គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៦
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានសុនខ១
ទៅលេងព្រៃជាមួយនឹងម្ចាស់ វង្វេងបាត់ម្ចាស់រកផ្លូវនឹងទៅផ្ទះពុំឃើញ
សុនខនោះដើររុករកក្នុងព្រៃអត់បាយ
៣ថ្ងៃពុំបានជួបប្រទះនឹងមនុស្សម្នាក់ឡើយ
វង្វេងដើរទៅដល់ព្រៃហិមពាន្ដ បានឃើញអាស្រមសាលាព្រះមហាឥសី អ្នកសាងព្រឹទ្ធតាំងនៅទី១
ក៏ចូលទៅ នៅអាស្រ័យនឹងមហាឥសីនោះ
ព្រះមហាឥសីក៏មេត្ដាអាណិតអោយទានអាហារដែលសេសសល់អំពីលោក
គឺអាហារដែលបានមកពីសាច់ឆ្អឹងសត្វជាសាច់សំណល់អំពីរាជសីហ៍ ខ្លា រឺ
សត្វហត្ថីលិង្គជាដើមនោះ។ សុនខនោះក៏បាននៅជាសុខសប្បាយ
ពុំបានគិតវិលទៅស្រុកវិញឡើយ អែព្រះមហាឥសីថ្ងៃ១ លោកគិតថា សុនខនេះជាជាតិសត្វស្រុក
អាស្រ័យចិញ្ចឹមជីវិតដោយសារតែមនុស្ស អីលូវមកនៅនឹងអញជាអ្នកនៅព្រៃ អាស្រ័យតែផ្លែឈើមើមឈើជាអាហារ
នឹងបានបាយត្រីសាច់អែណាចិញ្ចឹមវា មួយទៀតជាតិសត្វស្រុក នឹងមកនៅព្រៃអែណាក៏បាន
ព្រោះព្រៃសឹងប្រកបដោយភ័យអន្ដរាយ កើតអំពីពាឡម្រឹគ មានខ្លា រាជសីហ៍ជាដើម
បើដូច្នេះ គួរតែអញប្រសិទ្ធីកាយសុនខនេះអោយក្លាយទៅជារាជសីហ៍ គ្រាន់គ្នាបាននៅអាស្រ័យជាមួយ
នឹងហ្វូងសីហៈផង ទាំងឡាយ គិតហើយព្រះមហាអិសី ហៅឆ្កែនោះមកជិតហើយតាំងបរិកម្មព្រះគាថា
ប្រសិទ្ធីរូបសុនខអោយក្លាយជាកាយសីហឡើងបាន ១រំពេច អែសីហសុនខបានសំរេចប្រាថ្នាហើយ
ក៏ត្រេកអរសាទរក្រៃពេក ទើបក្រាបលាព្រះមហាមុនីចរលីលាបោលចូលព្រៃទៅនៅអាស្រ័យ
នឹងហ្វូងសីហទាំងឡាយក្នុងព្រៃ១ លុះនៅយូរមក ចៅសីហសុនខចង់បាននាងរាជសីហ៍ជាកូនក្រមុំចៅកេសររាជសីហ៍
ទើបចូលទៅនិយាយដន្ដឹងកេសររាជសីហ៍ជាបិតាថា «បពិត្រលោកដ៏ចំរើន! ខ្លួនខ្ញុំបាទនេះ
មានចិត្ដប្រតិព័ទ្ធស្រលាញ់កូនក្រមុំលោកជាភរិយា សូមលោកប្រោសមេត្ដាដល់ខ្ញុំបាទចុះ»។ អែកេសររាជសីហ៍
លឺដូច្នោះក៏តបថា «អើចៅ
ៗស្រលាញ់កូនយើង យើងក៏អិតបើថាអ្វី ព្រោះការលោកិយតែងមានជាធម្មតា តែថាពួកយើងពុំទាន់ស្គាល់ពូជពង្សវង្សាចៅអែងនេះឡើយ
មិនដឹងជាពូជធារចៅអែងតើដូចម្ដេច បើដូច្នេះ ចាំយើងទៅសួរដល់ព្រះមហាឥសីជាម្ចាស់ចៅអែងសិន»។
អែចៅសីហសុនខបានលឺកេសររាជសីហ៍ ថាចាំទៅសួរពូជពង្សខ្លួន
នឹងព្រះឥសីដូច្នោះ ក៏គិតថា អាត្មាអញជាជាតិពូជសុនខពិត អីលូវគេថា នឹងទៅសួរដល់ព្រះមហាឥសី
ឥសីសោតលោកជាអ្នកកាន់សីលសាងព្រឹទ្ធ បើគេសួរលោកហើយ កាលណាឡើយលោកនឹងលាក់កេរអញនេះបាន
គង់លោកប្រាប់គេដោយត្រង់ថា អញជាជាតិសុនខពិត កាលបើគេដឹងថាអញជាជាតិសុនខហើយ
ម្ដេចឡើយគេនឹងអោយកូនក្រមុំគេនោះជាភរិយាអញ បើដូច្នេះ មានតែអញទៅខាំសំលាប់មហាឥសីនោះចេញជាការកាត់ផ្លូវមិនអោយពួកអស់នេះទៅសួរ
ទៅបញ្ជាក់បាន គិតហើយសីហសុនខលាកេសរសីហម្នីម្នា បោលទៅកាន់សំណាក់ព្រះឥសី
ដល់ហើយក៏សំញេញធ្មេញ បញ្ចេចសព្ទសំដែងអាការ នឹង លោតទៅខាំព្រះមហាឥសី ៗបែរទៅយល់អាការកិរិយាសីហសុនខដូច្នោះ
ក៏ជ្រាបហេតុនោះមួយរំពេចទើបគិតថា អាសត្វនេះកោងកាចណាស់ វាគិតនឹងមកសំលាប់អែងវិញ
បើដូច្នេះនឹងទុកជារាជសីហ៍តទៅអែណាបាន គួរប្រសិទ្ធីកាយវាអោយក្លាយទៅជាឆ្កែដូចដើមវិញ
គិតហើយព្រះតាបសតាំងពិធីប្រសិទ្ធីកាយសីហសុនខនោះអោយក្លាយទៅជាសុនខដូចកាលមុនហោង។
អែសីហសុនខនោះ លុះប្រែក្លាយ កើតជាឆ្កែវិញដូច្នោះ ក៏កើតក្ដីអៀនខ្មាសក្ដៅចិត្ដនឹងស្ថិតនៅក្នុងសំណាក់ព្រះតាបសនោះពុំបាន
ក៏បោលចោលលំនៅរត់ទៅតាមយថាកម្មនៃអាត្មាវិញហោង។
រឿងនេះ បានគតិដល់បុគ្គលអកតញ្ញូ មិនដឹងគុណលោកអ្នកមានគុណលើខ្លួន
បាននូវទុក្ខវេទនាក្ដៅក្រហាយចិត្ដប្រចក្សក្នុងលោកនេះ។ មួយទៀត ជាតិអ្នកថោកទាបហើយ
ទោះបីលោកលើកខ្លួនឡើង ក៏លូតខ្ពស់ទៅពុំបាន សន្ដានទាបក៏ទាបនៅដដែលវិញ ក្នុងបទលោកថា
អាស្រ័យកំណើតម៉ែឳថោកទាប ដូចមានបទបានលីក្នុងគម្ពីរលោកនិតិថា។
មាតា ហីនស្ស
ទុភាសា បិតា ហីនស្ស ទុក្រិយា
ឧភោ មាតាបិតរោហិ
ទានុភាសា ច ទុក្រិយា។
ប្រែថា បើមាតាហីនជាតិកើតបុត្រា បុត្រនោះមានវាចាភាសាទាប។
បើបិតា ហីនជាតិមាត្រទុរភាព បុត្រនោះទាបកិរិយាអាក្រក់នៅ បើម៉ែឳហីនជាតិទាំងពីរនាក់
បុត្រនោះអប្បល័ក្ខណ៍ទាំងពីរផ្លូវ ទាំងកិរិយាភាសាក៏ហ្មងសៅ តាមគន្លងម៉ែឳផ្លូវដូចគ្នា។
មួយទៀតថា៖
ទុជនោ ទោសមាទាយ
ទុតនូមិវ សូករោ
សុជនោ សុគុណក្តាហោ
ហំសោវ ខីរមិច្ឆតា។
ជនជួកាន់យកតែទោសទុក្ខ ដូចកលជ្រូកស្រុកប៉ងអាចមៈ ជនល្អកាន់យកគុណឧត្ដម
ដូចហង្សប៉ងចំចឹកទឹកដោះ។
ចប់តំរាគតិជនជួអកតញ្ញូទី២៨
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment