គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
មានមហាក្សត្រាធិបតី១អង្គ
ស្ដេចនាំពួកសេវកាមាត្យមុខម្រន្ដីទាំងឡាយសឹង នាំគ្នារៀបក្បួនហែស្ដេចទៅតាមមុខងារ
លុះទៅដល់ទីទួល១ ជាទីសមគួរដាក់ឈប់ អាស្រ័យបរិភោគេភាជនាហារ នាវេលាព្រឹក
ទើបស្ដេចអោយពួកអ្នកពិសេសដាំស្លចំអិនក្រយាស្ងោយរង់ចាំនៅ ឯព្រះអង្គឯងនិងពួកទាហានសេះ
ក៏បរសេះចេញទៅដេញសត្វ បាញ់សត្វម្រឹកគីម្រឹគាតាមជួរព្រៃ
ឯពួកមន្ដ្រីក៏នាំគ្នាជិះសេះបរតាមស្ដេចទៅ។ ឯសេះស្ដេចនោះ
លឿនលើសសេះពួកមន្ដ្រី ទើបបរទៅដាច់អស់សេះទាំងពួង ពួកមន្រ្ដីតាមពុំទាន់ស្ដេចបរព្រះទីនាំងចូលព្រៃចេញវាលវង្វេងផ្លូវទៅ
តែ១ព្រះអង្គឯង លុះពេលថ្ងៃត្រង់ស្ដេចរកផ្លូវនឹងវិលមកទីជំរំដែលចតនោះពុំឃើញ
កើតឃ្លានព្រះស្ងោយពន់ពក ស្ដេចខំបរសេះព្រះទីនាំងកាត់ព្រៃធំ ចេញទៅដល់ទីមាត់បឹង១
បានលឺសព្ទត្រដោកគោក្របី និងសំលេងក្មេងឃ្វាលក្របីវានិយាយគ្នា ទើបទ្រង់បរសេះកាត់តំរង់ទៅទីនោះ
លុះដល់បានឃើញក្មេងគង្វាលគោក្របីម្នាក់ ទើបត្រាស់សួរក្មេងនោះថា អើអានាង
ទីទួលគោកចែងកនែ្លងគេតែងមកឈប់កាក់ ដាក់អាស្រ័យនោះ ចៅឯងបានដឹងបានស្គាល់ខ្លះទេ។
ឯក្មេងពុំស្គាល់ជាស្ដេច នឹកស្មានជាមនុស្សដទៃផ្ដាស ទើបវានិយាយប្រាប់ថា
«ទីទួលគោកចែងនោះខ្ញុំស្គាល់ច្បាស់ណាស់
ទៅពីនេះទៅមិនឆ្ងាយប៉ុន្មានទេ ចូរអ្នកបរសេះទៅខាងទិសឧត្ដរនោះចុះ ថាហើយក្មេងនោះលើដៃចង្អុលប្រាប់ផ្លូវ។
ឯមហាក្សត្រធិបតី ស្ដេចនឹងទៅតែឯងក្រែងវង្វេងផ្លូវទៀត ព្រះហរិទ័យចង់បានក្មេងនោះជូនទៅជាមួយផង
ទើបត្រាស់ថា «អានាងឯជិះសេះខាងក្រោយយើង
ជូនយើងទៅដល់ទីទួលគោកចែងនោះ សូមឯងវិលមកវិញ យើងនឹងអោយប្រាក់ឯង ជារង្វន់ថ្លៃជូនគ្នានោះ»។
ក្មេងនោះក៏ព្រមជូនផ្លូវ
ទើបវាឡើងជិះសេះខាងក្រោយ អោយស្ដេចបរចរទៅ តាមមាគ៌ា ខ្លួនវាជាមគ្គឣទេ្ទស ក៏ចង្អុលផ្លូវបរទៅតាមលំដាប់វាលព្រៃ។
លុះដល់កណ្ដាលផ្លូវស្ដេចទ្រង់ត្រាស់ថា «អើអានាងឯងនៅស្រុកក្រៅនេះ ឯងបានស្គាល់ស្ដេចជាម្ចាស់ផែនដីឬទេ?» បាទទេខ្ញុំមិនដែលស្គាល់ទេបង
មិនដែលឃើញសោះ អ្នកស្ដេចនេះ លឺតែម៉ែអូវប្រាប់ថាហ្លួងៗនោះពុំដឹងជាមុខមាត់យ៉ាងណាទេ។
ឱ ឯងចង់យល់ចង់ស្គាល់ហ្លួងនោះដែរឬអី? បាទខ្ញុំបាទចង់ស្គាល់ដែរតែមិនដឹងជាហ្លួង
នោះនៅឯណា អើបើឯងចង់ស្គាល់ហ្លួងនោះងាយទេ ចាំទៅដល់ទីជំរកប្រជុំ មនុស្សច្រើននោះកាលណា
គេតែងតែដោះមួកគំនាប់ហ្លួងមនុស្សណាដែលមិនដោះមួកនោះ មនុស្សនោះហើយជាហ្លួងពិតប្រាកដចូរឯងសំគាល់ថាជាហ្លួងចុះ។
ឯក្មេងនោះបានលឺដូច្នោះហើយ
ក៏កំនត់កត់ចាំទុកក្នុងចិត្ដ លុះទៅដល់ទីទួលនោះ ឯបណ្ដាមុខមន្រ្តីទាំងឡាយបានឃើញស្ដេចយាងទៅដល់ក៏នាំគ្នាត្រេកអរសាទរដោះមួកលើកដៃគំនាប់តាមទំលាប់។
ឯមហាក្សត្រាធិបតី ស្ដេចនាំកុមារនោះចុះចាកខ្នងមនោមេយ្យ ដល់ហើយស្ដេចបែរទៅនិយាយថា
«ម្ដេចឯងបានឃើញគេដោះមួកគំនាប់អ្នកណា
អ្នកណាមិនដោះមួកគំនាប់គេនោះ? » ក្មេងនោះតបថា ហ្លួងនោះខ្ញុំស្គាល់ហើយ? ចុះឯងថាអ្នកណាជាហ្លួងចូរថាទៅមើល។
បាទហ្លួងនោះបើមិនរូបបងឯងគឺរូបខ្ញុំបាទ បើមិនខ្ញុំបាទក៏បងឯងព្រោះមិនដោះមួកដូចគ្នា។
ឯមហាក្សត្រធិបតីបានស្ដាប់កុមារនោះ
ថ្លែងប្រាប់ចេញមិនចំអង្គ វាគៀវយកទាំងរូបវាផងដូច្នោះហើយ ក៏ទ្រង់គិតថា ឯងបានប្រាប់វាថា
«បើឃើញរូបណាមិនដោះមួកក្នុងកាលដែលប្រជុំជន
រូបនោះឯងគឺ ហ្លួងហើយឥឡូវវាក៏មិនដោះឯងក៏មិនដោះដូចគ្នា បានជាវាចង្អុលរូបទាំង២ថា
បើមិនឯងក៏ខ្លួនវា បើមិនវាក៏ឯង ពាក្យវានោះជាពាក្យអ្នកឆោតខ្លៅសំដៅ ព្រោះតែប្រាប់ទេឬ
ឬវាដឹងថា អញនេះជាហ្លួងហើយ បើវាដឹងច្បាស់ថាអញនេះជាហ្លួង ហើយតែវាចង់ថារូបវាផង
ព្រោះឯងប្រាប់មុននោះជាអាថិកំបាំងបន្ដិច គឺថាអ្នកដែលមិនដោះមួក វាមិនដោះមួកដូចគ្នាវាអាងអាទិ៍ដើមនេះ
ទើបវាថាវាផង ហេតុ ដូច្នោះពាក្យវានោះបើពិគ្រោះទៅ គួរទៅជាពាក្យអ្នកមានបញ្ញា គឺជាពាក្យអ្នកប្រាជ្ញវិញបាន
ពាក្យក្មេងយ៉ាងនេះប្រែមិនចេញជាប្រាជ្ញជាខ្លៅក៏ថាមិនបាន។
ព្រះមហាក្សត្រ ស្ដេចទ្រង់គិតវិញទៀតឃើញថា
ពាក្យក្មេងថានោះ គួរគិតយល់សេចក្ដីថា រូបស្ដេចនេះនឹងសំដៅយកត្រង់មិនដោះមួក ជាប្រមាណនោះមិនបាន
រាស្រ្ដគេមិនដោះមួកវិញក៏មាន ដែលហៅថាស្ដេចៗនោះ គឺសំដៅយកចំនេះវិជ្ជាការ ដែលប្រកបដោយសង្គហវត្ថុ៤ប្រការ
នឹងទ្រង់ទសពិធរាជធម៌ទាំង១០ប្រការជាដើម ទើបហៅថាជាស្ដេចជាហ្លួងបាន បើទៅយកត្រង់មិនដោះមួក
ឬមិនលើដៃគំនាប់គេសន្មតថាជាមហាក្សត្រនោះ ក្មេងដែលវាមិនដោះមួកមិនលើដៃគំនាប់គេនោះ
ក៏សន្មតថា មហាក្សត្របានដូចគ្នា ទើបវាថាបើមិនឯងក៏អញបើមិនអញក៏ឯងយ៉ាងនេះ។
មួយទៀតដូចពាក្យហៅថា
លោកសង្ឃនោះគឺ សំដៅយកត្រង់ទ្រទ្រង់គុណធម៌ ប្រកបដោយនូវសីលទាំង៤ មានបាតិមោក្ខសំវរសីលជាដើមផង
ប្រកបដោយគុណធម៌របស់សមណៈ មានអប្បច្ឆតាទិគុណ គឺប្រាថ្នាតិច មានចិត្ដសន្ដោសជាដើមផង
ទើបហៅថាជាលោកសង្ឃបានក្នុងព្រះពុទ្ធសាសនានេះឯង បើទៅយកត្រង់កោរក្បាល ត្រងោល
ស្លៀកពាក់សំពត់ពណ៌លឿងជាប្រមាណ ថាលោកសង្ឃនោះ ពួកឧបាសកក្មេងចាស់ប្រុសស្រីមានគេកោរក្បាលត្រងោលដែរ
ឯស្លៀកពាក់សំពត់លឿង នោះក៏មានដែរ ម្ដេចពួកនោះក៏មិនសន្មតនាមហៅថា លោកសង្ឃទៅផង។
ពាក្យក្មេងគង្វាលក្របីវាថានោះគួរយកជាគតិលោកបាន ហៅថាពាក្យបណ្ឌិតអ្នកប្រាជ្ញ ក្នុងលោកិយនេះបានគួរឯងពិចារណាស្ដាប់មើលចុះ។
និទាននេះមានក្នុងក្បួនបារាំងែសស។
ចប់គតិលោកភាគ២
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment