គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១០
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានព្រាហ្មម្នាក់ចេះមន្ដវិជ្ជាវិសេសហៅថា
បថវិជយមន្ដ ថ្ងៃមួយព្រាហ្មណ៍នោះចូលទៅក្នុងព្រៃភ្នំ
ហើយទៅអង្គុយលើខ្នងសិលាថ្មដាមួយ
តាំងស្វាធ្យាយរាយសូត្រនូវបថវិជយមន្ដនោះ លុះចប់ហើយ
ក៏វិលទៅកាន់គេហដ្ឋាននៃអាត្មាវិញ ក្រោយនោះមិញ
មានសត្វចចកមួយដេកនៅក្នុងរូងថ្ម
បានលឺបថវិជយមន្ដដែលព្រាហ្មណ៍សូត្រស្វាធ្យាយនោះ ក៏ចាំចេះ ស្ទាត់បាន
ព្រោះស្ទាត់ចំណាន អំពីជាតិមុនមកធ្លាប់កើតជាព្រាហ្មណ៍ចេះមន្ដនោះអែង។
ចចកនោះកាលណាចេះចាំមន្ដនោះហើយក៏តាំងស្វាធ្យាយរាយមន្ដនោះឡើង
មន្ដនោះមានអំណាចអាចហានក្លៀវក្លា
បណ្ដាពួកសត្វចតុប្បាទទាំងឡាយមានរាជសីហ៍ សិង្ហតោ គោ សេះ ដំរី ក្របី ខ្លា
ប្រើស ក្ដាន់ជាដើម សឹងខ្លបខ្លាចអំណាចមន្ដនោះមហិមា
នាំគ្នាមឹតមូលចូលមកចោមរោមជាយសបរិវារ អែចចកនោះក៏កើតមានៈ
ស្រវឹងយសលើកកំពស់តាំងខ្លួន ជាស្ដេចសំរេចការ ហៅព្រះបាទសព្វទាថរាជ
មានអំណាចលើសសត្វចតុប្បាទក្នុងលោកកិយ ហើយតាំងមេចចកមួយជា អគមហេសី
ថ្វាយនាមជាព្រះសង្គាលីទេវី ជាគាប់ហរិទ័យនៃស្ដេសព្វទាថរាជនោះអែង។
លុះនៅយូរបន្ដិចមក
ចចកនោះកើតលោភចេតនាប្រាថ្នាចង់បានទ្រព្យសម្បត្ដិ ក្នុងនគរពារានសី
ដើម្បីនឹងកំចាត់ពួកមនុស្សទាំងអស់នោះ អោយរត់ចេញចាកស្រុក
ហើយអាត្មាអែងនឹងយកនគរនោះ តាំងសោយរាជ្យ ចចកនោះគិតដូច្នេះហើយ
ក៏ហៅពួកសត្វចតុប្បាទទាំងឡាយមកជាមួយពលសកលយោធា
ហើយអោយដំរីពីរដើរទន្ទឹមដូចជាទឹមនឹមមួយ
អោយកេសររាជសីហ៍ឡើងឈរជាន់លើខ្នងដំរីទាំងគូនោះ
អាត្មាអែងក៏នាំនាសិង្គាលីទេពី ជិះលើខ្នងនៃកេសររាជសីហ៍នោះ
ហើយអោយពួកពលដើរជាក្បួនព្យុហ៍ទ័ព លើទៅចោមរោមព័ទ្ធនគរពារានសី។
អែពួកសត្វទាំងឡាយ
ពង្រាយគ្នាដើរជាក្បួនព័ទ្ធនគរពារានសីដេរដាសពាសពេញ
មានចំងាយចេញទៅ១២ យោជន៍ដោយជុំវិញ ទើបស្ដេចសព្វទាថរាជអោយនាំសារ
ចូលទៅទូលស្ដេចពារានសីថា «យើងទ្រង់ព្រះនាមសព្វទាថរាជ
ជាចមពលលើពួកសត្វចតុប្បាទទាំងឡាយ លើកពលសត្វមកនេះ
ដើម្បីនឹងយកក្រុងពារានសីនេះជារបស់យើង ថាបើស្ដេចពារានសី
នឹងចង់តតាំងប្រណាំងប្រលងរិទ្ធនឹងយើង ក៏អោយរៀបក្បួនទ័ព
លើកចេញមកច្បាំងក្នុងកាលអីលូវនេះ រឺមួយមានចិត្ដខ្លបខ្លាចអំណាចយើង
មិនហ៊ានប្រលងតេជដៃទេ ក៏អោយស្ដេចពារានសីបើកទ្វារនគរចាំទទួលយើង
ៗនឹងចូលទៅក្នុងកាលអីលូវនេះអែង»។
អែបណ្ដាមហាជនទាំងឡាយ
មានស្ដេចជាដើមកាលបើឃើញពួកសត្វចតុប្បាទទាំងឡាយ
លើកមកចោមព្រះនគរមានសភាពដូច្នោះ ក៏សឹងភិតភ័យតក់ស្លុត
នាំគ្នារត់ឡើងផ្ទះឡើងប្រាសាទ
បិទទ្វាររបងទ្វារកំពែងទ្វារផ្ទះទីទៃៗ។ អែស្ដេចពារានសី
ក៏អោយប្រជុំនាម៉ឺនមុខមន្រ្ដីពិភាក្សាតតាំងនឹងទ័ពស្ដេចចចកនោះ
កាលណោះមានបុរោហិតម្នាក់ជា អ្នកមានសតិបញ្ញា ក្រាបទូលថា «ធម្មតាកងទ័ពសត្វតិរច្ឆាននេះ វានឹងមានគ្រឿងសស្រ្ដាវុធអ្វី
ក្រៅពីស្នែងចង្កូមធ្មេញក្រញាំជើងវានោះទេ
រឺវាអាងរិទ្ធានុភាពវេទ្យាគមវិជ្ជាម្យ៉ាងៗទេដឹង? បើដូច្នេះចាំទៅនិយាយមើលកលការវាសិន ជាវាមាន រិទ្ធយ៉ាងណា
បានជាវាក្លាហាន ហ៊ានមកធ្វើសឹកនឹងយើងជាមនុស្សនេះ» ទូលហើយរាជបុរោហិតនោះឡើងទៅលើប៉ម កំពែងជាស្ថានខ្ពស់
ហើយស្រែកសួរថា «ហៃស្ដេចសព្វទាថរាជ, អ្នកមានអំណាចគង់លើខ្នងកេសររាជសីហ៍ មានដំរីពាហនៈរងខាងក្រោម
ជាចមពលលើពួកសត្វចតុប្បាទ លើកព្យុហៈមកមានទំហំ ១២យោជន៍
ដើម្បីមកច្បាំងនឹងយើងជាជាតិមនុស្សនេះ
តើអ្នកមានគ្រឿងសាស្រ្ដាវុធអ្វីខ្លះ
អាចយកជ័យជំនះយើងជាជាតិមនុស្សនេះបានហៈ?។
អែស្ដេចសព្វទាថរាជ ក៏ឆ្លើយតបទៅថា «យើងមិនចាំបាច់មានអាវុធអ្វីនាំអោយពិបាក នឹងចាក់នឹងកាប់នោះទេ
យើងមានតែអាវុធវិសេសមួយយ៉ាង គឺកេសររាជសីហ៍ ជាព្រះទីណាំងយើងនេះ
យើងនឹងប្រើអោយស្រែក ជាសំរែកសីហនាទកាលណា
បណ្ដាមនុស្សទាំងឡាយក្នុងនគរនេះ ក៏នឹងវិនាសស្លាប់ទាំងអស់ជាម្ដង
នគរនេះហោង ក៏នឹងធ្លាក់នៅក្នុងកណ្ដាប់ដៃនៃយើងនេះអែង។
អែបុរោហិតលឺដូច្នោះអែង ក៏ចូលចិត្ដបាន
ទើបនិយាយអង្វរទៅថា «អើមហារាជ ការនេះយើងស្ដាប់បានហើយ
តែចាំយើងចូលទៅទូលព្រះបាទអ្នកជាម្ចាស់យើងអោយទ្រង់ជ្រាបសិន
ជាស្ដេចនឹងព្រមលើករាជសម្បត្ដិថ្វាយដល់មហារាជ រឺ នឹងគិតប្រឹក្សាយ៉ាងម៉េចទៅទៀត
ថាហើយរាជបុរោហិតនោះ
ចុះចាគប៉មម្នីម្នាចូលទៅទូលស្ដេចពារានសីតាមសេចក្ដីនោះហោង។
អែស្ដេចពារានសីបានជ្រាបហេតុដូច្នោះ
ក៏ភិតភ័យស្លុតព្រះហរិទ័យ ទើបទ្រង់ប្រឹក្សាការនោះនឹងបុរោហិតទៀត
បុរោហិតក៏ទទួលអាសា
ទើបចាត់អាមាត្យអោយយកស្គរចរទៅវាយប្រាមប្រាប់អស់អ្នកនគរអោយយកសំលីគរ
រឺ សំពត់ចុកត្រចៀកទាំងអស់គ្នា ដោយហោចទៅ
តែសត្វចិញ្ចឹមមានឆ្កែឆ្មាជាដើម ក៏អោយចុកត្រចៀកទាំងអស់។
បុរោហិតនោះចាត់ការរក្សាជីវិតអ្នកនគរស្រេចហើយ
ក៏ឡើងទៅលើប៉មទៀត ហើយនិយាយចំអកឡកអោយស្ដេចចចកនោះថា ហៃចៅចមពល សត្វចតុប្បាទអើយ អ្នកអែងអួតថា នឹងអោយកេសររាជសីហ៍ស្រែក
ដើម្បីនឹងអោយវិនាសដល់ពួកមនុស្សនោះ យើងយល់ថា រាជសីហ៍នោះ គង់មិនស្ដាប់ពាក្យអ្នកអែងជាប្រាកដ។
អែស្ដេចចចកលុះលឺពាក្យបុរោហិតថាដូច្នោះក៏កើតមានៈឡើងខ្លាំង
តាំងទទោកជើងអោយសញ្ញាដល់កេសររាជសីហ៍ ៗទទួលបង្គាប់
មុននឹងស្រែកនោះរាជសីហ៍ក៏តាំងជាន់ជ្រែងជើងទាំងបួនខ្ជាប់លើខ្នងដំរីទាំងពីរ
ហើយស្រែកដោយសំរែកយ៉ាងខ្លាំងឡើង សំលេង
នោះក៏លាន់ខ្ទប់លើត្រចៀកនៃសត្វទាំងឡាយ ៗមានដំរីជាដើម
ក៏បែកត្រចៀកដួលចុះស្លាប់វិនាសពាសពេញលើធរណី
អែដំរីព្រះទីណាំងទាំងពីរក៏ដួលទ្រោមចុះ រាជសីហ៍នោះ
ក៏ធ្លាក់ទៅដល់ផែនដី អែស្ដេចសព្វទាថរាជ និងសិង្គាលីមហេសី
ក៏ធ្លាក់ទៅក្រោមពោះដំរី
ៗដួលសង្កត់ស្លាប់ទាំងពីរប្រាណនៅក្នុងស្ថាននោះអែង។
សត្វទាំងឡាយ សឹងវិនាសទាំងអស់
នៅសល់តែកេសររាជសីហ៍មួយ រាជសីហ៍នោះ ឃើញពួកខ្លួនស្លាប់អស់ហើយ
ក៏ភិតភ័យទើបបោលបោះផ្លោះទៅកាន់ព្រៃព្រះហិមពាន្ដវិញហោង។
អែបុរោហិតនោះ
លុះបានឃើញទ័ពសត្វដល់នូវក្ដីវិនាសដួលស្លាប់ពាសពេញដូច្នោះហើយ
ក៏ចុះចាកប៉មភាគបន្ទាយ ម្នីម្នាលីលាទៅក្រាបទូលស្ដេចពារានសី
តាមសេចក្ដីនាះសព្វប្រការ ហើយអោយអាមាត្យយកស្គរជ័យ ទៅវាយប្រកាស
ប្រាប់ដល់ពួកអានាប្រជាជនក្នុងព្រះនគរ
អោយបើកទ្វារកំពែងចេញទៅរើសយកសពសត្វទាំងឡាយនោះ
មកធ្វើជាភក្សាហារតាមក្ដីប្រាថ្នា។
អែអ្នកនគរទាំងឡាយ
កាលបើបានដឹងបានលឺសេចក្ដីដូច្នោះ ក៏នាំគ្នាបើកទ្វារព្រះនគរចេញទៅរើសយកសពសត្វទាំងនោះ
មកចំអិនជាភក្សាហារទីទៃៗ សាច់នោះច្រើនណាស់
អ្នកខ្លះក៏នាំគ្នាធ្វើផ្អកធ្វើងៀតហាលថ្ងៃទុកអាស្រ័យទៅមុខទៀត
តាមក្ដីប្រាថ្នានៃអាត្មាទីទៃៗ មានអៃដ៏កាលនោះហោង។
រឿងយើងចេះធ្វើសាច់ងៀតសត្វសព្វថ្ងៃនេះ អាចារ្យពោលថា
គឺចេះអំពីកាលមនុស្សអ្នកពារានសីធ្វើងៀតសត្វនោះអែង
គួរចូលចិត្ដហោង។
រឿងនេះ បានជាគតិដល់អ្នកចេះសីលវិទ្យាគម
សំដែងបញ្ចុះបញ្ចូលអ្នកក្រៅ អ្នកព្រៃ បង្កឡើងជាកងទ័ព
តាំងក្បត់នឹងម្ចាស់ផែនដី ដូចយ៉ាងអាចារ្យស្វា អាចារ្យសុក
អាចារ្យជ្រាំ អាចារ្យពោកំបោរ អាសៅសិល្បនោះអែង គួរចូលចិត្ដចុះ។
អែកំលាំងរិទ្ធសិល្បវិទ្យាគមនោះ
ជួយបានតែមួយគ្រាៗជារបស់រិទ្ធឈានលោកិយ នឹងទៅឈ្នះម្ចាស់ផែនដី
ដែលលោកមានបុណ្យបារមីបានកសាងការកុសលមកអំពីព្រេងនោះអែណាបាន
ក៏ព្រោះមានបញ្ញាអាចពិចារណាមើលកល មើលការណ៍ផង ទើបរុងរឿងទៅបាន
ដូចយ៉ាងស្ដេចចចកមានតែរិទ្ធិ តែអិតបញ្ញា
មិនដឹងជាអាសនាដែលខ្លួនជិះនោះ វានឹងជាអាវុធសំលាប់ខ្លួនវិញ
បាននូវក្ដីបរាជ័យស្លាប់ខ្លួនអែងដូចសំដែងមកនេះ
ប្រាជ្ញមានបញ្ញាគួរពិចារណាតាមតំរានេះទៅចុះ។
|
ចអើយចចក
|
ចចើងចង់យក
|
សម្បត្ដិមនុស្សលោក
|
|
ខ្លួនជាតិរច្ឆាន
|
មិនមានប្រយោគ
|
ទៅអាងសិទ្ធិជោគ
|
|
ជ័យមន្ដវេទ្យា ។
|
||
|
ប្រើរាជសិហ៍ស្រែក
|
អោយមនុស្សផងបែក
|
ត្រចៀកមរណា
|
|
មិនដឹងសីល៍សង្ខ
|
ទីណាំងអាត្មា
|
ត្រលប់ប្រែជា
|
|
មរិត្យុលើ ខ្លួន។
|
||
|
ពាលអើយពាលពិត
|
ទៅអាងតែរិទ្ធិ
|
មិនគិតអោយធួន
|
|
មើលយល់តែឆ្ងាយ
|
រៀងអាយជិតខ្លួន
|
មិនយល់កលក្បួន
|
|
ស្លាប់ដោយក្បាច់អែង។
|
||
|
ធម្មតាប្រាជ្ញប្រាយ
|
យោគយល់ជិតឆ្ងាយ
|
យល់ខ្លីយល់វែង
|
|
យល់ការគួរធ្វើ
|
រឺការគួរលែង
|
ទើប លោកចាត់ចែង
|
|
ការនោះមិនបង់។
|
ចប់តំរាតំកើងយស
ជាគតិទី៦៧
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment