ស្រីហិតោបទេស ការបំបែកមិត្ដ
ភាគទី២
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាមុខ
ហិតោបទេសភាគទី១ ឈ្មោះ ការគប់មិត្រ
ដែលផ្សាយចេញទៅហើយ បានទទួលការនិយមអានគួរជាទីពេញចិត្ត។
ការនិយមអាននេះ ជាវត្ថុបំណងដ៏ប្រសើររបស់ខ្ញុំ ទុកថា
ខ្ញុំបានបោះជំហានទី១ ទៅស្រេចបរិបូណ៌ហើយ
ថែមទាំងនាំអោយខ្ញុំមានកំលាំងព្យាយាមសរសេរតទៅទៀតមិនតិចឡើយ។
អស់លោកអ្នកអានខ្លះ កាលអានរួចហើយ ពោលត្អូញត្អែថា ហិតោបទេសនេះល្អណាស់
តែពិបាកអានហួសពេក ហើយមិនងាយស្តាប់សេចក្តីបានផង
ព្រោះដេរដាសដោយពាក្យសំស្រ្តឹត នឹងពាក្យមានអាថិជ្រាលជ្រៅ។
ខ្ញុំអិតប្រកែកទេ យល់ព្រមតាមពាក្យអ្នកអានទាំងអស់
តែក្នុងរឿងនេះខ្ញុំនឹកពិភាល់ថា លោកអ្នកអានទាំងឡាយភ្លេចថា ខ្ញុំជា
អ្នកប្រែទៅហើយ មួយទៀតខ្ញុំជឿថា អ្នកអានទាំងឡាយគង់មិនភ្លេចថា
ធម្មតាច្បាប់ រឺ សុភាសិតដែលជាទ្រឹស្តី សុទ្ធសឹងមានអាថិជ្រាលជ្រៅ
មិនមែនអានហើយភ្លាមយល់ចូលចិត្តស្រួលទេ។ អ្នកដែលខ្លាចគេបន្ទោសថា
ខ្វះការសិក្សា តែងព្យាយាមអានមិនលះបង់ចោល អានហើយអានទៀត
ខំប្រឹងអានដរាបទាល់តែយល់សេចក្តី
ដូចគេទ្រាំលេបគីនីនអោយជាគ្រុនដូច្នោះ ដើម្បីដាស់តឿនស្មារតី
អ្នកអានទាំងឡាយ ខ្ញុំសូមនាំនិទានខ្លីមួយទុកជាគតិប្រចាំជីវិតថា៖
កាលពីព្រេងនាយ
កន្លងបាំងបាត់ស្ងាត់យូរយារណាស់ហើយ កាលនោះ អសុរៈ និង ទេពតា យកនាគ វសុកិ
ជាព្រ័ត្រ យកភ្នំមន្ទរ ជាស្នូល
យកអណ្តើកអវតានៃព្រះនរាយណ៍ជាអ្នកទ្រភ្នំមន្ទរ
ហើយបបួលគ្នាកូរសមុទ្រទឹកដោះយកទឹក អំរិត តាមយើងដឹងសព្វថ្ងៃថា អសុរ
និង ទេវតាទាញព្រ័ត្រ។ ការកូរសមុទ្រទឹកដោះនេះ ប្រើថិរវេលាអស់វារៈ
កំណត់១០០០ ឆ្នាំ ទើបបានទឹកអំរឹត។
បុរាណខ្មែរយើង
ឆ្លាក់រឿងនេះនៅជញ្ជាំងថែវនគរវត្តភាគខាងកើតពេញផ្ទៃថែវ
ធ្វើមុខមាត់មាឌសុទ្ធតែប្រឹង។ មានធ្វើអសុរ និង
ទេវតាមុខមាត់សំបើមរាងក្រអឺតៗទាញព្រ័តនាគនៅគ្រប់ទ្វារនគរធំ
មិនតែប៉ុណ្ណោះទេ សូម្បីរូបសីហៈ រឺ រូបឆ្មាំទ្វារ គោបុរៈ
ក៏មានការៈថាថាងប្រឹងប្រែងទាំងអស់។
មើលចុះមិនមែនទន់ល្វែតល្វតរេទៅតាមខ្យល់ទេ។ ទាំងអស់នេះ
ជារូបភាពសំដែងភស្តុតាងព្យាយាម និង ថាមភាពនៃដូនតានៅសម័យនគរវត្ត។
បើយើងពោលដោយផ្លូវហេតុផល គួរទុកជាគតិបានថា គួរប្រឹងរឺទេ? ព្រោះដូនតាសុទ្ធតែប្រឹងទាំងអស់។
នេះជាហិតោបទេស ភាគទី២ឈ្មោះ «ការបំបែកមិត្ត» ជាជំហានទីពីរ
ដែលបោះផ្សាយពេលនេះ ខ្ញុំមានសង្ឃឹមថា ភាគទី២នេះ នឹង
បានទទួលការនិយមអានគួរជាទីពេញចិត្តដូចភាគទី១ដែរ។
នៅសល់ពីរភាគទៀតដែលនឹងផ្សាយ ទៅក្នុងអានាគតឆាប់ៗនេះ
ខ្ញុំភ័យផ្អុកៗក្នុងពោះ ក្រែងខ្ញុំមិនអាចបោះជំហានទី៣ និងទី៤
ទៅមុខទៀតរួច ថាបើខ្ញុំ អាចនឹងទៅបាន ខ្ញុំនឹងរីករាយសប្បាយចិត្តណាស់ព្រោះវត្ថុបំណងរបស់ខ្ញុំ
នឹង សំរេចអស់ហើយ។ ភាគទី២នេះ
ខ្ញុំទុកជាទីរលឹកការនៅចាំវស្សាអស់ត្រៃមាសក្នុងឆ្នាំខាលទោស័ក ពស
២៤៩៣។ សូមប្រជាជនខ្មែរ ទាំងមូល បានប្រកបដោយសេចក្តីសុខ
សេចក្តីចំរើនគ្រប់ប្រការ។
វត្តឧណ្ណាលោមនៅថ្ងៃ
៥ ᧯ ១១ (សុក្រ ១៥កើត ខែអស្សុជ) ឆ្នាំខាលទោស័ក ព.ស២៤៩៣
ត្រូវនិងថ្ងៃទី២៦ តុលា គ.ស១៩៥០
ភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ
ត្រូវនិងថ្ងៃទី២៦ តុលា គ.ស១៩៥០
ភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ
No comments:
Post a Comment