព្រៃ​បាន​ឃើញ​ឆ្កែ​ព្រៃ​១​រូប​ស្គម​ឈរ​នៅ​ទី១ ទើប​ចូល​ទៅ​ធ្វើ​បដិ​សន្ឋារ​សួរ​ទទួល​តាម​ភាសា ហើយ​សូម​គ្នា​ជា​មិត្រ​។ ឆ្កែ​ស្រុក​សួរ​ទៅ​ថា​«មិត្រ​រក​ស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​នេះ​តើ​ញ៉ាំង​បាន​បរិ​បូណ៌ រឺ​អត្ដ​ខាត់​ណាស់​ទៅ​?​»​។ ឆ្កែ​ព្រៃ​តប​ថា​ «សំលាញ់​អើយ​! ខ្ញុំ​ឯង​នេះ​ជា​ជាតិ​សត្វ​ព្រៃ រក​ស៊ី​ដោយ​កម្លាំង​ខ្លួន​ឯង​ ជួន​ណាបា​នបរិ​បូណ៌​ជួន​ណា​រក​ពុំ​បាន​ក៏​អត់​ទៅ​»​។ ឯ​ឆ្កែ​ស្រុក​បបួល​ថា «មិត្រ​ឯង​នៅ​ព្រៃ​ អិត​មាន​គេ​ចិញ្ចឹម​យ៉ាង​នេះ​ជា​ទី​លំ​បាក​ពេក​​ណាស់​ បើ​ដូច្នេះ​មិត្រ​ទៅ​នៅ​នឹង​នាយ​ខ្ញុំ​ឯ​ស្រុក​ គឺ​នៅ​ជា​មួយ​នឹង​ខ្ញុំ​នេះ​ចុះ នាយ​ខ្ញុំ​ឯង​នោះ​គាត់​ចិត្ដ​ល្អ​ណាស់ គាត់​អោយ​បាយ​ត្រី​ចំណី​បរិ​ភោគ​ជា​ប្រ​ក្រ​តី​»​។ ឆ្កែ​ព្រៃ​សួរ​ថា «កិច្ច​ការ​របស់​នាយ​អ្នក​ឯង​នោះ តើ​ប្រ​ព្រឹត្ដ​ទៅ​យ៉ាង​ណា​ខ្លះ​? ។ ឆ្កែ​ស្រុក​ថា​នាយ​ខ្ញុំ​នោះ​ពុំ​មាន​កិច្ច​ការ​អ្វី​ជា​ទំងន់​ទេ គឺ​គេ​ប្រើ​អោយ​​ដេក​នៅ​ចាំ​ផ្ទះ​១ គឺ​កាល​ណា​គេ​ទៅ​លេង​ព្រៃ​នោះ ត្រូវ​យើង​ទៅ​នឹង​គេ មើល​កាល​វេលា ជួយ​ដេញ​ខាំ​សត្វ​ម្រឹគ​ផ្សេង​ៗ​បាន​នាំ​មក​អោយ​គេ​១ នែ​មិត្រកិ​ច្ចការ​រវល់​នាយ យើង​នេះ​មាន​តែ​២​ប្រការ​ប៉ុណ្ណោះ​ឯង រួច​ស៊ី​បាយ​ឆ្អែត​ដេក​ទៅ​ »​

     ឱ! ការ​នាយ​អ្នក​ឯង​តែ​ប៉ុណ្ណោះ​នោះ​ល្មម​នឹង​ធ្វើ​បាន តែ​ថា​របស់​អ្វី​ដែល​ព័ន្ធ​ក​អ្នក​នេះ​ហៈ​។ ឱ! នេះ​គេ​ហៅ​ថា​ប្រ​ឡៅ​ណា​សំលាញ់​?​។ អើ​ប្រ​ឡៅ​គេ​ចង​ក​អ្នក​ឯង​នេះ​ដើម្បី​អ្វី​?​។ នែ​សំលាញ់​ប្រ​ឡៅ​នេះ​គឺ​គេ​ចង​ចំណាំ​ថា​ជា​របស់​គេ​។ អើ​បើ​ដូច្នោះ​ខ្លួន​អ្នក​ឯង​មាន​ម្ចាស់​ឥស្សរៈ​លើ​ក្បាល​ហើយ ទើប​គេ​ចង​ប្រ​ឡៅ​នេះ​ដោយ​សំគាល់​ថា​ជា​របស់​គេ ជា​ហើយ​សំលាញ់​ធម្មតា​សត្វ​មាន​គេ​ជា​នាយក​លើ​ក្បាល​នេះ តែ​ក្ដី​ខុស​ចិត្ដ​គេ​កាល​ណា ដំបង​ព្រនង់​នឹង​ត្រូវ​អំ​បែង​ក្បាល ក្នុង​កាល​នោះ​ឯង​ពុំ​ខាន​ឡើយ ណ្ហើយ​ចុះ​សំលាញ់​ខ្លួន​ខ្ញុំ​នេះ​ជា​សុនខ​ព្រៃ​ អិត​បី​មាន​នរ​ណា​ជា​នាយក​លើ​ក្បាល រក​ស៊ី ត្រអាល​តាម​ចិត្ដ អិត​ផ្គាប់​ផ្គុន​យក​ចិត្ដ រឺ​ក្រែង​ចិត្ដ​នរ​ណា ស្វែង​រក​អាហារ​ដោយ​លំពាំង​កំលាំង​ខ្លួន​ឯង បាន​តិច​អាស្រ័យ​តិច បាន​ច្រើន​អាស្រ័យ​ច្រើន​ទៅ​ ជា​ការ​អិត​នាយ​ចៅ​ហ្វាយ​តាម​ចិត្ដ​សប្បាយ​ ចង់​ដេក​ក៏​ដេក​ទៅ ចង់​ទៅ​ណា​មក​ណា​ក៏​ទៅ​ៗ មិន​បាច់​ចាំ​ប្ដឹង​ចាំ​លា​គេ​អោយ​លំបាក នែ​សំលាញ់​ធម្មតា​សត្វ​មាន​គេ​ចិញ្ចឹម​នេះ មាន​សេច​ក្ដី​សុខ​កាយ​ក៏​ពិត​មែន​ហើយ ព្រោះ​នាយ​គេ​ជួយ​ការ​ពារ​អន្ដ​រាយ​ក្នុង​កាល​ដែល​មាន​មក​ម្ដង​ៗ តែ​ចំណី​អាហារ​នៅ​លើ​គេ គេ​ចង់​អោយ​វេលា​ណា​ក៏​បាន​អាស្រ័យ​វេលា​នោះ​ទៅ ទុក​ជា​ខ្លួន​កើត​ឃ្លាន​អ្វី​យ៉ាង​ណា​ក៏​ដោយ គេ​ក៏​ពុំបាន​អោយ​ក្នុង​កាល​ដែល​ខុស​ពេល​នោះ​ឡើយ គឺ​គេ​អោយ​តែ​ក្នុង​ពេល​ព្រឹក​ល្ងាច​ប៉ុណ្ណោះ​ឯង គិត​ទៅ​ឃើញ​ថា​ប្រ​ឡៅ​ចង​ក​នេះ​ជា​ការ​អោយ​ចង្អៀត​ក​ខ្លួន​ឯង ស៊ូ​ខ្ញុំ​ឯង​ក​នៅ​ទទេ​នេះ​ជា​ជាង តាម​ចិត្ដ​ខ្ញុំ​ជា​ជាតិ​ឆ្កែ​ព្រៃ ខ្ញុំ​ឯង​មិន​ចង់​បាន​ប្រ​ឡៅ​ព័ន្ធ​ក​ខ្ញុំ​ទេ» ឆ្កែ​ព្រៃ​ថា​ដូច្នោះ​ហើយ ក៏​លា​ឆ្កែ​ស្រុក​ទៅ​កាន់​លំ​នៅ​អាត្មា​វិញ​ហោង​។ រឿង​និទាន​នេះ​មាន​សេច​ក្ដី​ប្រៀប​ជា​គតិ​យ៉ាង​ណា ចូរ​ឯង​ប្រៀប​ទៅ​មើល​។

     កូន​សិស្ស​តប​ថា សូម​ទាន​រឿង​នេះ ខ្ញុំ​ព្រះ​ករុណា​មិន​តោង​​ចាំ​ប្រៀប​ប្រាយ​អោយ​ពិស្ដារ​​ក៏​​បាន​ព្រោះ​ជា​រឿង​ត្រូវ​ត្រង់​បុគ្គល​មាន​គេ​នាយក និង​បុគ្គល​អិត​គេ​នាយក ដូច​ឆ្កែ​ព្រៃ​ពោល​មក​នោះ​ហើយ នឹង​ពោល​ចំពោះ​តែ​ប្រឡៅ​ម្យ៉ាង​បាន​ខាង​គ្រឿង​ឥស្សរ​យស​ទាំង​ឡាយ​ មាន​សញ្ញាប​ត្រ រឺ​មេ​ដាយ​ត្រា​តាំង​ជា​ដើម បុគ្គល​មាន​យស​ស័ក្ដិ​ពាក់​ប្រ​ដាប់​កាយ អួត​គ្នា សរ​សើរ​គ្នា ក្នុង​លោកិយ​នេះ តែ​គ្រឿង​អាភ​រណៈ​ពោល​គឺ​ប្រឡៅ​នេះ​ ជា​គ្រឿង​នាំ​អោយ​កំរើក​ចិត្ដ អោយ​ស្រវឹង​យស​ទៅ​ផ្សេង​ៗ អ្នក​មាន​បញ្ញា​គួរ​ត្រិះ​រិះ​ពិចារ​ណាទៅ​តាម​គតិ​ធម៌​វិញ​ចុះ​។


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad