គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងភិក្ខុសុខជាព្នងគ្រួ
ឯរឿងនោះ
មានចៅព្នងគ្រួ១ អាស្រ័យនៅក្នុងស្រុកលើ រកស៊ីតាមភាសាអ្នកព្រៃ
នៅយូរមកពួកព្នងដូចគ្នាកើតស្អប់ចៅនោះ វានាំគ្នាទៅប្ដឹងមេកន្រ្ទាញភូមិនោះ
ចោទថា ចៅព្នងព្រៃចេះអាបធ្មប់ ធ្វើអ្នកស្រុកអោយស្លាប់ជាច្រើន
ឯមេកន្រ្ទាញមានអំណាច លឺថាចេះអាបធ្មប់ដូច្នោះ
ក៏អោយគ្នាវាដើរកាប់សំលាប់ព្នងដែលត្រូវគេចោទនោះ ទាំងបុត្រភរិយា
ព្រមទាំងពូជពង្សវង្សា៧ជួរអស់ឥតសល់ នៅតែក្មេងម្នាក់ឈ្មោះចៅសុខ
ចៅនោះអាយុប្រមាណជា ១០-១១ឆ្នាំ ចៅនោះនៅចាំចំការស្រូវក្នុងស្រែព្រៃ
បានដឹងថាមេកន្រ្ទាញប្រើអោយសំលាប់អាពុកម្ដាយ បងប្អូនមីងមាយាយតាអស់ដូច្នោះ
ក៏ភិតភ័យមហិមា រត់ទៅឡើងចុងឈើលាក់ខ្លួនពួនអាត្មា នឹងមែកឈើស៊ុមទ្រុមសំងំ។
ឯពួកមេកន្រ្ទាញ វាសំលាប់ពូជនោះអស់ហើយ វាដឹងថានៅសល់កូន១
ទើបវានាំគ្នាទៅរកក្មេងនោះឯចំការស្រូវ ដើម្បីនឹងសំលាប់ចោ លអោយអស់ពូជ
លុះទៅដល់ចំការ វាក៏ដើររកតាមជ្រោះជ្រលងគុម្ពព្រៃសព្វអន្លើក៏ពុំឃើញ
ទើបវានាំគ្នាវិលមកភូមិ វិញ។ ឯចៅក្មេងពួននៅលើចុងឈើកាលពួកនោះ
ទៅរកក៏បានឃើញគេកាន់ដាវកាន់កាំបិតចូលមករកខ្លួនក៏ដឹងថាគេមករកសំលាប់អាត្មា
ព្រោះក្មេងនោះដឹងច្បាប់ព្នងថា មេកន្រ្ទាញអោយសំលាប់ទាំងអស់ឥតសល់ ហេតុនោះទើបចៅក្មេងខំពួនលាក់ខ្លួននឹងប្រគាបឈើ
អោបមែកឈើនោះខ្ជាប់ លុះពេលយប់ស្ងាត់ ចៅក្មេងនោះចុះចាកព្រឹក្សា រត់ចេញអំពីចំការដើរកាត់ព្រៃត្រង់ចុះមកភូមិក្រោម
ចូលទៅសូមពួននឹងផ្ទះព្នងម្នាក់នៅដើមភូមិ ឯអ្នកផ្ទះនោះគេក៏អាណិតក្មេងនោះ
អោយបាយទឹកអាស្រ័យ ហើយយកទៅលាក់ទុកក្នុងផ្ទះ ឯអាពួកមេកន្រ្ទាញដើររកក្មេងនោះពុំឃើញ
ហើយលុះថ្ងៃព្រឹកឡើងវាតាមមករកដល់ភូមិក្រោម វាដើរស៊ើបសួររកគ្រប់ផ្ទះ
ឯអ្នកស្រុកក៏ឆ្លើយប្រាប់ថាពុំឃើញទាំងអស់ ឯពួកនោះនៅសង្ស័យក្រែងអ្នកស្រុកលាក់បិទបាំងទុក
ទើបវានាំគ្នាឡើងរើមើលគ្រប់ផ្ទះ តែផ្ទះដែលចៅក្មេងទៅពួននោះ គឺនៅខាងដើមភូមិបង្អស់
ច្បាប់ព្នងត្រូវរកមនុស្សនោះ គឺរើរកតែផ្ទះណាដែលនៅកណ្ដាលគេ ឬចុងគេជាការមាំ
ទាំឯត្រង់ផ្ទះនៅដើមភូមិមិនសូវមានក្ដីសង្ស័យពេក តែផ្ទះដែលក្មេងពួននោះ
វាពុំបានឡើងរើអោយមាំមួនលុះ វារកពុំឃើញហើយ ទើបវានាំគ្នាវិលទៅជំរាបមេកន្រ្ទាញនោះវិញ។
ឯអ្នកផ្ទះកាលបើពួកនោះវិលទៅអស់ហើយទើបនិយាយនឹងក្មេងនោះថា
បាឯងនៅនឹងយើងនេះ យើងនឹងការពារ ពុំរួចទេព្រោះផ្ទះយើងនៅជិតនឹងមេកន្រ្ទាញនោះ កាលណានឹងស្ងាត់គង់នឹងដឹងដល់វាពុំខាន
បើបាឯងចង់រួចជីវិតមាន តែរត់ចុះទៅកាន់ដែនដីខ្មែរ អើព្រឹកមិញនេះ មានមេឈ្មួញរទេះខ្មែរគេទៅស្រុកគេ
បើដូច្នេះបាឯងខំរត់ទៅតាមរទេះខ្មែរនោះអោយទាន់ សូមដោយសារគេទៅស្រុកក្រចេះចុះ។ ឯក្មេងនោះលឺដូច្នេះក៏ជឿតាម
ទើបសំពះលាអ្នកផ្ទះ ហើយខំរត់តាមរទេះខ្មែរត្រាដល់ទាន់នាកណ្ដាលផ្លូវ ក៏ដើរក្រោយរទេះនោះទៅ
ដោយនឿយណាស់ពុំអាចនឹងដើរបាន ទើបឡើងជិះប្រែករទេះតោងក្រោយទៅ ។ ឯនាយឈ្មួញបែរមកឃើញក្មេងតោងរទេះជិះក្រោយដូច្នោះ
ក៏ចុះមកសួរនិយាយជាភាសាព្នងថា ចៅឯងជាកូនចៅអ្នកណា បានជាមកតោងរទេះយើងនេះ។
ឯចៅក្មេងនោះ ក៏និយាយប្រាប់តាំងតែអំពីដើមដល់ចប់អោយនាយឈ្មួញនោះស្ដាប់ នាយឈ្មួញដឹងហើយ
ក៏កើតសេចក្ដីសង្វេគអាណិតពន់ពេកណាស់ ទើបថា អើបើដូច្នោះចៅឯងទៅនៅនឹងយើងចុះ យើងឥតកូនទេ
យើងយកបាឯងជាកូនធម៌ កាលដែលគេគិតបៀតបៀនបានោះ យើងទទួលភារៈ ចៅកុំជាទុក្ខឡើយ។
ថាហើយក៏អោយក្មេងនោះជិះក្នុងរទេះបរទៅដរាបដល់ស្រុកក្រចេះ
នាយឈ្មួញក៏បរវេះទៅផ្ទះនៃអាត្មា ដល់ហើយក៏ឈប់នៅតាំងនាមក្មេងនោះហៅថាចៅសុខ ព្រោះចៅនោះផុតពីសេចក្ដីទុក្ខ
អំពីមេកន្រ្ទាញនោះហើយ នាយឈ្មួញ ស្រលាញ់ចៅសុខទុកជាបុត្រនៃអាត្មា ឧស្សាហ៏បង្ហាត់បង្រៀនចៅសុខអោយចេះនិយាយភាសាខ្មែរបាន
ចៅសុខក៏ខំឧស្សាហ៏ប្រតិបតិ្ដបំរើនាយឈ្មួញនោះ ពុំអោយមានសេចក្ដីរង្កៀសអ្វី១ឡើយ
លុះនៅមកនាយឈ្មួញអោយចៅសុខទៅនៅវត្ដរៀនអក្សរខ្មែរ ចៅសុខឧស្សាហ៏រៀនសូត្រទាល់តែបានសំរេចក្ដីប្រាថ្នា
លុះបាន១៥ឆ្នាំ នាយឈ្មួញអោយបួសជាសាមណេរ ហៅថានេនសុខ លុះអាយុបាន ២១វស្សា
បិតាធម៌បំបួសជាភិក្ខុហៅថា លោកភិក្ខុសុខនៅជាសុខ សប្បាយដោយលាភសក្ការៈ ដែលបង្កើតមានក្នុងព្រះពុទ្ធសាសនានេះហោង។
អើឯងស្ដាប់មើលចុះ
រឿងនិទានអស់នេះ គឺច្បាប់ថា អ្នកណាមានទោសហើយទោសនោះអាចធ្លាក់ដល់កូនដល់ចៅអ្នកនោះ
ដែលគ្នាពុំដឹងពុំលឺអ្វីឡើយ មែនបើច្បាប់នេះ មាននៅក្នុងស្រុកណាហើយ លោកថា
អោយរត់ចេញចាកស្រុកនោះអោយឆាប់ ទើបរក្សាជីវិតបាន ដូចលោកភិក្ខុសុខដែលសំដែងមកនេះ
គួរចូលចិត្ដចុះ។
សំដែងមកក្នុងពាលវគ្គ
នេះចប់ដោយសង្ខែបតែប៉ុណ្ណេះ។
តពីនេះនិងសំដែងក្នុងបណ្ឌិតវគ្គតទៅ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment