ស្រីហិតោបទេស ការបំបែកមិត្ដ
ភាគទី២
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៦ រឿងបរញ្វជកកន្ទប៌កេតុ
(ប្រកបរឿងគោបាលប្តីប្រពន្ធ អ្នកកាត់សក់ប្តីប្រពន្ធ
ព្រមទាំងរឿងពាណិជខាតទ្រព្យ)
មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមវីរវិក្រមៈ
សោយរាជសម្បត្តិក្នុងក្រុងឈ្មោះ កាញ្ចនបុរៈ។
ថ្ងៃមួយចៅក្រមកាត់ទោសអ្នកកាត់សក់ម្នាក់ដល់ប្រហារជីវិត
បង្គាប់អោយនាយពេជ្ឈឃាតនាំយកទៅសំលាប់។ កាលពេជ្ឈឃាត
បណ្តើរអ្នកកាត់សក់ទៅកាន់ទីមនុស្សឃាត បានជួបបរិញ្វជកម្នាក់ឈ្មោះ
កន្ទប៌កេតុ និងពាណិជម្នាក់ទៀត។ កន្ទប៌កេតុឃាត់ពេជ្ឈឃាតថា «នែពេជ្ឈឃាត! អ្នកកាត់សក់នេះ មិនត្រូវគេសំលាប់ទេ» ថាហើយចាប់ជាយសំពត់អ្នកកាត់សក់ជាប់
ទាញមិនព្រមអោយយកទៅសំលាប់។ រាជបុរសជាពេជ្ឈឃាតសួរថា «ហេតុអ្វីក៏មិនត្រូវសំលាប់នុស្សទោសនេះ?»។
កន្ទប៌កេតុឆ្លើយប្រាប់ថា «សូមអ្នកទាំងអស់ចាំស្តាប់
រូបខ្ញុំនេះបានពាល់រូបនាងស្វណ៌រេខា
បានជាធ្លាក់ខ្លួនមកកាន់សភាពដូច្នេះ»។
រាជបុរសទាំងឡាយបានស្តាប់ហើយងឿងឆ្ងល់ណាស់ ទើបសួរតទៅថា
ចុះរឿងនោះតើដូចម្តេចខ្លះ? បរិញ្វជកកន្ទប៌កេតុចាប់ផ្តើមនិយាយរឿងខ្លួននោះអោយស្តាប់ដូចសេចក្តីតទៅនេះថា៖
ខ្លួនខ្ញុំនេះឈ្មោះកន្ទប៌កេតុ
ជាបុត្រព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមជីមូតកេតុ នៅសីហលទ្វីប។
ថ្ងៃមួយខ្ញុំចូលទៅលេងកំសាន្តសប្បាយក្នុងសួនអុទ្យាន
បានជួបពាណិជម្នាក់ អ្នកធ្លាប់ដើរសំពៅសមុទ្រ
គាត់បាននិយាយប្រាប់ខ្ញុំថា «នៅនាកណ្តាលសមុទ្រ
តែដល់ថ្ងៃ១៤ កើតហើយតែងមានផុសកល្បព្រឹក្សមួយដើម នៅទៀបគល់កល្បព្រឹកនោះ
ខ្ញុំឃើញនាងកញ្ញាម្នាក់ មានរូបឆោមលោមពណ៌ល្អអនេកដូចនាងលក្ស្មី(1)
ប្រដាប់តាក់តែងស្អិត
ស្អាងកាយដោយគ្រឿងអលង្ការគ្រប់ប្រការ
អង្គុយលើទែនសយនាជាវិការៈនៃមាសភ្លឺប្រុះឆ្លុះឆ្វៀលច្រវាត់ដោយរតនវត្ថុ
ដ៏មានតំលៃដៃដេញពិណលេងកំសាន្តសប្បាយលឺសូរពីរោះក្រៃលែង។ លំដាប់នោះ
កាលទៅដល់ខ្ញុំបាន ឃើញនាងកញ្ញាអង្គុយលើទែនសយនាដ៏ល្អនោះមែន
តែពេលនោះ ទែនសយនាលិចពាក់កណ្តាលទៅក្នុងទឹកហើយ
តទៅនាងកញ្ញានោះក៏លិចបាត់ទៅក្នុងទឹកព្រមមួយអន្លើដោយស្រីបរិវារនៅចំពោះមុខខ្ញុំថែមទៀត
ដូចសេចក្តី ដែលពាណិជបានប្រាប់ខ្ញុំសព្វគ្រប់មែន។ កាលនោះអែង
ខ្ញុំជាប់ចិត្តស្និទ្ធស្នេហា ចំពោះរូបសោភានាងកញ្ញានោះខ្លាំងណាស់
ទាល់តែអត់ទ្រាំមិនបានក៏លោតភ្លុងចុះក្នុងទឹកមុជទៅតាមភ្លាម ខ្ញុំបានទៅដល់កនកបុរីស្រីនគរមាស
បានឃើញនាងកញ្ញានោះអង្គុយលើទែនដដែលក្នុងសុវណ្ណប្រាសាទ
មាននាងវិជ្ជាធរីទាំងឡាយកំពុងចោមរោមគាល់ហ្វៅ (ឃ្លាំកំដរ)។
នាងកញ្ញានោះមើលមកឃើញខ្ញុំពីចំងាយ
ក៏ប្រើនាងវិជ្ជាធរីម្នាក់ជាជំនិតអោយមកអញ្ជីញខ្ញុំ
នាងបំរើនេះនិយាយប្រាប់ខ្ញុំដោយក្តីរាក់ទាក់ដ៏ក្រៃលែង។
ខ្ញុំសាកសួរនាងបំរើនោះ នាងបំរើនោះ និយាយប្រាប់មកខ្ញុំវិញថា
នាងកញ្ញានេះព្រះនាមនាងរត្នមញ្ជរី
ជាព្រះរាជបុត្រីនៃព្រះបាទចក្រពត្រាធិរាជនៃពួកពិទ្យាធរទាំងឡាយ
ទ្រង់ព្រះនាម កន្ទប៌កេ លី ព្រះនាងបានប្តេជ្ញាទុកថា
អ្នកណាបានមកដល់ឃើញក្រុងកនកបុរីនេះដោយភ្នែកខ្លួនអែង
សូម្បីព្រះវរបិតានាងមិនជ្រាប ព្រះនាងក៏ទទួលយកអ្នកនោះជារាជស្វាមី
បើដូច្នោះចូរអ្នករៀបចំមង្គលការនឹងនាងកញ្ញានេះ
ដោយគាន្ធវិវិវាហៈក្នុងកាលអីលូវនេះទៅ។ កាលនោះអែង
ខ្ញុំក៏រៀបចំធ្វើមង្គលការគាន្ធវិ
វិវាហៈនឹងនាងកញ្ញានោះហើយនៅជាសុខក្សេមក្សាន្តមនោរម្យសមតាមសេចក្តីប្រាថ្នាអស់កាលដ៏យូរ។
ថ្ងៃមួយ នាងរត្នមញ្ជរីជាភរិយានិយាយហាមប្រាមខ្ញុំដោយសេចក្តីស្រលាញ់ថា៖
«ស្វាមី! អ្នកបងចូរប្រើប្រាស់គ្រឿងអុបភោគបរិភោគ
ដែលមាននៅក្នុងប្រាសាទទាំងអស់នេះតាមសេចក្តីប្រាថ្នាចុះ
កុំកោតញញើតឡើយ តែរូបគំនូរនាងវិជ្ជាធរី ឈ្មោះស្វណ៌រេខាមួយនេះ
ក្នុងកាលណាក៏ដោយ អ្នកបងកុំពាល់អោយសោះ។ ក្នុងកាលជាខាងក្រោយ
មកដោយក្តីចំណង់ដ៏ខ្លាំងក្រៃលែង
អត់ទ្រាំមិនបានខ្ញុំក៏យកដៃទៅពាល់សុដននាងស្វណ៌រេខារូបគំនូរនោះ
ដកដៃស្ទើរតែមិនទាន់ទាំងផុតផង រូបគំនូរនាងស្វណ៌រេខានោះ យកជើងមកធាក់ខ្ញុំមួយជើងប៉ាំង
ប៉ើងធ្លាក់មកដល់ស្រុកកំណើតខ្លួនវិញមួយរំពេច។
ខ្ញុំកើតទុក្ខព្រួយក្តៅក្រហាយស្តាយក្រោយ
តប់ប្រមល់តល់ពុទ្ធោមិនដឹងធ្វើដូចម្តេច ក៏រត់មកបួសជាបរិញ្វជក
ចេះតែដើរត្រាច់រង្គត់លើផែនពសុធាវិលវល់ទៅវិញទៅមក
ហើយដើររហូតមកដល់នគរនេះអែង។ លុះព្រះទិនករ
ដ៏បវរចរចូលកាន់សន្ធិយារាត្រីខ្ញុំក៍ចូលទៅកាន់ផ្ទះគោបាលដែលនៅជិតទីឋាននេះ
សុំជ្រកកោនអាស្រ័យនៅសំរាកកំលាំង។
គោបាលបានទទួលអោយខ្ញុំពឹងពាក់អាស្រ័យ ក្នុងទីមួយកន្លែងនៅផ្ទះគាត់
គាត់បាននិយាយប្រាប់ភរិយាគាត់ថា អោយមើលថែរក្សាខ្ញុំដោយល្អផង
ចាំទំរាំដល់គាត់ត្រលប់មកវិញ។ គោបាលផ្តាំទុកដាក់ខ្ញុំ
នឹងភរិយារួចហើយ គាត់ដើរចេញទៅក្រៅបាត់។
ក្នុងពេលដែលគោបាលជាប្តីចេញផុតបាត់ទៅ ភរិយាគាត់ប្រព្រឹត្តខុសគន្លងប្រវេណីស្រ្តីភាព
ធ្វើការទាក់ទងជាមួយស្រ្តីពេស្យាជាមេអណ្តើកម្នាក់ជាភរិយាអ្នកកាត់សក់។
លុះគោបាលត្រលប់មកដល់ផ្ទះ គាត់ឃើញភរិយាគាត់កំពុងនិយាយចរចាជាមួយ នឹង
ស្រ្តីពេស្យានោះ។ អែភរិយាគោបាល កាលឃើញគោបាលជាប្តីត្រលប់មកដល់វិញ
រត់ចូលទៅក្នុងផ្ទះភ្លាមហើយធ្វើជារៀបចំតាក់តែងគ្រែពូកខ្នល់ខ្នើយ
សំរាប់ទទួលទានដំណេក។
គោបាលជាប្តីចាប់ភរិយាកាឡកណ្ណីនោះមកវាយច្រើនខ្វាប់
ហើយយកទៅចងភ្ជាប់ នឹង សសរទ្រូងផ្ទះ រួចគាត់ក៏ចូលទៅសម្ងំដេកលក់ទៅ។
ពេលរំលងអធ្រាត្រ ស្រ្តីពេស្យាមេអណ្តើកនោះ
វិលត្រលប់មកជួបប្រពន្ធគោបាលវិញ ហើយនិយាយថា «ម្រាក់អើយ!
សាហាយជាទីស្រលាញ់ម្រាក់
កើតទុក្ខក្តៅក្រហល់ក្រហាយរោលរាលខ្លាំងណាស់ដូចភ្លើងឆេះ
ដេកមិនលក់បក់មិនល្ហើយទេព្រោះមិនបានជួបឃើញមុខម្រាក់ថ្ងៃនេះ
អីលូវនេះត្រូវសរព្រះកាមទេពសន្លប់សន្លិនដូចរកកល់ស្លាប់ទៅហើយព្រោះថា៖
១១១ កាលបើព្រះចន្រ្ទរះឡើងក្រឡង់
កំចាត់បង់អ័ព្ទងងឹតសូន្យសុង
ចោលពន្លឺភ្លឺថ្លាត្រជាក់ស្រអែតក្នុងរាត្រីកាលហើយ ព្រះកាមទេពតែងបាញ់សរទៅចំចិត្តកំលោះ
ដែលខ្លួនបានឃើញ។
ខ្ញុំបានឃើញសាហាយនាង
កើតទុក្ខព្រួយជ្រុបសញ្ជប់សញ្ជឹងមានប្រការដូច្នេះ
ទើបបានជាខ្ញុំវិលត្រលប់មកប្រាប់ម្រាក់វិញ។ បើដូច្នេះ
ដើម្បីអោយម្រាក់បានទៅជួបប្រុសសំលាញ់ក្នុងទីនោះ លុះម្រាក់ធ្វើអោយគ្នាបានសប្បាយចិត្តរួចស្រេចហើយសឹមម្រាក់ត្រលប់វិលមកវិញ
តែសូមម្រាក់កុំទៅយូរពេក។ កាលនាងទាំងពីរនិយាយគ្នាហើយ
ធ្វើតាមពាក្យនាត់នោះ គោបាលភ្ញាក់ពីដេកឡើងវិញ
ហើយនៅតែក្តៅចិត្តងំនៅឡើយ ទើបនិយាយបញ្ជោះបោះបោកទៅរកភរិយាថា «ចុះហេតុអ្វី
ពេលនេះមេសំផឹងអែងម៉េចក៏មិនទៅរកសាហាយមីហងអែងទៀតទៅហៈ!»។ ពេលនោះ
ដរាបណាស្រ្តីពេស្យាមេអណ្តើកដែលចងខ្លួនជំនួសភរិយាគោបាលមិនមាត់កថាដូចម្តេចសោះ ដរាបនោះគោបាលច្រលោតខឹងរឹតតែខ្លាំងឡើង ស្រែកជេរសន្ធប់ថា «យើមីចោរចង្រៃ! មីហងអែងព្រហើនណាស់ ម៉េចមិនចង់និយាយឆ្លើយឆ្លង
នឹង អញផង ប្រយ័ត្នអញអត់មិនបានតិចហ៊ិៈ!
ថាហើយក្រោធខឹងណាស់ស្ទុះទៅកន្រ្តាក់យកកាំបិតមកកាត់ចុងច្រមុះស្រ្តីនោះដាច់ធ្លាក់ដល់ដី
កំបុតថ្ងុយកញ្ឆតច្រមុះទៅ កាត់រួចហើយ
គោលបាលក៏ចូលទៅសម្ងំដេកលក់ដូចដើមវិញទៅ។
តមកមិនយូរប៉ុន្មានភរិយាគោបាលត្រលប់មកដល់វិញ
ហើយសួរទៅនាងមេអណ្តើកនោះថា «ម៉េចទៅម្រាក់!
មានការអ្វីថ្មីទៀតទេ!»។ «ចុះហងម៉េចក៏មិនមើលមុខ
មេអណ្តើកឆ្លើយ ដាច់ច្រមុះគ្នាកញ្ឆតទៅហើយថា
សួរគ្នាថាមានការអ្វីថ្មីទៀតទេ
មុខច្រមុះកញ្ឆតនេះវាប្រាប់ស្រាប់ហើយចាំសួរធ្វើអ្វី។ ភរិយា
គោបាលផ្លាស់យកខ្លួនទៅចងវិញ ហើយឈរនៅប្រងើយដូចដើម។
អែស្រ្តីពេស្យាមេអណ្តើក កាលគេស្រាយខ្លួន ហើយលូកដៃរើសចុងច្រមុះមួយកំណាត់កាន់ដើរចេញទៅផ្ទះខ្លួនវិញ។
លុះដល់ព្រឹកព្រាងឡើងអ្នកកាត់សក់នៅក្រៅផ្ទះ
ស្រែកហៅប្រពន្ធប្រើអោយយកស្រោមកាំបិតព្រមទាំងកាំបិតមកអោយផង
អែនាងមេអណ្តើកជាប្រពន្ធមិនអោយទាំងស្រោមកាំបិតត្រលប់ជាអោយតែកាំបិតមកវិញ។
អ្នកកាត់សក់ក្រោធខឹងឆេវកន្រ្ទាក់
កាំបិតពីដៃភរិយាយកទៅចោលលឺសូរក្តូងក្តាំងពេញទាំងផ្ទះ។
ភរិយាភិតភ័យស្លាំងកាំងរន្ធត់កត្តមាខ្លាំងណាស់ ទ្រហោយយំ ហ៊ូរឡើង
ហើយស្រែកឆោឡោអាក្រោសប្រាប់គេអែងថា «អោលោកអើយ!
ខ្ញុំមិនខុសឆ្គាំឆ្គងអ្វីសោះ
ស្រាប់តែយកកាំបិតមកកាត់ច្រមុះខ្ញុំដាច់ថ្ងុយចេញឈាមសស្រាក់!» និយាយហើយក៏កាន់ចុងច្រមុះចុះពីផ្ទះដើរចេញទៅប្តឹងតុលាការអោយជំនុំជំរះ។
ក្នុងពេលនោះអែង គោបាលបែរទៅនិយាយនឹងភរិយាខ្លួនដោយសំដីឡកឡឺយថា «អើមី ហងអែង! គ្រាន់បើហើយ វាសមមុខហើយ មីកញ្ឆតច្រមុះ។ «នែអាកំណាចចង្រៃ! ភរិយាឆ្លើយ
អ្នកណាអាចធ្វើប្រពន្ធគ្រប់លក្សណ៍ខ្លួនអែងអោយអាម៉ាស់មុខគេដូចអាចង្រៃអែងនេះ?
អញមិនចង់និយាយបូរបាច់ច្រើនពេកទេ រឿងនេះលោកបាល
ជាទេវតារក្សាលោកទាំង ៨ទិស ជ្រាបសេចក្តីបរិសុទ្ធអញស្រាប់ហើយ»។
១១២ ព្រះអាទិត្យនិងព្រះចន្ទ
ព្រះវាយុនិងព្រះអគ្គី មេឃដីនិងទឹក ហរិទ័យ និង ព្រះយម ថ្ងៃនិងយប់
ពេលសន្ធិ(2)ទាំងពីរនិងព្រះ ធម៌
តែងស្គាល់ច្បាស់នូវសេចក្តីប្រព្រឹត្តិនៃមនុស្សលោក។
បើខ្លួនខ្ញុំជាស្រីគ្រប់លក្សណ៍
មិនលះបង់ចោលប្តីមិនដែលស្គាល់ប្រុសដទៃ
សូម្បីយល់សប្តិក៏មិនដែលឃើញថាមានការប្រព្រិត្តអនាចារនឹងប្រុសដទៃទេ
សូមកុំអោយមុខមាត់ច្រមុះខ្ញុំវិកលវិការៈដោយអំណាចគុណធម៌ជាកុសលនេះឡើយ
ហើយសូមអោយខ្ញុំមានតេជៈអាចរំលាយប្តីចង្រៃនេះអោយខ្ទេចជាផង់ធូលីផេះកុំខាន
ប្តីអ្វីកាចចង្រៃម្លេះនេះ? ខ្ញុំមានចិត្តភ័យខ្លាចចំពោះតែលោកជាទេវតាធំទេ
ថាហើយស្រែកប្រាប់ទៅប្តីថា «មើលអាចង្រៃអែង!
អាអែងមកមើលមុខអញមើល!។ កាលនោះគោបាលជាប្តី
លឺពាក្យសច្ចាប្រណិធានភរិយាម៉ឺងម៉ាត់ដូច្នោះឆេះដូចភ្លើង
អត់ទ្រាំមិនបានក៏ដុតភ្លើងកាន់យកទៅទ្រោលបំភ្លឺមើលមុខភរិយាដើម្បីនឹងផ្ទាញ់កុំអោយឆ្នាសពេក
លុះមើលហើយឃើញច្រមុះពេញលេញដូចប្រក្រតីដើម ភ័យណាស់ ក៏លុតជង្គង់ក្រាបទៀបជើងភរិយា
ពោលពាក្យលន់តួអង្វរទោសហើយសរសើរសំណាងខ្លួនថា «អោអញអើយ!
មានបុណ្យវាសនាណាស់តើ! បានភរិយាបរិសុទ្ធ ប្រាកដដូច្នេះ
ជាស្រីគ្រប់លក្សណ៍ប្រសើរណាស់ហ្ន៎! យីអញ! កុំអីវរសោះ។(3)។
បរិព្វាជកកន្ទប៌កេតុនិយាយប្រាប់រាជបុរសតទៅទៀតថា
រូបអ្នកនេះជាពាណិជ
ដែលមានរឿងជាមួយគ្នាខ្ញុំនឹងរៀបរាប់រឿងគាត់ជូនស្តាប់ដូចសេចក្តីតទៅ៖
នាយពាណិជនេះ
ធ្វើដំណើរចេញពីផ្ទះខ្លួនទៅរកធ្វើជំនួញ
ទៅនៅរកទទួលទាននៅប្រទេសជិតភ្នំមល័យអស់១២ឆ្នាំ រួចហើយទើបបានមកដល់ក្រុងនេះ។
នៅក្នុងក្រុងនេះគាត់បានសុំទីជ្រកអាស្រ័យដំណេកនៅផ្ទះស្រីពេស្យាម្នាក់។
នាងពេស្យានេះ បានអោយគេឆ្លាក់រូបវេតាលៈ(4) ជាវិការៈនៃឈើយកទៅដាក់
នៅមាត់ទ្វារផ្ទះនៅលើក្បាលរូបវេតាលៈនោះ នាងពេស្យាបញ្ចុះពេជ្រដ៏មានតំលៃទាំងគ្រាប់។
ដោយក្តីល្មោភជិះជាន់ខ្លាំង
ពេលយប់នាយពាណិជដើរឡើងចូលទៅលបលួចយកពេជ្រដែលនៅលើក្បាលវេតាលៈនោះ
កាលលូកដៃទៅ ចាប់យកស្រាប់តែមានខ្សែយន្តទាញដៃវេតាលៈទាំងពីរអោយកំរើក
ទៅរួបចាប់ដៃពាណិជជាប់រើមិនរួច ពាណិជ
ភ័យខ្លាំងណាស់ទាល់តែស្រែកអោយគេជួយ។
នាងពេស្យាភ្ញាក់ឡើងនិយាយទៅកាន់ពាណិជថា «នែកូនសំលាញ់!
អែងមកពីប្រទេសជិតភ្នំមល័យ
អែងចូរប្រគល់រតនវត្ថុទាំងអស់នោះមកអោយយើង បើអែងរឹងមិនព្រមអោយទេ
បិសាចនេះនឹងមិនព្រមលែងអែងទេ ព្រោះកិច្ចការនេះ ជាការងាររបស់បិសាច។
កាលនោះពាណិជក៏ប្រគល់ រតនវត្ថុខ្លួនទាំងអស់អោយទៅនាងពេស្យា
អិតមានសេសសល់អ្វី អីលូវនេះគាត់ខាតបង់ទ្រព្យសម្បត្តិអស់
ធ្លាក់ខ្លួនទៅជាអ្នកក្រីក្រត្រដេបត្រដាបដូច្នេះ ទើបបានមកនៅជាមួយខ្ញុំសព្វថ្ងៃនេះ។
លុះរាជបុរសជាពេជ្ឈឃាតទាំងឡាយ បានស្តាប់ដំណើរដើមទងរឿងសព្វគ្រប់ហើយ
ក៏យកសេចក្តីទាំងអស់នេះទៅប្រាប់ដល់ចៅក្រមវិញ។ លំដាប់នោះ
ចៅក្រមក៏ចាត់ការអោយបំបរបង់នាង ពេស្យាមេអណ្តើក និង ភរិយាគោបាលចេញពីភូមិមិនអោយនៅតទៅទៀត
បង្គាប់អោយអ្នកកាត់សក់ត្រលប់ទៅកាន់ផ្ទះទីលំនៅខ្លួនវិញ។
ព្រោះហេតុនោះហើយបានជាខ្ញុំ(ចចកទមនកៈ) ពោលជាបទដើមអាទិ៍ថា «មនុស្ស ៣នាក់ត្រូវទទួលទុក្ខលំបាក» ដូច្នេះជាដើម
(លេខ១១០)។
អើទោសនេះ ជាទោសគឺយើងធ្វើខ្លួនយើង បើដូច្នេះ
តើយើងទៅរវល់កើតទុក្ខយំសោយសោកថ្វី។ ចចកទមនកៈ ពិចារណាមើលមួយស្របក់
ក៏និយាយតទៅថាៈ «នែសំលាញ់!
អត់សង្កត់ចិត្តបន្តិចទៅសិនចុះ
ខ្ញុំជាដើមហេតុនាំអោយចងមេត្រីភាពយ៉ាងណា
ខ្ញុំក៏ជាដើមហេតុនាំបំបែកមិត្រអោយបានយ៉ាងនោះដែរ ព្រោះថា៖
១១៣ - នរជនឆ្លៀវឆ្លាតអាចប្រឌិតរបស់ដែលមិនពិត អោយមើលឃើញជារបស់ពិតប្រាកដបាន ដូចវិចិត្រករប្រសប់ប៉ិនប៉ៅ អាចគូររូបភាពលើផ្ទៃដ៏រាបស្មើអោយឆ្លុះស្រមោលគេមើលទៅឃើញមានទាបខ្ពស់ទៅតាមចិត្តបាន។
១១៤ - រីហេតុការណ៍ណាមួយដែលកើតឡើងភ្លាមៗ ដោយមិនដឹងខ្លួន នរជនណាមិនភ័ន្តភាំងបាត់គំនិតប្រាជ្ញាទេ នរជននោះអាចឆ្លងផុតពីក្រទុក្ខលំបាកគ្រប់ប្រការបាន ដូចភរិយាគោបាល និង សាហាយ២នាក់។ ចចកករដកៈ សួររឿងនោះថា «រឿងនោះ តើដូចម្តេច?។ ចចកទមនកៈ រៀបរាប់រឿងរ៉ាវនោះប្រាប់ដូចតទៅនេះថា៖ តទៅកថា៧
១១៣ - នរជនឆ្លៀវឆ្លាតអាចប្រឌិតរបស់ដែលមិនពិត អោយមើលឃើញជារបស់ពិតប្រាកដបាន ដូចវិចិត្រករប្រសប់ប៉ិនប៉ៅ អាចគូររូបភាពលើផ្ទៃដ៏រាបស្មើអោយឆ្លុះស្រមោលគេមើលទៅឃើញមានទាបខ្ពស់ទៅតាមចិត្តបាន។
១១៤ - រីហេតុការណ៍ណាមួយដែលកើតឡើងភ្លាមៗ ដោយមិនដឹងខ្លួន នរជនណាមិនភ័ន្តភាំងបាត់គំនិតប្រាជ្ញាទេ នរជននោះអាចឆ្លងផុតពីក្រទុក្ខលំបាកគ្រប់ប្រការបាន ដូចភរិយាគោបាល និង សាហាយ២នាក់។ ចចកករដកៈ សួររឿងនោះថា «រឿងនោះ តើដូចម្តេច?។ ចចកទមនកៈ រៀបរាប់រឿងរ៉ាវនោះប្រាប់ដូចតទៅនេះថា៖ តទៅកថា៧
………………………………………………….
(1)សក្តិព្រះនារាយ។
(2)ពេល ព្រះអាទិត្យជិតរះឡើង និង
រះឡើងច្បាស់ហើយ១ ពេលព្រះអាទិត្យជិតអស្ដង្គត និង លិចបាត់ទៅ១
(3)ហិតោបទេសលោកឡង់សីរ៉ូ
មានគាថាលើសដូច្នេះ ក្នុងសំដីស្រីមានសុទ្ធតែទឹកឃ្មុំ
តែក្នុងចិត្តស្រីមានសុទ្ធតែពិសពុល បើពពីរមាត់ទទឹកដោយពិសពុលហើយ
ចិត្តពុះពោរដោយសេចក្តីទុក្ខក្តៅក្រហាយ។
(4)រូបបីសាចស៊ីខ្មោចស្រស់)
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment