គតិលោក ភាគ៥: រឿង៖ សត្វចចកនឹងដំរី - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៥: រឿង៖ សត្វចចកនឹងដំរី


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងសត្វចចកនឹងដំរី
មាន​សត្វ​ចចក​ទាំង​ឡាយ​ដ៏​ច្រើន​អាស្រ័យ​នៅ​លើ​កោះ​មួយ កណ្ដាល​សាគរ ថ្ងៃ​មួយ​និយាយ​​ប្រឹក្សា​គ្នា​ថា យើង​ជា​សត្វ​អាស្រ័យ​សាច់​សត្វ​ជា​ភក្សា​ហារ ស្វែង​រក​អាហារ​បាន​ដោយ​ក្រ ទោះ​ជា​បាន​ខ្លះ​សោត​ក៏​ពុំ​បរិបូរណ៍ ហេតុ​ដូច្នេះ​ គ្នា​យើង​គួរ​ទៅ​និយាយ​ល្បង​បញ្ឆោត​ដីរី​សារ​ធំ​ អោយ​វា​ចុះ​កល​យើង ​ៗ​នឹង​បាន​សាច់​វា​បរិ​ភោគ​បរិ​បូណ៌ ហ្វូង​ចចក គិត​ឃើញ​ឧបាយ​ដូច្នេះ​ហើយ ទើប​នាំ​គ្នា​ហែល​ទឹក​ទៅ​កាន់​ត្រើយ​ស្ទឹង​ចូល​ទៅ​កាន់​សំណាក់​នៃ​ដំរី​សារ ដល់​ហើយ​ក៏​ធ្វើ​កិរិយា​ជា​អ្នក​កោត​ខ្លាច អោន​សិរ​សា​ចុះ​គំនាប់​គោរព​ដំរី​ ហើយ​ស្រដី​ថា «បពិត​លោក​ជា​ធំ​ដ៏​ប្រសើរ​ សូម​លោក​មេត្ដា​ប្រោស​ដល់​ពួក​យើង​ខ្ញុំ ត្បិត​យើង​ខ្ញុំ​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ អិត​មាន​នាយ​ចៅ​ហ្វា​នឹង​ជួយ​ការ​ពារ​ក្ដី​អន្ដរាយ​សោះ អីលូវ​បាន​ប្រឹក្សា​គ្នា​ឃើញ​ថា ព្រះ​តេជ​គុណ​នេះ​ជា​សត្វ​ធំ​ឧត្ដម​សម​គួរ​ជា​នាយ​លើ​យើង​ខ្ញុំ​ទាំង​ឡាយ យើង​ខ្ញុំ​ទាំង​ឡាយ​ប្រគល់​​កាយ​ ជា​បាវ​បំរើ​ព្រះ​តេជ​ព្រះ​គុណ​ចាប់​ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ​»​

ឯ​ដំរី​សារ​អិត​ប្រាជ្ញា បាន​លឺ​ចចក​ទាំង​ឡាយ​នោះ​មក​និយាយ​បញ្ឆោត​ដូច្នោះ ក៏​ត្រេក​អរ​ស្រុះ​ស្រួល​ទទួល​ជា​នាយ​លើ​ហ្វូង​ចចក​។ ឯ​ចចក​ទាំង​ឡាយ ចាប់​ផ្ដើម​ពី​ថ្ងៃ​នោះ​មក​វា​នាំ​គ្នា​គោរព​ប្រតិ​បត្ដិ​បំរើ​ដំរី​ដោយ​ក្ដី​មាយា ថ្ងៃ​មួយ​ចចក​នាំ​គ្នា​ចូល​ទៅ​វន្ទា​ដំរី​ស្រដី​បបួល​ថា បពិត​លោក​ជា​នាយ យើង​ខ្ញុំ​ទាំង​ឡាយ អាស្រ័យ​នៅ​ក្នុង​ទី​ព្រៃ​នេះ ពុំ​សប្បាយ​ព្រោះ​រក​អាហារ​បាន​ដោយ​ក្រ សូម​ទាន​យើង​ខ្ញុំ​សូម​អញ្ជើញ​លោក​នាយ​ឆ្លង​ទៅ​នៅ​ឯ​កោះ​ធំ កោះ​នោះ​បរិ​បូណ៌​ដោយ​ទឹក​ដោយ​ស្មៅ​នូវ​ស្លឹក​ឈើ​នានា ទោះ​ត្រី​សាច់​ជា​អាហារ ចំណែក​ខាង​ពួក​យើង​ខ្ញុំ​នេះ​ក៏​មាន​បរិបូរណ៍ យើង​ខ្ញុំ នឹង​ហែ​ហម​លោម​លោក​នាយ​ទៅ​នៅ​អែ​កោះ​នោះ នឹង​បាន​ជា​អធិប​តី​លើ​ពួក​យើង​ខ្ញុំ​ទាំង​ឡាយ មួយ​ទៀត អែ​ពួក​យើង​ខ្ញុំ​ដែល​នៅ​អែ​កោះ​នោះ ក៏​មាន​ច្រើន​គ្នា​សូម​លោក​នាយ​មេត្ដា​យាតា្រ​ទៅ​ជា​កំពូល​នៃ​យើង​ខ្ញុំ​ហោង​។ អែ​ដំរី​បាន​លឺ​ពួក​​ចចក​ពោល​ពាក្យ​បញ្ឆោត​ដូច្នោះ​ក៏​ព្រម​តាម ទើប​នាំ​ចចក​ទាំង​នោះ ចុះ​គង្គា​ហែល​ឆ្លង​មហា​ទី​ឆ្ពោះ​មុខ​ទៅ​កាន់​កោះ​ធំ អែ​ចចក​ទាំង​ឡាយ​ដឹង​ថា​ដំរី​សារ​ចុះ​កល​ខ្លួន​ហើយ ក៏​នាំ​គ្នា​ស្រែក​លូ​ឡើង​បន្លឺ​សព្ទ​ជា​សញ្ញា​អោយ​ពួក​ចចក​នៅ​អែ​កោះ​នោះ​លឺ អែ​ចចក​នៅ​កោះ​បាន​លឺ​ពួក​ខ្លួន​ខាង​ត្រើយ​លូ​ឡើង​ដូច្នោះ ក៏​នាំ​គ្នា​លូកង​ឡើង​ទទួល​គ្នា ហើយ​ប្រុង​ប្រៀប​អាត្មា​ទី​ទៃ​ៗ ដើម្បី​នឹង​ចុះ​ហែល​ទឹក​ទៅ​ជួយ​គ្នា​ខាំ​ដំរី​នោះ អោយ​លុះ​ក្ដី​មរណ​កាល​កណ្ដាល​មហា​ ទី​នោះ​អែង​។

ឯ​ដំរី​ស្រ​វឹង​បុណ្យ ហែល​មក​ដល់​កណ្ដាល​មហា​ទី​ត្រូវ​ទឹក​ជ្រៅ​ផុត​ជើង​ផុត​ដៃ នឹង​អាស្រ័យ​ផ្ទៃ​ផែន​ដី​ពុំ​បាន ក៏​អណ្ដែត​ខ្លួន​ប៉្លែង​ប្ល៉ោង​ៗ អែ​ចចក​ទាំង​ឡាយ​ដឹង​ជា​ដំរី​ផុត​ជើង​ផុត​ដៃ នឹង​អាស្រ័យ​ព្រេច​ចាក់​ត​ពុំ​បាន​ដូច្នោះ វា​ក៏​នាំ​គ្នា​ហែល​ឡើង​ទំ​លើ​ខ្នង​ហើយ​ខាំ​កកេរ​សាច់​ពោះ​ដំរី​ត្រា​តែ​ធ្លុះ ទឹក​ក៏​ចូល​ទៅ​ក្នុង​ពោះ​ដំរី​នោះ​ពេញ ដំរី​នោះ​ដល់​នូវ​ក្ដី​មរណ​កាល​កណ្ដាល​គង្គា ពួក​ចចក​ក៏​នាំ​គ្នា​បរិ​ភោគ​សាច់​ដំរី​តាម​សេច​ក្ដី​ប្រាថ្នា​វា​ហោង​។ រឿង​នេះ បាន​គតិ​អ្នក​ចូល​​ព្រម​ព្រៀង​អាច​ផ្ចាញ់​អ្នក​ធំ​បាន​ ដូច​គ្នា​នឹង​បទ​បាលី​ក្នុង​គម្ពីរ​លោក​និតិ​ដែល​ថា ពហូនំ អប្ប សារានំ ៘ ដែល​បាន​អធិប្បា​មក​ហើយ​។ មួយ​ទៀត ដំរី​នោះ​បាន​គតិ​ឆ្កួត​យស​ឡើង​បញ្ជោរ​ដូច​គតិ​ក្អែក​ឡើង​បញ្ជោរ​សំពោច​ខូច​នំ​ទឹក​ដោះ​នោះ​អែង គួរ​ចូល​ចិត្ដ​ចុះ​។

ចប់តំរាព្រមព្រៀងទី១៧

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad