ស្រីហិតោបទេស សង្គ្រាម ភាគទី៣
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៤ រឿងដំរីនិងទន្សាយ
ថ្ងៃមួយ
នៅក្នុងរដូវភ្លៀងរាំងរីងស្ងួតហួតហែងអិតមានទឹកភ្លៀងសោះ
ដំរីមួយហ្វូងធំ
ដែលមានក្ដីស្រេកឃ្លានបៀតបៀនចូលទៅនិយាយជាមួយដំរីជាមេខ្លោងថាៈ «លោកជាទីពឹង!
ធ្វើអុបាយដូចម្ដេចយើងទាំងអស់គ្នានឹងមានជីវិតរស់នៅតទៅទៀត?
ទីនេះត្រពាំងបឹងបួរីងអស់ហើយ
សូម្បីតែសំរាប់សត្វតូចតាចក៏មិនមែនដែរ យើងទាំងអស់គ្នា
បើមិនមានទឹកសំរាប់ស្រប់សំរាប់ផឹកសំរាប់មុជទេ
មុខជានឹងស្លាប់អសាបង់អស់ហើយ ដូចជាអណ្ដើកខ្វាក់ទៅណាមិនរួច
យើងទាំងអស់គ្នានឹងទៅអែណាហ្ន៎?»។
កាលនោះស្ដេចដំរីបានស្ដាប់ហើយ នាំបរិវារដើរចេញទៅ
មិនឆ្ងាយប៉ុន្មានបានឃើញត្រពាំងមួយទឹកថ្លាយល់ដី។
ក្នុងថ្ងៃដែលដំរីបបួលគ្នាដើរទៅនោះ
ទន្សាយតូចធំទាំងឡាយដែលអាស្រ័យនៅនាត្រើយត្រពាំងនោះ ទាំងប៉ុន្មានត្រូវដំរីដើរជាន់ស្លាប់ខ្ទេចខ្ទីស្ទើរតែអស់។
គ្រានោះមានទន្សាយមួយ ឈ្មោះសិលីមុខ
កាលបានឃើញព្រឹត្ដិការណ៍អន្ដរាយដូច្នោះ ទើបគិតថាៈ «ហ្វូងដំរីនេះ គឺកងជ្រួលច្របល់ ដោយក្ដីស្រេកឃ្លាន
នឹងគប្បីមកកាន់ត្រពាំងនេះរាល់ថ្ងៃ
កាលបើដូច្នេះត្រកូលពូជទន្សាយទាំងឡាយមុខជាវិនាសអន្ដរធានអស់មិនខានឡើយ»។ ពេលនោះមានទន្សាយចាស់មួយឈ្មោះវិជ័យ ចូលមកនិយាយរ៉ាប់រងថាៈ «នែអ្នកទាំងឡាយ! កុំភិតភ័យជ្រួលច្របល់ថ្វី
ទុកងារអោយខ្ញុំទៅធ្វើប្រតិបត្ដិការក្នុងទីនោះជួយដោះទុក្ខបងប្អូនទាំងឡាយ»។ ទន្សាយចាស់ឈ្មោះវិជ័យនោះធ្វើប្ដេជ្ញាដូច្នេះហើយ
ក៏ដើរចេញទៅ កាលដែលកំពុងដើរចេញទៅ វិជ័យដើរបណ្ដើរគិតបណ្ដើរថាៈ «ដល់អាត្មាអញដើរទៅជិតស្ដេចដំរីជាម្ចាស់ហ្វូង
តើអាត្មាអញត្រូវធ្វើដូចម្ដេច? ព្រោះថាៈ
១៤ - ដំរីគ្រាន់តែពាល់ ភុជង្គគ្រាន់តែព្រួសពិស
ព្រះរាជាគ្រាន់រក្សា មនុស្សទុជ៌នសូម្បីញញឹម ទាំងអស់នេះសុទ្ធតែ
ធ្វើអោយដល់សេចក្ដីស្លាប់បានទាំងអស់។
បើដូច្នោះ គួរតែអាត្មាអញឡើងទៅលើកំពូលភ្នំសិន ហើយសឹមនិយាយប្រាប់មេខ្លោងដំរី។ លុះទន្សាយធ្វើដូចគំនិតស្រេចហើយ មេខ្លោងដំរីស្រែកសួរតបទៅវិញថា «ចុះអ្នកអែងជាអ្វី? អ្នកអែងមកពីណា?»។ វិជ័យឆ្លើយប្រាប់ថាៈ «យើងជាទន្សាយព្រះច័ន្រ្ទដ៏មានបុណ្យ លោកប្រើយើងមកកាន់សំណាក់អ្នករាល់គ្នានេះអែង»។ មេខ្លោងដំរីសួរតមវិញភ្លាមថាៈ «បើដូច្នោះ ចូរនិយាយប្រាប់មកមានការណ៍ដូចម្ដេចខ្លះ?» វិជ័យប្រាប់ថា៖
បើដូច្នោះ គួរតែអាត្មាអញឡើងទៅលើកំពូលភ្នំសិន ហើយសឹមនិយាយប្រាប់មេខ្លោងដំរី។ លុះទន្សាយធ្វើដូចគំនិតស្រេចហើយ មេខ្លោងដំរីស្រែកសួរតបទៅវិញថា «ចុះអ្នកអែងជាអ្វី? អ្នកអែងមកពីណា?»។ វិជ័យឆ្លើយប្រាប់ថាៈ «យើងជាទន្សាយព្រះច័ន្រ្ទដ៏មានបុណ្យ លោកប្រើយើងមកកាន់សំណាក់អ្នករាល់គ្នានេះអែង»។ មេខ្លោងដំរីសួរតមវិញភ្លាមថាៈ «បើដូច្នោះ ចូរនិយាយប្រាប់មកមានការណ៍ដូចម្ដេចខ្លះ?» វិជ័យប្រាប់ថា៖
១៥ - ទូតសូម្បីនៅកណ្ដាលសស្រ្ដាវុធ
ដែលគេលើកច្រូងច្រាងក៏មិននិយាយអ្វីដទៃក្រៅពីការខ្លួន
អាស្រ័យដោយខ្លួនជាទូត គេមិនសំលាប់
ហេតុនោះទើបទូតចរចាត្រង់ទៅត្រង់មកតាមសេចក្ដីពិត។
ដូច្នោះ
ខ្ញុំនឹងសូមពោលទៅតាមព្រះរាជអាជ្ញាព្រះច័ន្រ្ទដ៏មានបុណ្យដែលខ្ញុំបានទទួលមក
សូមប្រុងស្ដាប់ដូចតទៅនេះ «ទន្សាយទាំងឡាយនេះ
ជាអ្នករក្សានូវត្រពាំងព្រះច័ន្រ្ទ
អីលូវអ្នកទាំងឡាយមកបណ្ដេញបំបរបង់ហើយសំលាប់ផង
ការធ្វើដូច្នេះមិនត្រឹមត្រូវតាមគន្លងធម៌ទេ
ព្រោះទន្សាយទាំងអស់ដែលរក្សានូវត្រពាំងនេះជា បរិវារយើង ហេតុនេះហើយបានជាមានពាក្យហៅយើងថា
«សសាង្ក (មានរូបទន្សាយជាគ្រឿងសំគាល់
នាមធេយ្យឈ្មោះ) ជានាមធេយ្យរបស់យើង។
កាលដែលទូតថ្លែងសេចក្ដីដូច្នេះចប់ហើយ មេខ្លោងដំរីភ័យញ័ររន្ធត់
ហើយនិយាយទាំងញញាក់ញញ័រតបថា «បពិតលោកជាអ្នកថ្លែងសេចក្ដី!
យើងខ្ញុំលែងទៅក្នុងត្រពាំងនោះទៀតហើយ»។
វិជ័យជាទូតនិយាយបំភ័យថែមទៀតថាៈ «បើដូច្នោះ
ចូរអ្នកទាំងឡាយទៅមាត់ត្រពាំងសិន ដើម្បីថ្វាយបង្គំព្រះអង្គ
សូមអោយលោកត្រាប្រណីប្រោសប្រាណអត់ទោស រួចហើយសឹមត្រលប់ទៅវិញចុះ ព្រោះព្រះច័ន្រ្ទលោកខ្ញាល់ខ្លាំងណាស់។
កាលនោះវិជ័យនាំដំរីមេខ្លោងនិងបរិវារទៅក្នុងរាត្រី
ហើយបង្ហាញរូបព្រះច័ន្រ្ទដែលកំពុងញ័រដោយរលកក្នុងត្រពាំងនោះ
ដំរីមេខ្លោងមើលទៅឃើញព្រះច័ន្រ្ទញ័រមែន។ វិជ័យនិយាយអង្វរថាៈ «ទេវ! កំហុសគឺដំរីធ្វើពិតមែនហើយ ព្រោះគ្នាមិនបានដឹង
បើដូច្នោះ សូមលោកម្ចាស់អភ័យទោសអោយទានដោយករុណា
តទៅហ្វូងដំរីទាំងឡាយនេះ ប្ដេជ្ញាថានឹងមិនមកកាន់ទីនេះទៀតទេ»។ វិជ័យសូមអភ័យទោសអោយ ដំរីរួចហើយទើបបង្គាប់អោយដំរីទាំងឡាយ
ថយចេញពីទីនោះទៅហោង ព្រោះហេតុនោះ បានជាយើង (ក្ងោកទាំងឡាយ)
និយាយថាៈ «ដោយប្រើអុបាយកល» ដូច្នេះជាដើម
(លេខ១៤)។
លំដាប់នោះ ខ្ញុំបាទ(ទីឃ៌មុខ)
និយាយអួតប្រាប់ក្ងោកទាំងឡាយនោះថា «រាជហង្សម្ចាស់យើង
ជាស្ដេចមានតេជានុភាពមានសក្ដានុភាព ព្រមទាំងមានសមត្ថភាពបរិបូណ៌ផង
គួរនឹងបានសោយរាជ្យគ្រប់គ្រងត្រៃលោកនេះទៅទៀត នឹង និយាយថ្វី
សព្វបើរាជសម្បត្ដិលើផែនដីនេះ»។
កាលនោះក្ងោកជេរប្រទេចខ្ញុំបាទថា «នែអាកុកព្រហើន!
បើគ្រាន់បើណាស់ ម្ដេចអាអែងមកកាន់ទឹកដីយើងនេះធ្វើអ្វី?» ជេរហើយចាប់ខ្ញុំបាទនាំយកទៅកាន់សំណាក់ស្ដេចក្ងោក
ឈ្មោះចិត្ដពណ៌។ កាលទៅដល់ចំពោះមុខស្ដេចក្ងោកហើយ
ក្ងោកជាបរិវារលើកទសករប្រណម្យថ្វាយបង្គំ ទើបបង្ហាញខ្ញុំបាទ។
ប្រាប់ស្ដេចក្ងោកថាៈ «ទេវ! សូមលោកម្ចាស់ជ្រាប
អាកុកព្រហើននេះវាមកកាន់ប្រទេសយើង
ហើយវាហ៊ានក្បត់ព្រះចេស្ដានៃទេវបាទ!»។
ស្ដេចក្ងោកសួរថាៈ «ចុះអាកុកនោះវាជាអ្វី? វាមកពីណា?»។ ក្ងោកជាបរិវារ
ទាំងឡាយប្រាប់ថាៈ «អាកុកនេះជាចារបុរសនៃរាជហង្សហិរណ្យគភ៌
វាមកពីកប៌ូរទ្វីប។ គ្រានោះអែង ត្មាតឈ្មោះទុរទសី
ជាប្រធានរដ្ឋមន្រ្ដីនៃស្ដេចចិត្រពណ៌សួរខ្ញុំបាទថាៈ «អ្នកណាជាប្រធានរដ្ឋមន្រ្ដីក្នុងប្រទេសអែង?»។ ខ្ញុំបាទឆ្លើយប្រាប់ថាៈ «ចាក្រពាកឈ្មោះសវិជ្ញៈ
ជាអ្នកដល់នូវត្រើយនៃវិទ្យាសាស្រ្ដទាំងអស់»។
ត្មាតនិយាយតទៅទៀតថាៈ «ថាបើចាក្រពាកឈ្មោះសវិជ្ញៈនេះកើតក្នុងប្រទេសនោះមែន
សមគួរ នឹង កាន់ដំណែងជាប្រធានរដ្ឋមន្រ្ដីហើយ ព្រោះថា៖
១៦ - កើតក្នុងប្រទេសខ្លួន
ប្រព្រឹត្ដល្អបរិសុទ្ធតាមវង្សត្រកូល មានចិត្ដស្អាត
ស្ទាត់ជំនាញក្នុងសាស្រ្ដ មានអាថិកំបាំង
មិនតាំងខ្លួនជានាក់លេងល្បែងភ្នាល់ វៀរមិនប្រព្រឹត្ដបរទារកម្ម។
១៧ - ព្រះរាជាគួរគប្បីស្វែងរកមន្រ្ដី ជាអ្នកចេះចាំធម្មសាស្រ្ដ និង អថិសាស្រ្ដ ជាអ្នកមានពូជ ជានាម៉ឺនធំ មាននាមល្បីល្បាញ ជាបណ្ឌិតជាអ្នកបង្កើតទ្រព្យសម្បត្ដិ។
១៧ - ព្រះរាជាគួរគប្បីស្វែងរកមន្រ្ដី ជាអ្នកចេះចាំធម្មសាស្រ្ដ និង អថិសាស្រ្ដ ជាអ្នកមានពូជ ជានាម៉ឺនធំ មាននាមល្បីល្បាញ ជាបណ្ឌិតជាអ្នកបង្កើតទ្រព្យសម្បត្ដិ។
ក្នុងលំដាប់នោះ
សេកជាមន្រ្ដីនិយាយប្រាប់ស្ដេចក្ងោកចិត្រពណ៌ទៀតថា «ទេវ! កប៌ូរទ្វីប និង ទ្វីបទាំងឡាយអែទៀត
គ្រាន់ជាកោះតូចតាចទេ ហើយនៅក្នុងបរិវេណ អាណាចក្រជម្ពូទ្វីបទាំងអស់
ដូច្នេះទ្វីបទាំងឡាយនេះនៅក្នុងអធិបតេយ្យព្រះទេវបាទទាំងអស់» ស្ដេចក្ងោកចិត្រពណ៌ និយាយចាក់បណ្ដោយដោយល្មោភថាៈ «អើ!ពិតដូចអែងនិយាយមែន ព្រោះថា៖
១៨ - ព្រះរាជា១ មនុស្សឆ្កួត១ កូនក្មេង១
អ្នកបរិភោគកាម១ តែងចង់បានរបស់ដែលខ្លួនមិនទាន់បាន
ចាំបាច់និយាយថ្វី ដល់របស់ដែលខ្លួនបានហើយ។ កាលនោះខ្ញុំបាទ
(ទីឃ៌មុខ) ឆ្លើយតបថាៈ «ថាបើគ្រាន់តែថា រឺ
គ្រាន់តែនិយាយ ហើយបានសំរេចអធិប្បតេយ្យដូចមាត់មែននោះ
ខ្ញុំបាទក៏ចេះនិយាយដែរថាៈ «ជម្ពូ ទាំងមូលនៅក្នុងអំណាចស្ដេចម្ចាស់ខ្ញុំបាទឈ្មោះហិរណ្យគភ៌ទាំងអស់»។ សេកសួរមកខ្ញុំបាទវិញភ្លាមថាៈ «ធ្វើមធ្យោបាយដូចម្ដេច
នឹង អោយសំរេចប្រស្នានេះបាន?»។
ខ្ញុំបាទឆ្លើយតបពាក្យសេកវិញថាៈ «ធ្វើសង្រ្គាម»។ កាលនោះស្ដេចក្ងោកចិត្រពណ៌និយាយប្រាប់ខ្ញុំបាទថាៈ «អែងត្រលប់ទៅប្រាប់ម្ចាស់អែងវិញទៅ អោយរៀបចំ
សែន្យានុភាពត្រៀមចាំចុះ»។ ខ្ញុំបាទនិយាយថា «សូមលោកបញ្ជូនទូតទៅចរចាជាមួយលោកម្ចាស់ខ្ញុំសិន»។ ពេលនោះស្ដេចក្ងោកចិត្រពណ៌ បែរទៅប្រឹក្សាចំពោះ
មន្រ្ដីទាំងឡាយថាៈ «តើនឹងតែងតាំងអ្នកណាជាទូត?
ព្រោះទូតគួរចេះការ និងអោយមានលក្ខណសម្បត្ដិដូច្នេះ។
១៩ - មានភក្ដី មានគុណបរិសុទ្ធល្អ ប្រសប់វាងវៃ
ឈ្លៀវឆ្លាត និង មានប្រតិភាន បុគ្គលបែបនេះគួរធ្វើជាទូត។ ត្មាតឆ្លើយថា
«បុគ្គលមានលក្ខណៈដូច្នេះមានច្រើនណាស់ ទោះម្ដេចម្ដា
គួរយើងតែងតាំងព្រាហ្មណ៍ អោយធ្វើជាទូតទៅចរចាព្រោះថា៖
២០ - ធ្វើសេចក្ដីជ្រះថ្លា (ធ្វើអោយចំរើន)
ដល់ម្ចាស់ផែនដី ដែលមិនប្រាថ្នាចង់បានសម្បត្ដិ
ដូចថ្នាំពិសពុលឈ្មោះកាលកូដៈ(4) មិនប្រាសចាកពណ៌ខ្មៅជាប់នៅកព្រះ អីសូរជានិច្ច។
ក្ងោកចិត្រពណ៌បង្គាប់សេកថាៈ «នែសេក! អែងចូរទៅ ជាមួយទីឃ៌មុខនេះ
ហើយនិយាយប្រាប់ម្ចាស់គេថា យើងរៀបទ័ពត្រៀមព្រមហើយ»។ សេកទទួលអាជ្ញាថា «ទេវៈ!
ខ្ញុំបាទទទួលតាមអាជ្ញាហើយ តែកុកទីឃ៌មុខនេះជាសត្វទុជ៌ន
ខ្ញុំបាទទៅជាមួយផងមិនបានទេ ព្រោះថា៖
២១ - មនុស្សទុជ៌ន ប្រព្រឹត្ដអំពើអាក្រក់
ផលអាក្រក់តែងធ្លាក់ទៅលើមនុស្សល្អវិញ(5) ដូចរាពណ៍ទៅលួចនាងសិតា
ផលអាក្រក់របស់រាពណ៍នេះធ្លាក់ទៅលើសមុទ្រ
គឺសមុទ្រត្រូវព្រះរាមចងថ្នល់។
២២ - បុគ្គលមិនគប្បីឋិតនៅ
រឺមិនគប្បីដើរទៅជាមួយមនុស្សទុជ៌នឡើយ ក្នុងកាលណាក៏ដោយ
ហង្សស្លាប់ព្រោះ ឋិតនៅជាមួយទទា ស្លាប់ព្រោះដើរទៅជាមួយ
ទាំងអស់នេះមកតែពីសមាគមមួយអន្លើដោយក្អែក។ ចិត្រពណ៌សួរ ឡើងថាៈ «ចុះរឿងនោះតើដូចម្ដេច?» សេកដំណាលរឿងនោះដូចតទៅនេះថា៖។
………………………………………………….
(4)ថ្នាំពុលដែលកើតពីការកូរសមុទ្រទឹកដោះ
នៅជាប់នឹងកព្រះអីសូរ មានពណ៌ខ្មៅមិនប្រឡាក់កព្រះអីសូរ
ហើយជាគ្រឿងលំអរព្រះអីសូរ
អែព្រាហ្មណ៍ជានាក់ទល់ក្រនៅរួមជាមួយស្ដេចដែលមានទ្រព្យច្រើន
ក៏មិនត្រូវការ ចង់បានទ្រព្យស្ដេច។
(5)កាលរាពណ៍លួចនាងសិតាយក
ទៅទុកនៅក្រុងលង្កា ព្រះរាមចង់ថ្នល់ឆ្លងសមុទ្រលើករេហ៍ពលទៅវាយក្រុងលង្កាបែក។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment