គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៦
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មាននាហ្មឺន២នាក់ ម្នាក់ជាឧកញ៉ាយមរាជ ម្នាក់ទៀតជាឧកញ៉ាពលទេព
អែឧកញ៉ាពលទេពជាមនុស្សលោភបុណ្យសក្ដិ ចង់បានទីយមរាជកើតស្អប់ឧកញ៉ាយមរាជ
គិតស្វែងរកទោសដាក់ និងក្រាបទូលទំលាក់ចាកទីយមរាជ អាត្មាអែងនឹងបានស្ដីទីយមរាជនោះតទៅ
ឧកពលទេព ស្វែងរកទោសលោកយមរាជនាះ ជាយូរខែមក ថ្ងៃមួយមានអ្នកទោសម្នាក់មានទោសធ្ងន់
ក្រុមជំនុំកាត់ទោសដល់ប្រហារជីវិត។ អែអ្នកទោ សនោះដឹងថាថ្ងៃព្រឹកស្អែកនេះហើយ
គេនឹងនាំអាត្មាទៅសំលាប់ជាប្រាកដ ក៏តាំងសៅសោកវិយោគ ស្ដាយជីវិតមហិមា យំពណ៌នាថា
«ឱ
ជីវិតអញអើយ! ព្រឹកស្អែកនេះហើយ នឹងបង់ចាកប្រាណ អើត្រង់ក្ដីស្លាប់១ នេះនរណាឡើយនឹងវៀរបង់បាន
តែកើតឡើងហើយ រមែងតែងស្លាប់ជាធម្មតា តែថាត្រង់ជីវិត១នេះ ទោះបង់បាត់ទៅក្ដី
ក៏មិនសូវជាសោកស្ដាយអ្វីប៉ុន្មាន មកសោកស្ដាយតែវិជ្ជា១ ដែលខ្លួនបានចេះហើយ
ពុំទាន់បានបង្ហាត់បង្ហាញនរណាមួយសោះ បើព្រឹកនេះខ្លួនស្លាប់ហើយ វិជ្ជានេះយល់នឹងជាសូន្យសោះ
អស់មាននរណាមួយក្នុងលោកនេះ អាចចេះតទៅទៀតបានឡើយ។ កាលនោះមាននាយភូឃុំម្នាក់
បានលឺចៅនោះយំពណ៌នាសោកស្ដាយវិជ្ជាដូច្នោះ ក៏ចូលទៅសាកសួរថា «ចៅអែង ព្រឹកនេះដល់ទីស្លាប់ប្រាកដហើយ
ចៅយំរៀបរាប់ថា ត្រង់ជីវិតរូបកាយមិនសូវជាស្ដាយប៉ុន្មានមកស្ដាយតែវិជ្ជា១
ដែលចេះមក តើវិជ្ជានោះឈ្មោះវិជ្ជាអ្វី ចូរប្រាប់យើងមើល»។ អែអ្នកទោសក៏ប្រាប់ថា
«ខ្ញុំបានចេះវិជ្ជាដឹងភាសាសត្វ
វិជ្ជានេះវិសេសរបស់ខ្ញុំបាទណាស់ ក្នុងលោកនេះគ្មាននរណាចេះសោះ តែខ្ញុំបាទដល់ទីស្លាប់ហើយវិជ្ជានោះសូន្យជាម្ដង
ព្រោះពុំមាននរណាបានមករៀនតទៅឡើយ»។ នាយភូឃុំលឺដូច្នោះហើយ នាំសេចក្ដីនោះ
ទៅជំរាបលោកឧកញ៉ាយមរាជសព្វប្រការ អែឧកញ៉ាយមរាជក៏នឹកក្នុងចិត្ដថា វិជ្ជានោះវិសេសក្រៃពេកណាស់
គួរតែរៀនយក ទើបនាំនាយភូឃុំ ទៅដោះអ្នកទោសចាកគ្រឿងចាំ ហើយសួរបញ្ជាក់ជាពិត
រឺ ពុំពិត អែអ្នកទោសក៏ជំរាបថាចេះពិតប្រាកដមែន ឧកញ៉ាយមរាជថា យើងសុំរៀនតពីចៅអែង
តើបាន រឺមិនបាន វិជ្ជានេះតំលៃប៉ុន្មាន?។
អ្នកទោសថាខ្ញុំបាទ ជូនព្រះតេជព្រះគុណបាន សូមព្រះតេជព្រះគុណរៀនតទៅចុះ
តែអត់អំពីខ្ញុំព្រះបាទនេះហើយ វិជ្ជានេះនឹងសូន្យជាប្រាកដ តែការនឹងរៀននោះ
តោងទៅតាំងពិធីរៀននៅក្នុងព្រះវិហារ ចំពោះព្រះភក្រ្ដព្រះបដិមាករជាប្រធាន
ក៏អែគ្រឿងកំណល់គ្រូនោះមិនមានអ្វីច្រើនទេ ត្រូវការតែទៀន៥ ធូប៥ ផ្កា៥
ប៉ុណ្ណោះ អែងអញ្ជើញព្រះតេជព្រះគុណរៀបរៀនអោយឆាប់ចុះ តែព្រឹកស្អែកខ្ញុំប្របាទលាព្រះតេជព្រះគុណទៅស្រុកខ្មោចហើយ។
ឧកញ៉ាយមរាជក៏ធ្វើតាម ទើបអោយនាយភូឃុំនាំខ្លួនអ្នកទោសទៅអែវត្ដ
ដល់ហើយក៏នាំចូលទៅក្នុងព្រះវិហារ អោយបិទទ្វារវិហារជិតទាំងអស់ ពុំអោយមនុស្សណាមួយលឺឡើយ
ឧកញ៉ាយមរាជ ក៏រៀបទៀនធូបលាជផ្កាតាំងនៅចំពោះព្រះភក្រ្ដព្រះ ហើយថាវិធីរៀននោះតើដូចម្ដេចខ្លះ
ចូរចៅបង្គាប់ទៅមើល យើងនឹងធ្វើតាម អ្នកទោសបង្គាប់អោយអុជទៀនធូបហើយ អោយលោកយមរាជ
និងខ្លួនវាក្រាបថ្វាយបង្គំព្រះ សូត្រនមស្សការពុទ្ធគុណ ធម្មគុណ សង្ឃគុណចប់ចុះហើយ
អ្នកទោសប្រណម្យដៃ ពោលដង្ហោយឡើងថា «អោព្រះដ៏មានបុណ្យព្រះគុណ ប្រកបដោយព្រះមហាករុណា
តែងប្រោសមេត្ដាសត្វដែលកើតមានក្ដីវិបត្ដិចូលមកពឹងពោធិសម្ភារ ជួយដោះទុក្ខសត្វអោយសត្វបានក្ដីសំរានទាំងលាកនេះ
និងបរលោក ព្រះគុណអើយខ្លួនខ្ញុំព្រះករុណានេះ ត្រូវទោសធំ ព្រឹកស្អែកនេះហើយ
លោកអោយឧកញ៉ាយមរាជ នឹង នាំទៅប្រហារជីវិតខ្ញុំព្រះករុណាៗ មានក្ដីភិតភ័យខ្លាចក្ដីស្លាប់នោះជាបំផុត
ស្ដាយជីវិតក្រៃពេកណាស់ ព្រះគុណអើយ សូមព្រះអង្គទ្រង់ប្រោសបិណ្ឌបាតជីវិតខ្ញុំព្រះករុណាអំពីលោកឧកញ៉ាយមរាជនេះ
អោយលោកប្រោសលែងខ្ញុំ អោយរួចចាកក្ដីស្លាប់ក្នុងគ្រាម្ដងនេះ ថាហើយ អ្នកទោសវាទៅក្រាបទៀបបាទជើងលោកយមរាជហើយដង្ហោយថា
«អោព្រះតេជព្រះគុណអើយ!
សូមប្រោសអត់ទោសខ្ញុំប្របាទនេះ ហេតុដែលខ្ញុំប្របាទយំសោកពោលថា ស្ដាយវិជ្ជាចេះភាសត្វនោះ
ខ្ញុំមិនចេះវិជ្ជានោះទេ គឺខ្ញុំសោកស្ដាយជីវិតពិតៗ គិតបញ្ឆោតអោយព្រះតេជព្រះគុណ
អញ្ជើញមកកាន់ព្រះវិហារនេះអែង ដើម្បីអោយព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺព្រះពុទ្ធរូបនេះ
អែទ្រង់បិណ្ឌបាតជីវិតខ្ញុំប្របាទអំពីព្រះតេជព្រះគុណ អោព្រះតេជព្រះគុណអើយ
ប្រោសថ្វាយជីវិតខ្ញុំប្របាទ ដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទៅ ឥលូវព្រះអង្គទ្រង់បិណ្ឌបាតហើយ
ព្រះគុណអើយ! ការបូជាដោយគ្រឿងអាមិសទានអែទៀតៗ នោះផលានិសង្ស ពុំស្មើនឹងការបូជាជីវិតខ្ញុំប្របាទ
ដល់ព្រះពុទ្ធជាម្ចាស់ក្នុងគ្រានេះឡើយ ផលនេះហើយជាផលយ៉ាងធំបំផុត ព្រះតេជព្រះគុណ
នឹងប្រាថ្នាសាងពុទ្ធភូមិ រឺ អរហន្ដភូមិក៏អាចសំរេចសេចក្ដីប្រាថ្នាទៅអនាគតកាល»។ អែលោកឧកញ៉ាយមរាជ
លុះលឺពាក្យអ្នកទោសពោលដង្ហោយដូច្នោះ ក៏ដូចជាគេខ្ទាស់ណែនអោរានឹកឃើញថា
ចាញ់កលឧបាយអ្នកទោសជាប្រាកដ ទើបនិយាយទៅកាន់នាយភូឃុំថា «អើយ យើងចាញ់កលអ្នកទោសនេះហើយ
ឥលូវវាពោលពាក្យដង្ហោយសូមជីវិតវា តព្រះពុទ្ធរូប វាអង្វរព្រះពុទ្ទថា អោយទ្រង់បិណ្ឌបាតទោសវាតអែងជាម្ដង
ការនេះតែយើងមិនលែងវា ក៏ដូចជាយើងមិនយល់ដល់ព្រះពុទ្ធជាម្ចាស់ ហាក់ដូចជាយើងអិតសទ្ធា
ក្នុងព្រះពុទ្ធសាសនា បើដូច្នោះនាយភូឃុំ យើងពីរនាក់ចូលសទ្ធាលើកជីវិតវាថ្វាដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចុះ
ហើយយើងពីរនាក់ទទួលកែខៃជាក្រោយ គឺយើងបិទបាំងអោយជិតកុំអោយខ្ចរខ្ចាយលឺដល់ត្រចៀកអ្នកដទៃអែទៀតឡើយ»។
អែនាយភូឃុំក៏ព្រមតាម ទើបលោកយមរាជអោយនាយភូឃុំស្រាយគ្រឿងចងហើយថា
យើងលែងចៅអែងហើយ ចូរចៅអែងរត់ទៅនៅទីណាមួយគួររក្សាជីវិតចៅអែងចុះ ហើយកុំនិយាយប្រាប់គេថាយើងដោះលែងចៅអែង
ចៅអែងចូរថាកាច់ច្រវាក់រត់ចាកគុកទៅចុះ តទៅមុខទៀត ចៅកុំប្រព្រឹត្ដការលាមកយ៉ាងនេះទៀតឡើយ»។ អែអ្នកទោសក៏ក្រាបថ្វាយបង្គំព្រះ
ហើយក្រាបលាលោកយមរាជ និងនាយភូឃុំ ហើយក៏រត់ចេញទៅនៅស្រុកក្រៅ លាក់ខ្លួនពុំអោយពួករាជការដឹងលឺឡើយ។
អែឧកញ៉ាយមរាជ ក៏នាំនាយភូឃុំថ្វាយបង្គំលាព្រះពុទ្ធរូបហើយ
វិលទៅកាន់លំនៅ នៅជាសុខសប្បាយ កំចាយតែសព្ទប្រាប់គេថាអ្នកទោសនោះកាច់ច្រវាក់រត់ចាកគុកទៅបាត់ហើយ។
លុះនៅកន្លងកាលយូរមក រឿងនោះពុំស្ងាត់បាត់ទៅឡើយ ជាហេតុអោយដឹងលឺទៅដល់ឧកញ៉ាពលទេពៗ
មានចិត្ដត្រេកអរដោយសមតាមគំនិតដែលគិតរកអោកាស នឹងក្រាបទូលព្រះរាជាអោយដកងារឧកញ៉ាយមរាជនោះបង់
អាត្មានឹងបានទីនោះ។ មានកាលសម័យថ្ងៃមួយជាពេលាព្រឹក ព្រះរាជាស្ដេចចេញអង្គាសភត្ដ
គឺដាក់បាត្រលោកសង្ឃ ស្ដេចកំពុងទុកបាត្រ មានហ្វូងក្អែកទាំងឡាយហើរមកស្រែកកញ្ជ្រៀវកងរំពងទាំងផ្ទៃវាំង
ក្អែកពួកខ្លះហើរស្រែកយំ ទំតាមដើមឈើ តាមដំបូលប្រាសាទដំណាក់ទីទៃៗ អែព្រះបរមចក្រី
លុះស្ដេចទុកបាត្រសូរេចហើយ ទ្រង់ត្រាស់ថា អាសត្វក្អែកអស់នេះ មានហេតុភេទអ្វីបានជាថ្ងៃនេះវានាំគ្នាមកស្រែកគឹកកងកោលាហលយ៉ាងនេះ
ធ្វើម្ដេចនឹងបានដឹងភាសាវាអេះ។ អែឧកញ៉ាពលទេពអង្គុយគាល់នៅទីនោះ លុះបានលឺព្រះបន្ទូលដូច្នោះ
បានអោកាសទើបក្រាបទូលឡើងថា «សូមទ្រង់ព្រះមេត្ដាប្រោស មនុស្សយើងទាំងឡាយក្នុងនគរនេះ
ពុំមាននរណាមួយអាចចេះភាសាសត្វឡើយ លឺថាអ្នកឧកញ៉ាយមរាជគេចេះភាសាសត្វ
ដោយគេបានរៀនតអំពីអ្នកទោសដល់ទីប្រហារម្នាក់ ហើយបានលែងអ្នកទោសជាគ្រូគេនោះបង់
សូមទ្រង់ព្រះមេត្ដាប្រោស អោយហៅមកសួរគង់ទ្រង់ជ្រាប»។ ព្រះរាជាបានទ្រង់ព្រះសណ្ដាប់ដូច្នោះ
ក៏ប្រើបំរើម្នាក់ អោយទៅហៅឧកញ៉ាយមរាជ ចូលមកគាល់ អែឧកញ៉ាយមរាជ លឺថាទ្រង់មានព្រះរាជអោង្ការអោយហៅទៅគាល់ដូច្នោះ
ក៏នឹកពិភាល់ក្នុងចិត្ដថា ទ្រង់អោយរកខ្លួនចូលទៅនេះ សូម្បីមានការប្លែកប្រាកដ
ទើបសួរទៅកាន់រាជបំរើនោះថា នាហ្មឺនណាគាល់នៅក្នុងទីនោះខ្លះ រាជបំរើជំរាបថា
លោកឧកញ៉ាពលទេព គាល់នៅទីនោះ ឧកញ៉ាយមរាជលឺដូច្នោះ ក៏ដឹងខ្លួនថា អាពលទេពវាគង់ក្រាបទូលពោលទោសអញជាប្រាកដ
គិតហើយឧកញ៉ាយមរាជរៀបអាត្មាម្នីម្នាទៅជាមួយនឹងរាជបំរើនោះ លុះដល់ហើយក៏ចូលទៅក្រាបបង្គំអង្គុយគាល់ក្នុងទីដ៏សមគួរ
អែព្រះរាជាទតយល់ឧកញ៉ាយមរាជចូលមកគាល់ហើយ ក៏ត្រាស់ថា «អើអ្នកយមរាជ
ឥលូវឧកញ៉ាពលទេពគេប្រាប់យើងថា អ្នកអែងបានរៀនភាសាសត្វអំពីអ្នកទោសម្នាក់
បានលែងអ្នកទោសនោះចេញចាកគុកទៅ ឥលូវហ្វូងសត្វក្អែកទាំងឡាយ វាមកស្រែកកញ្ជៀវកងរំពងជាកោលាហល
យល់ជានឹងមានហេតុអ្វីមួយពុំខាន បើដូច្នេះ អ្នកអែងចេះភាសាសត្វ ចូរស្ដាប់វានិយាយគ្នាទៅមើល»។ ឧកញ៉ាយមរាជក៏ទទួលព្រះអោង្គារទូលអនុលោមតាមថា
ខ្លួនបានរៀនបានចេះដឹងភាសាសត្វពិតប្រាកដមែន លុះលឺព្រះអោង្ការប្រើអោយស្ដាប់សព្ទក្អែកម្ខាង
ហើយបែរទៅស្ដាប់សព្ទ ក្អែកម្ខាងទៀត លុះស្ងប់សព្ទក្អែកបន្ដិច ក៏ក្រាបបង្គំទូលថា
សូមទ្រង់ព្រះមេត្ដាប្រោស ហ្វូងក្អែកដែលទំលើដើមឈើនោះ ជាហ្វូងក្អែកស្រុកក្រៅ
អែហ្វូងក្អែកដែលទំលើដំបូលមហាប្រាសាទនោះ ជាហ្វូងក្អែកនៅក្នុងក្រុងនេះ។
ព្រះរាជាលឺដូច្នោះ ក៏ត្រាស់សួរទៅវិញថា «ចុះក្អែក ស្រុកក្រៅវាមកយំកងតើវាយំថាដូចម្ដេច? ក្អែកក្នុងក្រុង
តើកញ្ជ្រៀវថាដូចម្ដេច?។
អ្នកឧកញ៉ាយមរាជក្រាបទូលថា «ក្អែកស្រុកក្រៅ
មានក្ដីក្ដៅក្រហាយដោយអ្នកស្រុកក្រៅ ពុំបានធ្វើបុណ្យទានដូចអំពីឆ្នាំមុនៗ
គឺឆ្នាំមុនៗ អាណាប្រជានុរាស្រ្ដសំបូណ៌ស្រូវអង្ករ គេនាំគ្នាធ្វើបុណ្យ និមន្ដលោកសង្ឃឆាន់តាមភូមិលំនៅ
អែចំណីអាហារដែលសេសសល់នោះ គេបោះ អោយទានក្អែក រឺ សត្វអែទៀតៗផង បន្ដាសត្វទាំងឡាយមានក្អែកជាដើម
សឹងបានបរិភោគចំណីដែលសេសសល់នោះទូទៅ សេចក្ដីសុខសប្បាយក៏មានគ្រប់តំបន់
ឥលូវឆ្នាំនេះ លោកឧកញ៉ាពលទេពជានាយក្សេត្រចាត់មេកងអាជ្ញាលួងចេញទៅកត់ស្រូវ
ធ្វើមិនត្រូវតាមប្រវេណី គឺយកពន្ធពីរាស្រ្ដលើសប្រមាណ រាស្រ្ដគ្នាមានស្រូវតែត្រឹម
៤-៥ ថាំងក៏កត់គ្នាអោយជាប់ដែរ ឧកញ៉ាពលទេពអោយកត់ដល់ទៅស្រូវពូជ ស្រូវដំណើប
ស្រូវចំការប្រាំង យកជាពន្ធទាំងអស់ មួយទៀតស្រូវគ្នាមានត្រឹម ៥០-៦០ ក៏ទាបង្កើនដាក់ជា
៩០-១០០ រាស្រ្ដគ្នាតវ៉ាក៏មិនបាន យកបុណ្យសក្ដិសង្កត់បង្រ្កាបគ្នាទៅតាមអំពើចិត្ដផ្សេងៗ
ពួកអាណាប្រជានុរាស្រ្ដកើតក្ដីក្រលំបាកបានក្ដីក្ដៅក្រហាយតែរាល់ៗគ្នា
បានជាឆ្នាំនេះមិនមាននរណាអាចធ្វើបុណ្យអោយទានដូចឆ្នាំមុនៗបាន ពួកក្អែកទាំងឡាយពុំបានទទួលទានបាយសំលដែលសេសសល់អំពីការធ្វើបុណ្យទាននោះអែង
ទើបវានាំគ្នាចូលមកក្នុងក្រុង ដើម្បីថ្លែងក្ដីលំបាករបស់រាស្រ្ដដល់ពួកក្អែក
បណ្ដាជាញាតិនៅក្នុងក្រុងអោយពួកក្អែកក្នុងក្រុងនាំសេចក្ដីក្ដៅក្រហាយឡើងក្រាបបង្គំទូលព្រះករុណាជាម្ចាស់ផ្ទៃក្រោមអោយទ្រង់ជ្រាប។
ការឧកញ៉ាពលទេព ប្រព្រឹត្ដខុសព្រះរាជបញ្ញាត្ដិ មានសភាពយ៉ាងនេះ សូមល្អងធូលីព្រះបាទស្ដេចទ្រង់ជ្រាប។
អែព្រះបរមរាជា បានទ្រង់សណ្ដាប់ពាក្យឧកញ៉ាយមរាជដូច្នោះ
ក៏ត្រូវព្រះទ័យ ទើបទ្រង់ខ្ញាល់ នឹងឧកញ៉ាពលទេពកោងឆរាស្រ្ដធ្វើអោយរាស្រ្ដក្ដៅក្រហាយទាំងព្រះរាជអាណាខេត្ដ
ស្ដេចទ្រង់ដកងារឧកញ៉ាពលទេពចាកមន្រ្ដី ប្រោសប្រទានឧកញ៉ាយមរាជឡើងជាទីជាសំដេចចៅហ្វាទលហអគ្គមហាសេនា
ស្ដីរាជការចៅក្រសួងអធិបតី។
រឿងនិទាននេះ បានគតិដល់បុគ្គលទុច្ចរិតគិតប្រទូសរ៉ាយដល់បុគ្គលអ្នកអិតទោស
បទលោកថា «បុគ្គលចង់ប្រទូសរ៉ាយដល់គេ
ដែលពុំមានទោសអ្វីនឹងខ្លួន ហើយទោសនោះត្រូវធ្លាក់មកលើខ្លួនអែងវិញ» ដូចយ៉ាងឧកញ៉ាពលទេព
គិតប្រទូសរ៉ាយឧកញ៉យមរាជនោះអែង ឧកញ៉ាយមរាជមានប្រាជ្ញាទទួលពាក្យខ្លួនចោទ
គឺពលទេពក្រាបទូលថាយមរាជចេះភាសាសត្វ គេក៏ទទួលថាចេះ ដូចពាក្យខ្លួនថា
ដល់ស្ដេចប្រើគេអោយស្ដាប់ស័ព្ទភាសាក្អែក គេទទួលស្ដាប់ ហើយគេថាក្អែកវានិយាយអំពីទោសខ្លួនទៅកំហែងរាស្រ្ដ
បើខ្លួនប្រកែកថាមិនមែនវិញ នរណានឹងទៅដឹងភាសាក្អែកជា ២ - ៣ នាក់នឹងយកជាសាក្សីថាមិនមែននោះ
ដ្បិតខ្លួនថាគេចេះហើយ គេចេះតែម្នាក់អែង នឹងមាននរណាទៅចេះដឹងផង។ ឧកញ៉ាពលទេពទាល់ចំណេះខ្លួនអែង
បានជាពុំហ៊ានប្រកែកតវ៉ា នឹងឧកញ៉ាយមរាជក្នុងកាលនោះ មួយទៀតពាក្យអែណា
ការអែណាដែលខ្លួនបាននិយាយមុសាទៅហើយ តោងកុំគេចកុំរើរុះ ត្រូវប្រកាន់ការនោះអោយមាំដូចយ៉ាងឧកញ៉ាយមរាជ
នឹងបានរៀនចេះភាសាសត្វនោះកាលណា គឺខ្លួនចាញ់កលអ្នកទោសនោះទេ តែដល់ពលទេពក្រាបទូលថាចេះភាសាសត្វ
គេក៏ទទួលថាចេះមែន ហើយគេនិយាយដាក់ទំលាក់ទោសមកលើខ្លួនអែងវិញ ខ្លួននឹងរើថា
មិនមែនវិញអែណាក៏បាន។ អ្នកមានបញ្ញាត្រូវពិចារណាតទៅទៀតចុះ។
ចប់តំរាអនុលោមតាមហេតុទី២៩
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment