គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានសត្វបង្កួយមួយ
អាស្រ័យនៅលើខ្លោងទ្វារ ព្រះរាជវាំងនៃព្រះបាទវិទេហរាស្រ្ដ
នៅក្នុងនគរមិថិលា
បង្កួយនោះតែងបានឃើញស្ដេចយាងចេញចូលតាមទ្វារនោះកាលណា
ក៏ចុះមកដីធ្វើសិរសីផ្ងក់ៗ គឺគំនាប់គោរពព្រះបរមរាជាតែរាល់ៗកាល។
អែព្រះបាទវិទេហរាស្រ្ដ ស្ដេចយល់អាការកិរិយាបង្កួយនោះ
ហើយក៏ត្រាស់សួរចៅមហោសថបណ្ឌិតពោធិសត្វ ៗ
ក៏ក្រាបទូលតាមហេតុបង្កួយអោនបង្គំចំពោះបរមរាជា
ទើបស្ដេចមានព្រះហរិទ័យត្រេកអរ នឹងបង្កួយនោះអែង
ហើយទ្រង់ប្រោសប្រាណព្រះរាជទានមាសមួយពៃក្ដាមបើកអោយនាយពិសេស
ទិញសាច់អោយបង្កួយអាស្រ័យតាមសម័យកាលអំពីថ្ងៃនោះមក
អែបង្កួយក៏បាននៅសុខសប្បាយ
ពុំបានខ្វល់ខ្វាយចេញទៅស្វែងរកអាហារអែណាឡើយ។
លុះយូរមកមានកាលថ្ងៃមួយ
នាយពិសេសរកទិញសាច់ស្រល់មិនបាន ដោយជាថ្ងៃអុបោសថសីល
ពុំមានគេសំលាប់សត្វមួយឡើយ ទើបនាយពិសេសយកមាសមួយពៃក្ដាមនោះ
មកចោះដោតខ្សែ ហើយចងកពាក់អោយបង្កួយនោះហោង។ អែបង្កួយនោះ
តាំងពីបានមាសពាក់មក ក៏កើតចិត្ដស្រវឹងយស វាយកំពស់ក្អេងក្អាង
កាលឃើញព្រះបាទវិទេហរាស្រ្ដស្ដេចយាងមកក៏គិតថា
ស្ដេចនេះមានគ្រឿងអម្ពរដ៏ហើយដោយមាសពាក់ប្រដាប់កាយ អែអញសោត
ក៏មានមាសពាក់ប្រដាប់កាយដូចគ្នា
បើដូច្នេះអញនឹងចុះទៅគំនាប់ស្ដេចនេះធ្វើអ្វីទៀត នាំអោយលំបាក
ការមានសក្ដិយសស្មើគ្នាយ៉ាងនេះ បង្កួយគិត ដូច្នោះហើយ
ក៏ធ្វើព្រងើយកន្ដើយពុំនាំពានឹងចុះមកវន្ទាដូចកាលមុនឡើយ
អែព្រះបាទវិទេហរាស្រ្ដស្ដេចយល់បង្កួយ
មិនចុះពីខ្លោងទ្វារមកវន្ទាព្រះអង្គដូចថ្ងៃមុនៗដូច្នោះ
ក៏ទ្រង់ព្រះពិរោធក្រោធខឹងនឹងបង្កួយនោះ ទើបត្រាស់ប្រើរាជអាមាត្យអោយធ្វើរំងកទាក់បង្កួយនោះទំលាក់ចេញអំពីខ្លោងទ្វារ
ហើយប្រហារជីវិតនៃបង្កួយនោះបង់។
អែព្រះមហោសថបណ្ឌិតពោធិសត្វ
ក៏ក្រាបទូលសូមជីវិតបង្កួយ ដោយជាសត្វតិរច្ឆានតូចពុំដឹងអ្វី
មិនគប្បីនឹងទៅពិឃាតវា ហើយពោធិសត្វរកហេតុដែលនាំអោយបង្កួយកោងមិនចុះមកវន្ទាស្ដេចដូចថ្ងៃមុនៗ
បានហៅនាយពិសេសមកសួរការ នាយពិសេសទូលថា បានយកមាសមួយពៃក្ដាម
មកចោះចងកបង្កួយដោយរកទិញសាច់អោយវាស៊ីមិនបាន។
ព្រះពោធិសត្វជ្រាបហេតុដូច្នោះ ក៏សំដែងទោសមាសប្រាក់នោះថា ជាគ្រឿងនាំចិត្ដសត្វ
និងមនុស្សអោយស្រវឹង កាន់អស្មិមានះឡើយចាងមានប្រការផ្សេងៗ
ញ៉ាំងព្រះហរិទ័យនៃព្រះបាទវិទេហរាស្រ្ដអោយរសាយព្រះក្រោធនឹងបង្កួយនោះអែង។
អែព្រះបាទវិទេហរាស្រ្ដ ស្ដេចក៏អោយអាមាត្យយកបង្កួយនោះទៅលែងចោលអៃដ៏ទីព្រៃក្រៅពុំប្រោសប្រាណចិញ្ចឹមបង្កួយនោះតទៅទៀតឡើយ។
រឿងនិទាននេះ
មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរទសជាតកអែណោះ
អញ្ជើញប្រាជ្ញទៅមើលយកចុះ
អែក្នុងតំរានេះខ្ញុំបានទាញយកមកសំដែងដោយសង្ខេបអោយឃើញបែប
អ្នកអិតពូជអិតសន្ដាល្អ បានយសសក្ដិហើយ រក្សាយសសក្ដិនោះ
ទុកយូរមិនបាន ត្រលប់ជាធ្លាក់យសនោះវិញ
ដូចបង្កួយរក្សាមាសមួយពៃក្ដាមមិនបាននោះអែង គួរចូលចិត្ដចុះ។
|
បង់អើយបង្កួយ
|
បានមាសតូចមួយ
|
កើតចិត្ដឡើងចាង
|
|
ចើងវាយកំពស់
|
កាន់យសក្អេងក្អាង
|
ឃើញស្ដេចមកខាង
|
|
មិនចុះ វន្ទា។
|
||
|
អាងមាសចងក
|
អំនួតអួតត
|
បរមរាជា
|
|
បានក្ដីធ្លាក់ថ្លស់
|
ចាកយសសក្ដា
|
ត្រូវព្រះអាជ្ញា
|
|
បណ្ដេញចាកទី។
|
ចប់តំរាមនុស្សជួ
ផ្ទឹមតួនឹងអ្នកធំជាគតិទី៦០
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment