គតិលោក ភាគ២: រឿង៖ កូនចៀម នឹងឆ្កែព្រៃ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ២: រឿង៖ កូនចៀម នឹងឆ្កែព្រៃ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងកូនចៀម នឹងឆ្កែព្រៃ

មានកូនចៀមមួយចុះទៅផឹកទឹកជ្រោះ កាលនោះមានឆ្កែព្រៃមួយចុះទៅផង បានឃើញកូនចៀមនោះហើយ កើតកួចចង់ចាប់ស៊ី តែ​ឆ្កែ​នោះ​គិត​ថា ការ​នឹង​កំហែង​ចាប់​ស៊ីតែ​ម្ដង​ទៅ​ក៏​បាន ប៉ុន្ដែហាក់​ដូច​ជា​មិនអស្ចារ្យ ចាំរកទោសវាអោយឃើញសិន គិតហើយឆ្កែព្រៃ​ស្រ​ដី​កំហែង​ទៅ​ថា៖​
វ៉ឺយអាកូនសត្វនេះ ម្ដេចឯងក៏ខូចខិលម៉្លេះ គួរឬមក​កូរ​ទឹក​អោយ​ល្អក់​អស់ រក​តែ​យើង​នឹង​ផឹក​ផង​ពុំ​បាន​ហះ​។
   ឯកូនចៀម​លឺ​ឆ្កែ​ព្រៃ​ស្ដី​ចាប់​ទោស​ដូច្នោះ​ក៏​តប​ថា៖
- ខ្ញុំបាទទទួលទានទឹកនៅ​ក្រោម​លោក​ទេ​តើ ទឹក​ល្អក់​ឯ​ណា​ដែល​ហូរ​ច្រាស​ទៅ​ខាង​លើ​វិញ​នោះ លោក​នៅ​ខាង​លើ​ខ្ញុំ​បាទ​យ៉ាង​នេះ​។
   ឆ្កែព្រៃទល់ប្រាជ្ញា ទើបរកកល​ចាប់​ទោស​ឯ​ទៀត​វិញ ក្លែង​ចោទ​ថា៖
- អើពីឆ្នាំទៅមិញអាឯង​ដើរ​និយាយ​ដើម​អញ អញ​កំពុង​តែ​រក​ទេ​តើ​។
- បាទលោក បើគិតទៅ រូប​ខ្ញុំ​បាទ​នេះ​មិន​ទាន់​ទាំង​កើត​ផង បើ​ជា​កើត​សោត​ ក៏​នៅ​ពុំ​ទាន់​ចេះ​និយាយ​ផង ហេតុ​ម្ដេច​លោក​​មក​​ចោទ​​ខ្ញុំ​បាទ​ថា ដើរ​និយាយ​ដើម​លោក​ពី​ឆ្នាំ​ទៅ​មិញ​នោះ​។
   ឆ្កែព្រៃទាល់ប្រាជ្ញារកកល​មួយ​ទៀត កំហែង​ទៅ​ថា
- អើបើអាឯងមិននិយាយព្រោះ​នៅ​តូច​ទន់​បើ​ដូច្នោះ គឺ​បង​អា​ឯង​និយាយ​ដើម​អញ​។
- ខ្លួនខ្ញុំបាទនេះកើតជាកូនដំបូង ក្នុងឧទរនៃ​មេ​​ខ្ញុំ​បាទ​នេះ បង​ខ្ញុំ​បាទ នឹង​មាន​កាល​ណា គឺ​ខ្ញុំ​បាទ​នេះ​ហើយ​ជា​កូន​ច្បង ហេតុ​ម្ដេច​លោក​មក​ចោទ​ខ្ញុំ​បាទ​ថា បង​ខ្ញុំ​បាទ​និយាយ​ដើម​លោក​ដូច្នេះ​។
- ឱ!. បងអាឯងគ្មានសោះហះ បើដូច្នោះ​ម៉ែ​ឳ​ជីដូន​ជីតា​អា​ឯង និយាយ​ដើម​អញ​ហើយ​។
  ឯកូនចៀមលឺឆ្កែព្រៃ ចោទសេចក្ដីតោងមិនដល់ នឹងគេចកែមិនដល់ដូច្នោះ ក៏ពុំអាចឆ្លើយតបបានទើបឈប់ស្ងៀមនៅ.។ ឆ្កែព្រៃ​ក៏​ស្ទុះ​ទៅ​ចាប់​កូន​ចៀម​នោះ​ប្រហារ បរិភោគ​ក្នុង​កាល​នោះ​ឯង​។
   ពាក្យឆ្កែព្រៃចោទចាប់ទោសដល់ម៉ែឳ ជីដូនជីតានេះជាពាក្យធ្ងន់លើសប្រមាណ ទោះប្រាជ្ញាពោធិសត្វគង់គេចកែទៅ​មិន​ផុត នរ​ណា​ឡើយ​ក្នុង​លោក​នេះ​ដែល​គ្មាន​មាតា​បិតា​ជី​ដូន​ជី​តា​នោះ សឹងមានគ្រប់រូបទាំងអស់ ច្បាប់បញ្ញាត្ដិថា នរណាមានទោសទណ្ឌកម្ម​ហើយ ត្រូវ​ច្បាប់​ស៊ី​ដល់​កូន​ចៅ​ដែល​កើត​ក្រោយ​ផង ដូច​ច្បាប់​ក្នុង​ស្រុក​លើគេបញ្ញាត្តិថា៖
   បើមានអ្នកណាចេះធ្មប់ ចេះអំពើព្រាយ ហើយមានគេទៅ ប្ដឹងដល់មេកន្រ្ទាញជាមេស្រុក នោះមេកន្រ្ទាញត្រូវមាន អំណាច អោយទៅកោះ ចាប់យកអ្នកដែលគេចោទនោះមកជំរះពិភាក្សា បើជំរះទៅយល់មែនដូចពាក្យគេចោទហើយច្បាប់ត្រូវសំលាប់ពូជនោះអស់​៧​សន្ដាន ដោយ​ហោច​ទៅ ​តែ​ទារក​បៅ​ដោះ​ក៏​អោយ​សំលាប់​ទាំង​អស់​។
   មួយទៀតបើនរណាពួកណាប្រទូស្ដគឺក្បត់ផែនដីក្ដី ឬទទឹងរឹងរូសតអាជ្ញាមហាក្សត្រក្ដី ច្បាប់ត្រូវប្រហារជីវិតទាំងត្រកូល ឯពួក​ញាតិ​ពូជ​នោះ ត្រូវ​ទំលាក់​ដាក់​ជា​ពល​អ្នក​ងារ មាន​​អោយ​ត្រូវបោចស្មៅសេះស្មៅដំរីជាដើមត្រាអស់កប្បអស់កល្បទៅសត្វដែលកើត​ក្នុង​វង្ស​នោះ​ចុះ​ឈ្មោះ​ជា​អ្នក​ងារ​ជា​លេខ​សួយ​ទាំង​អស់ ទោះ​ប៉ុន្មាន​ៗ ត​ក៏​ពុំរួ​ចជា​ព្រៃ​ងារ​នឹងគេឡើយសត្វណាកើតក្នុងពូជនោះ ទោះជាចេះវិជ្ជាការ​អ្វីៗ ឬ​មាន​ប្រាជ្ញា​យ៉ាង​ណា​ក្ដី ក៏​តាំង​ខ្លួន​ពុំ​បាន ហៅ​ថា​សត្វ​ឥត​ភព្វ​ក្នុង​លោកនេះឯង។ ច្បាប់ដែលថាមកនេះជាប់ជាទំងន់ទៅខាងអ្នកទាបប្រាកដ មួយ​ទៀត​ច្បាប់​នេះ បើ​មាន​នៅ​ក្នុង​ប្រ​ទេស​ទី​ណា​ហើយ​អ្នក​ប្រាជ្ញណានឹងគិតគេចអោយរួចចេញទៅពុំបាន បើចង់រួចចេញនោះ បាន​តែ​រត់​ចោល​ស្រុក​ភៀស​ខ្លួន​ទៅ​នៅ​ប្រ​ទេស​ទីទៃ​ឯ​ទៀត​ៗ នោះ​ទើបបាន ដូចនិទានលោកតាសុខព្នងនោះឯង។


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស


No comments:

Post a Comment

Post Top Ad