គតិលោក ភាគ៨: រឿង៖ ចៅខ្ញុំគេសំលាប់មាន់រងាវ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៨: រឿង៖ ចៅខ្ញុំគេសំលាប់មាន់រងាវ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងចៅខ្ញុំគេសំលាប់មាន់រងាវ

មាន​ចៅ​ម្នាក់​នៅ​ជា​ខ្ញុំ​គេ នាយ​ប្រើ​អោយ​ធ្វើ​ការ​បំរើ​នៅ​ក្នុង​ផ្ទះ​ជា​ប្រ​ក្រតី​ អែ​នាយ​នោះ​មាន​ចិញ្ចឹម​មាន់​ចែ​ឈ្មោល​មួយ​ សំរាប់​រងាវ​យាម​រាល់​ៗ​ថ្ងៃ តែ​ដល់​ពេល​មាន់​នោះ​រងាវ​ឡើង​កាល​ណា​ហើយ គេ​តែង​ដាស់​ចៅ​នោះ​ប្រើ​អោយ​ធ្វើ​ការ​ទាំង​ឡាយ​ មាន​រែក​ទឹក​ស្រោច​ដំណាំ​ជា​ដើម​។ អែ​ចៅ​នោះ​បាន​ក្ដី​លំបាក​ដោយ​ការ​ងារ​នាយ​មាន​កំនត់​មាន់​រងាវ​ពេល​ក្រោក​ចាក​និទ្រា​ ទោះ​ខ្លួន​ងុយ​ងោក​ចង់​ដេក​វិញ​យ៉ាង​ណា​ៗ​ ក៏​ពុំ​បាន ចៅ​នោះ​មាន​ក្ដី​រំខាន​ទើប​មក​គិត​ថា​ អញ​ខាន​ដេក​ខាន​ពួន​សព្វ​ថ្ងៃ​នេះ​ ពី​ព្រោះ​តែ​មាន់​យាម​នេះ​អែង​ បាន​ជា​នាយ​ដាស់​អោយ​ក្រោក​ទៅ​ធ្វើ​ការ​ ខាន​ដេក​ក្នុង​វេលា​និទ្រា​ស្រួល​ បើ​នឹង​ទុក​មាន់​យាម​អោយ​វា​រងាវ​យ៉ាង​នេះ​ត​ទៅ​ អញ​ឃើញ​ជា​ពិបាក​ណាស់​ ព្រោះ​នាយ​គាត់​ប្រើ​ក្នុង​កាល​មាន់​នេះ​វា​រងាវ​ បើ​ដូច្នេះ​មាន​តែ​អញ​ចាប់​មាន់​យក​ទៅ​សំលាប់​ចោល​អោយ​បាត់​ កុំ​អោយ​នាយ​គាត់​អាង​មាន់​យាម​នេះ​ជា​សញ្ញា​ ទើប​ការ​អញ​បាន​ស្រាល​បាន​ដេក​លក់​សុខ​សប្បាយ​ទៅ​ហោង​ គិត​ហើយ​ចៅ​នោះ​លួច​ចាប់​មាន់​យាម​នោះ​បាន​ ហើយ​យក​ទៅ​កំពង់​ទឹក​ តាំង​បោក​ប្រហារ​មាន់​​នោះ​ស្លាប់​ ហើយ​បោះ​ចោល​សាក​សព​មាន់​នោះ​ទៅ​ក្នុង​ស្ទឹង​ បិទ​ការណ៍​នោះ​មិន​អោយ​នាយ​ដឹង​លឺ​ឡើយ​ ហើយ​រែក​ទឹក​វិល​មក​ផ្ទះ​វិញ​ហោង​។
អែ​នាយ​នោះ​ កាល​ពី​ដើម​បាន​មាន់​យាម​ជា​កំនត់​ នឹង​ដាស់​ខ្ញុំ​អោយ​ទៅ​ធ្វើ​ការ​ផ្សេង​ៗ ចាប់​ដើម​ពី​ថ្ងៃ​អិត​មាន់​យាម​នោះ​​ម​ក​ គាត់​ចង់​ដាស់​ចៅ​ខ្ញុំ​អោយ​ក្រោក​ទៅ​ធ្វើ​ការ​ក្នុង​វេលា​ណាៗ​ក៏​បាន ស្រេច​នឹង​គាត់​ត្រូវ​ការ​វេលា​ណា ​ក៏​ដាស់​ប្រើ​ក្នុង​វេ​លា​នោះ​ទៅ​ អិត​ពេល​ដូច​កាល​មុន​ៗ​នោះ​ឡើយ​។
អែ​ចៅ​នោះ​លុះ​ត្រូវ​នាយ​ប្រើ​អិត​ពេល​ កើត​ក្ដី​ពិបាក​លើស​មុន​ទៅ​ទៀត​ ក៏​មក​គិត​ស្ដាយ​មាន់​យាម​នោះ​វិញ​ថា កាល​ពី​ដើម​គេ​ប្រើ​ដោយ​ពេល​មាន់​រងាវ​ គឺ​តែ​ដល់​ពេល​មាន់​រងាវ​រួច​ហើយ​ នាយ​គាត់​ដាស់​អែង​អោយ​ក្រោក​ទៅ​ធ្វើ​ការ​ អែង​គិត​ថា កំពុង​ដេក​លក់​ស្រួល​ ដល់​អា​មាន់​រងាវ​ នាយ​ដាស់​អែង​អោយ​ទៅ​ប្រកប​ការ​ ឃើញ​ថា​ទោស​ខាន​ដេក​នោះ​ កើត​អំពី​មាន់​ប្រាកដ​ ហេតុ​នោះ​បាន​ជា​អែង​ចាប់​វា​យក​ទៅ​ប្រហារ​បង់​ នឹក​ថា​នឹង​បាន​សេច​ក្ដី​សុខ​សប្បាយ​ខ្លះ​ ដល់​អីលូវ​អិត​ពី​មាន់​យាម​ទៅ​ នាយ​រឹង​រិត​តែ​ប្រើ​អែង​លើស​ប្រមាណ​ គឺ​ពុំ​មាន​ពេល​វេលា​ឡើយ​ គាត់​ចង់​ប្រើ​វេលា​ណា​ ក៏​ប្រើ​ទៅ​តាម​ចិត្ដ​​ជា​ម្ដង​ អោ​អញ​អើយ​ដែល​អញ​វាយ​មាន់​ចោល​នោះ​ ខុស​ប្រាកដ​ទៅ​ហើយ​ បើ​ទុក​មាន់​នៅ​គ្រាន់​បើ​ជាង​នេះ​ ព្រោះ​គេ​ប្រើ​មាន់​ពេល​មាន​កាល​វេលា​ខ្លះ​ ចៅ​នោះ​គិត​ឃើញ​ដូច្នោះ​ ក៏​កើត​ក្ដី​ក្ដៅ​ក្រហាយ​ពុំ​សប្បាយ​ហោង​។
រឿង​នេះ​បាន​ជា​គតិ​ដល់​បុគ្គល​អ្នក​ផ្លាស់​កន្លែង​ស្វែង​រក​ក្ដី​សុខ​ ដល់​បាន​ទុក្ខ​ក៏​ក្ដៅ​ក្រហាយ​សោក​ស្ដាយ​កន្លែង​ចាស់​វិញ​។ កើត​មក​ជា​ទាសា​ទាសី​គេ​ហើយ​ នឹង​គិត​ថា​នាយ​គេ​ប្រើ​អញ​ឆ្នាំ​នេះ​ពិបាក​គឺ​តឹង​ណាស់​ ដល់​ឆ្នាំ​មុខ​ៗ យ៉ាង​ជា​ធូរ​ជាង​នេះ​​ទេ​ដឹង​ ការ​គិត​គ្នេរ​យ៉ាង​នោះ​មិន​ត្រូវ​ទេ វិស័យ​ខ្លួន​ជា​ខ្ញុំ​គេ​ហើយ​ នឹង​ស្វែង​រក​ក្ដី​ទំនេរ​ ក្ដី​សុខ​អែ​ណា​មាន​ គួរ​គិត​ទៅ​ចុះ​។
ខ្ញុំ​អើយ​ខ្ញុំ​គេ
គិតរកទំនេរ
គ្មានទេណាបា
តែផ្លាស់កន្លែង
រកស្វែងសុខា
ក្រែងដូចតំរា
ចៅវាយមាន់យាម។
មួយហត្ថជាន់ មុន
ជាន់ក្រោយទ្វេគុណ
លើសមុនដប់ព្យាម
ដៃអើយកុំកែ
គង់ផ្លែរាល់ម្រាម
ធ្វើនេះរួចភ្លាម
ធ្វើនោះតទៅ។
មួយ​ទៀត​អ្នក​​ខ្លះ​បាន​កន្លែង​កំនាច​ហើយ​ គិត​ផ្លាស់​កន្លែង​អោយ​ធូរ​ជាង​មុន​វិញ ជួន​ទៅ​ប្រទះ​លើ​កន្លែង​កាឡ​កណ្ណី​កំនាច​លើស​មុន​ក៏​មាន​ ដូច​មាន​និទាន​រឿង​


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad