គតិលោក ភាគ៦: រឿង៖ ចៅមាណពចិញ្ជឹមសុនខតឿ១ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៦: រឿង៖ ចៅមាណពចិញ្ជឹមសុនខតឿ១


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងចៅមាណពចិញ្ជឹមសុនខតឿ១
មាន​ចៅ​មាណព​ម្នាក់ ចិញ្ចឹម​សុន​ខ​តឿ​១ ជា​ទី​ប្រើ​ប្រាស់​ក្នុង​ការ​នាំ​យក​វត្ថុ​អ្វី​ៗ​ទៅ​បាន ថ្ងៃ​មួយ​ចៅ​មាណព​ទៅ​ព្រៃ​ដើម្បី​កាប់​ឈើ​រើ​ព្រៃ​ធ្វើ​ចំការ​ពោត​បាន​​ផ្ដាំ​ភរិយា​ថា ខ្លួន​ទៅ​ចាំ​ចំការ​មុន ចាំ​ដល់​ពេល​ថ្ងៃ​បន្ដិច​អោយយកកញ្ចប់បាយចងកឆ្កែ អោយវានាំយកទៅអោយខ្លួនជាក្រោយ ផ្ដាំ ស្រេចហើយ ចៅនោះក៏ទៅចំការអែព្រៃធ្វើការតាមភាពខ្លួន។

នាង​ភរិយា លុះ​ដល់​ពេល​ក៏​ចំអិន​អាហារ​បាន​ហើយ ទើប​រៀប​ចាត់​ចែង​វេច​ជា​បង្វេច​ ហើយ​ចង​នឹង​ក​ឆ្កែ​តឿ​ប្រាប់​ថា ចូរ​អា​នាំ​អាហារ​នេះ​ទៅ​អោយ​ម្ចាស់​អាឯ​​ចំការ​ឯណោះ​អោយ​ឆាប់ ឯ​ឆ្កែ​នោះ​ក៏​ទទួល​ពាក្យ​ហើយ​បោល​តំរង់​ទៅ​អែ​ចំការ លុះ​ទៅ​ដល់​អូរ​មាន​ទឹក​ខណ្ខ​នៅ ទឹក​នោះ​ជ្រៅ សុនខ​នឹង​លុយ​ឆ្លង​ទៅ​ពុំ​រួច រក​ទីទួល​គោក​ទី​ទឹក​រាក់ រឺ ទូក​ក្ដារ​ឆ្លង​ពុំ​បាន​ពេល​សោត​ក៏​ជួន​ថ្ងៃ​ជិត​ត្រង់ សុនខ​ក៏​ប្រថុយ​លោត​ហែល​ឆ្លង​ទៅ​ដោយ​កំលាំង​រហ័ស អែ​អាហារ​ក្នុង​បង្វេច​នោះ​ក៏​ទទឹក​ទាំង​អស់ លុះ​ទៅ​ដល់​ម្ចាស់​ក៏​បោល​ចូល​ទៅ​ទៀប​ជិត​។ អែ​ចៅ​មាណព​​ស្រាយ​​យក​បង្វេច​បាយ​អំពី​ឆ្កែ ឃើញ​បាយ​នោះ​ទទឹក​ជោគ​ដូច្នោះ ក៏​ខឹង​នឹង​សុនខ ទើប​ចាប់​ដំបង​សំពង​ ២-៣​ដំបង​យ៉ាង​ដំនំ​ហើយ​ផ្ចាល​ដោយ​ប្រការ​ផ្សេង​ៗ អែ​សុនខ​នោះ​លុះ​ត្រូវ​នាយ​វាយ​ដូច្នោះ ក៏​ឈឺ​ចិត្ដ​អាណិត​ខ្លួន​ក្រៃ​ពេក ទើប​បោល​ចេញ​ចាក​ទី​នោះ ហើយ​គិត​ថា អញ​នេះ​ជា​សុនខ​កប​ កំលាំង​ខ្លាំង​ពូកែ​ហើយ ឥលូវ​អា​ដំបង​នោះ​វា​ពូកែ​លើស​អែង​ទៅ​ទៀត គឺ​វា​អាច​ប្រហារ​ក្បាល​អែង​បាន​ជា​ម្ដង បើ​ដូច្នេះ​គួរ​តែ​អញ​អធិដ្ឋាន​បន់​ទេវតា​ អោយ​លោក​ជួយ​ប្រសិទ្ធី​កាយ​អញ​នេះ​អោយ​ក្លាយ​ទៅ​ជា​ដំបង​វិញ គិត​ហើយ​សុនខ​ក៏​អធិដ្ឋាន​ថា «​ព្រះឥសូរ​ជា​ម្ចាស់​អើយ សូម​មេត្ដា​ប្រោស​ធ្វើ​រូប​កាយ​ខ្ញុំ អោយ​កើត​ជា​ដំបង​ហោង​»​

កាល​នោះ​ព្រះ​ឥសូរ​ទេវតា​ក៏​មក​ប្រ​សិទ្ធី​កាយ​សុនខ​នោះ​អោយ​កើត​ជា​ដំបង សំរេច​ដូច​បំណង​នៃ​ឆ្កែ​តឿ​នោះ​អែង អែ​ដំបង​សុនខ​ចាប់​ផ្ដើម​ពី​នោះ​មក ក៏​តាំង​ហោះ​ហើរ​ដើរ​វាយ​គេ​វាយ​អែង​អិត​ឈប់​ឈរ​ គឺ​វាយ​មនុស្ស នូវ​សព្វស​ត្វ​ទូ​ទៅ​ទាំង​ពិភព​។ អែ​មនុស្ស និង​សត្វ​ទាំង​ឡា យ​ បាន​ក្ដី​ក្ដៅ​ក្រហាយ​ទាំង​អស់​គ្នា ទើប​នាំ​គ្នា​ឡើង​ទៅ​ប្ដឹង​ដល់​ព្រះ​ឥស្សា​រាធិ​បតី តាម​ដំណើរ​ដែល​ដំបង​សុនខ​បៀត​បៀន​នោះ​អែង​។ ព្រះ​ឥសូរ​ក៏​បណ្ដាល​អិទ្ធិ​រិទ្ធិ និម្មិត​ជា​ភ្លើង​ឆេះ​​ប្រហារ​ដំបង​នោះ​ចេញ​។ អែ​ដំបង​សុនខ​ឃើញ​ភ្លើង​មាន​រិទ្ធិ​មក​ដុត​អាត្មា​ដូច្នោះ ក៏​នឹក​ថា អញ​ជា​ដំបង​នេះ​ថា មាន​រិទ្ធិ​ខ្លាំង​ពូកែ​ហើយ ឥលូវ​មាន​ភ្លើង​ខ្លាំង​ពូកែ​លើស​អញ​ទៀត «អោ​! ព្រះ​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​មេត្ដា​ប្រោស​អោយ​ខ្ញុំ​កើត​ជា​ភ្លើង​វិញ​ហោង​»​

ព្រះ​ឥស្សារា​ធិបតី​ ក៏​ធ្វើ​ដំបង​សុនខ​នោះ​អោយ​កើត​ជា​ភ្លើង​តាម​ទំនើង​ក្ដី​ប្រាថ្នា​នៃ​សុនខ អែ​ភ្លើង​សុនខ​ចាប់​ដើម​តាំង​ពី​កើត​ឡើង ក៏​ដើរ​ដុត​ឆេះ​ព្រៃ​ព្រឹក្សា​លតា​វល្លិ​នូវ​ទី​ភូមិ​លំ​នៅ​ទូ​ទៅ​ទាំង​ពិភព ពុំ​មាន​ឈប់​ឈរ​ឡើយ​។ អែ​មនុស្ស​សត្វ​ទាំង​ឡាយ បាន​ក្ដី​ក្ដៅ​ក្រហាយ​ទាំង​អស់​គ្នា​ ទើប​នាំ​គ្នា​ទៅ​ក្រាប​ទូល​ប្ដឹង​ដល់​ព្រះ​ឥសូរ​តាម​រឿង​នោះ​អែង​។ ព្រះ​ឥសូរ​ក៏​បណ្ដាល​រិទ្ធិ​អោយ​កើត​ជា​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​មក​លត់​ភ្លើង​សុនខ​នោះ​។ ភ្លើង​សុនខ​គិត​ថា ភ្លើង​អញ​នេះ​អាច​ហាន​ខ្លាំង​ពូកែ​ណាស់​ហើយ ឥលូវ​មាន​ទឹក​ភ្លៀង​វិសេស​លើស​វិញ «អោ​! ព្រះ​ម្ចាស់​ខ្ញុំ​អើយ​ សូម​​អោយ​ខ្ញុំ​កើត​ជា​ភ្លៀង​វិញ​ចុះ​»​

ព្រះឥសូរ​ក៏​បណ្ដាល​អោយ​ភ្លើង​សុនខ​ប្រែ​កើត​ជា​ភ្លៀង​តាម​ក្ដី​ប្រាថ្នា អែ​ភ្លៀង​សុនខ​ចាប់​ផ្ដើម​តាំង​ពី​កើត​ឡើង ក៏​ចេះ​តែ​បង្អុរ​ភ្លៀង​ធ្លាក់​ជន់​ជោរ​លិច​ព្រៃ លិច​ភូមិ​ស្រែ​ចំការ​នានា​។ មនុស្ស និង សត្វ​បាន​ក្ដី​ក្ដៅ​ក្រហាយ​ទី​ទៃ​ៗ ទើប​នាំ​គ្នា​ឡើង​ប្ដឹង​ដល់​ព្រះ​ឥសូរ​។ ព្រះ​ឥសូរ​ក៏បណ្ដាល​ រិទ្ធី​អោយ​កើត​ជា​ខ្យល់​បោក​ផាត់​បង្ហូត​ទឹក​ភ្លៀង​អោយ​ហែង​ហួត​បាន​។ អែ​ភ្លៀង​សុនខ​ឃើញ​ខ្យល់​មាន​អំណាច​ជាង​ខ្លួន​ដូច្នោះ​ ក៏​អធិដ្ឋាន​ថា «​ព្រះ​ម្ចាស់​ខ្ញុំ​អើយ សូម​មេត្ដា​ប្រោស​អោយ​ខ្ញុំ​កើត​ខ្យល់​វិញ​ទៅ​»​

ព្រះឥសូរ ក៏​ធ្វើ​ភ្លៀង​អោយ​កើត​ជា​ខ្យល់ តាម​ក្ដី​ប្រាថ្នា​នៃ​សុនខ​នោះ​អែង​។ អែ​ខ្យល់​សុនខ​ចាប់​ផ្ដើម​ពី​កើត​ឡើង​មក ក៏​តាំង​តែ​បោក​ផាត់​បំបាក់​អស់​ឈើ​ព្រៃ​ព្រឹក្សា​លតា​វល្លិ​ទូ​ទៅ​សព្វ​ឋាន ឈើ​ទាំង​ឡាយ​ធន់​ពុំ​បាន​នឹង​កំលាំង​ខ្យល់​សុនខ សឹង​បោក​បក់​បំបាក់​ដួល​រលើង​រលំ​ទៅ​ផ្សេង​​ៗ​ នៅ​សល់​តែ​ដំបូក​ស្កួយ​១​ ដុះ​កណ្ដាល​វាល​ពុំ​កក្រើក​រំពើក​ឡើយ​។ អែ​ខ្យល់​សុនខ​បាន​ឃើញ​ដំបូក​ស្កួយ​នោះ ពុំ​កក្រើក​ដោយ​​កំលាំង​ខ្លួន​ដូច្នោះ ក៏​គិត​ថា ដំបូក​នេះ​ខ្លាំង​ពូ​កែ​លើស​អាត្មា គួរ​តែ​ប្រាថ្នា​អោយ​កើត​ជា​ដំបូក​វិញ​ប្រសើរ​វិសេស​ជាង​ខ្យល់​នេះ គិត​ហើយ​សុនខ​អធិដ្ឋាន​ថា​ «ព្រះ​ម្ចាស់​ខ្ញុំ​អើយ​មេត្ដា​ប្រោស​អោយ​ខ្ញុំ​កើត​ជា​ដំបូក​វិញ​ហោង​»​

អែ​ព្រះ​អីសូរ​ក៏​ប្រ​សិទ្ធី​អោយ​ខ្យល់​សុនខ អោយ​កើត​ជា​ដំបូក​ស្កួយ​១ ដុះ​ឡើង​កណ្ដាល​ទី​វាល​។ គ្រា​កាល​នោះ មាន​មហិង្ស​១ ទៅ​រក​ស៊ី​ស្មៅ​នៅ​ទៀប​ខាង​ដំបូក ក្របី​នោះ​វា​រមាស់​ក្បាល ក៏​ជល​វ័ធ​ដំបូក​នោះ​បែក​បាក់​ធ្លាក់​ចុះ អែ​ដំបូក​សុនខ​គិត​ថា អា​សត្វម​ហិង្សា​នេះ វា​ខ្លាំង​ពូកែ​ លើស​ដំបូក​នេះ​ទៅ​ទៀត បើ​ដូច្នេះ​គួរ​អញ​អធិដ្ឋាន​អោយ​កើត​ជា​មហិង្សា​វិញ គិត​ហើយ​អធិដ្ឋាន​ថា «ព្រះ​ម្ចាស់​ខ្ញុំ​អើយ សូម​មេត្ដា​ធ្វើ​អោយ​ខ្ញុំ​កើត​ជា​សត្វ​មហិស្សា​វិញ​»​

អែព្រះអីសូរ​ក៏​ធ្វើ​ដំបូក​សុនខ​នោះ​អោយ​កើត​ជា​សត្វ​មហិង្សា​តាម​ក្ដី​ប្រាថ្នា​។ អែ​មហិង្សា​សុនខ ចាប់​ផ្ដើម​ពី​កើត​ឡើង​មក ម្ចាស់​នឹង​ប្រើ​ប្រា ស់​ពុំ​សូវ​បាន ជា​ក្របី​ទាញ​ទង់​ណាស់ ចង​នឹង​ខ្សែ​អ្វីៗ​ពុំ​ជាប់ឡើយ ទើប​ម្ចាស់​នោះ​យក​ព្រ័ត្រ​៣​ធ្លុង​ទៅ​ចង​ក ទើប​ជាប់​បាន មហិស្សា​សុនខ​ ទាញ​កន្រ្តាក់​ព្រ័ត្រ​នោះ​ពុំ​ដាច់​ឡើយ ហើយ​គិត​ថា​អាព្រ័ត្រ​នេះ​វា​ពូកែ លើស​អញ​ទៅ​ទៀត «អោ​ព្រះ​ម្ចាស់​ខ្ញុំ​អើយ សូម​មេត្ដា​ប្រោស​អោយ​​ខ្ញុំ​កើត​ជា​ព្រ័ត្រ​វិញ​ចុះ​»​

ព្រះអីសូរ​ក៏​ប្រ​សិទ្ធី​អោយ​កើត​ជា​ព្រ័ត្រ​តាម​ដោយ​សេច​ក្ដី​ប្រាថ្នា​នៃ​ចៅ​សុនខ គ្រា​កាល​នោះ​មាន​ឆ្កែ​តឿ​១ ចូល​ទៅ​ឃើញ​ចង្វាយ​ព្រ័ត្រ ក៏​កង្កៀម​ស៊ី​ដាច់​ជា​កំណាត់​ធំ កំណាត់​តូច អែ​ព្រ័​ត្រ​សុនខ​ឃើញ​ឆ្កែ​តឿ វា​កកេរ​ស៊ី​ព្រ័ត្រ​ដូច្នោះ ក៏​នឹក​ថា អាសុនខ​នេះ​វា​ខ្លាំង​ពូ​កែលើស​ព្រ័ត្រ​ទៅ​ ទៀត «អោ​ព្រះ​ជា​ម្ចាស់​ខ្ញុំ​អើយ​សូម​មេត្ដា​ប្រោស​អោយ​កើត​ជា​ឆ្កែ​តឿ​វិញ​ចុះ​»​។ ព្រះអីសូរ​ក៏​មក​ប្រសិទ្ធី​ព្រ័ត្រ​នោះ អោយ​កើត​ជា​សុនខ​តឿ​ដូច​ក្ដី​ប្រាថ្នា​ ចៅ​សុនខ​ក៏​បែរ​ហក់​ចុះ​មក​ជា​ឆ្កែ​តឿ​ដូច​មុន​វិញ​ហោង​។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​ប្រាថ្នា​ចង់​តែ​បាន​វត្ថុ​អ្វី​ៗ ពុំ​ដឹង​វត្ថុ​នោះ​ជា​សត្រូវ​ធ្លាក់​មក​ត្រូវ​លើ​ខ្លួន​អែង​វិញ​។ មួយ​ទៀត​ថា ប្រាថ្នា​ហួស​សំណាង​ ហួស​ជាតិ​ហួស​កំណើត​ ប្រ​ព្រឹត្ដ​ទៅ​មិន​ផុត​ឧប​និស្ស័យ​។ បទ​នេះ​អ្នក​ប្រាជ្ញ​គួរ​គប្បី​ពិចា​រណា​ទៅ​ទៀត​ចុះ។

ចប់តំរាប្រាថ្នាហួសសំនាងទី២៧


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad