គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៥
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានសត្វកណ្ដុរទាំងឡាយដ៏ច្រើនអាស្រ័យនៅក្នុងទីមួយ
បានសេចក្ដីក្ដៅក្រហាលំបាកដោយមេឆ្មា១តែងយាយី នឹងចេញរកស៊ីពុំបាន ថ្ងៃមួយកណ្ដុរទាំងឡាយមកប្រជុំជំនុំគ្នាថា
«ពួកយើងមានគ្នាច្រើន
មេសត្រូវគឺមេឆ្មា១ គួរតែយើងស្រុះគ្នាចូលយុទ្ធនានឹងវាជាសត្រូវ ចោមគ្នាខាំសំលាប់មេឆ្មានោះបង់ចេញ
ទើបពួកយើងបានក្ដីសុខសប្បាយតទៅ អែកណ្ដុរទាំងឡាយសឹងខ្លាចអំណាចមេឆ្មានោះមហិមា
លុះលឺពាក្យជំនុំដូច្នោះ ក៏ពុំអាចនឹងទទួល សឹងនាំគ្នាពោលឡើងថា «យើងរាល់គ្នាសឹងពុំហ៊ានចូលតយុទ្ធនឹងឆ្មានោះទេ។
គ្រានោះមានកណ្ដុរ១ឆ្លើយឡើងថា «ខ្ញុំមានឧបាយមួយ
ល្មមនឹងរក្សាជីវិតបាន អែឧបាយនោះ គឺថាយើងទៅរកចង្រ្កងបាន១ យកមកចងកឆ្មា
ថាបើវាទៅអែណាៗ យើងស្ដាប់ចង្រ្កង់វាជាសញ្ញាគឺថាបើលឺសូរចង្រ្កង់ទិសខាងកើត
យើងដឹងថាមេឆ្មានៅខាងកើត ហើយយើងនាំគ្នាចេញរកស៊ីទិសខាងលិច បើលឺខាងលិច
សឹមយើងគេចទៅរកស៊ីខាងកើតវិញ ឧបាយយ៉ាងនេះ តើអ្នកទាំងឡាយយល់ថាត្រូវខ្លះរឺទេ»។ អែកណ្ដុរទាំងឡាយ
ក៏ឆ្លើយឡើងព្រមគ្នាថា «ឧបាយដែលអ្នកគិតនេះយល់ត្រូវហើយ តែថាបើរកចង្រ្កង់បានមក
តើរូបអ្នកណាអាចក្លាហានយកចង្ក្រង់ទៅចងកឆ្មានោះបាន» អែកណ្ដុរទាំងឡាយជំនុំដូច្នោះ
សឹងខ្លាចពុំហ៊ានទៅចងកឆ្មានោះទាំងអស់គ្នា សេចក្ដីជំនុំនោះ ក៏មិនសំរេចទៅបានជាអសារអិតការទៅហោង។
រឿងនេះបានគតិដូចរូបអ្នកតូចទាំងឡាយច្រើនគ្នា កើតខាត់ដោយអ្នកធំមានអំណាច
មិនអាចទៅធ្វើអ្វីគេបានក្ដៅក្រហាយណាស់ ជំនុំតែគ្នាអែងដូចហ្វូងកណ្ដុរជំនុំគ្នានឹងយកចង្រ្កង់ទៅចងកឆ្មានោះអែង។
អ្នកមានបញ្ញាគួរពិចារណាមើលហោង។
ចប់តំរាគតិមិនស្រុះគ្នាទី១៨
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment