សង្គ្រាម ភាគទី៣: កថាទី៥ រឿងហង្សនិងក្អែក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

សង្គ្រាម ភាគទី៣: កថាទី៥ រឿងហង្សនិងក្អែក


ស្រីហិតោបទេស សង្គ្រាម ភាគទី៣
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៥ រឿងហង្សនិងក្អែក
នៅ​តាម​ផ្លូវ​ធំ​ទៅ​កាន់​ក្រុង​អុជ្ជ​យិនី​ មាន​ដើម​បិប្ប​លៈ​មួយ​ដើម​មាន​មែក​ទ្រ​ឈឹង​ទ្រ​ឈៃ​។ សត្វ​ហង្ស​ និង ក្អែក​អាស្រ័យ​នៅ​លើ​ដើម​ឈើ​នោះ​។ នៅ​ក្នុង​រដូវ​ក្ដៅ ​មាន​អ្នក​ដំណើរ​ម្នាក់​ដើរ​មក​ដល់​ អស់​កំលាំង​ណាស់​ ឃើញ​ម្លប់​ត្រជាក់​ស្រួល​ ដាក់​ធ្នូ និង សរ​ក្បែរ​គល់​ឈើ​ប្រាស់​ខ្លួន​ដេក​លន់​លក់​ទៅ​។ ក្រោយ​បន្ដិច​មក​ម្លប់​ដើម​ឈើ​នោះ​ រេ​បែរ​ឃ្លាត​ចេញ​ពី​មុខ​អ្នក​ដំណើរ​នោះ​។ កាល​នោះ​ហង្ស​ទុំ​នៅ​លើ​ដើម​ឈើ​នោះ​ ក្រលេក​ទៅ​ឃើញ​មុខ​អ្នក​ដំណើរ​ចាំង​ដោយ​ កំដៅ​ព្រះ​អាទិត្យ​ កើត​មាន​ចិត្ដ​ល្អ​ជា​ចិត្ដ​បុណ្យ​ដ៏​ត្រជាក់​ត្រជុំ​ ទើប​កោង​ស្លាប​ខ្លួន​បាំង​កំដៅ​ព្រះ​អាទិត្យ​អោយ​ម្លប់​ ទៅ​ចំ​មុខ​អ្នក​ដំណើរ​នោះ​ដោយ​ចិត្ដ​អាណិត​។ រី​អ្នក​ដំណើរ​កំពុង​អស់​កំលាំង​ខ្លាំង​ បាន​ម្លប់​ត្រជាក់​ស្រួល​ ក៏​ដេក​លក់​ស៊ុប​ច្រហ​មាត់​ធ្លុង​។ គ្រា​នោះ​អែង​ ក្អែក​ដែល​នៅ​ជា​មួយ​គ្នា​ ជា​សត្វ​មាន​ចិត្ដ​អាក្រក់​ជា​សភាព​ទុជ៌ន​ពី​កំណើត​ តែង​ច្រណែន​ជន​ដទៃ​ជា​និច្ច​ មិន​ចង់​អោយ​គេ​បាន​សេច​ក្ដី​សុខ​សោះ​ ក៏​បន្ទោ​បង់​អាចម៍ខ្លួន​អោយ​​ធ្លាក់​ទៅ​ចំប៉ាច់​ ក្នុង​មាត់ នៃ​អ្នក​ដំណើរ​នោះ​ ហើយ​ហើរ​ចេញ​បា​ត់​ទៅ​ភ្លាម​។​ អ្នក​ដំណើរ​ត្រូវ​អាចម៍​ ក្អែក​ស្អុយ​មួយ​ដុំ​ចំ​មាត់​ក្នាញ់​ណាស់​ ក្រោក​គ្រ​ទី​គ្រ​ទា​ឡើង​ក្រ​លេក​មើល​ទៅ​លើ​ឃើញ​តែ​ហង្ស​មិន​ឃើញ​ក្អែក​ ក៏​ចាប់​ទាញ​ធ្នូ​មក​ ហើយ​​បាញ់​តំរង់​ទៅ​ត្រូវ​ស្លាប់​ទៅ​ហោង​ ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​(សេក​)​ ពោល​ថា​«បុគ្គល​មិន​គប្បី​ឋិត​នៅ​» ដូច្នោះ​ជា​ដើម​(លេខ​២២)។ សេក​រៀប​រាប់​ទៀត​ថា(1)«ទេ​វៈ​! ខ្ញុំ​បាទ​នឹង​និយាយ​រឿង​ក្អែក​ និង ទទា​ត​ទៅ​ទៀត​ សូម​ម្ចាស់​ប្រុង​ស្ដាប់​៖
………………………………………………….
(1)ហិតោបទេស​ សេច​ក្ដី​ប្រែ​ភាសា​សៀម​នៃ​លោក​នាគ​ប្រ​ទីប​ មាន​គាថា​ដូច្នេះ​គឺ​ ចូរ​វៀរ​ការ​នៅ​ ច្រលំ​បល់​ជា​មួយ​ទុជ៌ន​ តែ​ត្រូវ​សមា​គម​ដោយ​សប្បុ​រស​ ចូរ​បំពេញ​បុណ្យ​ទោះ​ថ្ងៃ​ទោះ​យប់​ ចូរ​រលឹក​ដល់​ការ​មិន​ទៀង​ជា​និច្ច​។



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad